ភ្នំពេញ៖ ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​​ដែល​បង្ក​ឡើង​ដោយ​វីរុស​អុតស្វា​ Mpox ជាពិសេស​ប្រភេទ Clade Ib ថ្មី រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា លោក ឈាង រ៉ា បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ក្នុង​គោល​បំណង​ពង្រឹង​ការ​ការពារ​របស់​ប្រទេស​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ។

សេចក្តី​ណែនាំ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​សីហា អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត ជាពិសេស​នៅតាម​តំបន់​ព្រំដែន បង្កើន​វិធាន​ការ​ចត្ដាឡីស័ក​ និង​ធានា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នកដំណើរ​អន្តរជាតិ។

វិធានការ​នេះត្រូវបាន​ឡើង​បន្ទាប់ពី​មាន​ការ​ព្រួយបារម្ភ​ក្នុង​តំបន់​កាន់តែ​ខ្លាំង​ ដោយ​ប្រទេស​ជិត​ខាង​រាយការណ៍​ករណី​នៃ​វ៉ារ្យ៉ង់​ថ្មី​នេះ និង​បង្កើន​វិធានការ​សន្តិសុខ​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ។

ភាព​បន្ទាន់​នៃ​ស្ថានភាព​នេះ​ត្រូវបាន​​ប្រកាស​នាពេល​ថ្មីៗ​នេះ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ពី​ប្រភេទ​​វ៉ារ្យ៉ង់ Clade Ib ថា​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​អន្តរជាតិ។

អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​នៅ​ថ្ងៃទី១៤ ខែសីហា​ថា៖ «វ៉ារ្យ៉ង់​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​អត្រា​មរណភាព​ខ្ពស់​ជាង​ប្រភេទ​មុនៗ​ ទាមទារ​ឱ្យមាន​ការឆ្លើយ​តប​ជា​សកល​ក្នុង​គោល​បំណង​ទប់ស្កាត់​ការ​រីក​រាលដាល»។​

ការ​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា

ប្រទេស​កម្ពុជា​ដែល​បាន​រាយការណ៍​ករណី​ជំងឺ​​អុតស្វា​ Mpox ចំនួន ២០ករណី​ ចន្លោះ​ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៤ ដែល​ទាំងអស់នេះ​ជា​វ៉ារ្យ៉ង់ Clade II ដែល​មិន​សូវ​ធ្ងន់ធ្ងរ មិនទាន់​រក​ឃើញ​ករណី​ណា​មួយ​នៃ Clade Ib ដ៏​​គ្រោះថ្នាក់​​នេះ​ទេ។

ទោះជា​យ៉ាងនេះ​ក្តី សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា បញ្ជាក់​យ៉ាងច្បាស់​​ថា កម្ពុជា​ត្រូវមាន​វិធានការ​បន្ទាន់។

លោក​បាន​ឱ្យដឹងថា​៖ «ក្នុង​បរិការណ៍​នេះ សូម​ឯកឧត្តម លោកជំទាវ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាមដាន និង ទប់ស្កាត់​ជំងឺ​ឆ្លង​ដែល​អាច​នាំចូល​ពី​បណ្តា​ប្រទេស​នានា ដោយ​ពង្រឹង​វិធានការ​ចត្តាឡីស័ក ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​ជំងឺ​នៅ​តាម​ច្រកចេញ​ចូល​ប្រទេស ដើម្បី​ការពារ​សុខភាព​ជូន​ប្រជាជន​កម្ពុជា​ស្រប​តាម​​គោលនយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិបណ្ឌិត របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

ការ​ណែនាំ​នេះ​ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ជិត​ខាង​របស់​ប្រទេស​កម្ពុជា​ក៏​កំពុង​ជួប​វីរុស​អុតស្វា​​ទម្រង់​ថ្មី​នេះ។ ​ថៃ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី​ដែល​រកឃើញ​វីរុស​ Clade Ib បាន​រាយការណ៍​ថា ​បុរស​ជនជាតិ​អឺរ៉ុប​ម្នាក់​ដែល​បាន​មក​ពី​ទ្វីប​អាហ្វ្រិក​បានធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​វីរុស​នេះ​។​

បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​កំពុង​តាម​ដាន​ទំនាក់ទំនង​ជិតស្និទ្ធ​ចំនួន ៤៣នាក់​ ​ជាមួយ​ជំងឺ​អាយុ ៦៦ ឆ្នាំ ហើយ​បាន​អនុវត្ត​វិធានការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង​នៅ​ចំណុច​ច្រកចូល​អន្តរជាតិ ជាពិសេស ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ដែល​ជួប​ប្រទះ​ការ​ផ្ទុះ​ជំងឺ Mpox។

ស្ថានភាព​វីរុស​អុតស្វា Mpox ក្នុង​តំបន់៖ ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង

ស្ថានភាព​ក្នុង​តំបន់​កាន់​តែ​តានតឹង​ខ្លាំង​ឡើង ដោយ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​បាន​រាយការណ៍​ពី​ករណី​ជំងឺ Mpox ទោះ​បី​ជា​ភាគច្រើន​នៃ​ប្រភេទ Clade II ក៏ដោយ។

ប្រទេស​ថៃ​មាន​ការ​ព្រួយបារម្ភ​​ខ្លាំង​​អំពី​ផល​ប៉ះពាល់​ដ៏​មាន​សក្តានុពល​របស់ Clade Ib ខណៈដែល​វា​ចូលដល់​រដូវ​ទេសចរណ៍​ដ៏​មមាញឹក​។​

យោងតាម​កាសែត Bangkok Post ចេញផ្សាយ​នៅ​ថ្ងៃទី ២៣ ខែសីហា បាន​ឱ្យ​ដឹង​ថា៖ «ប្រទេស​ថៃ​​ដែល​បាន​រាយការណ៍​អំពី ៨០០ ករណី​នៃ​វីរុស​អុតស្វា​វ៉ារ្យ៉ង់ clade II ចាប់​តាំង​ពី​ឆ្នាំ​២០២២ ព្យាយាម​ទប់​ស្កាត់​ការ​រីករាល​ដាល​​ផ្ទុកមេរោគ​នេះ​ ខណៈ​ឈាន​ចូល​រដូវ​កាល​ទេសចរណ៍​ដ៏​មមាញឹក​នៅពេល​ដែល​ភ្ញៀវ​ទេសចរ​​រាប់លាន​នាក់​ត្រូវបាន​គេ​រំពឹង​ថា​នឹង​មក​លេង​ប្រទេស​នេះ»។

ប្រទេស​នេះ​មិន​ត្រឹមតែ​បង្កើន​ការ​ត្រួត​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រៀបចំ​កន្លែង​ចត្ដាឡីស័ក ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ឡើង​ដែល​អាច​កើតមាន​។​

នៅ​ប្រទេស​ហ្វីលីពីន ក្រសួង​​សុខាភិបាល (DOH) បាន​រាយការណ៍​ករណី Mpox ទី១០​ របស់ខ្លួន​នៅ​ថ្ងៃទី ១៩ ខែសីហា ​ជា​បុរស​អាយុ ៣៣ ឆ្នាំ​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។​

ខណៈពេល​ដែល​ករណី​នេះ​ពាក់ព័ន្ធ​នឹងវ៉ារ្យ៉ង់​ Clade II កម្រិត​ស្រាល រដ្ឋាភិបាល​ហ្វីលីពីន​នៅ​តែ​មាន​ការប្រុ​ងប្រយ័ត្ន ដោយ​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ និង​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យមាន​ការពិគ្រោះ​យោបល់ និង​ការធ្វើ​តេស្ត​សម្រាប់​ករណី​សង្ស័យ​។​

ដូចគ្នានេះដែរ ប្រទេស​វៀតណាម​កំពុង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ទីក្រុង​ហូជីមិញ​តែ​មួយ​បាន​រាយការណ៍​អំពី​ Mpox ចំនួន ៤៩ ករណី​ក្នុង​ឆ្នាំ២០២៤ ដែល​ភាគច្រើន​លើស​លុប​ក្នុង​ចំណោម​បុរស​រួមភេទ​ជាមួយ​បុរស (MSM)។

យោងតាម​ក្រុមហ៊ុន Vietnam Net បានឱ្យដឹងថា៖ «ទីក្រុង​បន្ត​អនុវត្ត​វិធានការ​សុខភាព​សាធារណៈ​យ៉ាង​ម៉ត់ចត់ និង​​បាន​តាមដាន​បម្រែបម្រួល​​ណាមួយ​នៃ​ប្រភេទ​វីរុស»។

យោងតាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ទីក្រុង​ហូជីមិញ តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី Mpox ចំនួន ១៩៩ ករណី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​មាន​អ្នកស្លាប់​ចំនួន ៨ នាក់។ ទីក្រុង HCM តែមួយ​មាន ១៥៩ ករណី​និង​មាន​អ្នកស្លាប់ ៦ នាក់​ដែល​ធ្វើឱ្យ​​វា​ក្លាយជា​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅក្នុង​តំបន់​។​

នៅ​ប្រទេស​ម៉ាឡេស៊ី មន្ត្រី​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ ​ដោយ​​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ការសិក្សា​ឱ្យបាន​ហ្មត់ចត់​មុនពេល​មានការ​ចាក់​វ៉ាក់សាំង។

យោងតាម​កាសែត The Straits Times បានឱ្យដឹងថា៖ «អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​បង្កើន​ការ​ឃ្លាំមើល​នៅ​ច្រកចូល​អន្តរជាតិ ហើយ​អ្នកដំណើរ​ទាំងអស់​មក​ពី​ប្រទេស​ដែល​បាន​រាយការណ៍​អំពី​ករណី​ជំងឺ Mpox តម្រូវ​ឱ្យ​តាមដាន​សុខភាព​រយៈពេល ២១ ថ្ងៃ​បន្ទាប់​ពី​ការ​មក​ដល់​ម៉ាឡេស៊ី​»។​

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​លោក Lawrence Wong បាន​និយាយ​ថា ប្រទេស​សិង្ហបុរី​នឹង​យក​ចិត្ដ​ទុក​ដាក់​ និង​មាន​ការ​ប្រុង​ប្រយ័ត្ន នៅពេល​​ធ្វើ​ដំណើរ​ឆ្លងកាត់ «ពិភពលោក​ដ៏​គ្រោះថ្នាក់ និង​មាន​បញ្ហា» នៃ​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ការ​បែកបាក់​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ការ​គំរាមកំហែង​ពី​ខាងក្រៅ រួម​ទាំង​ការផ្ទុះ​ឡើង​នៃ​មេរោគអុតស្វា Mpox ចុងក្រោយ​បង្អស់។

ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ពេល​ការ​ឡើង​គ្រង​អំណាច​រយៈពេល ១០០​ថ្ងៃ​ លោក Wong ​បាន​និយាយ​ថា សិង្ហបុរី​​នឹង​បន្ត​ស្វែង​រក​មធ្យោបាយ​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ កសាង​ទំនាក់​ទំនង​ថ្មី និង​រក្សា​ទំនាក់ទំនង​នៅ​លើ​ឆាក​ពិភពលោក។

កាសែត New Straits Times បាន​ដកស្រង់​សម្តី​នាយក​រដ្ឋមន្ត្រី​ដោយ​និយាយ​ថា៖ «ជា​អកុសល យើង​ត្រូវ​ឆ្លង​កាត់​បញ្ហា​កាន់​តែ​ច្រើន (វិបត្តិ និង​ភាព​តក់ស្លុត) នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ពីព្រោះ​យើង​ស្ថិតនៅ​ក្នុង​ពិភពលោក​ដែល​មាន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ជម្លោះ​ប្រដាប់​អាវុធ​កើនឡើង​នៅ​គ្រប់​ទីកន្លែង»។

ក្រសួង​សុខាភិបាល​ឡាវ​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​បញ្ជាក់​ពី​ករណី​ដំបូង​នៃ​ជំងឺ​អុតស្វា​ក្នុងប្រទេស ហើយ​ស្នើឱ្យ​ប្រជាពលរដ្ឋ​​រក្សា​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​បាន​ឱ្យ​ដឹងថា ជំងឺ​គ្រុន​ស្វា​ទី​១ ជា​ករណី​នាំចូល​។​

ការឆ្លើយតប​ជា​សកល​របស់ WHO និង​ការ​គំរាមកំហែង​របស់ Clade Ib

អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន​ពី​​​ការរីក​រាលដាល​ជា​សកល​របស់ Mpox ជាពិសេស​ប្រភេទ Clade Ib ថ្មី​ដែល​មាន​ស្ថាន​ភាព​កាច​សាហាវ​​។​

គ្រូពេទ្យយកសំណាក ដើម្បីធ្វើតេស្ត​រក​មេរោគ​អុតស្វា​ពី​ស្រ្តី​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ។ រូបថត AFP

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រកាស​ពី​ការផ្ទុះ​ឡើង​នៃ​មេរោគ Mpox នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ (DRC) និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ជិតខាង​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​​​អន្តរជាតិ (PHEIC) នៅ​ថ្ងៃទី១៤ ខែសីហា​។​

សេចក្តីប្រកាស​នេះ​គឺ​ផ្អែកលើ​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វ៉ា​រ្យ៉​ង់​ថ្មី ជាពិសេស​តាមរយៈ​បណ្តាញ​ផ្លូវភេទ និង​ការកើនឡើង​នៃ​ករណី​នៅក្នុង​ប្រទេស​ដែលជា​ប់​ព្រំដែន DRC​។​

Mpox ត្រូវបាន​រាយការណ៍​នៅក្នុង DRC អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ ហើយ​ចំនួន​ករណី​ដែល​បាន​រាយការណ៍​ជា​រៀងរាល់ឆ្នាំ​បាន​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​នោះ​។​

យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO បាន​ឱ្យដឹង​ថា៖ «​កាលពី​ឆ្នាំមុន ករណី​ដែល​បាន​រាយការណ៍​បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​ចំនួន​ករណី​ដែល​បាន​រាយការណ៍​មក​ទល់​ពេល​នេះ បាន​កើនឡើង​លើសពី​ចំនួន​សរុប​កាលពី​ឆ្នាំមុន ​​ច្រើនជាង ១៥៦០០ករណី និង​មាន​អ្នកស្លា​ប់​ចំនួន ៥៣៧ នាក់​»​។​

ការឆ្លើយតប​របស់ WHO រួមមាន​ការធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ដើម្បី​ធានាបាន​នូវ​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​ប្រកប​ដោយ​សមធម៌ និង​ការផ្តួចផ្តើម​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ព​ន្លឿ​ន​ការ​ចែកចាយ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប។ អង្គការ​ត្រូវ​ការ​ប្រាក់​ ១៥​ លាន​ដុល្លារ​ដំបូង​ដើម្បី​គាំទ្រ​សកម្មភាព​ឆ្លើយតប។

បច្ចុប្បន្ននេះ វ៉ាក់សាំង​ចំនួន​ពីរ​ដែល​ត្រូវបាន​ណែនាំ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​ផ្តល់​ថ្នាំ​បង្ការ​ជា​យុទ្ធសាស្ត្រ​របស់ WHO កំពុង​ត្រូវ​បាន​ប្រើប្រាស់ ប៉ុន្តែ WHO មិន​បាន​អំពាវនាវ​ឱ្យមាន​ការ​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​នោះទេ។ ផ្ទុយ​ទៅ​វិញ​ផ្តល់​ដំបូន្មាន​ថា​មានតែ​អ្នក​ដែល​មាន​ហានិភ័យ​ប៉ុណ្ណោះ​គួរតែ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង។

គិត​ត្រឹម​ខែមិថុនា​ឆ្នាំ២០២៤ ចំនួន​សរុប​នៃ​ករណី Mpox ដែល​បាន​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​ទូទាំង​ពិភពលោក​បាន​ឈានដល់ ៩៩១៧៦ នាក់​ដោយ​មាន​អ្នក​ស្លាប់​ ២០៨ នាក់។

តំបន់​នៃ​ទ្វីបអាមេរិក​មាន​ចំនួន​អ្នកស្លាប់​ទាំងពីរ​ភាគច្រើន ដោយ​មាន​ករណី​បញ្ជាក់​ចំនួន ៦២៩០៤ ករណី និង​អ្នកស្លាប់ ១៤១ នាក់​។​

គួរកត់សម្គាល់​ថា ​តំបន់​អាហ្វ្រិក​ដែលមាន ៤២៣២ ករណី​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ចំនួន ៣៥ នាក់​ ជា​អត្រាមរណភាព​ខ្ពស់ជាង​បើ​ប្រៀបធៀប​ទៅនឹង​តំបន់​ផ្សេងទៀត។

ការផ្លាស់ប្តូរ​ប្រចាំខែ​ជារួម​នៅក្នុង​ករណីវ៉ារ្យ៉ង់​​ថ្មី​បង្ហាញ​ពី​ការ​ថយចុះ​បន្តិច​នៃ ៣ភាគរយ​ ដែល​បង្ហាញ​ពី​ការថយចុះ​សក្តានុពល​នៃ​ការរីក​រាលដាល​នៃ​វីរុស​នេះ៕