កាល​ពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ប្រារព្ធ​ពិធី​ប្រគល់​វត្ថុបុរាណ​ចំនួន ​៧០ ​ដែល​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ ១៤ បាន​ពី​សារមន្ទីរ​សិល្បៈ ​Metropolitan (The Met) នៅ​ទីក្រុង​ញូវយ៉ក។ មក​ដល់​ពេល​នេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ជួយ​សម្រួល​ដល់​ការ​ប្រគល់​វត្ថុ​បុរាណ​ជាង ១៥០ មក​កម្ពុជា។

មាន​ការ​រាយការណ៍​ថា​សារមន្ទីរ​ The Met​ នៅ​មាន​វត្ថុ​បុរាណ​ខ្មែរ​ជា​ច្រើន​ដែល​ «ភាគ​ច្រើន» ទទួល​បាន​ពី​ឈ្មួញ​វត្ថុ​បុរាណ​ដ៏​ល្បី​ល្បាញ​គឺ​លោក​ Douglas Latchford ដែល​បាន​ស្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ក្រោយ​ការ​ស្លាប់​ គ្រួសារ​របស់​លោក​ Latchford បាន​ប្រកាស​ពី​ការ​ប្រគល់​វត្ថុ​បុរាណ​ជាង ១០០ មក​ប្រទេស​កម្ពុជា ពី​ការ​ប្រមូល​ផ្ទាល់​ខ្លួន​របស់​គាត់។

កាល​ពី​សប្តាហ៍​មុន ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​មន្ត្រី​កម្ពុជា​មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដឹកនាំ​ដោយ​រដ្ឋ​លេខាធិការ​ប្រចាំការ​លោក ហាប់ ទូច ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​ និង​បទពិសោធន៍​ក្នុង​ការ​អភិរក្ស​វត្ថុ​បុរាណ។

លោក ហាប់​ ទូច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ថា កម្ពុជា​កំពុង​ចរចា​ជាមួយ​ The Met ដើម្បី​ទទួល​បាន​ការ​ប្រគល់​វត្ថុ​បុរាណ​បន្ថែម​ទៀត។ ប៉ុន្តែ ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ថ្ងៃទី៣ ខែកញ្ញា​កន្លង​ទៅ​

មាន​ហេតុការណ៍​មួយ​គឺ​មេធាវី លោក Bradley J. Gordon នៃ​ក្រុមហ៊ុន Edenbridge Asia ​ដែល​តែង​ជួយ​ក្នុង​ការ​ចរចា​យក​វត្ថុ​ត្រឡប់​មក​វិញ ត្រូវ​បាន​ The Met មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ណែនាំ​មួយ​សារមន្ទីរ​នេះ។​ ប៉ុន្តែ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​ចូល​រួម​វិញ​​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា។

ភ្នំពេញ​ប៉ុស្តិ៍​ធ្វើ​​បាន​ធ្វើ​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​លោក Gordon អំពី​កិច្ច​ប្រឹងប្រែង​ទាមទារ​វត្ថុ​បុរាណ​ខ្មែរ​ត្រឡប់​មក​វិញ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

លោក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ទៅ​ជាមួយ​អតិថិជន (កូនក្ដី) ​របស់​នៅ​សារមន្ទីរ​ The Met ។ ក្នុង​នាម​ជា​មនុស្ស​សំខាន់​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​ចរចា​ទាមទារ​យក​វត្ថុបុរាណ​ខ្មែរ​មក​វិញ តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

សារមន្ទីរ​ The Met. រូបថត​ Edenbridge Asia

ខ្ញុំ​ជឿ​ថា​អ្វី​ដែល​ The Met ​បាន​ធ្វើ​គឺ​គ្មាន​សីលធម៌។ ពួក​គេ​មិនគួរ​បំបែក​កូនក្តី​ចេញ​ពី​មេធាវី​ទេ ជាពិសេស​ដោយសារ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​បាន​ស្នើសុំ​ឲ្យ​ខ្ញុំ​នៅ​ទីនោះ​ជាទី​ប្រឹក្សា​។ នេះ​គឺ​ជា​ច្បាប់​ជា​មូលដ្ឋាន។

តាម​អ្វី​ដែល​ខ្ញុំ​យល់ សារមន្ទីរ​ The Met កំពុង​ផ្តល់​អំណោយ​ដល់​ប្រទេស​កម្ពុជា ដូច​ជា​អាហារូបករណ៍ និង​ដំណើរ​កម្សាន្ត​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចង់​រក្សា​ទុក​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច។ ការ​ធ្វើ​បែប​នេះ​មិន​អាច​ទទួល​យក​បាន។ 

ខ្ញុំ​ដឹង​ថា ពួក​គេ​ភ័យ​ថា​ប្រសិន​បើ​ខ្ញុំ​នៅ​ក្នុង​បន្ទប់​នោះ​ ខ្ញុំ​ប្រហែល​ជា​បាន​ជំទាស់​នឹង​រឿង​នេះ។ វា​គ្មាន​សីលធម៌ ​ហើយ The Met បាន​ប្រើ​លេស​ថា វា​ជា​សម្រេច​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​ការ​​រារាំង​ខ្ញុំ។ ក្រោយ​មក​ក្រសួង​ការបរទេស​អាមេរិក​បាន​សុំទោស​ខ្ញុំ ហើយ​បាន​និយាយ​ថា វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ដក​ខ្ញុំ​ចេញ​ទេ។ ដូច្នេះ The Met បាន​ប្រើ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សម្រាប់​គោល​បំណង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​នោះ​មិន​អាច​ទទួល​យក​បាន​ទេ។

តាម​ច្បាប់​ តើ​ការ​ប្រគល់​វត្ថុបុរាណ​ដែល​គេ​លួច​ទៅ​ប្រទេស​ដើម ​ដូចជា​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​ចាំបាច់ ឬ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត?

មាន​ច្បាប់​ប្រឆាំង​នឹង​ការ​កាន់​កាប់​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​លួច​ និង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ ហើយ​សកម្មភាព​ផ្លូវ​ច្បាប់​កំពុង​ត្រូវ​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ករណី​មួយ​ចំនួន។ ខ្ញុំ​ជឿ​ថា ដោយសារ​ការ​ត្រួត​ពិនិត្យ និង​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បុគ្គល​ដែល​រក្សា​ទុក​ និង​សារមន្ទីរ​ជាច្រើន​ចង់​ធ្វើ​រឿង​ត្រឹម​ត្រូវ។

ដូច្នេះ ​ពួកគេ​កំពុង​ទាក់ទង​យើង​ ឬ​និយាយ​ជាមួយ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក ដោយ​និយាយ​ថា​ពួក​គេ​នឹង​ប្រគល់​វត្ថុបុរាណ​វិញ​ព្រោះ​ពួក​គេ​មិន​ចង់​ឡើង​តុលាការ។ ពួកគេ​មិន​ចង់​ប្រឈម​ជាមួយ​រដ្ឋាភិបាល​អាមេរិក ឬ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចង់​ទៅ​​មើល​អ្វី​ដែល​មាន​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ពួកគេ​ទេ។ ករណី​ទាំង​នោះ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ ជា​ការ​វិល​ត្រឡប់​ដោយ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​ជាក់​ស្ដែង​មាន​ច្បាប់។ មាន​ច្បាប់​ជាច្រើន​ដែល​អាច​ត្រូវ​​ប្រើ​ទាក់​ទង​នឹង​រូប​ចម្លាក់​ទាំង​នេះ។

កម្ពុជា​មិន​បាន​ចេញ​លិខិត​អនុញ្ញាត​នាំ​ចេញ​ណា​មួយ​ក្នុង​រយៈ​ពេល​ជិត ១០០ ឆ្នាំ​មក​ហើយ។ ដូច្នេះ តាម​ទស្សនៈ​របស់​យើង​ បើ​គ្មាន​ការ​អនុញ្ញាត​នាំ​ចេញ​ទេ រូប​សំណាក​ទាំង​អស់​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ត្រូវ​បាន​លួច លើក​លែង​តែ​វត្ថុ​មួយ​ចំនួន​ដែល​ត្រូវ​បាន​​ផ្ដល់​ជាអំណោយ​ពី​ព្រះ​មហាក្សត្រ ដែល​នេះ​ប្រហែល​ជា​ករណី​លើក​លែង​តែ​មួយ។ ទ្រព្យ​ដែល​គេ​លួច​នៅ​តែ​ជា​ទ្រព្យ​ដែល​គេ​លួច។ ដូច្នេះ សំនួរ​សួរ​ថា តើ​អ្នក​អាច​រក្សា​ទ្រព្យ​សម្បត្តិ​ដែល​លួច​បាន​ទេ? ចម្លើយ​គឺ​ទេ។

តើ​មាន​ការ​រីក​ចម្រើន​ក្នុង​ការ​ចរចា​ជា​បន្ត​ជាមួយ​ The Met ដែរ​ឬ​ទេ? កម្ពុជា​ហាក់​មាន​សង្ឃឹម​ថា វត្ថុ​បុរាណ​ច្រើន​ទៀត​នឹង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

ខ្ញុំ​ជឿ​ថា​កម្ពុជា​នឹង​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​យ៉ាង​ច្បាស់​លាស់។ ដូច​ដែល​ខ្ញុំ​បាន​បង្ហោះ​នៅ​លើ LinkedIn បញ្ហា​នេះ​ភាគច្រើន​កើត​ចេញ​ពី​លោក ​Douglas Latchford ​ដែល​ជាតួអង្គ​សំខាន់​មួយ ដោយ​មាន​កា​រប្រមូល​ជាច្រើន​មាន​ប្រភព​មក​ពី​គាត់។ លោក​ Latchford ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​វត្ថុបុរាណ​ដែល​ត្រូវ​បាន​លួច​ ហើយ​ខ្ញុំ​ជឿថា​សារមន្ទីរ​ The Met ដឹង​ថា​ខ្លួន​មាន​បណ្តុំ​នៃ «វត្ថុ​បុរាណ​ឈាម»។

វត្ថុបុរាណ​ខ្មែរ​​នៅ​​សារមន្ទីរ​ The Met. រូបថត Edenbridge Asia

ក្តីបារម្ភ​របស់ The Met​ គឺ​ថា ប្រសិន​បើ​ពួក​គេ​ប្រគល់​របស់​ទាំង​នោះ​មក​កម្ពុជា​វិញ​ ប្រទេស​ផ្សេង​ទៀត​ដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី និង​ប្រទេស​ជាច្រើន​ទៀត​នឹង​ធ្វើ​តាម ​និង​ធ្វើការ​ទាម​ទារ​ស្រដៀង​គ្នា។ ការ​វត្ថុបុរាណ​ទាំង​នេះ​ជាច្រើន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​លោក​ Latchford​ ឬ​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​ម្នាក់​ទៀត​ដែល​មាន​ឈ្មោះថា​ Subhash Kapoor។

ដូច្នេះ​ឥឡូវ​នេះ វត្ថុបុរាណ​ពី​អាស៊ី​ទាំងមូល​នៅ The Met អាច​នឹង​ត្រូវ​បាន​គេ​លើក​មក​ជជែក​ ហើយ​ The Met មិន​ចង់​ប្រឈម​មុខ​នឹង​រឿង​នេះ​ទេ។ ពួកគេ​ចង់​ឲ្យ​កម្ពុជា​ចាក​ចេញ ហើយ​វិធីសាស្រ្ត​របស់​ពួក​គេ​ហាក់​ដូចជា​កំពុង​ផ្តល់​អំណោយ​ដើម្បី​រក្សា​រូបសំណាក​នៅ​សារមន្ទីរ។ ពួក​គេ​មាន​ផ្នត់​គំនិត​អាណានិគម​យ៉ាង​ខ្លាំង ដោយ​គិត​ថា​ពួក​គេ​ជា​អ្នក​ថែរក្សា​វត្ថុ​បុរាណ​ដ៏​ល្អ​បំផុត។

ខ្ញុំ​មិន​ជឿ​ថា ពួក​គេ​ខ្វល់​ខ្វាយ​ពី​សារៈ​សំខាន់​ខាង​ស្មារតី​ ឬ​តម្លៃ​វប្បធម៌​នៃ​រូប​ចម្លាក់​ទាំង​នេះ​ចំពោះ​ប្រជាជន​កម្ពុជា​នោះ​ទេ។ ពួក​គេ​គ្រាន់​តែ​ចង់​រក្សា​របស់​ទាំង​នោះ ទោះ​បី​ជា​គ្រប់​គ្នា​ដឹង​ថា​វត្ថុ​ទាំង​នោះ​ត្រូវ​បាន​លួច​ក៏​ពី​កម្ពុជា​ក៏​ដោយ។

ដូច្នេះ​ហើយ The Met ​មិន​ចង់​ឲ្យ​ខ្ញុំ​នៅ​ក្នុង​បន្ទប់​ទេ ព្រោះ​គេ​ដឹង​ថា​ខ្ញុំ​កំពុង​តស៊ូ​មតិ​ដើម្បី​ប្រជាជន​កម្ពុជា។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ព្យាយាម​បំបែក​ខ្ញុំ​ចេញ​ពី​ការ​ចរចា ដោយ​ផ្តល់​អំណោយ​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា ដើម្បី​រក្សា​របស់​ទាំង​នោះ​នៅ​ញូវយ៉ក។ ដូច្នេះ ​ការ​ចរចា​កំពុង​តែ​បន្ត ប៉ុន្តែ​យើង​នឹង​ឃើញ​ថា​តើ​ការ​ចរចា​មាន​ដំណើរ​ការ​យ៉ាង​ណា។ ពួក​គេ​បាន​សុំ​ឱ្យ​ខ្ញុំ​យក​កាបូប​របស់​ខ្ញុំ ហើយ​ចាក​ចេញ​ពី​បន្ទប់ ​ហើយ​ថែមទាំង​មាន​អ្នក​យាម​ម្នាក់​នាំ​ខ្ញុំ​ចេញ​ពី​អគារ ដោយ​ទុក​កូន​ក្តី​របស់​ខ្ញុំ និង​គណៈប្រតិភូ​កម្ពុជា​នៅ​ទីនោះ។ នេះ​គឺ​ជា​រឿង​គ្មាន​សីលធម៌ គួរ​ឲ្យ​ខ្លាច និងគួរ​ឲ្យ​តូច​ចិត្ត​ជា​ខ្លាំង។

នៅ​ថ្ងៃ​បន្ទាប់​គេ​បាន​អញ្ជើញ​ខ្ញុំ​ត្រឡប់​មក​វិញ ហើយ​ខ្ញុំ​ក៏​ចូល​ម្ដង​ទៀត​ដើម្បី​មើល​ការ​សមុច្ច័យ។ មាន​រូប​សំណាក​សំខាន់ៗ​ជា​ច្រើន​នៅ​ទីនោះ។ យើង​បាន​ស្នើ​សុំ​វត្ថុ​បុរាណ​ចំនួន​ ៤៩ បន្ថែម​ទៀត​ដើម្បី​ត្រឡប់​មក​វិញ ​បន្ទាប់​ពី The Met បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន ១៤​ មក​វិញ។ ឥឡូវ​នេះ យើង​កំពុង​ចរចា​សម្រាប់​ការ​ត្រឡប់​មក​វិញ​នៃ​វត្ថុបុរាណ​ចំនួន ៤៩ ដែល​ជា​អាទិភាព។

យើង​ក៏​កំពុង​ប្រឈម​មុ​ខនឹង​បញ្ហា​ជាមួយ​ឯកសារ​បញ្ជាក់​ផង​ដែរ។ ពួកគេ​មិន​ចង់​បង្ហាញ​យើង​នូវ​ព័ត៌មាន​ដែល​ពួកគេ​មាន​លើ​រូប​សំណាក​កម្ពុជា​ទេ ហើយ​កំពុង​ពន្យារ​ពេល​ដំណើរ​ការ។ ខ្ញុំ​ជឿ​ថា The Met កំពុង​ជាប់​គាំង​ដោយសារ​តែ​លក្ខន្តិកៈ​នៃ​ការ​កំណត់​នៅ​ញូវយ៉ក។ ប្រសិនបើ​ពួកគេ​ពន្យារ​ពេល​បាន​យូរ​គ្រប់​គ្រាន់ ពួកគេ​អាច​នឹង​ជឿ​ថា​យើង​នឹង​មិន​អាច​កាត់​ទោស​ពួក​គេ​តាមផ្លូវ​ច្បាប់​បាន​ទេ។ ដូច្នេះ ល្បែង​របស់​ពួក​គេ​គឺ​​ពន្យារ​ពេល និង​ផ្តល់​របស់​ផ្សេង​ទៀត ដូចជា​ការ​បណ្តុះ​បណ្តាល និង​អាហារូបករណ៍ ដើម្បី​ពួក​គេ​បន្ត​គ្រប់​គ្រង​វត្ថុ​មាន​តម្លៃ​ទាំង​នេះ។​

ដំណើរ​ការ​ចរចា​មាន​សារៈ​សំខាន់​ ជា​ពិសេស​ចំពោះ​ការ​បាត់​បង់​រូបសំណាក​ដែល​គេ​ស្គាល់​ថា​ Golden Boy ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ថៃ។ ខ្ញុំ​ជឿ​ថា កម្ពុជា​បាន​ព្យាយាម​តស៊ូ​មតិ​ដើម្បី​ការ​វិល​ត្រឡប់​មក​វិញ​នៃ​វត្ថុ​បុរាណ​នេះ។ តើ​លោក​អាច​បញ្ជាក់​បាន​ទេ​ថា ​ហេតុ​អ្វី​បាន​ជា The Met ប្រគល់​ Golden Boy ទៅ​ឱ្យ​ថៃ?

វត្ថុបុរាណ​ខ្មែរ​​នៅ​​សារមន្ទីរ​ The Met. រូបថត Edenbridge Asia

បាទ​ ខ្ញុំ​ជឿ​ថា​ ការ​សម្រេច​ចិត្ត​នោះ​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​វត្ថុ​បុរាណ។ សំណួរ​សួរ​ថា តើ ​The Met ​កំពុង​ធ្វើ​អ្វី? ហេតុអ្វី​បានជា​គេ​សម្រេច​ចិត្ត​ប្រគល់​រូបសំណាក​​ពីរ​ឱ្យ​ថៃ ​ក្នុង​ពេល​តែ​មួយ​ដែល​គេ​ប្រគល់​វត្ថុបុរាណ​១៤​មក​កម្ពុជា​វិញ? ហើយ​ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​បែប​នេះ​ដោយ​មិន​បាន​ប្រឹក្សា​ជាមួយ​យើង? មិន​មាន​ការ​ពិគ្រោះ​យោបល់​ទាល់​តែ​សោះ។ យើង​បាន​សួរ The Met ម្តង​ទៀត​នៅ​ថ្ងៃ​មុន ហើយ​ខ្ញុំ​បាន​សួរ​ពួក​គេ​ផ្ទាល់​អំពី​ហេតុផល ​និង​ភស្តុតាង​ដែល​ពួក​គេ​មាន​ដែល​ជំរុញ​ឲ្យ​ពួក​គេ​យល់​ថា រូប​ចម្លាក់​ទាំង​ពីរ​នោះ​មក​ពី​ប្រទេស​ថៃ។ ប៉ុន្តែ ពួក​គេ​បាន​បដិសេធ​មិន​ប្រាប់​ខ្ញុំ។

យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ យើង​មិន​សប្បាយ​ចិត្ត​នឹង​របៀប​ដែល​ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ទេ។ The Met យ៉ាង​ហោច​ណាស់​គួរ​តែ​ពិគ្រោះ​ជាមួយ​យើង​ ឬ​ផ្តល់​ការ​ពន្យល់​អំពី​មូល​ហេតុ​ដែល​ពួក​គេ​សម្រេច​ចិត្ត​ធ្វើ​បែប​នោះ។ The Met ​នៅ​តែ​បដិសេធ​មិន​ធ្វើ​តាម​សំណើ​យើង។

ដូច្នេះ វា​ហាក់​ដូចជា​ The Met ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​ដោយ​ចេតនា។ ដូច្នេះ​សំណួរ​គឺ​ហេតុ​អ្វី?

នៅ​ពេល​ដែល​វត្ថុបុរាណ​មួយ​ត្រូវ​បាន​ទាមទារ​ដោយ​ភាគី​ជាច្រើន​ គួរ​តែ​មាន​ដំណើរការ​មួយ​ដើម្បី​ពិចារណា។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ រូប​ចម្លាក់ «អាទិទេព​លុត​ជង្គង់»។ អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ The Met បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា វាជា​រូប​ចម្លាក់​ធ្វើ​ពី​សំរិទ្ធ​ដ៏​ស្រស់​ស្អាត​បំផុត​ពី​ប្រទេស​កម្ពុជា។ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​ប្រគល់​ឲ្យ​ថៃ​វិញ? បើ​គេ​រក​ឃើញ​នៅ​ប្រទេស​ថៃ​តាម​ច្បាប់​អន្តរជាតិ យើង​នឹង​ទទួល​យក​ ហើយ​មិន​ប្រកែក​ទេ។ អ្នក​ណា​​រក​ឃើញ​រូប​នោះ​​នៅ​ថៃ? យើង​មិន​ទាន់​ឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​អំពី​រឿង​នោះ​ទេ ហើយ​យើង​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​ឡើយ។ ដោយសារ​អាកប្បកិរិយា​របស់​ The Met ​វិធី​ដែល​សារមន្ទីរ​នេះ​សម្រេច​ចិត្ត​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

ក្រៅ​ពី​សារមន្ទីរ​ The Met តើ​មាន​សារមន្ទីរ​ណា​ទៀត​ដែល​រក្សា​ទុក​វត្ថុ​បុរាណ​ខ្មែរ?

មាន​សារមន្ទីរ​ប្រហែល ១០០ នៅ​ជុំវិញ​ពិភពលោក​ដែល​មាន​វត្ថុ​បុរាណ​ខ្មែរ ហើយ​យើង​កំពុង​ទាក់ទង​ជាមួយ​ពួក​គេ។ ជា​ឧទាហរណ៍ យើង​កំពុង​សន្ទនា​ជាមួយ​វិទ្យាស្ថាន​ Smithsonian នៅ​វ៉ាស៊ីនតោន​ឌីស៊ី។ ពួក​គេ​មាន​តម្លាភាព និង​បើក​ចំហ​យ៉ាង​ខ្លាំង ដោយ​ចែក​រំលែក​ព័ត៌មាន​ភស្តុតាង​នៃ​វត្ថុបុរាណ​ទាំង​នោះ​ជាមួយ​យើង។ សារមន្ទីរ​ Smithsonian ​បាន​និយាយ​ថា ប្រសិន​បើ​យើង​ចង់​បាន​អ្វី​ទៅ​វិញ យើង​គួរ​តែ​ធ្វើការ​ស្នើ​សុំ ហើយ​ពួក​គេ​នឹង​ពិចារណា​យ៉ាង​ម៉ត់ចត់។ សារមន្ទីរ Smithsonian ក្នុង​នាម​ជា​សារមន្ទីរ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​គេ​បាន​គាំទ្រ និង​គោរព​ដល់​កម្ពុជា។

យើង​ក៏​កំពុង​ពិភាក្សា​ជាមួយ​សារមន្ទីរ​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ផងដែរ និង​នៅ​ចក្រភព​អង់គ្លេស ដែល​ក្រុម​ការងារ​របស់​យើង​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទីប្រឹក្សា​របស់​យើង​ Melina Antoniadis និង​ ពីរ​បី​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ហើយ​ការ​សន្ទនា​មាន​ភាព​វិជ្ជមាន។

ជា​អកុសល The Met គឺ​ជា​ករណី​មួយ​ដែល​ពិបាក​ជាង​គេ។ ប៉ុន្តែ​នៅ​ពេល​អនាគត ខ្ញុំ​ជឿ​ថា​ សារមន្ទីរ​ជាច្រើន​ទៀត​នឹង​ទទួល​ស្គាល់​ថា ប្រសិន​បើ​ពួក​គេ​រក្សាទុក​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​ ជាពិសេស​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយ​ឈ្មួញ​ដូចជា Latchford​  ឬ​វត្ថុបុរាណ​ទាំង​នេះ​បាន​មក​ដល់​ក្នុង​អំឡុង​ពេល​នៃ​សង្រ្គាម ឬ​អំពើ​ប្រល័យ​ពូជសាសន៍ ពួក​គេ​នឹង​ចង់​ធ្វើ​រឿង​ត្រឹម​ត្រូវ។ ពួកគេ​ប្រហែល​ជា​ចង់​រក្សា​វត្ថុបុរាណ ប៉ុន្តែ​ប្រសិន​បើ​យើង​ស្នើ​សុំ​ពួកគេ​នឹង​ប្រគល់​វា​វិញ។

វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ពីព្រោះ​វត្ថុ​បុរាណ​នីមួយៗ​ដែល​បាន​មក​ផ្ទះ​វិញ តែង​ជួយ​យើង​ឲ្យ​យល់​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ កម្ពុជា​មិន​ចង់​យក​របស់​ទាំង​អស់​ពី​សារមន្ទីរ​ទាំង​ទេ។ យើង​បើក​ចំហរ​ក្នុង​ការ​ពិនិត្យ​មើល​សមុច្ច័យ​ ហើយ​យើង​អាច​យល់​ព្រម​ថា  វត្ថុទាំង​នេះ​ជាច្រើន​មិន​ចាំ​បាច់​ត្រូវ​ប្រគល់​មក​វិញ​ទេ' ​ឬ​រូប​ចម្លាក់​មួយ​ចំនួន​អាច​បន្ត​ខ្ចី​បាន​ហើយ​រក្សា​ក្នុង​សារមន្ទីរ​ទាំង​នោះ​បាន។

ចំពោះ​វត្ថុបុរាណ​ដែល​មិន​ត្រូវ​បាន​ប្រគល់​មក​វិញ យើង​ចង់​ឱ្យ​វា​ច្បាស់​លាស់​ថា ទាំង​នោះ​វា​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ ហើយ​គេ​អាច​ទទួល​យក​វត្ថុ​បុរាណ​ទាំង​នោះ​ដាក់​តាំង​បង្ហាញ​ក្នុង​សារៈ​មន្ទីរ​ដែល​ខ្ចី​​ពី​យើង​បាន។ ដូច្នេះ​ យើង​មិន​ព្យាយាម​យក​របស់​គ្រប់​យ៉ាង​មក​ផ្ទះ​វិញ​ភ្លាមៗ​ទេ។

យ៉ាង​ណា​ក៏​ដោយ យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​គ្រប់​គ្រង​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ទាំង​ស្រុង។  មាន​វត្ថុ​បុរាណ​សំខាន់ៗ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​យក​ក្នុង​សម័យ​សង្គ្រាម​និង​ក្រោយ​សង្គ្រាម។ យើង​ក៏​កំពុង​ពិនិត្យ​មើល​វត្ថុបុរាណ​​សារមន្ទីរ Guimet ក្នុង​ទីក្រុង​ប៉ារីស​ផង​ដែរ។

សម្រាប់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ការ​វិល​ត្រឡប់​មក​វិញ​នៃ​វត្ថុបុរាណ​ទាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់៕