ភ្នំពេញ៖ ​នៅ​ពេល​ដែល​បច្ចេកវិទ្យា​បន្ត​វិវឌ្ឍន៍​ក្នុង​ល្បឿន​យ៉ាង​លឿន ការ​កើន​ឡើង​នៃ​បញ្ញា​សិប្បនិមិត្ត (AI) និង​កម្មវិធី​ផ្សេងៗ​បាន​ទាក់ទាញ​ទាំង​ភាព​វិជ្ជមាន​និង​ក្តីបារម្ភ។

បច្ចេកវិទ្យា​មួយ​ដែល​ត្រូវ​បាន​ស្គាល់​​​ជា " Deepfake" ឥឡូវនេះ​កំពុង​បង្កើន​ឥទ្ធិពល​របស់​វា​នៅ​ទូទាំង​ពិភពលោក ជាពិសេស​នៅ​ប្រទេស​កូរ៉េខាងត្បូង​នា​ពេល​ថ្មីៗ​នេះ​ ដែល​វា​បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​ការរំលោភ​បំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​ឌីជីថល។

ទោះបីជា​ប្រទេស​កម្ពុជា​មិន​ទាន់​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​ដូចគ្នា​នៃ​ឧក្រិដ្ឋកម្ម​ដែល​ទាក់ទង​នឹង​ការ​ក្លែង​បន្លំ​យ៉ាង​ជ្រៅ Deepfake ​ក៏ដោយ ក៏​​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ការពារ​ប្រជាជន​របស់ខ្លួន​ពី​គ្រោះថ្នាក់​ដែល​កំពុង​កើន​ឡើង​ដែល​បណ្តាល​មក​ពី​បច្ចេកវិទ្យា​នេះ។

Deepfakes ​ផ្សំពីពាក្យ​ "​Deep Learning​" និង "​Fake​" ពាក់ព័ន្ធ​នឹង​មាតិកា​​​បង្កើត​ដោយ AI ដែល​អាច​រចនា​​វីដេអូ រូបភាព ឬ​សម្លេង​របស់​នរណាម្នាក់​ បើ​ទោះបីជា​ រូបគេ​មិន​បាន​​និយាយ ឬ​ធ្វើ​ពិត​ប្រាកដ​ក៏ដោយ។​

ខណៈ​ពេល​បច្ចេក​វិទ្យា Deepfake ត្រូវ​បាន​ប្រើប្រាស់​ស្រប​ច្បាប់​ក្នុង​ការ​កម្សាន្ត ដូចជា​​នៅ​ក្នុង​ខ្សែ​ភាពយន្ត ឬ​បទ​បង្ហាញ​និម្មិត ពួកវា​ក៏​បាន​លេច​ចេញ​ជា​ឧបករណ៍​សម្រាប់​ព័ត៌មាន​មិន​ពិត ការ​ក្លែងបន្លំ និង​ការ​រំលោភ​បំពាន ជាពិសេស​ប្រឆាំង​នឹង​ស្ត្រី និង​បុគ្គល​ដែល​ងាយ​រងគ្រោះ។

នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង បច្ចេកវិទ្យា​ Deepfake ​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដើម្បី​បង្កើត និង​ចែកចាយ​រូបភាព និង​វីដេអូ​ផ្លូវភេទ​ក្លែងក្លាយ ដែល​ជា​រឿយៗ​ផ្តោត​លើ​ស្ត្រី និង​ក្មេងស្រី​ជំទង់។

ពិរុទ្ធជន​ប្រើប្រាស់​ប្រព័ន្ធ​ ដូចជា តេឡេក្រាម (Telegram) ដើម្បី​ចែក​រំលែក​មាតិកា​ខុស​ច្បាប់ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អារម្មណ៍ និង​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជន​រងគ្រោះ។

យោងតាម​ការ​ចុះផ្សាយ​របស់ BBC កាលពី​សប្តាហ៍​មុន បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ក្នុង​បណ្តាញ​ក្រុម​ជជែក​តាមតេឡេក្រាម​មួយ​ចំនួន​ធំ ដែល​ភាគច្រើន​ដំណើរការ​ដោយ​ក្មេង​ជំទង់ ត្រូវបាន​គេ​រក​ឃើញ​ថា​បាន​និង​កំពុង​បង្កើត Deepfake ផ្លូវភេទ ដោយ​ប្រើ​រូបថត​វេជ្ជបណ្ឌិត​របស់​នារី​វ័យក្មេង»។

ទោះបីជា​កម្ពុជា​មិន​ទាន់​ជួបប្រទះ​នូវ​ការប្រើប្រាស់ Deepfake ​យ៉ាង​ទូលំទូលាយ​ក៏ដោយ ក៏​អ្នក​ជំនាញ​ជំ​រុញ​ឱ្យ​ប្រទេស​នេះ​ចាត់​វិធានការ​ទុក​ជាមុន។

លោក ជិន សុវណ្ណ ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ បាន​ឱ្យ​ដឹង​ថា Deepfake ​ប្រើប្រាស់​វិធី​សាស្រ្ត Generative Adversarial Network ម៉ូដែល​ដើម្បី​ធ្វើការ​ប្លែង​រូបភាព ឬ​វីដេអូ​មួយ​ទៅ​ជា​រូបភាព​ផ្សេង​មួយ​ទៀត ដែល​ជា​ទូទៅ​វា​​អាច​ប្រើ​ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត គំនូរ​ជីវចល​ជាដើម។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «តែ​យ៉ាងណាមិញ បច្ចេក​វិទ្យា​នេះ​ក៏​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវអវិជ្ជមាន​ផងដែរ រួម​មាន​ការ​បំប្លែង​រូបភាព ឬ វីដេអូ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ងងឹត​ជាដើម (ដែល​មាន​ឈ្មោះថា Deepnude)»។

លោក សុវណ្ណ បាន​បន្ដ​ថា ថ្មីៗ​នេះ Amazon, Facebook និង Microsoft បាន​សហការ​គ្នា​ដើម្បី​បង្កើត​នូវ​ការ​ប្រកួត​លើ​ការ​ចាប់​នូវ​ការ​បំប្លែង​រូបភាព ឬ​វីដេអូ (Deepfake detection challenge - DFDC)។

យ៉ាងណាមិញ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន​នូវ​ការ​ព្យាយាម​បន្លំ​ទាំងឡាយ និង​កុំ​ប្រើប្រាស់ប្រភព​ព័ត៌មាន ឬ​ការ​ចែកចាយ​ណាមួយ​មិន​ច្បាស់លាស់ ដែល​អាច​បណ្តាល​ឱ្យ​ខ្លួន​ឯង​ត្រូវ​បាន​ជន​អនាមិក​វាយ​ប្រហារ ឬ​ទាញ​យក​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​ប្រពឹត្ត​រឿង​ខុស​ឆ្គង​ណា​មួយ។

លោក លីម សង្វា ស្ថាបនិក និង​អ្នក​នាយកប្រតិបត្ដិ ArrowDot បាន​ឱ្យ​ដឹង​ថា តាម​ការ​សិក្សា​កន្លង​មក បច្ចេកវិទ្យា​ Deepfake មាន​យូរហើយ​ដែរ ដែល​ជាទូទៅ គេ​ប្រើ​វា​ក្នុង​គោល​ដៅ​ពីរ គឺ​ល្អ និង​អាក្រក់​។

លោក​បាន​និយាយថា​៖ «​វា​មាន​ប្រយោជន៍​ នៅពេល​យើង​ចង់​ធ្វើ​បទបង្ហាញ​អ្វី​មួយ​ដោយ​មិន​ចង់​ចំណាយ​ពេល​ក្នុង​ការ​ដើរ​តួសម្ដែង​ខ្លួន​ឯង។ អ៊ីចឹង យើង​អាច​ប្រើ​ Tools ដែល​បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​បង្កើត​រូបភាព ឬ​វីដេអូ​លក្ខណៈ​ជា Deepfake»។ 

យ៉ាងណាមិញ Deepfake ត្រូវបាន​ប្រើ​ប្រាស់​ក្នុង​គោលដៅ​មិន​ល្អ​ច្រើន​ជាង​ ដោយ​ការ​បង្កើត​ព័ត៌មាន​មិន​ពិត​ពីការ​កេង​ចំណេញប្រាក់​លើ​បណ្ដាញ​អ៊ីនធឺណិត​​ចំពោះ​ការ​បង្កើត​វីដេអូ​ផ្សេងៗ​ពី​​បុគ្គល​ល្បី​ៗ ដែលជាក់ស្ដែង​បុគ្គល​នោះ​មិន​បាន​សម្ដែង ឬ​និយាយ​ពាក្យ​ពេចន៍​នោះឡើយ​។ 

ស្ថាបនិក​សាលាបង្រៀន​បច្ចេកវិទ្យា​ដែល​ផ្ដោត​សំខាន់​លើ​រ៉ូបូត​រូប​នេះ បាន​បន្ដថា បច្ចុប្បន្ន​នៅកម្ពុជា​មិន​ទាន់​មាន​ឃើញ​បទល្មើស​ប្រើប្រាស់​បច្ចេកវិទ្យា​ Deepfake នៅ​ឡើយ​ទេ។

លោក សង្វា បាន​និយាយ​ថា៖ «យើង​ត្រូវ​ការ​មាតិកា​ច្រើន​ដើម្បី​ធ្វើការ​ប្រៀប​ធៀប​ករណី​ពិត ឬ Deepfake ដោយ​ទាមទារ​ការ​ប្រមូល​ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​ ហើយ​ចំពោះ​សូហ្វវែល​ខ្លះ​ទៀត យើង​មើល​លើ​រូបភាព​លម្អៀង​ថា តើ​វាស៊ី​មេទ្រី​គ្នា​នៃ​រាងកាយ​។ សូហ្វវែល​អាច​បង្កើត Deepfake​ ដូច្នេះ​វា​ប្រាកដ​ជា​មាន​សូហ្វវែល​​ដើម្បី​កំណត់​សម្គាល់​វា​»។ 

លោក​បាន​បញ្ជាក់ថា​ លោក​ជឿថា នឹងមា​ន​ការ​បោក​ប្រាស់​ដោយ​ប្រើ​សម្លេង​របស់​បុគ្គល​ម្នាក់​ទៅ​ខ្ចី​លុយ​បង​ប្អូន​ សាច់​ញាតិ ឬ​មិត្ដភក្ដិ​តាម​រយៈការ​បង្កើត​សំឡេង Deepfake ឬ​រូបភាព​នេះ។ 

លោក សង្វា យល់ថា កម្ពុជា​គួរ​មាន​បច្ចេកវិទ្យា ឬ​ច្បាប់​សម្រាប់​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទាំង​អស់​នេះ​។ 

នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទបង្កើត Deepfake ផ្លូវភេទ​ អាចជាប់​គុក​រហូត​ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥០​លាន​វ៉ុន (៣៧៥០០ ដុល្លារ​អាមេរិក)។

ភ្នំពេញ​ប៉ុស្ដិ៍​ មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​អំពី​ករណី Deepfake និង​វិធានការ​ពី​លោក សុខ និត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ទេ​នៅ​ថ្ងៃនេះ៕