ខេត្ដសៀមរាប៖ នៅ​ពេល​ព្រឹក​ព្រលឹម ខណៈមនុស្ស​ និង​សត្វ​ភាគច្រើន​កំពុង​លង់​លក់ ក្រុម​សត្វ​កណ្ដុរ​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពិសេស​ចាប់​ផ្តើម​បំពេញ​ការងារ​ដ៏​សំខាន់​បំផុត​គឺ​ការ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព។

HeroRATs ទាំង​នេះ​ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​របស់​ប្រទេស​បែលហ្ស៊ិក APOPO ប្រើប្រាស់​ជំនាញ​ហិត​ក្លិន​ដ៏​វិសេស​របស់​ពួកវា​ដើម្បី​កំណត់​អត្តសញ្ញាណ​គ្រាប់មីន​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ជាច្រើន​នាក់ ជួយ​បោស​សម្អាត​ផ្ទៃដី​ធំធេង និង​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​សហគមន៍​មូលដ្ឋាន។

ក្រោក​ពី​ម៉ោង ៤ ព្រឹក ដើម្បី​ចាប់ផ្តើម​ការងារ​នៅ​ម៉ោង ៦ ព្រឹក ជំនាញ​ហិត​រំសេវ​ជើង​បួន​តូចៗ​ទាំង​នេះ​អាច​សម្អាត​ផ្ទៃដី​​គ្រប​ដណ្តប់ ៣០០-៤០០​ ម៉ែត្រការ៉េ​ក្នុង​មួយថ្ងៃ។

ជំនាញ​នៃ​ហិត​ក្លិន​អនុញ្ញាត​ឱ្យ​ពួកវា​​កំណត់​ទីតាំង​គ្រាប់មីន​បាន​យ៉ាង​ឆាប់​រហ័ស បន្ទាប់មក​ត្រូវ​បាន​យកចេញ​ដោយ​សុវត្ថិភាព​ពី​សំណាក់​​អ្នក​ដោះមីន​ជា​មនុស្ស។

វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​ជួយ​ពន្លឿន​ដំណើរ​ការ​ដោះមីន​លើ​ផ្ទៃដី​ដូចគ្នា​ក្នុង​រយៈពេល​ត្រឹមតែ ៣០នាទី​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​វិធីសាស្ត្រ​ប្រពៃណី។

នៅលើ​ចម្ការមីន មន្ដ្រី​ដោះមីន​​ទទួល​បាន​ឧបករណ៍​ការពារ​របស់​ពួកគេ មុន​បំពេញ​បេសកកម្ម។ មនុស្សពីរនាក់​រៀបចំ​ឱ្យ​​កណ្ដុរ​មួយ​ក្បាល​ហិត​រក​ជាតិ​រំសេវ​លើ​ផ្ទៃដី ១០០​ម៉ែត្រការ៉េ។ នេះ​បើ​យោង​តាម Lily Shallom មន្ត្រី​ទំនាក់ទំនង​របស់ APOPO ប្រចាំ​នៅ​ប្រទេស​ តង់ហ្សានី។

អ្នកស្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​សត្វ​កណ្ដុរ​ត្រូវ​បាន​​​ប្រើ​ដើម្បី​កំណត់​ទីតាំង​គ្រាប់មីន​បាន​យ៉ាង​ឆាប់រហ័ស ហើយ​បន្ទាប់មក​ពួកវា​អាច​សម្រាក​នៅក្នុង​ម្លប់​ដោយសារ​ពួកវា​ចាញ់​កម្ដៅ។ បន្ទាប់​មក​អ្នក​ដោះមីន​ដោយ​ដៃ​របស់​យើង​ចូល​ទៅ​ជីក​យក​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងទៀត​ពី​សម័យ​សង្គ្រាម។ ដូច្នេះ​គ្រាប់​ទាំង​នោះ​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​សុវត្ថិភាព»។

បច្ចុប្បន្ន APOPO ធ្វើការ​នៅក្នុង​ប្រទេស​ អង់ហ្គោឡា ម៉ូសំប៊ិក ហ្ស៊ីមបាវ៉េ កម្ពុជា និង​ស៊ូដង់​ខាងត្បូង ខណៈដែលអង្គការ​​នេះ​ពីមុន​បាន​ធ្វើការ​នៅ​ប្រទេស​ឡាវ វៀតណាម និង​ថៃ ប៉ុន្តែ​ប្រតិបត្តិការ​ទាំងនេះ​ត្រូវបាន​បិទ​នាពេល​បច្ចុប្បន្ន​។​

APOPO បាន​ចាប់​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) នៅ​ខេត្ត​សៀមរាប​ដោយ​ទទួលបាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់។ រូបថត APOPO

យោងតាម APOPO បាន​ឱ្យ​ដឹង​ថា​៖ «ទំហំ​នៃ​បញ្ហា​ប្រឈម​គឺ​ធំធេង​ណាស់​។ នៅ​ទូទាំង​ពិភពលោក គ្រាប់មីន​និង​គ្រឿងផ្ទុះ​ផ្សេងទៀត​ចំនួន​ជាង​ ១៦ម៉ឺន​គ្រាប់​ ​ត្រូវបាន​បំផ្លាញ ​រំដោះ​ផ្ទៃដី​ចំនួន​ជាង ១០៧​លាន​​ម៉ែត្រការ៉េ​ ​ប្រគល់ជូន​សហគមន៍​មូលដ្ឋាន​វិញ​ដោយ​សុវត្ថិភាព»។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បាន​ផ្ដល់​សុវត្ថិភាព​ដល់​មនុស្ស ២,២៨១,៦៤២ នាក់​ពី​ការ​គំរាម​កំហែង​នៃ​សំណល់​ជាតិ​ផ្ទុះ​បន្សល់​ពី​សង្គ្រាម។

ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មក APOPO បាន​ចាប់​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) នៅ​ខេត្ត​សៀមរាប​ដោយ​ទទួលបាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់។

កម្មវិធី​នេះ​ដំណើរការ​ជាមួយ​សត្វ​ជាង ៦០ក្បាល​នៅ​ទូទាំង​ខេត្ត​ចំនួន ៤ គឺ​ខេត្តសៀមរាប ព្រះវិហារ បាត់ដំបង និង​រតនគិរី​។​
HeroRATs ទាំងនេះបាន​ចូលរួម​បេសកកម្ម​ជាមួយ​សុខន និង​អ្នកដោះមីន​ដោយ​ដៃ បង្កើត​ក្រុម​ដោះមីន​ប្រកប​ដោយ​​ប្រសិទ្ធភាព​ខ្ពស់។

នៅ​ឆ្នាំ២០២៣ APOPO បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដោយ​ដាក់ពង្រាយ​ក្រុម​ស្រាវជ្រាវ​បច្ចេកទេស​បន្ថែមដើម្បី​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​បោសសម្អាត​នៅក្នុង និង​ជុំវិញ​បរិវេណ​ប្រាសាទ​កោះកេរ។​

យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២៣ របស់ APOPO បាន​ឱ្យ​ដឹង​ថា៖ «រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ ដែល​រាប់​បញ្ចូល​ទាំង​តំបន់​ព្រៃ​ក្រាស់ ជាមួយ​នឹង​សំណល់​បុរាណ​វត្ថុ​ចំនួន ១៦៩ រួមទាំង​ប្រាសាទ​ចំនួន ៧៦ គឺជា​ទីតាំង​វប្បធម៌​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា»។

ការ​ទទួល​ស្គាល់​ប្រាសាទកោះកេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទី​៤ របស់​កម្ពុជា​ដោយ​អង្គការ​យូណេស្កូ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​សបញ្ជាក់​កាន់​តែ​ច្បាស់​ពី​សារៈសំខាន់​នៃ​ការការពារ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទាំងនេះ​ពី​ការ​គំរាមកំហែង​នៃ​គ្រាប់មីន​និង​គ្រឿង​ផ្ទុះ​ផ្សេង​ទៀត។

មជ្ឈមណ្ឌល APOPO Visitor Center មិន​ត្រឹមតែ​លើកឡើង​ពី​ការងារ​ដ៏​សំខាន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់ឱកាស​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការគាំទ្រ​បុព្វហេតុ​ផងដែរ​។​ 

កម្មវិធី​ដោះមីន​នៅកម្ពុជា​លើសពី​សមិទ្ធិផល​មុនៗ​ទាំងអស់ ដោយ​បាន​រំដោះ​ដី​សុវត្ថិភាព​ជាង ១៨,៥​លាន​ម៉ែត្រការ៉េ ត្រឡប់​ទៅ​សហគមន៍​មូលដ្ឋាន​វិញ​ដើម្បី​អភិវឌ្ឍ។

របាយការណ៍​បន្ដថា៖ «កិច្ច​ខិតខំ​ប្រឹងប្រែងរ​បស់ APOPO បាន​នាំ​ឱ្យ​មាន​ការ​រក​ឃើញ​និង​ការ​បំផ្លាញ​គ្រាប់មីន​ចំនួន ៥៣២ គ្រាប់ គ្រាប់បែក​ចង្កោម​ចំនួន ៦០ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ERW) ចំនួន ៣៩២ ផ្សេងទៀត ដែល​បង្ហាញ​ពី​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​ធ្វើឱ្យ​សហគមន៍​អាច​រស់នៅ​ដោយ​សេរី និង​ស្តារ​ជីវភាព​របស់​ពួកគេ​ឡើងវិញ»។​

បន្ថែម​ពីលើ​នេះ ការអប់រំ​អំពី​ហានិភ័យ​នៃ​គ្រាប់រំសេវ​ផ្ទុះ (EORE) និង​ក្រុម​ជំនួយ​ជនរងគ្រោះ (VA) បាន​ទៅដល់​មនុស្ស ២៦១៩៣​​នាក់​ដោយ​ជោគជ័យ តាមរយៈ​វគ្គ​អប់រំ​អំពី​ហានិភ័យ​ដោយសារ​មីន ហើយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​ចំនួន ២៧៤​ នាក់​បានទទួល​ការព្យាបាល​តាមរយៈ​ដៃគូ​​ គឺ​មនុស្សធម៌ និង​​បរិយាបន្ន (HI)។

ទោះបី​ជាមាន​ភាពស្មុគស្មាញ និង​បញ្ហា​ប្រឈម​នានា​ក៏​ដោយ ការ​ប្តេជ្ញាចិត្ត​និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់ APOPO បាន​បោះ​ជំហាន​យ៉ាង​សំខាន់​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​កម្ពុជា​ក្នុងការ​ក្លាយជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥។

ឆ្ពោះទៅមុខ APOPO សង្ឃឹមថានឹង​ប្រើប្រាស់​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក ជាពិសេស ចំណោម​ប្រទេស​ដែលមាន​បន្ទុក​ជំងឺរបេង​ខ្ពស់ (TB) ចំនួន ៣០​។​

របាយការណ៍​បន្ដ​ថា៖ «កណ្តុរ​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដោយ APOPO អាច​ហិត​សំណាក​ចំនួន​១០០ ក្នុង​រយៈពេល​ត្រឹមតែ ២០ នាទី​និង​ចង្អុល​បង្ហាញ​ថា តើ​សំណាក​ទាំងនោះ​អាច​បង្ក​ជា​ជំងឺរបេង​ឬ​អត់»។

ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះមីន​ដ៏​សំខាន់​ទាំងនេះ APOPO បាន​បង្កើត​មជ្ឈមណ្ឌល​អ្នក​ទស្សនា APOPO នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ២០១៧។

មជ្ឈមណ្ឌល​នេះ​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​ឱកាស​ពិសេស​មួយ​ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​គ្រាប់​មីន​និង​ការងារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​កំពុង​ត្រូវបាន​ធ្វើ​ដើម្បី​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធភណ្ឌ​ផ្សេងៗ។

អ្នកទស្សនា​អាច​ឃើញ​សកម្មភាព​របស់ HeroRATs នៅពេល​ពួកវា​ហិត​រក​រំសេវ​ TNT នៅក្នុង​បរិវេណ​​ដែល​បានកំណត់ ដោយ​ផ្តល់រ​ង្វាន់​ជា​ផ្លែ​ចេក​សម្រាប់​ការរកឃើញ​ជោគជ័យ​របស់​ពួកវា​​។​

លោក មាស សម្បត្តិ អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​អ្នកទស្សនា សង្កត់ធ្ងន់​លើ​ផលប៉ះពាល់​ជា​វិជ្ជមាន​នៃ HeroRATs ដោយ​ពន្យល់​ពី​បេសកកម្ម​របស់ APOPO និង​តួនាទី​របស់​សត្វ​កណ្តុរ​ក្នុងការ​ស្វែងរក​គ្រាប់មីន​។

លោក​បាន​និយាយថា មជ្ឈមណ្ឌល​បាន​ទទួល​នូវ​កំណើន​​ចំនួន​ភ្ញៀវ​ក្នុង​ឆ្នាំ២០២៣ ដោយ​ទទួលភ្ញៀវ​បាន​ជាង ៣៣០០០នាក់ បើ​ធៀប​នឹង ៨៦១៤​នាក់​ ក្នុង​ឆ្នាំ២០២២​។​

លោក​បាន​និយាយថា​៖ «ខ្ញុំ​បាន​ប្រាប់​ភ្ញៀវត្រួសៗ​​អំពី​ប្រវត្តិ និង​ជនរងគ្រោះ​របស់​យើង​។ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ផ្តោតលើ​សត្វ​កណ្ដុរ ដោយ​ប្រាប់​ពួកគេ​ពី​ប្រភព​របស់​សត្វ​កណ្ដុរ​ទាំង​នោះ​ និង​របៀប​ដែល​ពួកវា​​ហិត​រករំសេវ​ TNT នៅក្រោម​ដី​»​។​

លោក​​ចាប់ផ្តើម​ជាមួយនឹង​ប្រវត្តិ​របស់ APOPO និង​មូល​ហេតុដែល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ប៉ះពាល់​ដល់​ពិភពលោក​។​
APOPO Visitor Center ​​បើក​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច ផ្តល់​បទពិសោធន៍​អប់រំ​ដល់​ភ្ញៀវ​ទេសចរ​​ក្នុង​ខេត្តសៀមរាប​។​

តម្លៃ​ដំណើរ​ទស្សនកិច្ច​សម្រាប់​ឆ្នាំ២០២៤ ត្រូវបាន​កំណត់​ត្រឹម ១០ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​សម្រាប់​ដំណើរ​​ទស្សនកិច្ច​រួមគ្នា ជាមួយនឹង​ដំណើរ​​ទស្សនកិច្ច​ឯកជន​មានតម្លៃ ៣០ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​សម្រាប់​ក្រុម​ពី ១ ទៅ ៤ នាក់ និង ២០​ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​សម្រាប់​ក្រុម​ពី ៥ ទៅ ២០ នាក់​។​

ភ្ញៀវទេសចរមកទស្សនាការបង្ហាញរបស់សត្វកណ្តុរ ហិតរកគ្រាប់មីន នៅមជ្ឈមណ្ឌល APOPO Visitor Center ក្នុង​ខេត្ត​សៀមរាប។ រូបថត APOPO

ដំណើរ​ទស្សនកិច្ច​​ទៅកាន់​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ទាក់ទាញ​កំពូល​មួយ​ក្នុង​ខេត្តសៀមរាប ដោយ​បំពេញបន្ថែម​ការ​ទស្សនា​កន្លែង​ល្បីៗ​ផ្សេងទៀត ​ដូចជា ​ប្រាសាទអង្គរវត្ត និង​ឧទ្យាន​ជាតិ​ផ្សេងៗ​។​

អស់​រយៈពេល​ជាង ២៥ ឆ្នាំ​មកហើយ APOPO បានធ្វើការ​បោសសម្អាត​មីន​នៅ​​កម្ពុជា ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​រង​ផលប៉ះពាល់​ដោយ​គ្រាប់មីន​ខ្លាំង​បំផុត​នៅលើ​ពិភពលោក​។

ដោយ​ប្រើ HeroRATs ដើម្បី​ហិត​រក​​គ្រឿងផ្ទុះ APOPO អាច​​រំដោះ​​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ ដោយ​ប្រគល់​វា​ជូន​កសិករ និង​សហគមន៍​មូលដ្ឋាន​វិញ​។

មជ្ឈមណ្ឌល APOPO Visitor Center មិន​ត្រឹមតែ​លើកឡើង​ពី​ការងារ​ដ៏​សំខាន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់ឱកាស​សម្រាប់​ភ្ញៀវទេសចរ​ក្នុង​ការគាំទ្រ​បុព្វហេតុ​ផងដែរ​។​ 

វត្ថុ​អនុស្សាវរីយ៍​អា​ចរក​ទិញ​បាន ហើយ​អ្នកទស្សនា​អាចផ្ដល់​ប្រាក់​​ចិញ្ចឹមសត្វ​កណ្ដុរ​ក្នុងតម្លៃ ៦០ ដុល្លារ​ក្នុង​មួយឆ្នាំ ដោយ​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​សកម្មភាព​សត្វ​កណ្ដុរ និង​ការរួមចំណែក​ក្នុងការ​ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​សុវត្ថិភាព​។​

មជ្ឈមណ្ឌល​អ្នកទស្សនា​របស់ APOPO នៅ​ខេត្តសៀមរាប​មិន​ត្រឹមតែ​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​មីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការងារ​ដ៏​អស្ចារ្យ​របស់ HeroRATs ផងដែរ​។​

ភ្ញៀវ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​កក់​ទុក​មុន​តាមរយៈ​អ៊ី​ម៉ែ​ល visitor.center@apopo.org មុនពេល​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ ឃុំ​គោកចក ខេត្តសៀមរាប​៕