ភ្នំពេញ៖ នៅ​ក្នុង​បន្ទប់​ពោរពេញ​ដោយ​គ្រឿង​អេឡិចត្រូនិក​ឯ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) រ៉ូបូត​ដ៏​តូច​ច្រឡឹង​មួយ​ដែល​រំលេច​នូវ​ទង់ជាតិ​កម្ពុជា និង​ពាក្យ​ពេចន៍​ភាសា​ខ្មែរ​ នៅ​លើ​អេក្រង់​ទំហំ ៣,២អ៊ីញ បាន​បង្ហាញ​សមត្ថភាព​ពិសេស​របស់​ខ្លួន។

បង្កើត​ឡើង​ដោយ​ក្រុម​និស្សិត​ NPIC រ៉ូបូត​តូច​នេះ​អាច​យល់ និង​ឆ្លើយតប​ជា​ភាសា​ខ្មែរ ជា​ការ​អភិវឌ្ឍ​សមត្ថភាព​លើ​បច្ចេកវិទ្យា​វៃឆ្លាត (AI) របស់​និស្សិត​កម្ពុជា។ 

នៅពេល​ធ្វើ​បទបង្ហាញ​ និស្សិត​ម្នាក់​បាន​និយាយ​ជាមួយ​រ៉ូបូត​ថា «ជម្រាបសួរ» ហើយ​រ៉ូបូត​ក៏​តប​មក​វិញថា «ជម្រាបសួរ»។ 

លោក នី វីរៈបុរា ប្រធាន​ក្រុម​ស្រាវជ្រាវ​រ៉ូបូត និង​ជា​សាស្ដ្រាចារ្យ​ផ្នែក​វិស្វកម្ម​អេឡិចត្រូនិក​ បាន​ឱ្យ​ដឹងថា​៖ «យើង​ចង់​បង្កើត​ជា​ប្រព័ន្ធ​ទទួល​ស្គាល់​សំឡេង​ស្វ័យ​ប្រវត្ដិ ជាម៉ូដែល​មួយ ដែល​អាច​បំប្លែង​សំឡេង​និយាយ​ភាសាខ្មែរ​ទៅជា​តួអក្សរ​ខ្មែរ​នៅលើ​អេក្រង់ ដោយ​មិនចាំបាច់​ភ្ជាប់​អ៊ីនធឺណិត»។

នៅ​ក្នុង​គម្រោង​នេះ​គឺ​ប្រើប្រាស់ AI ជា​ប្រព័ន្ធ​ដំណើរការ​ខាង​ក្នុង ​ជា​ប្រភេទ AI ដែល​ត្រូវ​ធ្វើការ​នៅលើ​ម៉ាស៊ីន​ផ្ទាល់។

លោក បុរា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «Khmer Automatic Speech Recognition៖ ជា​ប្រព័ន្ធ AI ដែល​ធ្វើការ train ទៅលើ​ប្រភេទ​ទិន្នន័យ​ជា​សំឡេង​ទៅតាម​ពាក្យ​នីមួយៗ​។ ក្រោយ​ការ​បង្វឹក​ត្រូវ​បាន​បញ្ចប់ AI នេះ​អាច​ធ្វើ​ការ​ទទួលយកធាតុ​ចូល​ជា​សំឡេង​​ពីប្រភព​សោតទស្សន៍​ និង​​អាច​បញ្ចេញ​ជា​តួអក្សរ​ដែល​ត្រូវ​នឹង​ពាក្យ​ដែល​បាន​និយាយ​ជា​សំឡេង​»។

លោក​បន្ដថា​ ចំពោះ Khmer Text to Speech ដោយសារ​ប្រព័ន្ធ​ដំណើរការ​ផ្នែក​ខាងក្នុង​របស់​កុំព្យូទ័រ​ប្រើប្រាស់​ជា​តួអក្សរ ដើម្បី​ឱ្យ​រ៉ូបូត​អាច​ឆ្លើយតប​ជា​​សំឡេង​​បាន​លុះត្រា​តែ​មាន​ប្រព័ន្ធ AI ដែល​អាច​ធ្វើ​ការទទួល​យកធាតុ​ចូល​ពី Khmer Automatic Speech Recognition ដែលជា​តួអក្សរ​ឱ្យ​ទៅ​ជា​​សំឡេង​​ភាសា​ខ្មែរ​។

ការ​រួមបញ្ចូល​ទាំងនេះ​គឺ​ដើម្បី​ធ្វើការ​បង្កើត​នូវ​ប្រព័ន្ធស្វ័យ​ប្រវត្ដិកម្ម ដែល​អាច​ដំណើរការ voice recognition និង response ជា​ភាសាខ្មែរ។

រ៉ូបូត​បំប្លែង​សំឡេងទៅជា​អក្សរ​របស់​និស្សិតនៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា (NPIC)។ រូបថត ហុង រស្មី

លោក ឡេង ពិសិដ្ឋ សហស្ថាបនិក SabaiCode បាន​ចែក​រំលែក​ការ​យល់ដឹង​អំពី​គម្រោង​ដែល​ទាក់ទង​នឹង AI ដោយ​និយាយថា AI គឺជា​មុខវិទ្យា​ស្នូល​មួយ​​នៅ SabaiCode។​

លោក ពិសិដ្ឋ បាន​និយាយ​ថា​៖ «​យើង​ចាត់ទុក​វា​ជា​បដិវត្តន៍​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ហើយ​ចង់​ប្រើ​វា​ដើម្បី​ជំរុញ​សមត្ថភាព​​សិស្ស​របស់​យើង​ឱ្យ​កាន់តែ​ប្រសើរ»។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «បច្ចុប្បន្ន​យើង​កំពុង​បង្កើត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្រិត​ខ្ពស់​ស្រដៀង​នឹង​ប្រព័ន្ធ​គ្រប់គ្រង​ការរៀន​សូត្រ ដែល​នឹង​អភិវឌ្ឍ ឬ​រួម​បញ្ចូល​ប្រព័ន្ធ AI ​​ដើម្បី​បង្កើន​បទពិសោធន៍​សិក្សា​»។​

ប្រព័ន្ធ AI ទាំងនេះ​នឹង​ផ្តល់ជូន​នូវ​ផ្លូវ​សិក្សា​ផ្ទាល់ខ្លួន ខ្លឹមសារ​សម្រប​ខ្លួន និង​យន្តការ​មតិ​កែលម្អ​ឆ្លាត​វៃ ដោយ​ធានាថា​ សិស្ស​អាច​រៀន​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។​

នៅ SabaiCode ពួកគេ​បាន​​ទទួល​ស្គាល់​សក្តានុពល​នៃបច្ចេកវិទ្យា​ AI ហើយ​មាន​គោល​បំណង​បង្កើត​មូលដ្ឋា​នគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​សិស្ស​។​

លោក ពិសិដ្ឋ ជឿ​ជាក់​ថា កម្ពុជា​ទើបតែ​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ និង​ប្រើប្រាស់​បច្ចេកវិទ្យា AI​។​

លោក​បន្ដ​ថា៖ «​កម្ពុជា​​ត្រូវ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ដ៏​រឹងមាំ​មួយ ដើម្បី​ប្រមូល សម្អាត និង​រក្សា​ទុក​ទិន្នន័យ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ជា​កត្តា​សំខាន់​សម្រាប់​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ប្រព័ន្ធ AI»។

លោក​បាន​ឱ្យ​ដឹង​ថា ការ​ចាប់​អារម្មណ៍​ខ្លាំង​​លើ AI នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ហើយ​លោក​មាន​សុទិដ្ឋិនិយម​អំពី​សក្ដានុពល​សម្រាប់​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ។

លោក ចាន់ សុផល សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ទិន្នន័យ​នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា (ITC) បាន​ធ្វើបទ​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ AI និង​កម្មវិធី​របស់​វា។

លោក សុផល បាន​ចាប់​ផ្តើម​ដោយ​កំណត់ AI ថា ជា​ការ​ក្លែង​ធ្វើ​ដំណើរការ​ស៊ើប​ការណ៍​របស់​មនុស្ស​ដោយម៉ាស៊ីន ជាពិសេស ប្រព័ន្ធ​កុំព្យូទ័រ។

លោក​បាន​សង្កត់​ធ្ងន់​លើ​តម្រូវការ​ផ្នែក​ ហាដវែរ (Hardware) និង សូហ្វវែរ (Software) ឯកទេស ដើម្បីអភិវឌ្ឍ និង​បណ្តុះ​បណ្តាល​ខួរ​ក្បាល​វៃឆ្លាត​ដោយ​ប្រើ​ភាសា​សរសេរ​កូដ​កម្មវិធី​ពេញ​និយម​ដូចជា Python, R និង Java ក្នុង​ការ​អភិវឌ្ឍន៍ AI។

ដោយ​លើក​ឡើង​ពី​ការ​វិវត្តន៍​នៃ AI លោក សុផល​ បាន​និយាយ​ថា៖​«នៅ​ឆ្នាំ​២០២៣ យើង​បាន​ឃើញ​ការ​បោះ​ជំហាន​យ៉ាង​ខ្លាំង​នូវ​បច្ចេកវិទ្យា AI ជំនាន់​ថ្មី​ដូចជា ChatGPT, Midjourney និង DALL-E»។

នៅក្នុង​ការ​ថែទាំ​សុខភាព AI កំពុង​ធ្វើ​បដិវត្ត​ការ​ថែទាំ​អ្នក​ជំងឺ​តាម​រយៈឧបករណ៍​វិនិច្ឆ័យ​កម្រិត​ខ្ពស់ និងផែនការ​ព្យាបាល​ផ្ទាល់​ខ្លួន។

ឧស្សាហកម្ម​កម្សាន្ត​កំពុង​ប្រើប្រាស់ AI ដើម្បី​បង្កើត​បទពិសោធន៍​កាន់​តែ​ស៊ី​ជម្រៅ និង​អន្តរកម្ម​សម្រាប់​អ្នក​ប្រើប្រាស់។
លើស​ពី​នេះ AI កំពុង​ផ្លាស់​ប្តូរ​វិស័យ​កសិកម្ម ដោយ​បើក​ឱ្យ​ប្រើប្រាស់​បច្ចេកទេស​កសិកម្ម​ច្បាស់លាស់ ដែល​ជួយ​បង្កើន​ទិន្នផល​ដំណាំ និង កាត់​បន្ថយ​ការ​ប្រើប្រាស់​ធនធាន។

លោក សុផល បាន​ពន្យល់​ថា៖ «យើង​បាន​បង្ហាញ​នូវ​បច្ចេក​វិទ្យា​សម្គាល់​ផ្ទៃមុខ និង​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួន​ឯង។ ឧទាហរណ៍​ទាំង​នេះ​បង្ហាញ​ពី​អត្ថប្រយោជន៍​ជាក់​ស្តែង និង​បញ្ហា​ប្រឈម​ដែល​អាច​កើត​មាន​នៃការ​រួម​បញ្ចូល AI ទៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ»។

ដោយ​លើក​ឡើង​ពី​ក្រម​សីលធម៌​នៃ AI លោក សុផល បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍ប្រព័ន្ធ AI ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។

លោក​បាន​តស៊ូ​មតិ​សម្រាប់​គោលការណ៍​ណែនាំ​ប្រកប​ដោយ​ក្រម​សីលធម៌ ដើម្បី​ធានា​ថា បច្ចេកវិទ្យា AI ត្រូវ​បាន​ប្រើ​សម្រាប់​ភាព​ល្អ​ប្រសើរ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​តម្លាភាព គណនេយ្យភាព និង​ការ​កាត់​បន្ថយ​ភាព​លំអៀង​នៅ​ក្នុង​ក្បួន​ដោះស្រាយ AI ។

សិស្សរៀនបច្ចេកវិទ្យា AI នៅ SabaiCode ។ រូបថត សហការី

បញ្ញា​សិប្បនិមិត្ត (AI) បាន​ធ្វើ​បដិវត្ត​វិធី​ដែល​ធ្វើឱ្យ​សិស្ស​ប្រសើរ​ឡើង​នូវ​សមត្ថភាព​អាន​របស់​ពួកគេ​ជាមួយ​នឹង​ការ​ណែនាំ «អក្ខរា» ជា​កម្មវិធី​អប់រំ​បច្ចេក​វិទ្យា​ទូរស័ព្ទ​ដំបូង​គេ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល និង​ការ​អប់រំ​ពី​ចម្ងាយ​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា។

«អក្ខរា» ប្រើប្រាស់ AI ដើម្បី​គាំទ្រ​ការ​អនុវត្ត​ការ​អាន​តាម​រយៈមុខងារ​ផ្សេងៗ​ដែល​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​បង្កើន​លទ្ធផល​សិក្សា។
កម្មវិធីនេះ​ផ្តល់​នូវ​អត្ថបទ​នូវ​ការ​លំបាក​ផ្សេង​ៗ​គ្នា​ពី​សៀវភៅ​សិក្សា​ភាសាខ្មែរ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​អនុវត្ត​តាម​ល្បឿន​របស់​ពួកគេ​ផ្ទាល់។

ប្រជាពលដ្ឋ​កម្ពុជា​នៅ​អនុវត្ដ​បច្ចេក​វិទ្យា AI មិន​ទាន់​ក្លាយ​ជា​អ្នក​អភិវឌ្ឍ

លោក បុរា បាន​បន្ដថា​៖ «Algorithm AI ដែល​ខ្ញុំ​បាន​ប្រើ​ត្រូវ​បាន​បង្កើត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋ​អាមេរិក ឈ្មោះ Carnegie Mellon University។ Algorithm នោះ​ជា​កញ្ចប់​សូហ្វវែរ គ្រឹះ​សម្រាប់​ធ្វើ​ការ​បង្វឹក​ AI ជា​ប្រភេទ Automatic Speech Recognition»។

បច្ចេកវិទ្យា​ AI ដែល​លោក បុរា បាន​អភិវឌ្ឍ​គឺអភិវឌ្ឍ​ដោយ​រួម​បញ្ចូល​ជាមួយ algorithms និង methods ដែល​លោក​​បង្កើត​ដោយ​ខ្លួន​ឯង​ធំៗ​ចំនួន​ពីរ។

លោក​បាន​លើកឡើង​ថា Dataset and data management software ប្រើ​ប្រាស់​សម្រាប់​ប្រមូល​ទិន្នន័យ​សម្រាប់​ការ​បង្វឹក​ ហើយ​ Text to speech ដែល​អាច​ឱ្យ​រ៉ូបូត​ធ្វើ​ការ​ឆ្លើយតប​មក​កាន់​អ្នក​ប្រើប្រាស់​ជា​សំឡេង។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​កម្ពុជា​មិនទាន់​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សម្រាប់​បញ្ញា​សិប្បនិមិត្ត (AI) នៅឡើយ​ទេ ដោយ​គ្រាន់តែ​ជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​ស្រាប់​ប៉ុណ្ណោះ។

លោក ស្រ៊ុន ចាន់ណា​រ៉េត សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ផ្នែក​នាយកដ្ឋាន​វិស្វកម្ម​អេឡិចត្រូនិក បានផ្តល់​ការវាយតម្លៃ​យ៉ាងច្បាស់​លាស់​អំពី​ទិដ្ឋភាព AI នៅ​កម្ពុជា​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ “​យើង​មិនមាន​ការអភិវឌ្ឍ​ឧបករណ៍ AI ផ្ទាល់ខ្លួន​របស់​យើង​ទេ​។ ភាគច្រើន​នៃ​កម្មវិធី AI ដែល​យើង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​។​យើង​ប្រើ Applied AI ដែល​មានន័យថា វា​ត្រូវបាន​អភិវឌ្ឍ ហើយ​យើង​គ្រាន់តែ​អនុវត្ត​វា​ប៉ុណ្ណោះ​»​។​

លោក លីម សង្វា សហស្ថាបនិក និង​នាយកប្រតិបត្ដិ ArrowDot បាន​ឱ្យដឹងថា ទីផ្សារ​នៅកម្ពុជា​មិន​ទាន់​ប្រើ​ប្រាស់​មុខងារ​សំខាន់​ណាមួយ​របស់ AI នៅឡើយទេ។ ការ​ប្រើ​ប្រាស់​នេះ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ហៅថា Robotic Process Automation ជាដំណើរ​ការ​ស្វ័យ​ប្រវត្ដិកម្ម​ ដោយមិនទាន់​អាច​ចាត់​ទុក​ថាជា​ AI ក្នុង​កម្រិត​ប្រព័ន្ធមួយ​ដែល​ចេះ​គិត​ វិភាគ​ទិន្នន័យ​នៅឡើយ​ទេ ដោយសារ​វា​ធ្វើ​តាម​ប្រព័ន្ធ​រៀបចំ​ឡើង​សម្រាប់​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​ទៅតាម​អ្វីដែល​អ្នក​ប្រើ​ប្រាស់​កំណត់​ឱ្យ​នោះទេ​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​យើង​នៅ​កំណត់​ការ​ប្រើ​ប្រាស់​តាម​រយៈ​ការ​សរសេរកូដ​ ឬប្រ៉ូក្រាម​ ដោយ​វា​មិន​ទាន់​ត្រូវបាន​ចាត់​ទុក​ស្ថិត​ក្នុង​កម្រិត AI នោះទេ។ អ្វីដែល​យើង​ប្រើប្រាស់រាល់​ថ្ងៃ និង​អ្វី​ដែល​យើង​បាន​និង​កំពុង​តែ​បង្រៀន​ក៏​ទាន់​មាន​ការ​បញ្ចូល​បច្ចេកវិទ្យា AI នៅ​ឡើយ​ទេ គឺស្ថិត​ក្នុង​កម្រិត Robotic Process Automation»។​ 

លោក លីម សង្វា សហស្ថាបនិក និង​នាយកប្រតិបត្ដិ ArrowDot បង្ហាញរ៉ូបូតមួយ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែធ្នូ ២០២៣។ រូបថត សហការី

លោកបន្ដថា ទាំង Software Development ឬ​ Hardware មិនទាន់​ត្រូវបាន​បញ្ចូល​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នេះ​នៅ​ឡើយ​ ដោយសារ​វា​មិនចេះ​វិភាគ​ទិន្នន័យ និង​សម្រេច​ចិត្ដ​លើ​អ្វី​ដែល​វា​ទទួល​បាន​នោះ​ទេ​។ 

អនាគតបច្ចេកវិទ្យា​ AI នៅ​កម្ពុជា​

លោក ពិសិដ្ឋ ជឿជាក់ថា កម្ពុជា​ទើបតែ​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ និង​ប្រើប្រាស់​បច្ចេកវិទ្យា AI។​
លោក​បាន​និយាយថា៖ «​ប្រទេស​កម្ពុជា​​ត្រូវ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ដ៏​រឹងមាំ​មួយ ដើម្បី​ប្រមូល សម្អាត និង​រក្សាទុក​ទិន្នន័យ​ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​កត្តា​សំខាន់​សម្រាប់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ប្រព័ន្ធ AI»។​

លោក​បាន​បន្តថា ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើងលើ AI នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ហើយ​មាន​សុទិដ្ឋិនិយម​អំពី​សក្ដានុពល​សម្រាប់​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​វិស័យនេះ​។​

លោក សង្វា លោក​បាន​លើកឡើង​ថា ធនធាន​របស់​លោក​នៅ​កំពុង​សិក្សា​ស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះឱ្យ​បាន​លឿន​ដើម្បី​បោះជំហាន​តាម​ឱ្យ​ទាន់​ការ​អភិវឌ្ឍ​របស់​ពិភពលោក។ 

លោកបាន​បន្ថែមថា៖ «បច្ចុប្បន្ន​នេះ ArrowDot ប្រើ​ប្រាស់​មុខងារ​ AI មួយ​ចំនួន​ក្នុងការ​ធ្វើ​ស្វ័យ​ប្រវត្ដិកម្ម​ឱ្យ​ចេះ​វិភាគ​ទិន្នន័យ​ ហើយ​ទាក់ទង​ការងារ​ Business Development ខាង​ខ្ញុំ​ប្រើ​ប្រាស់​មុខងារ AI ដើម្បី​ធ្វើ​ស្វ័យ​ប្រវត្ដិ​នូវ​មាតិកា​មួយចំនួនសម្រាប់​ Marketing Materials និង​ Proposal ជាដើម​»។ 

ការអភិវឌ្ឍន៍ និង​ការអនុវត្ត​បច្ចេកវិទ្យា AI នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័ន​ដូចជា NPIC, SabaiCode និង ArrowDot បង្ហាញ​ពី​អនាគត​ដ៏​ជោគជ័យ​។​

ខណៈដែល​ប្រទេស​នេះ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ និង​បណ្តុះបណ្តាល​ទេពកោសល្យ​វ័យក្មេង​របស់ខ្លួន បដិវត្តន៍ AI នៅ​កម្ពុជា​នឹង​នាំមក​នូវ​វឌ្ឍនភាព​សំខាន់ៗ​លើ​វិស័យ​ផ្សេងៗ ដែល​ជំរុញ​ប្រទេសជាតិ​ឆ្ពោះទៅរក​យុគសម័យ​ថ្មី​នៃ​ការច្នៃប្រឌិត​បច្ចេកវិទ្យា៕