ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាញសង្គម ដូចជា Facebook និង TikTok បាននឹងកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គមកម្ពុជា។
ចាប់ពីបដិវត្តន៍ពាណិជ្ជកម្ម ដល់ការបញ្ចេញមតិនយោបាយ វេទិកាទាំងនេះបានក្លាយជាផ្នែកមួយនៃទំនាក់ទំនង ទិញទំនិញ និងបញ្ចេញមតិរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ការជឿជាក់លើបណ្ដាញសង្គមយ៉ាងឆាប់រហ័សក៏បង្ហាញពីបញ្ហាប្រឈមផងដែរ ចំពោះបញ្ហាស្មុគស្មាញ និងជួនកាលផ្ទុយគ្នាពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម។
បណ្ដាញសង្គមគឺជាអាវុធមុខពីរ ដោយម្ខាងវាផ្តល់សិទ្ធិអំណាចដល់បុគ្គលម្នាក់ៗក្នុងការបញ្ចេញមតិរបស់ពួកគេ និងកេងយកអត្ថប្រយោជន៍ផ្សេង ខណៈម្ខាងទៀតវាក៏បង្កចលាចលសង្គមផងដែរ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលទទួលស្គាល់សេរីភាពទូលំទូលាយដែលប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ដល់ជូនក្នុងប្រទេសកម្ពុជា ដោយកត់សម្គាល់ថា ប្រជាជនប្រើប្រាស់វេទិកាទាំងនេះក្នុងគោលបំណងផ្សេងៗគ្នា ចាប់ពីទំនាក់ទំនងពាណិជ្ជកម្ម រហូតដល់ការបញ្ចេញមតិនយោបាយ។
លោក បូណា បាននិយាយថា៖ «វាផ្ដល់ផលវិជ្ជមាន និងអវិជ្ជមាន ដោយវាជាទីលានមួយដែលបើកសិទ្ធិសេរីភាពឱ្យពលរដ្ឋបានប្រើប្រាស់ទៅតាមគោលបំណងរៀងៗខ្លួន ទាំងការប្រាស្រ័យទាក់ទង ទិញទំនិញ បញ្ចេញមតិលើបញ្ហាផ្សេងៗ ឬជាការកម្សាន្ដសប្បាយ និងទុក្ខព្រួយ»។
លោកបន្ដថា នៅលើបណ្ដាញសង្គមនេះ អ្នកខ្លះប្រើប្រាស់គ្រាន់តែធ្វើការទំនាក់ទំនង អ្នកខ្លះប្រើក្នុងគោលបំណងមុខជំនួញ ផលប្រយោជន៍ពាណិជ្ជកម្ម ហើយអ្នកខ្លះទៀតប្រើប្រាស់ក្នុងផលប្រយោជន៍នយោបាយ ទាំងនៅក្នុង TikTok, Facebook ឬ Telegram ជាដើម គ្រប់មុខ។
យោងតាមរបាយការណ៍ថ្មីៗនេះដោយ DataReportal បានបង្ហាញថា ទិដ្ឋភាពបណ្ដាញសង្គមរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៅទូទាំងវេទិកាឌីជីថលសំខាន់ៗ។
គិតត្រឹមខែមករា ឆ្នាំ២០២៤ Facebook នៅតែជាវេទិកាលេចធ្លោនៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ១១,៦៥លាននាក់ តំណាងឱ្យ ៦៨,៤ភាគរយនៃចំនួនប្រជាជន។ នេះបង្ហាញពីការកើនឡើងនៃអ្នកប្រើប្រាស់ ១,២ លាននាក់ ឬកើនឡើង ១១,៥ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៣។
TikTok ក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ឥឡូវនេះវេទិកានេះមានអ្នកប្រើប្រាស់ ៩,៩៦ លាននាក់ក្នុងចំណោមប្រជាជន ដែលឈានដល់ ៨៨,៤ភាគរយនៃចំនួនប្រជាជនពេញវ័យ។
ការឈានដល់ការផ្សាយពាណិជ្ជកម្មរបស់ TikTok បានកើនឡើងដោយអ្នកប្រើប្រាស់ ២,៩ លាននាក់ ជាការកើនឡើងគួរឱ្យកត់សម្គាល់ ៤១ភាគរយ ក្នុងឆ្នាំកន្លងទៅ។
DataReportal បានឱ្យដឹងថា៖ «ចំពោះ Instagram ទោះបីជាមានទំហំតូចក៏ដោយ ក៏នៅតែបន្តកើនឡើងជាលំដាប់ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអ្នកប្រើប្រាស់ ១,៨៥ លាននាក់គិតត្រឹមខែមករា ២០២៤ វេទិកានេះគ្របដណ្តប់ ១០,៩ភាគរយ នៃចំនួនប្រជាជនសរុប ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៥,៧ភាគរយនៅក្នុងមូលដ្ឋានអ្នកប្រើប្រាស់ចាប់តាំងពីខែមករាឆ្នាំ ២០២៣»។
ឧទាហករណ៍នៃឥទ្ធិពលគួរឱ្យកត់សម្គាល់បំផុតមួយនៃបណ្ដាញសង្គមនៅកម្ពុជាគឺការផ្លាស់ប្តូរគំរូអាជីវកម្មបែបប្រពៃណី។
អាជីវកម្មអនឡាញបានរីកចម្រើននៅលើវេទិកា ដូចជា Facebook ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់ការទិញដូរលើអនឡាញនេះ។
បណ្ដាញសង្គមក៏បានផ្តល់នូវវេទិកាមួយសម្រាប់បុគ្គលម្នាក់ៗដើម្បីទទួលបានការទទួលស្គាល់ និងការគាំទ្រតាមរបៀបដែលមិនធ្លាប់មានពីមុនមក។
ឧទាហរណ៍នាពេលថ្មីៗនេះ គឺការកើនឡើងកិត្តិនាមរបស់សិស្សស្រីម្នាក់មកពីខេត្តព្រៃវែង ដែលបានបកស្រាយបទចម្រៀង ជាស្នាដៃនិពន្ធរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ការសម្តែងរបស់សិស្សរូបនេះដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមមិនត្រឹមតែនាំមកនូវការអបអរសាទរផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងវិទ្យាល័យដែលយុវតីរូបនេះសិក្សាក៏ទទួលបានការឧបត្ថម្ភផងដែរ។
ផ្ទុយទៅវិញ បណ្ដាញសង្គមក៏បានក្លាយជាសមរភូមិសម្រាប់បញ្ហាជម្លោះ ដូចជា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ជាដើម។
គម្រោងនេះត្រូវបានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកតាមអ៊ីនធឺណិត ជាមួយនឹងការព្រួយបារម្ភអំពីអធិបតេយ្យភាពទឹកដី ដែលនាំទៅដល់ការការរៀបចំគម្រោងតវ៉ា និងការបង្ក្រាបរដ្ឋាភិបាលជាបន្តបន្ទាប់។
លោកបានបន្ដថា បណ្ដាញសង្គមជាប្រភពព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមិនបានផ្ទៀងផ្ទាត់មានចំនួនច្រើន ដោយវាធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនដែលគ្មានមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់អាចជឿព័ត៌មានទាំងនោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក បូណា បានហៅព័ត៌មានទាំងនោះថាជា «ព័ត៌មានបំពុលសង្គម» ហើយលោកបានលើកឡើងអំពីចំណុចអវិជ្ជមាននៃការប្រើប្រាស់បណ្ដាញសង្គមថា វាជាវេទិកាបញ្ចេញមតិលើសលស់ជ្រុលខ្លាំង ជាពិសេសការបញ្ចេញមតិបែបនយោបាយ ដោយមានការជេប្រមាថគ្នា ញុះញង់ឱ្យស្ងប់គ្នាជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះជាវិញ្ញាសាមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីចរឹករបស់មនុស្ស ក្រុមនយោបាយដែលកំពុងតែវល់ និងពុល។ ប៉ុន្ដែមិនយូរ និងឆាប់ ប្រជាពលរដ្ឋនឹងយល់ឃើញថា តើធនធានមនុស្សរបស់គណបក្សនយោបាយនីមួយៗមានបែបណា»។
លោកបានបន្ដថា៖ «អ្នកដែលចូលចិត្ដប្រើប្រាស់វេទិកាបណ្ដាញសង្គមសម្រាប់ផលប្រយោជន៍នយោបាយបានឆ្លុះបញ្ចាំងឱ្យឃើញពីចរឹកលក្ខណៈរបស់គណបក្សនោះថា តើធនធានមនុស្សគេយ៉ាងមេច និងយុវជនគេយ៉ាងដូចម្ដេច បានចេះតែជេប្រមាថ ដោយមិនមានបញ្ញាក្នុងការបញ្ចេតមតិមានប្រយោជន៍។ ប្រជាជននឹងបានដឹង និងវាយតម្លៃអំពីរឿងនេះ»។
លោកបានបន្ដថា បណ្ដាញសង្គមជាប្រភពព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលមិនបានផ្ទៀងផ្ទាត់មានចំនួនច្រើន ដោយវាធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនដែលគ្មានមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់អាចជឿព័ត៌មានទាំងនោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក បូណា បានហៅព័ត៌មានទាំងនោះថាជា «ព័ត៌មានបំពុលសង្គម» ហើយលោកបានលើកឡើងអំពីចំណុចអវិជ្ជមាននៃការប្រើប្រាស់បណ្ដាញសង្គមថា វាជាវេទិកាបញ្ចេញមតិលើសលស់ជ្រុលខ្លាំង ជាពិសេសការបញ្ចេញមតិបែបនយោបាយ ដោយមានការជេប្រមាថគ្នា ញុះញង់ឱ្យស្ងប់គ្នាជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះជាវិញ្ញាសាមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីចរឹករបស់មនុស្ស ក្រុមនយោបាយដែលកំពុងតែវល់ និងពុល។ ប៉ុន្ដែមិនយូរ និងឆាប់ ប្រជាពលរដ្ឋនឹងយល់ឃើញថា តើធនធានមនុស្សរបស់គណបក្សនយោបាយនីមួយៗមានបែបណា»។
លោកបានបន្ដថា៖ «អ្នកដែលចូលចិត្ដប្រើប្រាស់វេទិកាបណ្ដាញសង្គមសម្រាប់ផលប្រយោជន៍នយោបាយបានឆ្លុះបញ្ចាំងឱ្យឃើញពីចរឹកលក្ខណៈរបស់គណបក្សនោះថា តើធនធានមនុស្សគេយ៉ាងមេច និងយុវជនគេយ៉ាងដូចម្ដេច បានចេះតែជេប្រមាថ ដោយមិនមានបញ្ញាក្នុងការបញ្ចេតមតិមានប្រយោជន៍។ ប្រជាជននឹងបានដឹង និងវាយតម្លៃអំពីរឿងនេះ។
លោក ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងអ្នកជំនាញទស្សនវិទ្យានៃ រាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា ទាំងពិភពលោក និងនៅកម្ពុជា ប្រជាជននិយមប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើន ខណៈនៅកម្ពុជា ប្រជាពលរដ្ឋមានសេរីភាពគ្រប់គ្រាន់។
លោកបាននិយាយថា ប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមជូនព័ត៌មាន សុំអន្ដរាគមន៍ ដែលអាជ្ញាធរអាចមិនទាន់បានដឹង។ ដូច្នេះ បណ្ដាញសង្គមបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន រួមទាំង ការប្រកបអាជីវកម្មផងដែរ។
លោក ប៊ុនថង បានបន្ដថា៖ «ទន្ទឹមនឹងនេះ បងប្អូនយើងខ្លះ ប្រើប្រាស់បណ្ដាញសង្គមក្នុងភាពអវិជ្ជមាន បំប៉ោងព័ត៌មាន បំពុលព័ត៌មាន ក្លែងព័ត៌មាន ជេប្រទេច គំរាមកំហែង បំភិតបំភ័យ បោកប្រាស់គ្នាក៏មានដែរ។ បណ្ដាប្រទេសផ្សេងៗ ក៏មានដែរ ចំពោះការបង្កចលាចល ការញុះញង់ បំផុសបំផុលឱ្យមានស្អប់ខ្ពើមគ្នា ប្រឆាំងគ្នា រួមទាំងការប្រឆាំងរដ្ឋាភិបាល ខណៈនៅប្រទេសយើង ក៏មានទម្រង់បែបនេះដែរ»។
លោកបានទទួលស្គាល់ថា បណ្ដាញសង្គមផ្ដល់ភាពវិជ្ជមានច្រើនជាងបញ្ហាអវិជ្ជមាន។ ចំពោះបញ្ហាសេរីភាព លោកបានដាក់សិទ្ធិប្រើប្រាស់បណ្ដាញសង្គមនៅក្នុងកម្រិតល្អមធ្យម។
លោក ប៊ុនថង បានឱ្យដឹងថា ការទទួលព័ត៌មានរហ័សលើបណ្ដាញសង្គម ដែលលឿន ខ្លីៗ និងមិនមានទឡ្ហីករណ៍ ខុសពីសារព័ត៌មានអាជីព នាំឱ្យអ្នកប្រើប្រាស់ឆាប់ធ្វើសេចក្ដីសន្និដ្ឋានទៅលើសាច់រឿងនោះ។
លោកបាននិយាយថា៖ «ជាការពិត បណ្ដាញសង្គមបានជួយយើងច្រើន តែក៏មានហានិភ័យផងដែរ ដែលទាមទារឱ្យយើងប្រយ័ត្នប្រយែងបំផុតពីព្រោះការបញ្ចេញទស្សនៈ និងការយល់ឃើញនោះ មិនមែនជាអ្នកអាជីព តែពឹងលើថ្វីមាត់ច្រើនជាង។
ក្នុងនាមជាអ្នកមានបទពិសោធផ្ទាល់ លោក ប៊ុនថង បានមើលឃើញថា ប្រជាពលរដ្ឋហ៊ានបញ្ចេញមតិយោបល់ បញ្ចេញរូបភាពសិចស៊ី រឿងសម្ងាត់ផ្ទាល់ខ្លួន ឈ្លោះគ្នាប្ដីប្រពន្ធ មិត្ដភក្ដិ ហើយរឿងនយោបាយ ពួកគេក៏ហ៊ានបញ្ចេញមតិរិះគន់បុគ្គល ឬអាជ្ញាធរជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋបានផ្លាស់ប្ដូរឥរិយាបថនេះដោយសារតែបណ្ដាញសង្គម។ ខ្ញុំគិតថា ការបញ្ចេញមតិយោបល់ឈឺឆ្អើលរឿងជាតិ រឿងអធិបតេយ្យជាតិ រឿងវប្បធម៌ សេដ្ឋកិច្ច សង្គម សន្ដិសុខក្នុងប្រទេស វាជារឿងល្អ។ ប៉ុន្ដែសំខាន់ សុំកុំឱ្យដូរសារជាតិ ដូរតែទម្រង់ ដោយបងប្អូននិយាយពីរោះពិសា មិនបំផ្លើស មិនបំប៉ោង និងកុំចាញ់កលអ្នកនយោបាយ ឬ MMO ដែលគេបំប៉ោងរឿងដោយចង់ល្បី pages របស់គេ»។
ការចូលរួមរបស់យុវជនពិតជាសំខាន់ ដោយពួកគេអាចបញ្ចេញមតិយោបល់លើបណ្ដាញសង្គម ដែលជាប្រយោជន៍ទៅដល់អាជ្ញាធរក្នុងការដោះស្រាយព្រួយកង្វល់របស់ពួកគេ។
លោក បូណា បានថ្លែងថា៖ «ឥឡូវនេះ អ្នកនយោបាយនៅគឃ្លើន នៅសប្បាយចិត្ដប្រើប្រាស់ព័ត៌មានក្លែងក្លាយ បោកប្រាស់ កុហក់ដើម្បីបង្កបញ្ហាដល់សង្គម រួចអះអាងពីភាពជោគជ័យរបស់គេក្នុងការធ្វើឱ្យរដ្ឋាភិបាលយើងជួបការលំបាកអភិវឌ្ឍប្រទេស។
លោកបានលើកឡើងថា៖ «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពួកគេក្រឡុកសភាពការបានទេ ហើយតាមរយៈសកម្មភាពទាំងអស់នេះ ក្រុមប្រឆាំង discredit ខ្លួនឯង។ យូរៗទៅ ប្រជាពលរដ្ឋមើលឃើញថា ក្រុមនេះជាក្រុមចោរម្សៀត បង្កើតតែព័ត៌មានក្លែងក្លាយ កុហក់ មួលបង្កាច់ លាបពណ៌ ដែលគ្មានសមត្ថភាពធ្វើជាអ្នកដឹកនាំនោះទេ»។
ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ បណ្ដាញសង្គមនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ទំនាក់ទំនង និងការបញ្ចេញមតិនៅកម្ពុជា។
លោក បូណា បានទទួលស្គាល់ថា៖ «បណ្ដាញសង្គមជាកញ្ចក់មួយទៀតក្នុងការឆ្លុះបញ្ចាំង ជួយផ្ដល់ព័ត៌មានពីភាពអវិជ្ជមាននានារបស់មន្ដ្រីផងដែរ»។
ដូចដែលលោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម បានកត់សម្គាល់ថា បណ្ដាញសង្គមផ្តល់នូវវេទិកាមួយសម្រាប់ការពិត និងគំនិតស្ថាបនា ទោះបីជាវាងាយនឹងប្រើប្រាស់ខុសសម្រាប់ការបរិហារកេរ្តិ៍ និងការផ្សាយភូតកុហកក៏ដោយ។
លោក ម៉ុង ហៃ ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖«រាល់ការបញ្ចេញមតិត្រូវឈរលើមូលដ្ឋានក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាលត្រូវគោរពតាមការធ្វើសច្ចាប្រណីធានរបស់ខ្លួន»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «មិនគួរគិតអំពីរឿងមានឥទ្ធិពលរបស់បណ្ដាញសង្គមនោះទេ។ យុវជនមានគំនិតផ្ទាល់ខ្លួនដែរ ហើយប្រហែលជាល្អជាងគំនិតយើងផង។ ជួយអរគេទៅ។ អ្នកចង់ឱ្យគេយកគំនិតខ្លួន គឺមាននិន្នាការផ្តាច់ការ»៕