ភ្នំពេញ៖ កុមារ​ដែល​មាន​ពិការភាព​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ស្មើរភាព​ជាមួយ​អ្នកដទៃ ដូច​ដែល​បាន​បញ្ជាក់​ក្នុង​​ក្របខណ្ឌ​អន្តរជាតិ​ ដូចជា អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនពិការ (CRPD) និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ (កាកបាទ​ក្រហម​កម្ពុជា)។

ក្រប​ខណ្ឌ​ទាំង​នេះ​ធានា​ថា កុមារ​ពិការ​មិន​ត្រូវ​បាន​រើសអើង និង​អាច​ចូលរួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ។

យោង​តាម​សៀវភៅ​ណែនាំ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​អំពី​បរិយាបន្ន​ពិការភាព​បាន​ឱ្យ​ដឹង​ថា៖ «ការ​សិក្សា​បាន​បង្ហាញ​ថា ១៥ភាគរយ​នៃ​ប្រជាជន​ក្នុង​ពិភពលោក​គឺជា​ជន​មាន​ពិការភាព​ហើយ​ចំនួន​នេះ​ស្មើរ​នឹង​មនុស្ស​មួយ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក»។

សៀវភៅ​បាន​បន្ដ​ថា៖ «ភាសា មិន​ទុក​នរណាម្នាក់​ចោល​​ គឺ​ងាយ​និយាយ​ទេ ប៉ុន្តែ​យើង​ត្រូវការ​ការ​យល់​ដឹង​បន្ថែម​ទៀត​អំពី​រចនាសម្ព័ន្ធ​ជា​ប្រព័ន្ធ និង​ជា​ស្ថាប័ន ដែល​បង្កប់​នូវ​ភាព​មើល​មិនឃើញ​របស់​ជន​ងាយ​រងគ្រោះ»។

ការអប់រំ​នៅ​កម្ពុជា​កំពុង​ដំណើរ​ការ​កំណែ​ទម្រង់​សំខាន់ៗ ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​អប់រំ​បរិយាបន្ន​ ឆ្នាំ​២០២៤-២០២៨ ដែល​គាំទ្រ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូនីសេហ្វ។

ផែនការ​នេះ​ផ្តោត​លើ​ការ​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ដល់​កុមារ​ទាំងអស់ រួមទាំង​ជនពិការ និង​មាន​គោលបំណង​ផ្លាស់ប្តូរ​អាកប្បកិរិយា​ក្នុង​សង្គម និង​ការ​គាំទ្រ​ចាំបាច់ ក៏ដូចជា​​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ។

លោក Koen Everaert អនុប្រធាន​កិច្ច​សហប្រតិបត្តិការ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា៖ «ការ​អប់រំ​បរិយាប័ន្ន​​សម្រាប់​ជនពិការ​ផ្តល់​ឱកាស​ស្មើៗ​គ្នា និង​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​រួម​ចំណែក​របស់​ពួកគេ​ចំពោះ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​ប្រទេស»។

លោក អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការ​ក្រសួង​បាន​សង្កត់​ធ្ងន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់រ​បស់​រដ្ឋាភិបាល​ចំពោះ​ការអប់រំ​បរិយាប័ន្ន ដែល​​ផ្តល់នូវ​ការអប់រំ​ប្រកប​ដោយ​គុណភាព​សម្រាប់​កុមារ​ទាំងអស់។ 

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ដែល​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «តាម​រយៈ​ការ​ដោះស្រាយ​​ឧបសគ្គ​របស់​​កុមារ​ពិការ យើង​មាន​បំណង​បង្កើត​ប្រព័ន្ធ​អប់រំ​មួយ​ដែល​ពិតជា​បរិយាប័ន្ន និង​សមធម៌»។

វិទ្យាល័យ​អប់រំ​ពិសេស​នៅ​កម្ពុជា​របស់​ក្រសួង​អប់រំ យុវជន និងកីឡា​ មាន​ចំនួន​ ៦ ដោយ​វិទ្យាល័យ​ចំនួន​ ៥ ធ្វើការ​លើ​កុមារ ឬ​សិស្ស​គ​ថ្លង់ និង​ពិការភ្នែក​។ ដោយឡែក​វិទ្យាល័យ​​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​ធ្វើការ​លើ​កុមារ​ឬ​សិស្ស​អូទីសឹម និង​ពិការភាព​សតិបញ្ញា។

សកម្មភាព​ប្រចាំ​ថ្ងៃកុមារ​អូទីសឹម នៅ​សាលាអប់រំ​ពិសេស​នៃ​ការ​លូតលាស់ នៅ​រាជធានីភ្នំពេញ។ រូបថត GSES

ខណៈ​ការអប់រំ​ទូទៅ​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់ខ្លួន ស្ថានភាព​សម្រាប់​កុមារ​ដែលមាន​តម្រូវការ​ពិសេស​គឺ​កាន់តែ​ស្មុគស្មាញ​។​

សាលា​អប់រំ​ពិសេស​នៃការ​លូតលាស់​ (GSES) នៅ​រាជធានី​ភ្នំពេញ គឺជា​សាលា​មួយ​សម្រាប់​កុមារ​អូទីសឹម ដែល​បង្កើត​ឡើង​ដោយ​អ្នកស្រី ភោគ ម៉ានី ជា​ម្តាយ​មាន​កូនប្រុស​អូទីសឹម ដែល​នាំ​ឱ្យអ្នកស្រី​​បង្កើត​កន្លែង​មួយ​​សម្រាប់​កុមារ​ដែលមាន​តម្រូវការ​ពិសេស​អាច​ទទួល​បាន​ការ​អប់រំ។​

អ្នកស្រី និយាយថា​៖ «ពួកគេ​នឹងត្រូវ​បញ្ឈប់ បើ​​ពួកគេ​មាន​អកប្បកិរិយា​អវិជ្ជមាន ថ្វីដ្បិត​តែ​សាលា​ខ្ញុំ​ខិតខំ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​​​បច្ចេកទេស​ក៏ដោយ​។​ មួយ​វិញ​ទៀត សាលា​ឯកជន​មានតម្លៃ​ថ្លៃ​ខ្លាំង​ដែលជា​ហេតុ​​ធ្វើ​ឱ្យ​​កុមារ​ត្រូវ​ឃាំង​ក្នុងផ្ទះ​»។

ស្ថាបនិក​សាលា​ ដែល​ខិតខំ​កៀរគរ​ឪពុកម្ដាយ​កុមារ​អូទីសឹម និង​ទទួល​ការគាំទ្រ​មួយ​ភាគធំ​ពី​ព្រះវិហារ​កាតូលិក​រូបនេះ បាន​បន្ដថា ​ឪពុកម្ដាយ​កុមារ​អូទីសឹម​នៅ​មាន​កម្រិត​លើ​ចំណេះដឹង​ផ្នែក​អបរំពិសេស​នេះ​ ដោយ​​អ្នកខ្លះ​ឆ្លេឆ្លា​ឆាប់​ជឿ​ដំណឹង​មិន​ច្បាស់​លាស់ ហើយ​​អ្នកខ្លះទៀត​​ខិត​ខំ​នាំ​កូន​ទៅដល់​ស្រុក​ក្រៅ​ទៀត។

វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ផ្សេងៗ ដោយ​សារ​​​បញ្ហា​អវិជ្ជមាន​នៃ​អកប្បកិរិយា​របស់​កុមារ​អូទីសឹម​​បាន​ធ្វើ​ឱ្យ​​កន្លែង​សាធារណៈ​មួយ​ចំនួន​ហាម​ឃាត់​ពួកគេ ហើយ​ជួន​កាល ​អាណាព្យាបាល​កុមារ​ធម្មតា​ខ្លះ​មិន​ស្វាគមន៍​ការ​ចូលរួម​របស់​កុមារ​ពិសេស​​នៅ​បរិវេណ​ជាមួយ​គ្នា​។

អ្នកស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖​ «គ្រាន់តែ​ឃើញ​​កុមារ​ពិសេសចូ​ល​ ពួកគេ​​នាំ​កូន​គេ​​ចេញ​​ភ្លាម។ ពេលខ្លះ​ពួក​​យើង​​ត្រូវគេ​ពេបជ្រាយ និយាយ​ពីក្រោយ ក្នុងពេល​ទៅ​ទទួល​សេវាកម្ម​នៅ​ពេទ្យ​រដ្ឋ ឯកជន ដោយ​ចោទ​ថា ​យើង​បណ្ដោយ​​កូន​មើល​ទូរស័ព្ទ​ច្រើន​។ ​ការស្ដីបន្ទោស​ពេលខ្លះ​បាន​ប៉ះពាល់​ខ្លាំង​ដល់​ផ្លូវចិត្ត​អាណាព្យាបាល​កុមារ​ពិសេស​ខ្លាំង និយាយ​រួម​ហត់​ទាំង​កាយ ​និង​ចិត្ត»។

អ្នកស្រី ម៉ានី បាន​បន្ដថា ​អ្នក​អប់រំ​ពិសេស​មាន​តួនាទី​បំពេញ​ចំណុច​ដែល​កុមារ​ខ្វះខាត​ទៅតាម​ជំនាញ ​ និង​គាំទ្រ​ទាំង​​​អាណាព្យាបាលចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្ដល់​ការ​អប់រំ​ដល់កូន​ និង​ទទួល​​នូវ​បញ្ហា​ដែល​កុមារ​មាន​ពី​អាណាព្យាបាល ហើយ​អន្ដរាគមន៍​ជួយ​ដល់​ពួកគាត់ ការតស៊ូ​មតិ​ក្នុងការ​ទទួល​នូវ​សេវាកម្ម​ផ្សេងៗ។

លោកស្រី ឃួន វិច្ឆិកា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​ប្អូន​ៗ​មាន​ពិការភាព​ និង​មាន​តម្រូវការ​ពិសេស ដូចជា គថ្លង់ ឬ​ខ្សោយ​សតិបញ្ញា ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​រៀបចំ​ឱ្យ​មាន​កម្មវិធី ៣ ដើម្បី​ទទួល​ប្អូនៗ​បាន​ចូលរៀន​នៅ​ទូទាំង​ប្រទេស»។

កម្មវិធី​ទីមួយ គឺ​ជាសាលា​អប់រំ​ពិសេស ដែល​បច្ចុប្បន្ន​នេះ ក្រសួង​មាន​សាលា​អប់រំពិសេស​ចំនួន ៦ ដោយសាលា​ចំនួន ៥ ផ្ដោតលើ​ពិការភាព​គថ្លង់ និង​ពិការភ្នែក និង​មួយ​ទៀត​ជា​សាលា​សម្រាប់​កុមារ​ខ្សោយ​សតិ​បញ្ញា ឬ (អូទីសឹម)។

កម្មវិធីទីពីរ ជាកម្មវិធី​បរិយាប័ន្ន និង​កម្មវិធីទីបី ជា​កម្មវិធី​សមាហរណកម្ម​ ដែល​កម្មវិធី​ទាំងពីរ​នេះ ជា​ប្រភេទ​សាលា​ដែល​បញ្ចូល​កម្មវិធី​ពិសេស​ទៅ​ក្នុង​សាលារៀន​ធម្មតា​ ដោយ​ត្រូវបាន​អនុវត្ដ​នៅ​ទូទាំង​ប្រទេស​សម្រាប់​កុមារ​ពិការ​អវៈយវៈ គថ្លង់ ពិកា​រភ្នែក និង​ខ្សោយ​សតិបញ្ញា។

សកម្មភាព​រៀនរបាំ​របស់​កុមារ​អូទីសឹម នៅ​សាលាអប់រំ​ពិសេស​នៃ​ការ​លូតលាស់ នៅ​រាជធានីភ្នំពេញ។ រូបថត GSES

លោកស្រី​បាន​បញ្ជាក់​ថា៖ «​ដើម្បី​ធានា​ថា​មាន​គ្រូ​បង្រៀន​ប្រកប​ដោយ​ជំនាញ​សម្រាប់​ប្អូនៗ​មាន​តម្រូវការ​ពិសេស​នេះ ក្រសួង​រៀបចំ​ឱ្យ​មាន​វិទ្យាស្ថានជាតិ​អប់រំពិសេស​ដែលមាន​តួនាទី​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន ដែល​នៅ​ក្នុង​បន្ទប់​ថ្នាក់​របស់​គាត់​មាន​សិស្ស​មាន​ពិការភាព​រយៈ​ពេល​មួយ​ឆ្នាំ​»។ 

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ក៏ដោយ លទ្ធភាព​ទទួលបាន​សេវា​អប់រំ​ពិសេស​នៅតែមាន​កម្រិត ហើយ​កុមារ​ពិការ​ជាច្រើន​នៅតែ​បន្ត​ប្រឈមមុខ​នឹង​ឧបសគ្គ​សំខាន់ៗ​ក្នុង​ការ​ទទួល​បានកា​រ​អប់រំ​ប្រកប​ដោយ​គុណភាព​។

អ្នកស្រី​ ម៉ានី បាន​ឱ្យ​ដឹង​​ថា​៖ «​​ខ្ញុំ​ពិតជា​ចង់​ឃើញ​​កុមារ​ពិសេស​ដែល​អាច​ចូលរៀន​ជាមួយ​កុមារ​ធម្មតា ទទួល​បាន​នូវ​​​ការជួយជ្រោមជ្រែង​ពី​គ្រូ​ស្រមោល​​ពេល​ពួកគាត់​តាម​មិនទាន់ ​ហើយ​​មាន​គ្រូ​ហ្វឹកហាត់​ការងារ​ជួយ​គាត់​ដល់​មានការ​ងារ​ធ្វើ»​។

អ្នកស្រី​បន្ដថា អ្នកស្រី​ចង់​ឱ្យ​មាន​ថ្នាក់​ពិសេស​តាម​សាលា​រដ្ឋកាន់តែ​​ទូលំទូលាយ មានការ​ផ្សព្វផ្សាយ​ឱ្យ​ច្រើន​ដើម្បី​ពួកគេ​ផុត​ពីការ​រើស​អើង​ និង​ទទួល​បាន​ការ​ជួយ​បន្ថែម​ដល់​កុមារ​ពិសេស​ ពីព្រោះ​ការ​លេង​ និងការ​លើកទឹកចិត្ដ​ ពិតជា​ជួយ​ពួកគេ​ក្នុង​ការ​បន្ដ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​នេះ​ទៀត។

ចំពោះ​បញ្ហា​ច្បាប់​ អ្នកស្រី​អះអាង​ថា អ្នកស្រី​សុំ​ឱ្យ​មាន​កិច្ច​ការពារ​គ្រប់​ស្ថានភាព គ្រប់​ទម្រង់​ដល់​កុមារ​ពិសេស​។ 

អ្នកស្រី​ទទួល​ស្គល់​ថា ពេល​​បើក​សាលា​នេះ ​អ្នកស្រី​មាន​គោល​បំណង​ចង់​​ជួយ​កូន​ខ្លួនឯង ​និង​អ្នកជិតខាង​និង​ទទួល​បុគ្គលិក​ក្នុង​ចង្កោម​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ។​ 

អ្នកស្រី ម៉ានី បាន​រំឭកថា​៖ «​ក្រោយមក​ ខ្ញុំ​មើល​ឃើញ​​ថា ​ការ​ធ្វើ​​ការ​ជាមួយ​ពួកគាត់​​ពិតជា​ចាំបាច់​ខ្លាំងណាស់ ហើយ​​ក្រៅពី​ការអាណិតអាសូរ​គឺ​ការជួយ​កាត់បន្ថយ​ការចាក់​សោរ​ពួកគាត់ឱ្យ​នៅតែ​ផ្ទះ​។ លើស​ពីនេះ យើង​​បាន​បើក​​ទ្វារ​ឱ្យ​​អ្នកដទៃ​ចាប់អារម្មណ៍​ និង​ជួយ​គាំទ្រ»។

អ្នកស្រី បាន​បញ្ជាក់ថា​៖ «​អ្វីដែល​ខ្ញុំ​ពេញចិត្ត​ខ្លាំង​គឺ​ការ​ឱ្យ​ឱកាស​ដល់​កូន​ពិសេសទទួល​បាន​ការ​អប់រំ ​គឺ​ជួយ​បាន​គ្រួសារ​ទាំងមូល ដោយ​កូន​បាន​រៀន ប៉ា​ម៉ាក់​អាច​ធ្វើ​​ការ យាយ​តា​អាច​សម្រាក ហើយ​ម៉ាក់ៗ​អាច​មាន​ឱកាស​បង្កើត​កូន​បន្ថែម​​ទៀត គ្រួសារ​ឈ្លោះ​គ្នា​មក​ត្រូវ​គ្នា​វិញ​។ យើង​ចង់​​​ឃើញ​​កុមារ​អាច​ទៅ​រៀន​ជាមួយ​កុមារ​ធម្មតា​បាន​»។ 

ស្ថាបនិក​សាលា​អប់រំ​ពិសេស​នៃការលូតលាស់​ អ្នកស្រី ម៉ានី ​កំពុង​តែ​កៀរគរ​ថវិកា​កសាង​សាលារៀន​សម្រប់​កុមារ​ពិសេស​ និង​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ពីសំណាក់​ឪពុកម្ដាយ និង​អាណាព្យាបាល​កុមារ​ពិសេស​  ដោ​យ​ទទួល​បាន​ជំនួយ​យ៉ាងពិសេស​ពី​ព្រះ​សហគមន៍​កាតូលិក​បឹង​ទំពុន ដែល​ប្រគល់​ដី​សម្រាប់​កសាង​សាលារៀន​។ 

ដោយ​ផ្ដើម​នៅឆ្នាំ២០១៧ ក្នុងផ្ទះល្វែងមួយ ​ក្បែរ​ព្រះសហគមន៍​ព្រះ​កុមារ​យេស៊ូ​បឹងពុន ​ជាមួយ​កុមារ​ពិសេស​តែ ៦នាក់ បច្ចុប្បន្ន​នេះ​សាលា​បាន​ទទួល កុមារ​រហូត​ដល់ ៣១៥ នាក់ ​ដែល​សាលា​អប់រំ​ពិសេស​នៃ​ការ​លូតលាស់​នឹង​ត្រូវ​សាងសង់​ឡើង​កម្ពស់ ១០​ជាន់​ដើម្បី​បំពេញ​តម្រូវការ​អប់រំ​ពិសេស​ដល់​កុមារ​ទាំង​នោះ៕