ភ្នំពេញ៖ ការ​ចូល​ប្រើប្រាស់ ចុះឈ្មោះ និង​ដាក់​ប្រាក់​ជាមួយ​ក្រុមហ៊ុន​ល្បែង​អនឡាញ​នៅ​កម្ពុជា មាន​ភាពសាមញ្ញ។ អ្នក​ប្រើ​ត្រូវ​បាន​ណែនាំ​តាមរយៈ​ដំណើរការ​ចុះឈ្មោះ​ដែល​ងាយស្រួល។ ការ​ដាក់​ប្រាក់​សម្រាប់​ភ្នាល់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​គណនេយ្យ​ធនាគារ​ក្នុង​ស្រុក។

ព័ត៌មាន​សំខាន់ៗ ​ដូចជា ​ចំនួន​ទឹក​​ប្រាក់​​ និង​វិធីភ្នាល់​ល្បែង​ ត្រូវ​បាន​ផ្ដល់​ជា​ជំនួយ​បន្ថែម​ពី​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ផ្ទាល់​ ២៤​ម៉ោង​លើ​ ២៤​ម៉ោង។

ការ​​សម្រួល​នេះ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ចាប់​ផ្តើម​ចូលរួម​ក្នុង​សកម្មភាព​លេងល្បែង​អនឡាញ​ដោយ​មាន​ភាព​ងាយ​ស្រួល​បំផុត។
ដើម្បី​ការពារ​ភាព​ឯកជន​ បុរស​ម្នាក់​អាយុ ៣៦ ឆ្នាំ​បង្ហាញ​តែ​ឈ្មោះថា ប្រុស​ ​ជា​អ្នកនិយម​លេង​ភ្នាល់​​កីឡា​ក៏​មិន​រំលង​ឱកាស​ព្រឹត្ដិការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​អឺរ៉ុប​នេះ​ដែរ។

ប្រុស បាន​ដាក់​ការ​ភ្នាល់​ជាច្រើន​តាមរយៈ​ក្រុមហ៊ុន​ភ្នាល់​អន​ឡាញ​ដែល​អាច​ទុកចិត្ត​បាន ដោយ​ជឿជាក់​លើ​ភាព​ជឿជាក់​របស់​ពួកគេ ខណៈដែល​ពួកគេ​បាន​បង់ការ​ឈ្នះ​របស់​គាត់​ជា​បន្តបន្ទាប់។

លោក​បាន​សារភាព​ថា​៖ «​ការ​ទូទាត់​ប្រាក់​មិន​មាន​បញ្ហា​នោះទេ ​នៅពេល​ខ្ញុំ​ឈ្នះ ដែល​បាន​បង្កើត​ទំនុកចិត្ត​លើ​ពួកគេ»។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ប្រុស​ នៅមាន​ភាព​ស្រពិច​ស្រពិល​ខ្លះដែរ​ចំពោះ​ការ​ឈ្នះ​ប្រាក់​ច្រើន​។​

លោក​បាន​ឱ្យដឹង​ថា៖ «​ខ្ញុំ​មិន​ប្រាកដ​ទាំងស្រុង​ថា​តើ​ពួកគេ​នឹង​សង​ប្រាក់​ទេ​ប្រសិនបើ​ខ្ញុំ​ឈ្នះ​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន»។ នេះ​បាន​​ឆ្លុះបញ្ចាំង​ពី​ការ​ព្រួយបារម្ភ​ទូទៅ​ក្នុងចំណោម​អ្នក​ភ្នាល់​ជាច្រើន​នាក់ ដោយ​សារ​​ក្រុមហ៊ុន​ទាំងអស់​នោះ​សុទ្ធ​តែ​ខុសច្បាប់។

លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យដឹងថា ​គិត​មកដល់​បច្ចុប្បន្ន​នេះ គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (គ.ល.ក) មិនមាន​ផ្ដល់​អាជ្ញា​បណ្ណ​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ​ទេ។ 

លោក​បាន​បញ្ជាក់​ថា៖ «ដូច្នេះ ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំង​នោះ ជា​ល្បែង​ស៊ីសង​ខុសច្បាប់ ដែល​ត្រូវ​រង​ការ​បង្ក្រាប​អនុលោម​តាម​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង»។

ទោះបីជា​ល្បែង​ស៊ីសង​ជា​ទង្វើ​​ខុស​ច្បាប់​សម្រាប់​ប្រជាពលរដ្ឋ​​កម្ពុជា​ក៏​ដោយ ក៏​គេហទំព័រ​ភ្នាល់​អនឡាញ​ជាច្រើន​ដំណើរការ​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​អាជ្ញាធរ។ យោងតាម Nostrabet គេហទំព័រ​ភ្នាល់​កំពូល​ទាំង​ប្រាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ Betsson, 1xBet, 22Bet, Betway, និង 888Sport។​

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​កាស៊ីណូ​អនឡាញ និង​ល្បែងភ្នាល់​អនឡាញ​ដែល​ជា​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​ទំព័រ​ហ្វេសប៊ុក គេហទំព័រ និង​ប្រព័ន្ធ​តេលេក្រាម។ ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក.

វេទិកា​ទាំងនេះ​ផ្តល់​ជូន​នូវ​ជម្រើស​ភ្នាល់​ចម្រុះ រួម​ទាំង​កីឡា ការ​ភ្នាល់​កីឡា​ផ្សាយ​ផ្ទាល់ និង​ហ្គេម​កាស៊ីណូ​។ កង្វះ​ការ​អនុវត្ត​ច្បាប់​ល្បែង​ស៊ីសង​យ៉ាង​តឹងរ៉ឹង អនុញ្ញាត​ឱ្យ​គេហទំព័រ​ទាំងនេះ​រីកចម្រើន បំពេញ​តម្រូវការ​ល្បែងស៊ីសង​របស់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ដោយ​គ្មាន​ផល​ប៉ះពាល់​ផ្នែក​ច្បាប់​យ៉ាង​សំខាន់។

លោក រស់ ភីរុណ អគ្គលេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (គ.ល.ក) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ខ្លីថា​៖ «មន្ត្រី​ជំនាញ​កំពុង​បន្ត​តាមដាន ស្រាវជ្រាវ និង​ស៊ើប​បញ្ជាក់ ដើម្បី​ឈាន​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរមាន»។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. បាន​បង្ហាញ​ថា អង្គភាព​បាន​ពិនិត្យ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​កាស៊ីណូ​អនឡាញ និង​ល្បែងភ្នាល់​អនឡាញ​ដែល​ជា​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​ទំព័រ​ហ្វេសប៊ុក គេហទំព័រ និង​ប្រព័ន្ធ​តេលេក្រាម ចំនួន ២៥​ទំព័រ ​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែង​ស៊ីសង។

ការផ្សព្វផ្សាយ​នេះ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ដាន​ស្រាវជ្រាវ និង​ចាត់​វិធានការ​បង្ក្រាប​លើ​បុគ្គល​ផ្សព្វផ្សាយ​ល្បែង អ្នក​ដំណើរការ អ្នកលេង និង​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ល្បែងស៊ីសង​ខុសច្បាប់។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​ចៀសវាង​ការ​ចូលរួម​រាល់​សកម្មភាព​ល្បែង​ស៊ីសង​ខុស​ច្បាប់​ទាំង​នេះ។

ប្រយ័ត្ន​ស៊ីសៀង​

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោកថា​ ​កាលពី​ថ្ងៃ​២៨​មិថុនា​២០២៤ លោក​ទស្សទាយ​ថា ​អាល្លឺម៉ង់​នឹង​ឈ្នះ​ ដែល​លោក​សំដៅ​លើ​ការ​ឈ្នះ​ក្នុង​វគ្គ​ ១៦ ក្រុម​ចុងក្រោយ​នៃ​បាត់​ទាត់​អឺរ៉ុប​២០២៤។ 

លោក​បាន​សរសេរ​ថា៖«ពេលនេះ​វគ្គ​១៦​ក្រុម​នៃ​៨​ប្រកួត​​បាន​ឆ្លង​ផុត​ហើយ​ខ្ញុំ​មិន​និយាយ​​ថា​អាល្លឺម៉ង់​ឈ្នះ​ទៀត​ទេ​ដូចនេះ​​សូមកុំ​បន្ទោស​ខ្ញុំ​ប្រសិន​បើ​មាន​​អ្នកគាំទ្រ​អាល្លឺម៉ង់​ភ្នាល់​ចាញ់»។

លោក​បាន​បន្ថែម​ចុងក្រោយ​ថា​៖​«​បាល់​មូល​សូម​ជ្រើសរើស​ដោយ​សេរី ​តែ​សូមកុំ​លេង​ភ្នាល់​​ដាក់​លុយ​ប្រយ័ត្ន​ស៊ីសៀង​»។​

ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ លោក សុខ​សេនសាន បាន​ថ្លែងថា គ.ល.ក. បាន​និង​កំពុង​អនុវត្ត​វិធានការពង្រឹង​យន្តការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) តាម​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព​ក្នុង​ទីតាំង​កាស៊ីណូ​ និង​គ្រប់គ្រង​ការផ្សព្វផ្សាយ​អំពី​ល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អនឡាញ។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «(គ.ល.ក) ស្រាវជ្រាវ និង​តាមដាន​គេហទំព័រ​ Facebook សារ​តាម​ទូរស័ព្ទ និង Telegram ជាដើម ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ល្បែង​អនឡាញ និង​បាន​បញ្ជូន​តំណ​ភ្ជាប់​​សម្រាប់​លេងល្បែង​ខុស​ច្បាប់​ទាំងនោះ​ទៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​បិទ និង​កាត់ផ្ដាច់​ចោល»។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ល្បែង​កាស៊ីណូ​អនឡាញ និង​ល្បែងភ្នាល់​អនឡាញ​ដែល​ជា​ល្បែង​ស៊ីសង​ខុស​ច្បាប់​តាម​ទំព័រ​ហ្វេសប៊ុក គេហទំព័រ និង​ប្រព័ន្ធ​តេលេក្រាម។ ហ្វេសប៊ុក​អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក.

លោក​បាន​បន្ដថា​៖ «​អគ្គលេខាធិការដ្ឋាន​នៃ គ.ល.ក. ធ្វើ​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ Facebook Page ​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​អំពាវនាវ​ដល់​សាធារណៈជន​កុំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ល្បែង​អន​ឡាញ​ខុសច្បាប់​នេះ ព្រមទាំង​សារ​អប់រំ​រំលឹក​ផងដែរ​»។ 

នៅមាន​វិធានការ និង​ការ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត  ដូចជា ​ប្រជុំពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ផ្សងសំណាង និង​ការគ្រប់គ្រង​ផលប៉ះពាល់​ពី​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដល់​អាជ្ញាធរ​សាធារណៈ​ពាក់ព័ន្ធ​បាន​ចំនួន ៩​ខេត្ត និង ១៤​ខណ្ឌ នៅ​​រាជធានី​ភ្នំពេញ។​

លោក​ សុខ​សេនសាន បាន​បន្ដថា​៖ «​(​គ​.​ល​.​ក​) សហការ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​​អគ្គស្នងការ​នគរបាលជាតិ ក្នុងការ​ស៊ើបអង្កេត តាមដាន រក​ទីតាំង​ដំណើរការ​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​ចាត់វិធានការ​ទប់ស្កាត់ និង​​បង្ក្រាប​យ៉ាង​ក្ដៅ​គគុក​ជា​បន្តបន្ទាប់​»។​

រូបភាព​កម្ពុជា​លើ​ឆាក​អន្ដរជាតិ​​

ការវិនិយោគ​របស់​ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ល្បែងស៊ីសង​របស់​កម្ពុជា​។​

បើ​យោងតាម AGB Asia ក្នុង​ឆ្នាំ២០២១ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​​កើនឡើង​ដល់ ២ ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង ៦៩ភាគរយ​ នៃ​ការ​វិនិយោគ​សរុប​នៅក្នុង​ប្រទេស​នេះ​។​

លំហូរ​នៃ​ការវិនិយោគ​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ឃើញ​មានការ​កើនឡើង​នៃ​កាស៊ីណូ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និង​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​។​

បទល្មើស​ទាក់ទង​នឹង​ការលេង​ល្បែងស៊ីសង​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​បញ្ហាសំខាន់​មួយ ដោយមាន​ករណី​ជាច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ល្បែងស៊ីសង​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​កម្ពុជា​បានធ្វើការ​វាយឆ្មក់ និង​ចាប់ខ្លួន​ជាច្រើនលើក​ដែល​ផ្តោតលើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

ក្នុង​ឆ្នាំ ២០២៣​ រដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ចាប់ខ្លួន​ជាង ៤៥០​ ករណី ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​រឿយៗ​គេ​ហៅថា "​ទីក្រុង​បាប​" ដោយសារ​ការប្រមូលផ្តុំ​ខ្ពស់​នៃ​សកម្មភាព​បែបនេះ​។​

នៅក្នុង​ខែមេសា ឆ្នាំ ២០២៤​ ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ១៣០​ នាក់​ត្រូវបានធ្វើ​បត្យាប័ន​ពី​ប្រទេស​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​​លើ​ល្បែង​ឆ្លងដែន និង​ការ​ក្លែងបន្លំ​។​

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ក៏​នៅតែ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​អំពី​ប្រសិទ្ធភាព​នៃ​ការបង្ក្រាប​ទាំងនេះ និង​ការបន្ត​កើតមាន​នៃ​ឧក្រិដ្ឋកម្ម​បែបនេះ​នៅក្នុង​ប្រទេស​។​

លោក ស៊ុន ចាន់ថុល បាន​សម្ដែង​​ការ​ភ្ញាក់​ផ្អើល ​ខណៈ​ដែល​អ្នក​វិនិយោគ​ជន​ជាតិ​ជប៉ុន​បាន​លើក​ឡើង​ត្រង់​ៗ​ពី​ក្តី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​រីក​ដុះ​ដាល​នៃ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​។​ 

ក្តី​បារម្ភ​នេះ​ត្រូវ​បញ្ចេញ​ប្រាប់​លោក​ ស៊ុន ​ចាន់​ថុល​ ឧបនាយក​រដ្ឋ​មន្ត្រី ​និង​អនុ​ប្រធាន​ទី​១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ពេល​លោក​ចុះ​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិត​កម្ម​ក្រុម​ហ៊ុន​នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅ​ទី​២៤​ ខែ​កុម្ភៈ ២០២៤​។

សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​

ក្រៅពី​កង្វល់​ចំពោះ​បញ្ហា​អសន្ដិសុខ​អន្ដរជាតិ​លើ​អំពើ​ល្បែង​ស៊ីសង និង​ទង្វើ​ឆបោក​ កម្ពុជា​ក៏​ប្រឈម​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម​ ដែល​កើត​ចេញពី​ល្បែង​ស៊ីសង ជាពិសេស ព្រឹត្ដិការណ៍​កីឡា​បាត់ទាត់​អឺរ៉ុប ២០២៤ នេះ។ 

លោក ទូច សុឃៈ (សុខៈ) អ្ន​កនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ឱ្យដឹងថា ទាក់ទង​តួនាទី​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​ចំណុះ​ក្រសួង​មហាផ្ទៃ តាម​ជំនាញ តែងតែ​តាមដាន​នូវស្ថានការណ៍​ទូទៅ​​រួម​ ស៊ើប​អង្កេត ស្រាវជ្រាវ ក៏ដូចជា​ប្រមូល​នូវ​ព័ត៌មាន​ផ្សេងៗ​ដើម្បី​បង្ការ ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ក្រប​ខណ្ឌ​បទ​ល្មើស​ណាមួយ​ហៀង​នឹង​កើតឡើង​ ឬក៏​បាន​កើត​ឡើង​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ទាក់​ទង​នឹង​បញ្ហា​សុវត្ថិភាព​ថា​៖ «​នេះ​គឺជា​កតាព្វកិច្ច​ជា​ប្រចាំ​របស់​នគរបាល​ចំណុះ​ក្រសួង​មហាផ្ទៃ​។ ដូច្នេះ លើស​ពី​កិច្ចការ​ងារ​ប្រចាំថ្ងៃ រាល់​ព្រឹត្ដិការណ៍​សំខាន់​ៗ សមត្ថកិច្ច​ចំណុះ​ក្រសួង​មហាផ្ទៃ​ រួម​មាន នគរបាលជាតិ និង​អាជ្ញាធរ​ដែនដី តែងតែ​បង្កើន​ និង​ពង្រឹង​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​សង្គម ដោយ​ធ្វើ​ផែនការ​ការពារ បង្កា ទប់​ស្កាត់ និង​បង្ក្រាប​ក្នុង​ករណី​បទ​ល្មើស​កើតឡើង​»។ 

លោក​បាន​លើកឡើង​ថា ពាក់ព័ន្ធ​រដូវកាល​ការ​ប្រកួត​បាល់​ទាត់​ Euro Cup នេះ សមត្ថភាព​មាន​បទពិសោធ​កន្លងៗមក​រួចហើយ ដោយ​ពួកគេ​ធ្វើ​ផែនការ​បង្កា ទប់​ស្កាត់ និង​បង្ក្រាប​ដូចគ្នា​ដែរ៕