ភ្នំពេញ៖ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ដំណើរ​នៃ​ការ​ផ្លាស់ប្តូរ​ឌីជីថល ផែនការ​មេ​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៥ (ADM 2025) បម្រើ​ជា​មគ្គុទ្ទេសគ៍​សំខាន់​សម្រាប់​ដោះស្រាយ​ភាព​ស្មុគស្មាញ​នៃ​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការ​ជឿ​ទុក​ចិត្ត​លើ​សេវាកម្ម​ឌីជីថល។

ផែនការ​មេ​បង្ហាញ​ពី​ជំហាន​សំខាន់ៗ ដែល​បណ្ដា​ប្រទេស​អាស៊ាន​ រួមទាំង​កម្ពុជា​ត្រូវ​តែ​អនុវត្ត ដើម្បី​កសាង​​សេដ្ឋកិច្ច​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព បរិយាបន្ន​ និង​ប្រកួតប្រជែង។

យោងតាម​របាយការណ៍​ផែនការមេ​ឌីជីថល​អាស៊ាន​ឆ្នាំ២០២៥ បាន​បង្ហាញថា៖ «នៅ​ក្នុង​បរិបទ​នេះ កម្ពុជា​ប្រឈម​ទាំង​​បញ្ហា​ និង​ឱកាស ព្រោះ​កម្ពុជា​កំពុង​តែ​ខិតខំ​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​ឌីជីថល ជំរុញ​ការ​ជឿទុក​ចិត្ត​លើ​សេវាកម្ម​ឌីជីថល និង​ស្របតាម​ស្តង់ដា​ក្នុង​តំបន់​»។​

គោលបំណង​ស្នូល​មួយ​នៃ ផែនការ​មេ​ឌីជីថល​អាស៊ាន​ឆ្នាំ២០២៥ គឺ​ដើម្បី​កសាង​ទំនុកចិត្ត​លើ​សេវាកម្ម​ឌីជីថល​នៅ​គ្រប់​​ផ្នែក​សំខាន់ៗ ​ដូចជា ហិរញ្ញវត្ថុ ការថែទាំ​សុខភាព ការអប់រំ និង​រដ្ឋាភិបាល​។​

សម្រាប់​ប្រទេស​កម្ពុជា នេះ​មាន​ន័យថា ការអភិវឌ្ឍ​ក្របខ័ណ្ឌ​សន្តិសុខ​ដ៏​រឹងមាំ គឺ​ត្រូវ​ស្រប​តាម​វិស័យ​សំខាន់ៗ​ទាំងនេះ។

បើ​ប្រៀបធៀប​ទៅនឹង​សម​ភាគី​អាស៊ាន​មួយ​ចំនួន កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អនុវត្ត​វិធានការ​សន្តិសុខ​តាម​អ៊ីនធឺណិត​ស៊ីជម្រៅ​។​

របាយការណ៍​ផែនការមេ​ឌីជីថល​អាស៊ាន​ឆ្នាំ២០២៥ បាន​បន្ត​ថា៖ «​បណ្តា​ប្រទេស ​ដូចជា​ សិង្ហ​បុរី និង​ម៉ាឡេស៊ី​ បាន​បោះជំហាន​​ក្នុងការ​បង្កើត​ក្របខ័ណ្ឌ​សន្តិសុខ​តាម​អ៊ីនធឺណិត​កម្រិត​ខ្ពស់ និង​ក្រុម​ឆ្លើយតប ដោយ​ដាក់ខ្លួន​ពួកគេ​ជា​អ្នក​ឈាន​មុខ​គេ​ផ្នែក​សន្តិសុខ​ឌីជីថល​នៅ​ក្នុង​តំបន់​»។​

ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​កំពុង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ដើរ​តាមឱ្យ​​ទាន់ ដោយ​​​ការកសាង​ទំនុកចិត្ត​ក្នុងចំណោម​អ្នកប្រើប្រាស់ និង​ជំរុញ​ការ​ទទួល​យក​សេវា​ឌីជីថល​កាន់តែ​ទូលំទូលាយ​។​

សេវាកម្ម​ឌីជីថល​នៅ​​កម្ពុជា​ត្រូវបាន​ផ្សារភ្ជាប់​​ទៅនឹង​ការ​អនុវត្ត​​​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការ​គ្រប់គ្រង​ទិន្នន័យ​ឌីជីថល​។​

របាយការណ៍​ផែនការមេ​ សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការអនុវត្ត​ទាំងនេះ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ផ្ទាល់​នៃ​ការបំពាន​ទិន្នន័យ​លើ​អាជីវកម្ម និង​អ្នកប្រើប្រាស់។

តាមរយៈ​ការ​ផ្តល់​អាទិភាព​ដល់​វិធានការ​ចាំបាច់​នានា​ កម្ពុជា​មាន​គោល​បំណង​បង្កើត​បរិយាកាស​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព​ដែល​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​ផ្សេងៗ។

របាយការណ៍​ផែនការមេ​​បាន​បន្ថែម​ថា៖ «​ខណៈ​កំពុងអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​ ​កម្ពុជា​ត្រូវ​ដើរ​លើ​ផ្លូវ​វែង​ឆ្ងាយ​ទៀត​ ​បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេស​អភិវឌ្ឍ​​ក្នុង​តំបន់ ​ដូចជា​ ​សិង្ហ​បុរី ដែល​បាន​អនុវត្ត​ច្បាប់​ការពារ​ទិន្នន័យ​ និង​ក្របខ័ណ្ឌ​សន្តិសុខ​តាម​អ៊ីនធឺណិត​រួច​ហើយ»​។​

កម្ពុជា​ក៏បាន​បោះជំហាន​យ៉ាង​សំខាន់​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​លើ​សន្តិសុខ​អ៊ីនធឺណិត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។​

ការបង្កើត​ក្រុម​ឆ្លើយតប​ឧប្បត្តិហេតុ​សន្តិសុខ​កុំព្យូទ័រ​ក្នុង​តំបន់ (CSIRT) គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​លើកកម្ពស់​ការអនុវត្ត​ល្អ​បំផុត​ផ្នែក​សុវត្ថិភាព​នៅ​ទូទាំង​វិស័យ។

បញ្ហា​ប្រឈម​មួយ​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ការប្រើប្រាស់​សេវា​ឌីជីថលពី​សំណាក់​ប្រជាជន​​ក្នុង​ស្រុក។

របាយការណ៍​ផែនការ​មេ​បាន​បន្ថែម​ថា​៖ «​ដោយមាន​ប្រជាជន​ត្រឹមតែ ៣៤ ភាគរយ​ប៉ុណ្ណោះ​ដែល​ប្រើ​អ៊ីនធឺណិត កម្ពុជា​ដើរ​ថយក្រោយ​ប្រទេស​ជាច្រើន ​ដូចជា ​ម៉ាឡេស៊ី (៨០ភាគរយ​) និង​សិង្ហ​បុរី (៨៤ភាគរយ)»។

កម្រិត​ទាប​នៃ​ការ​ប្រើ​​អ៊ីនធឺណិត​នេះ​បង្ហាញ​ពី​តម្រូវ​ការ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ក្នុង​ការកសាង​ទំនុកចិត្ត និង​ការ​ពង្រីក​សេវាកម្ម​ឌីជីថល ជាពិសេស​នៅ​តំបន់​ជនបទ និង​តំបន់​ដែល​ខ្វះខាត​។ ការកែ​លម្អ​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត និង​តម្លៃ​សមរម្យ​នឹង​មាន​សារៈសំខាន់​សម្រាប់​ការ​សម្រេច​បាន​នូវ​គោលដៅ​នេះ។

សមាសធាតុ​សំខាន់​មួយ​ទៀត​នៃ​យុទ្ធសាស្ត្រ​ឌីជីថល​របស់​កម្ពុជា គឺ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អត្តសញ្ញាណ​ឌីជីថល។

យោង​តាម​របាយការណ៍​ផែនការ​មេ​​បាន​ឱ្យ​ដឹង​ថា៖ «បច្ចុប្បន្ន​នេះ កម្ពុជា​សម្រេច​បានការ​គ្រប​ដណ្តប់ ៨៩ភាគរយ​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​សម្រាប់​ប្រព័ន្ធ​អត្តសញ្ញាណប័ណ្ណ​មូលដ្ឋាន​របស់​ខ្លួន»។

ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា​​នៅតែ​យឺត​ជាង​ប្រទេស ​ដូចជា ​ម៉ាឡេស៊ី ដែល​មាន​ការ​គ្រប​ដណ្តប់ ១០០​ភាគរយ​ ជាមួយនឹង​ប្រព័ន្ធ​​ឌីជីថល​ពេញលេញ។

ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​អត្តសញ្ញាណ​ប័ណ្ណ​ឌីជីថល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បើក​ដំណើរការ​ប្រតិបត្តិការ​អន​ឡាញ​ប្រកប​ដោយ​សុវត្ថិភាព និង​គួរឱ្យ​ទុក​ចិត្ត ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​យុគសម័យ​ឌីជីថល​៕