ខេត្ដ​កណ្ដាល៖ ខណៈ​ប្រទេស​កម្ពុជា​នៅ​បន្ដ​រងគ្រោះ​ពី​សំណល់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​ហែកហួរ​ដោយ​សង្គ្រាម​ពី​អតីត​កាល ស្ត្រី​ជំនាន់​ថ្មី​កំពុង​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​តួនាទី​ដែល​ធ្លាប់​បំពេញ​ដោយ​បុរស។

នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ដ៏​ស្ងប់ស្ងាត់ ​និង​ល្អក់​វល់​ នៃ​​ស្រុក​លើកដែក នារី​វ័យក្មេង​ម្នាក់​ឈ្មោះ ស៊ីវ លីន​ដា កំពុង​តែ​​ទទួល​ការ​ហ្វឹកហ្វឺន​ជាមួយ​ការ​ជ្រមុជ​ទឹក​ដោយ​ការ​ខាំ​ទុយោ​អុកស៊ីសែន​ ជាផ្នែក​មួយ​នៃ​បេសកកម្ម​ដោះ​មីន​ក្នុងទឹក​។ 

ការងារ​នេះ​ពិត​ជា​សំខាន់ ការ​តាំង​ចិត្ត​របស់​យុវតី​រូប​នេះ​​ពិត​ជា​មិន​រាថយ ហើយ​បេសកកម្ម​របស់​នាង​គឺជា​សក្ខីភាព​នៃ​ភាព​ក្លាហាន និង​ជា​គំរូ​សម្រាប់​អ្នក​ដែល​ប្តេជ្ញាចង់​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

កញ្ញា លីនដា បច្ចុប្បន្ន​មាន​អាយុ ២១ ឆ្នាំ ជា​សមាជិក​នៃ​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោមទឹក (SDU) នៃ​​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)។

ភារកិច្ច​ជ្រមុជ​ទឹក​ដែល​មើល​អ្វី​មិន​ឃើញ​ទាល់​តែសោះ​ រួម​ជាមួយ​ការ​បំពាក់​ឧបករណ៍​​មុជទឹក​ឯកទេស និង​ចងខ្សែ​ចង្កេះ​ កញ្ញា​ត្រៀម​ខ្លួន​ក្នុង​ការ​យក​​សំណល់​នៃ​សង្គ្រាម ដែល​បាន​គំរាមកំហែង​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​រំដោះ​ទន្លេ​ឱ្យ​មាន​សុវត្ថិភាព​ពី​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នានា។

ភារកិច្ច​របស់​យុវតីរូប​នេះ​អស្ចារ្យ​ណាស់ ពោលគឺ​ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (UXO) ចេញពី​បាត​ទន្លេ ដោយ​ធានាថា ​សហគមន៍​មូលដ្ឋាន​អាច​រស់​នៅបាន​ដោយ​មិន​ខ្លាច។

ជាមួយ​ទុយោ​មួយ​ខ្សែ​រុំ​ចង្កេះ និង​វែនតា​មើល​ក្នុង​ទឹក កញ្ញា ស៊ីវ លីនដា សមាជិក​ក្រុម​មុជទឹក បាន​និយាយ​ថា៖ ​«មួយ​រយៈ​ក្រោយ​នេះ​ ក្រុម​ស្រីៗ​រៀនខាំ​ទុយោ​ចុះជ្រមុជទឹក ហើយ​ឥឡូវ​នេះ​កំពុង​តែ​ហ្វឹក​ហាត់​ខាំ​ទុយោ​នេះ​ខ្លាំង​មែន​ទែន ក្នុង​ជម្រៅទឹក​ជាង ១០​ម៉ែត្រ»។ 

ការហ្វឹកហ្វឺន​នេះ ដែល​ផ្តោតលើ​ការ​មុជទឹកខាំ​ទុយោ​ខ្យល់​អុកស៊ីសែន​ ជំនួស​ឱ្យ​ការ​ស្ពាយ​ធុង​ខ្យល់​ ជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​កញ្ញា​ និង​មិត្ត​រួម​ក្រុម​ក្នុង​ការ​ដោះ​មីន​ប្រកប​ដោយ​ប្រសិទ្ធភាព។

​​យុវតី ស៊ីវ លីនដា ទទួល​ការ​ហ្វឹកហ្វឺន​ជាមួយ​ការ​ជ្រមុជ​ទឹក​ដោយ​ការ​ខាំ​ទុយោ​អុកស៊ីសែន​ ជាផ្នែក​មួយ​នៃ​បេសកកម្ម​ដោះ​មីន​ក្នុងទឹក​។ រូបថត សហការី

កញ្ញា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «សម្រាប់នាង​ខ្ញុំ​ ការខាំ​ទុយោ​ជ្រមុជ​ទឹក ងាយស្រួល​ជាង​ការ​ប្រើ​ប្រាស់​ធុង​ ពីព្រោះ​វា​អត់​មាន​ឧបករណ៍​ច្រើន​ តែទាមទារ​ការ​ហ្វឹក​ហាត់​ឱ្យ​ច្បាស់​លាស់​»។ 

កញ្ញា លីនដា បាន​បន្ដថា៖ «​នៅ​ខែ​ទឹក​ឡើង​នេះ មើល​អី​អត់​ឃើញ​ទេ​ ងងឹត​នៅក្នុង​ទឹក​ ហើយ​រាវ​ដោយ​ដៃ​សុទ្ធ​តែម្ដង។ រាល់​គ្រាប់​យុទ្ធភណ្ឌ​ត្រូវតែ​យក​ពី​បាតទន្លេ​ទាំងអស់​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ»។ 

យ៉ាងណាមិញ យុវតី​វ័យ ២១​ឆ្នាំ បាន​បញ្ជាក់ថា ក្នុង​នាម​ជា​ក្រុម​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្រោម​ផ្ទៃ​ទឹកនេះ ទោះបីជា​ទឹក​ល្អក់ ឬ​ទឹក​ថ្លា បេសកកម្ម​នៅតែ​បន្ដ​ ដោយ​កិច្ចការ​ទាំងនេះ​ត្រូវឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល និង​អនុវត្ដ​ជាក់ស្ដែង​។

ហ្វឹក​ហាត់ និង​អនុវត្ដ​ជា​រឿយៗ អ្នក​ដោះមីន​ក្នុង​ទឹក​រូប​នេះ បាន​និយាយ​ថា វាបាន​ក្លាយ​ជា​ការងារ​សាមញ្ញ​សម្រាប់​កញ្ញា​ ដោយ​មិន​ប្រកាន់​ស្ថានភាព​ទឹក​នោះទេ។

កញ្ញា លីនដា មកពី​ខេត្ដ​បាត់​ដំបង បាន​ថ្លែង​ថា៖ «អ្វី​ដែល​ជំរុញ​នាង​ខ្ញុំ​ឱ្យ​ក្លាយ​ជា​អ្នក​ដោះមីន មាន​កត្តាធំៗ​ពីរ​គឺ​ការ​ស្រឡាញ់ និង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស និង​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ»។

ពេល​ដែល​បាន​ចូល​ជា​បុគ្គលិក​ដោះមីន ​យុវតី លីនដា ក៏​មាន​ចំណាប់​អារម្មណ៍​ខាង​ដោះមីន ឬ​គ្រាប់​ក្នុងទឹក​ផងដែរ​ទាំង​ដឹង​ថា វា​គ្រោះថ្នាក់។ ​ប៉ុន្តែ​កញ្ញា​ចង់​បាន​បទពិសោធន៍​ថែម​ទៀត ក៏​ដូចជា​មាន​ភាព​ក្លាហាន។ 

ថ្វីដ្បិត​តែ​យុវតី​វ័យ​ទើប ២១​ឆ្នាំ​ចាប់​យក​អាជីព​ប្រឈម​គ្រោះថ្នាក់​នេះ​យ៉ាង​ណាក៏ដោយ ក៏​​ក្រុម​គ្រួសាររបស់​កញ្ញា​ផ្ដល់​ការ​គាំទ្រ និង​លើក​ទឹកចិត្ដ​ឱ្យ​បំពេញ​បេសកកម្ម​ជួយ​ជាតិ​ថែម​ទៀត។

កញ្ញា​បាន​ឱ្យ​ដឹង​ថា​ ពួកគាត់​សប្បាយ​ចិត្ត និង​មោទនភាព​ចំពោះ​កិច្ចការ​នេះ​ ហើយ​សម្រាប់​អ្នក​ភូមិ​ក៏​ដូចគ្នា ពួកគេ​ពោល​សរសើរ​ពីភាព​ក្លាហាន ហ៊ាន​ចូល​ធ្វើការ​ដោះ​មីន​នេះ។

ថ្លែង​ពី​ក្ដី​បារម្ភ កញ្ញា​បាន​បន្ដ​ថា៖ «សម្រាប់​មិត្ត​ភក្តិ​ក៏​ធ្លាប់​ប្រាប់​កុំ​ឱ្យ​ខ្ញុំ​ចូល​ធ្វើ​កិច្ចការ​នេះ ពីព្រោះ​ខ្លាចផ្ទុះមីន ហើយ​ពេល​ដែល​បាន​ដឹង​ថា ខ្ញុំ​ចូល​ធ្វើ​ការងារ​ជា​អ្នក​ដោះមីន​បែប​នេះ ពួកគេ​ក៏​បាន​មក​សួរ​ដូច​ជា​ថា​ ដោះមីន​មែនទែន? អត់​ខ្លាច​ផ្ទុះ​មីន​ទេ? ​ទៅ​ដោះមីន​ចឹង​អត់​ខ្លាច​ទេ? ការងារ​មាន​ច្រើន​មិន​ធ្វើ ទៅ​ធ្វើ​ការ​ដោះ​មីន? បើ​ខ្លះទៀត​ក៏​សរសើរ មាន​ទាំងល្អ និង​មិនល្អ»។

យុវតី ស៊ីវ លីន​ដា ចុះ​បំពេញ​​បេសកកម្ម​ដោះ​មីន​ក្នុង​ទឹក។ រូបថត សហការី

យ៉ាងណាមិញ យុតី លីនដា បាន​សារភាព​ថា ដំបូង​ឡើយ ការ​ចូលរួម​ក្នុង​អង្គភាព​ដោះ​មីន​ក្នុង​ទឹក​នេះ ក៏មាន​ការ​ភ័យ​ខ្លាច​ដែរ​។ ប៉ុន្ដែ​កញ្ញា​អរគុណ​ដល់​គ្រូ​បង្វឹក​ក្នុង​ការ​បង្ហាត់​បង្រៀន​ និង​អនុវត្ដ​ជាក់ស្ដែង​ ទើប​កញ្ញា​តាំង​ចិត្ដ​ថា «​គេធ្វើ​បាន ខ្ញុំ​ក៏​ធ្វើ​បាន​»។

កញ្ញា​បញ្ជាក់ថា​៖ «នាង​ខ្ញុំ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​លោកគ្រូៗ​ដែល​មាន​ជំនាញ​និង​បទ​ពិសោធន៍ ហើយ​រៀន​បាន​រយៈពេល ២ខែ​។ សម្រាប់​ការងារ​ជ្រមុជ​យក​គ្រាប់​មួយ​នេះ​គឺ​នាង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេចហើយ ពីព្រោះ​លោកគ្រូៗ​បាន​បង្ហាត់​បង្រៀន​ទ្រឹស្ដី​និង​អនុវត្តន៍​ជាក់​ស្ដែង​ដោយ​យកចិត្ត​ទុក​ដាក់​បំផុត ដូច្នេះ​ហើយ​បាន​ជា​នាងខ្ញុំ​មិនមាន​ការ​ភ័យខ្លាច​នោះ​ទេ»។

ជាមួយ​បទពិសោធ​ដោះមីន​ក្នុង​ទឹក​រយៈពេល​មួយ​ឆ្នាំ កញ្ញា​បាន​រំឭក​អំពី​ហេតុការណ៍​ប្រឈម​ ដែល​ធ្លាប់ជួប​ប្រទះ​បញ្ហា​ពេល​ប្រតិបត្តិការ​ក្រោម​ទឹក ដូចជា ការ​ទាក់​ធុង​អុកស៊ីសែន​ជាមួយ​ក្បាលបូម ​ជាស្ថានភាពដ៏​គ្រោះថ្នាក់​មួយ​ តែ​កញ្ញា​អាច​ដោះ​ស្រាយ​បាន​។

កញ្ញា​​បន្ត​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​ពេលនោះ ខ្ញុំ​បាន​ទាក់​ធុង​ខ្យល់​ជាមួយ​ក្បាល​បូម​ តែ​ខ្ញុំ​មិន​ភ័យ​ទេ​ ដោយ​ត្រូវ​តាំង​ស្មារតី​ ពីព្រោះ​បើ​យើង​ភ័យ យើង​ស្លន់ យើង​មិន​អាច​គិត​រក​ដំណោះស្រាយ​បាន​នោះទេ។ ខ្ញុំ​ចាប់ផ្ដើម​រាវ​ដោះ​​មួយ​ៗ​ធុង​ខ្យល់​ពី​ក្បាល​បូម​»។ 

កញ្ញា លីនដា ទទួល​ស្គាល់​ថា ការងារ​ដោះមីន​ក្នុង​ទឹក​នេះ​ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ ដោយសារ​អ្នក​ដោះមីន​មិនអាច​មើល​អ្វី​ឃើញ​ទាំងអស់​នៅក្នុង​ទឹក​ ដែល​ទាមទារ​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង។

លោក សុខ ចិន្តា ប្រធាន​ SDU ជា​អង្គភាពត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​២០១៣ និង​ជា​អតីត​ដោះមីន​ក្នុង​ទឹក​ដ៏​ប៉ិន​ប្រសប់​ម្នាក់​​ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ភាព​ជោគជ័យ​របស់​អង្គភាព​។​

កាលពី​ប្រាំបួន​ឆ្នាំមុន លោក ចិន្តា បាន​យក​គ្រាប់បែក​យន្តហោះ​ម៉ាក 82 ទម្ងន់ជាង​២២០​គីឡូក្រាម​​ពី​បាត​​ទន្លេមេគង្គ ​ជា​សមិទ្ធផល​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​បន្ត​របស់​កម្ពុជា​ប្រឆាំង​នឹង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។​

ថ្ងៃនេះ លោក​​ដឹកនាំ​ក្រុម​ដោះមិន រួមទាំ​ង​ក្រុម​​នារី ១២ នាក់ ដូចជា​កញ្ញា​ លីន​ដា ដែល​សុទ្ធតែ​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​ម៉ត់ចត់​លើ​បច្ចេកទេស​ដោះមីន ហែល​ទឹក និង​មុជទឹក​។​

លោក ចិន្តា ​ជឿជាក់ថា ការរាប់​បញ្ចូល​ស្ត្រី​ក្នុងតួនាទី​បែបនេះ មិន​ត្រឹមតែ​លើកកម្ពស់​ឱកាស​ការងារ​ស្មើៗ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំ​ង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។​

កញ្ញា លីនដា បច្ចុប្បន្ន​មាន​អាយុ ២១ ឆ្នាំ ជា​សមាជិក​នៃ​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោមទឹក (SDU) នៃ​​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC)។ រូបថត សហការី

អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក​មាន​ប្រធាន​អង្គភាព​ម្នាក់ អនុប្រធាន​ចំនួន ៣​នាក់ ទទួល​បន្ទុក ប្រតិបត្តិការ ផ្គត់ផ្គង់ ​និង​ទទួល​បន្ទុក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍។

ចំពោះ​អនុប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិការ ទទួល​ការ​ដឹក​នាំ និង​គ្រប់គ្រង​កម្លាំង រួម​មាន ក្រុម QA/QC ក្រុម​ម៉ាស៊ីន​សណ្ដោង ក្រុម​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ (EOD) ក្រុម​គ្រឿងចក្រ​កាត់​កម្ពោត​ព្រៃ (BC) និង​ការដ្ឋាន​ប្រតិបត្តិការ​ក្រោមទឹក។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «បច្ចុប្បន្ន នៅ​ក្នុង​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក មាន​ស្ត្រី​ចំនួន ១២​នាក់ ដោយ​ ៥នាក់ ធ្វើការ​ក្នុង​ក្រុម​ស្រាវជ្រាវ​មិន​បច្ចេក​ទេស និង​ស្រាវជ្រាវ​បច្ចេក​ទេស ​៤នាក់ ធ្វើការ​ក្នុង​ក្រុម​បោស​សម្អាត​ក្រោម​ទឹក ៣​នាក់​ធ្វើការ​ក្រុង​ក្រុម​រាវស្គេន​លើ​ផ្ទៃ​ទឹក»។

លោក ចិន្ដា បាន​បញ្ជាក់ថា​ សមាជិក​ស្ដ្រី​ទាំង ១២​នាក់ សុទ្ធតែ​បាន​ឆ្លង​កាត់​វគ្គ​បច្ចេទេស​បោស​សម្អាត​មីន និង​វគ្គ​ជំនាញ​ហែល និង​ជ្រមុជទឹក​ដូចគ្នា ហើយ​ខ្លះទៀត​បាន​ឆ្លង​កាត់​ជំនាញ​ក្រុម​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (EOD) ផងដែរ។

លោក​បាន​លើក​ឡើង​ថា​ ការ​ដាក់​បញ្ចូល​ស្ត្រី ដូចជា កញ្ញា ​ស៊ីវ លីនដា នៅ​ក្នុង​ក្រុម​ជំនាញ​មុជទឹក គឺជា​ការ​ផ្ដល់​ឱកាស​ដល់​ស្រ្តី​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ក៏​ដូចជា​ការ​ផ្ដល់ឱកាស​ការងារ​ស្មើគ្នា​រវាង​បុរស និង​ស្ត្រី ក៏​ដូចជា​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី​ផងដែរ។

សម្រាប់​ការ​បណ្តុះ​បណ្ដាល​អង្គភាព​បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន​លើ​ជំនាញ​មុជទឹក​ជូន​ដល់​គ្រប់​បុគ្គលិក​ទាំងអស់ ដែល​បម្រើ​ការ​នៅ​ក្នុង​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក រួម​ទាំង​ការ​ចូលរួម​ហ្វឹកហ្វឺន​លើ​ជំនាញផ្សេងៗ​ទៀត ដែល​បាន​រៀបចំ​ដោយ​ស៊ីម៉ាក់។

លោក ចិន្ដា បាន​បន្ថែម​ថា៖ «នៅ​ក្នុង​អង្គភាព​ស៊ីម៉ាក់ ជាពិសេស ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ លោក​តែងតែ​គិតគូរ និង​ណែនាំ​ដល់​គ្រប់​បុគ្គលិក​ទាំងអស់​ធ្វើ​ការជាមួយ​ស្ត្រី និង​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ជាច្រើន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ជា​ស្ត្រី និង​គាំពារ​សុខភាព និង​ផល​ប្រយោជន៍​ដល់​ស្ត្រី​ទាំងអស់​នៅ​ក្នុង​អង្គភាព​ស៊ីម៉ាក់»។

យ៉ាងណាមិញ លោក​ទទួល​ស្គាល់​នូវ​បញ្ហា​​ប្រឈម រួមមាន ចរន្ត​ទឹកហូរ​លឿន ភ្លៀង ខ្យល់ នា​រដូវ​វស្សា ទឹកល្អក់​មើល​មិន​ឃើញ គ្រាប់ ឬ​បំណែក​នាវា​កប់ជ្រៅ​ក្នុង​ដី​បាត​ទន្លេ​ជ្រៅៗ មែក​ឈើ និង​កំណាត់​មង ឬសាច់អួន ជាឧបសគ្គ​រំខាន​ដល់​អ្នក​មុជ​ទឹក ក៏​ដូចជា​ខ្វះថវិកា​គាំទ្រ​ប្រតិបត្តិការ និង​​មិនទាន់​មាន​សម្ភារបច្ចេក​ទេស​ទំនើប​ថ្មីៗ ដើម្បី​ជួយ​ពន្លឿន​កិច្ច​ប្រតិបត្តិការ។

ជា​លទ្ធផល​ពី​ចាប់​ផ្ដើម​ខែ​មីនា ឆ្នាំ​២០២២ រហូត​ដល់ ខែ​កក្កដា ឆ្នាំ​២០២៤ អង្កភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក បាន​ដោះ​គ្រាប់មិន​ទាន់​ផ្ទុះ​ និង​មីន​សរុប ចំនួន ២៥០១៦គ្រាប់ ​ក៏​ដូចជា​សរុប​បំណែក​ដែក និងគ្រាប់​ទម្ងន់​ ២៣៦ តោន។

យុវតី​ដែល​មាន​ការតាំង​ចិត្ដ​ខ្ពស់​ក្នុង​ការ​ជម្នះ​ទាំង​ភាព​ភ័យ​ខ្លាច និង​ឧបសគ្គ​ចំពោះមុខ បាន​បន្ដថា មុន​ពេល​ក្រុម​ដោះមីន​ចាប់ផ្ដើម​ប្រតិបត្ដិការ មាន​ក្រុម​ស្គេន​ធ្វើការ​ស្គេន​លើ​ផ្ទៃ​ទឹក​ដើម្បី​កំណត់​មុខ​សញ្ញា​ទីតាំង​គ្រាប់​មីន​។

កញ្ញា​បាន​ឱ្យដឹងថា៖ «ការ​ជ្រមុជទឹក​ត្រូវ​ធ្វើ​តែ​ម្នាក់​ឯង​ទេ តែ​ត្រូវមាន​អ្នក​ spare ម្នាក់​នៅ​ខាងលើ។ បើមាន​បញ្ហា​អ្វី​នៅក្នុង​ទឹក យើងមាន​អ្នក​ជំនួយ​នៅ​ចាំ​ជួយ​ស្រាប់​។ 

ជាមួយ​បទពិសោធ​ដោះមីន​ក្នុង​ទឹកនេះ មិន​ត្រឹមតែ​បេសកកម្ម​រំដោះ​ផ្ទៃ​ទឹក​ពី​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ប៉ុណ្ណោះទេ យុវតី​ខ្មែរ​រូប​នេះស្ម័គ្រ​ចិត្ដ​បំពេញ​បេសកកម្ម​ផ្ដល់​សន្ដិភាព​នៅ​ក្រៅ​ប្រទេស​ថែមទៀត ​ប្រសិនបើ​ភារកិច្ច​តម្រូវ​។ 

យុវតី​ លីនដា បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ស្ត្រីខ្មែរ​ ដែល​អាច​មក​បម្រើ​ការងារ​បែប​ជា​បុរស​បាន កញ្ញា​ក៏​ប្រឈម​បញ្ហា​ខ្លះៗ ដូចជា​ថ្ងៃខ្លះ​មាន​ខ្យល់ រលកធំៗ កម្ដៅថ្ងៃ។

សម្រាប់​ឱកាស គឺ​មិនមាន​ពេល​សម្រាប់​ខ្លួន​ឯង តែ​កញ្ញា​សប្បាយ​ចិត្ត​ជាមួយ​អាជីព​ការងារ​របស់​ខ្លួន​ និង​ព្យាយាម​បន្ត​ទៀត​ឱ្យ​បានល្អ។

កញ្ញា​ប្រាប់​ទៀត​ថា​៖ «បុរស​ធ្វើបា​ន នាង​ខ្ញុំ​ជា​ស្ត្រី​ក៏​អាច​ធ្វើបាន ហើយ​នាង​ខ្ញុំ​ក៏​សូម​ផ្ដាំ​ផ្ញើ​ទៅ​ដល់​បងៗ​ជាស្ត្រី បើ​មាន​ចំណាប់​អារម្មណ៍​ក្នុង​អាជីព​ស្រដៀង​នឹង​ខ្ញុំ បងៗ​ត្រូវ​ក្លាហាន និង​ហ៊ាន​ត្រូវ​ចេះលើក​ទឹក​ចិត្ត​ខ្លួនឯង និង​ជឿជាក់​លើ​សម្មភាព​ខ្លួនឯង»។

កញ្ញា​និយាយថា កញ្ញា​មាន​មោទនភាព និង​សប្បាយ​ចិត្ត​ដែល​អាច​ធ្វើ​បាន​កិច្ចការ​ជា​អ្នក​ដោះមីន​ ក៏ដូចជា​អាច​ចូលរួម​​ចំណែក​ជួយ​ដល់​សហគមន៍ និង​ប្រទេស​ជាតិ៕