ខេត្ដត្បូងឃ្មុំ៖ មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ជា​មជ្ឈមណ្ឌល​​ឧទ្ទិស​ដល់​ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ការ​លើក​កម្ពស់​សន្តិភាព​តាម​រយៈ​ការ​អប់រំ។

មជ្ឈមណ្ឌល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​សំខាន់​ចំនួន​បួន បាន​​ដើរ​តួ​ជា​បង្គោល​សម្រាប់​ឯកសារ​ប្រវត្តិសាស្ត្រ ការ​កសាង​សន្តិភាព និង​ការតស៊ូ​មតិ​អ្នក​រស់រាន​មាន​ជីវិត ជាពិសេស​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដូចជា​ជនជាតិ​ភាគ​តិច​ស្ទៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

បើតាម​លោក ឡុង ដានី នាយក​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម បាន​ឱ្យ​ដឹង​ថា៖ «បេសកកម្ម​របស់​មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម​បាន​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​​របស់​ប្រទេស​កម្ពុជា ជាពិសេស​ផ្តោត​លើ​ព្រឹត្តិការណ៍​ចន្លោះ​ទសវត្សរ៍​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៩០»។

នេះ​រួម​បញ្ចូល​ទាំង​ការតស៊ូ​របស់​ប្រទេស​ក្នុង​សម័យ​ខ្មែរក្រហម និង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​បន្សាប​ពី​ផល​ប៉ះពាល់​ទាំង​នេះ។

ការជួសជុល​មជ្ឈមណ្ឌល និង​សាលា​បុណ្យ​​របស់​សហគមន៍​ជន​ជាតិដើម​ភាគ​តិច​ស្ទៀង បាន​បញ្ចប់​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០២៤ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិចស្ទៀង​ ខណៈពេល​ដែល​ការ​បញ្ចូល​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ទៅក្នុង​​​ភាព​ធន់ និង​ការ​រស់រានមានជីវិត​របស់​កម្ពុជា។

លោក ដានី បាន​ឱ្យ​ដឹង​ថា៖ «លើស​ពី​បណ្ណសារ​ប្រវត្តិសាស្ត្រ មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម ដែល​មាន​ទីតាំងនៅ​ភូមិ​ក្តុល ឃុំ​ទន្លូង ស្រុក​មេមុត ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការកសាង​សន្តិភាព»។

តាមរយៈ​កម្មវិធី​អប់រំ​ មជ្ឈមណ្ឌល​បាន​ចូលរួម​ជាមួយ​យុវជន​មកពី​ជនបទ និង​តំបន់​ដាច់ស្រយាល ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​សារៈសំខាន់​នៃ​ការទប់ស្កាត់​ជម្លោះ​។​

តាមរយៈ​ការភ្ជាប់​យុវជន​ទាំងនេះ​ជាមួយនឹង​រឿងរ៉ាវ​ពី​អតីតកាល មជ្ឈមណ្ឌល​ជួយ​ជំរុញ​មនុស្ស​ជំនាន់​មួយទៅមួយ ​ឱ្យ​តម្លៃ​លើ​សន្តិភាព និង​យល់​ពី​គ្រោះថ្នាក់​នៃ​ការបែកបាក់​ និង​អំពើហិង្សា​។​

សាលា​បុណ្យ​សហគមន៍​ជនជាតិដើម​ភាគ​តិច​ស្ទៀង​​ ​ជា​ផ្នែក​សំខាន់​នៃ​គំនិត​ផ្តួចផ្តើម​នេះ នឹងមិន​ត្រឹមតែ​បម្រើ​ជា​កន្លែង​វប្បធម៌ និង​ខាង​វិញ្ញាណ​សម្រាប់​គ្រួសារស្ទៀង​​ ចំនួន ១៥១ គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ប្រជុំ​ដែល​អ្នកភូមិ​អាច​ពិភាក្សា​អំពី​បញ្ហាសំខាន់ៗ ដូចជា​សិទ្ធិ​ដីធ្លី​ ការអភិវឌ្ឍន៍ និង​ការអភិរក្ស​ប្រពៃណី​ជនជាតិដើម​ភាគតិច​។​

ស្ថាបត្យកម្មផ្ទះ​ឈើ​នេះ​ រចនា​ឡើង​ដោយ​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​មជ្ឈមណ្ឌល​ក្នុង​ការរក្សា​អតីតកាល និង​ជំរុញ​អនាគត​ដោយ​ឈរលើ​មូលដ្ឋាន​ឯកភាព និង​ការគោរព​បេតិកភណ្ឌ​វប្បធម៌​។​

ពិធីឡើង​សាលា​បុណ្យ​ និង​មជ្ឈមណ្ឌល​ថ្មី​​​​​

នៅ​ថ្ងៃទី ១១ និង ១២ ខែកញ្ញា ឆ្នាំ២០២៤ ជនជាតិដើមភាគ​តិ​​ស្ទៀង​នៃ​ភូមិ​ក្តុល​លើ ​បាន​ប្រារឰ​ពិធី​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​សម្ពោធ​មជ្ឈមណ្ឌល​ដែល​បាន​ជួសជុល​ថ្មី និងសាលាបុណ្យ​​ថ្មី​។​

មជ្ឈមណ្ឌល​ឯកសារ​កោះថ្មី ដើរ​តួ​ជា​បណ្ណសារ​ប្រវត្ដិសាស្ដ្រ​ និង​ជាទីកន្លែង​កសាងសន្ដិភាព​។ រូបថត សហការី​​

ពិធី​នៅថ្ងៃទីមួយ មាន​កម្មវិធី​​ទំនៀមទម្លាប់​ជនជាតិដើម​ភាគតិច​ដ៏​សម្បូរបែប រួមមាន​ការសែន​ព្រេន​ តាម​ជំ​ជឿ​តាំងពី​ដូន​តា​​នៅ​អាស្រម​អ្នកតា​នៅក្រោម​ដើម​ជ្រៃ​ធំ​។​

កាលពីដើម ជនជាតិ​ស្ទៀង​ភូមិ​ក្តុល​លើ តែងតែ​យាយី​ដោយសារ​ជំងឺ​គ្រុន និង​ជំងឺ​រាតត្បាត​ផ្សេងៗ​ដែលបណ្ដាល​​ឱ្យ​​មាន​មនុស្ស​ស្លាប់ ទើប​អ្នកភូមិធ្វើ​ការ​បន់ស្រន់​អារក្ស អ្នកតា​។ ពួកគេ​បាន​មូលគំនិត​រៀបចំ​ពិធី​ឡើងអ្នកតា​ ដោយ​អ្នកភូមិ​ធ្វើ​គ្រែស្នែង​ធំ​ល្មម និង​ដាក់​ដំ​ថ្ម​ចំនួន​ពីរ​ដុំ​ដាក់​លើ​គ្រែស្នែង​នោះ​។

ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកភូមិ​ក្តុល​លើ​លែង​ធ្វើ​ពិធី​ឡើងអ្នកតា ដោយ​រៀបចំ​ត្រឹម​​​ពិធី​សែនអ្នកតា​នៅ​ទី​អាស្រម ហើយ​សុំ​ម្ចាស់​ទឹក ម្ចាស់​ដី មុន​សាងសង់​ផ្ទះសម្បែង​។

ថ្ងៃទីពីរ អ្នកភូមិ​ក្តុល​លើ​ធ្វើដំណើរ​ទៅ​វត្ត​ហ​ត្ថិ​វន​រាម​ក្តុល ហៅ (​វត្ត​ក្តុល​) ដើម្បី​ដង្ហែរ​ព្រះ​ពុទ្ធិ​រូប​ចំនួន​៥​ព្រះ​អ​ង្ឃ​មក​គង់នៅ​សាលា​បុណ្យ​សហគមន៍​ជនជាតិ​ស្ទៀង​នៅ​ភូមិ​ក្តុល​លើ​។

ការតភ្ជាប់​ទៅនឹង​សង្គ្រាម​

ភូមិ​កោះ​ថ្ម មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធា​ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជា​ចលនា​ដែល​នាំទៅដល់​ការបង្រួបបង្រួម និង​សន្តិភាព​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ១៩៩៨​។

គោលដៅ​ចម្បង​មួយ​របស់​មជ្ឈមណ្ឌល​គឺ​ដើម្បី​លើកទឹកចិត្ត​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ឱ្យ​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​។​

លោក ដា​នី បាន​និយាយថា៖ «​សក្ខីកម្ម​ទាំងនេះ​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ការអប់រំ​ក្មេងៗ​ជំនាន់​ក្រោយ​អំពី​អំពើ​ឃោរឃៅ​ដែល​បានកើត​ឡើង​រវាង​ឆ្នាំ១៩៧៥ និង ១៩៧៩ ដោយ​ធានាថា ​មេរៀន​នៃ​សម័យ​ងងឹត​នោះ​មិន​ត្រូវបាន​បំភ្លេច​ឡើយ​»។​

ពិធី​នាពេល​ថ្មីៗ​នេះ នៅសាលា​បុណ្យ​ ដែលមាន​ការចូលរួម​ពី​អ្នកភូមិ ដូចជា ​លោក ជា គឹម​ហ៊ី អាយុ ៦៤​ឆ្នាំ បានលើកឡើង​ពី​សារៈសំខាន់​នៃ​រឿង​ផ្ទាល់ខ្លួន​ទាំងនេះ​។​

បទពិសោធន៍​ផ្ទាល់ខ្លួន​របស់លោក គឹមហ៊ី អំពី​ពលកម្ម​ដោយ​បង្ខំ និង​ការរស់រានមានជីវិត​ក្រោម​របប​ខ្មែរក្រហម ជា​មេរៀន​​​អតីតកាល ខណៈដែល​ក្តីសង្ឃឹម​របស់លោក​សម្រាប់ជាប្រយោជន៍​ដល់​​មនុស្ស​ជំនាន់​ក្រោយ​​ពី​បេសកកម្ម​របស់​មជ្ឈមណ្ឌល​។​

​ឆ្លុះបញ្ចាំង​ពី​អតីតកាល​ លោក គឹមហ៊ី បាន​រំឭ​កថា​បាន​ចូលរួម​ជាមួយ​អង្គភាព​ចល័ត​នៅ​ភូមិ​ជាំទ្រៀក​​ក្នុង​ឆ្នាំ ១៩៧៥ ដែល​គ្រប់គ្នា​ត្រូវ​ធ្វើការ និង​ហូបចុក​រួម​។ ដោយសារ​គ្មាន​បាយ​ហូប លោក​ គឹមហ៊ី​ ​បានរស់នៅ​តាម​រយៈ​ការ​ទទួលទាន​​បបរគ្រាប់​​ពោត​។

លោក គឹមហ៊ី បាន​រំឭកថា​៖ «​ក្នុង​ឆ្នាំ​១៩៧៦ នៅ​ភូមិ​ស្វាយ​ជ្រះ ខ្មែរក្រហម​ឲ្យ​ខ្ញុំ​ទៅ​គាស់​គល់ឈើ បិទ​ប្រព័ន្ធ​ភ្លឺស្រែ​ធ្វើយ៉ាងណា​ក្នុង​មួយថ្ងៃ​ឲ្យ​ហើយ​ដីស្រែ​មួយ​ហិកតា ក្នុងចំណោម​សមាជិក​កង​១៥​នាក់​។ ប្រសិនបើ​កង​ខ្ញុំ​ធ្វើ​មិន​ហើយ ខ្មែរក្រហម​មិន​ឲ្យ​ឈប់សម្រាក​ទេ​។ នៅ​ទីនោះ ខ្ញុំ​បែក​បងប្អូន​ម៉ែឪ»។

​លោក​បាន​រៀបរាប់​ពី​របៀប​ដែល​ខ្មែរក្រហម​បែងចែក​ប្រជាជន ដោយ​ផ្លាស់​ទីលំនៅ​ប្រជាជន​ពី​ស្រុក​ត្រ​មូង​​ខាង​លិចទៅ​ស្វាយជ្រះ និង​ពី​ស្រុក​មេមត់​ទៅ​តំបន់​ផ្សេងទៀត​ក្នុង​ខេត្តក្រចេះ​។​

ចន្លោះ​ឆ្នាំ ១៩៧៧ ដល់ ១៩៧៨ លោក​​ត្រូវបាន​ជម្លៀស​ម្តងទៀត លើក​នេះ​ទៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​​​ពេលនោះ​ខ្មែរក្រហមឱ្យ​​លោក​​ធ្វើការ​ខាង​បោក​ស្រូវ​​​រហូតដល់​​ម៉ោង​១០​យប់​ទើបបាន​ឈប់សម្រាក​។ ​

កាលពីថ្ងៃទី ១១ និងទី ១២ ខែ​កញ្ញា ជនជាតិដើមភាគតិច​ស្ទៀង ប្រារឰពិធី​ឡើង​មជ្ឈមណ្ឌល និង​សាលា​បុណ្យ​។ រូបថត សហការី​

លោក គឹមហ៊ី បាន​ចែករំលែក​ថា​៖ «​ឆ្នាំ ១៩៧៩ ពេល​ខ្ញុំ​បាន​ឮថា ​ប្រទេស​ត្រូវបាន​រំដោះ ខ្ញុំ​បាន​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ជួបជុំ​ជាមួយ​ឪពុកម្តាយ​ខ្ញុំ​វិញ​​​។ ប៉ុន្តែ​បងប្រុស​ខ្ញុំ​ម្នា​ក់បាន​ស្លាប់​បាត់ទៅហើយ​ក្នុង​របប​ខ្មែរក្រហម​»​។​

​បន្ថែម​ពីលើ​ការប្រមូល​សក្ខីកម្ម​អ្នក​រស់រានមានជីវិត មជ្ឈមណ្ឌល​ឯកសារ​កោះ​ថ្ម ផ្តោតលើ​ការ​ចងក្រង​ឯកសារ​ទីតាំង​ដែល​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម​បានកើត​ឡើង​។​

ការងារ​នេះ​គឺមាន​សារៈសំខាន់​សម្រាប់​ទាំង​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ និង​សម្រាប់​ដំណើរការ​នៃ​ការព្យាបាល​។ តាមរយៈ​ការកំណត់​អត្តសញ្ញាណ និង​កត់ត្រា​ទីតាំង​ទាំងនេះ មជ្ឈមណ្ឌល​ធានាថា​ ជនរងគ្រោះ​នៃ​អំពើ​ឃោរឃៅ​ទាំងនេះ​ត្រូវបាន​ចងចាំ ហើយ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហម​ត្រូវបាន​រក្សាទុក​ក្នុង​ស្មារតី​ជាតិ​។​

លោក ដានី បាន​បន្ដ​ថា៖ «​ជា​ផ្នែក​មួយ​នៃ​គោលបំណង​ដ៏ធំ​របស់ខ្លួន មជ្ឈមណ្ឌល​នឹង​បន្ត​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​ស្ទៀង​ តាមដាន​បទពិសោធន៍​របស់​ពួកគេ​តាមរយៈ​សម័យ​អាណានិគម​បារាំង សង្គ្រាម​វៀតណាម សម័យ​ខ្មែរក្រហម និង​លើសពីនេះ​ទៀត»។​

ការស្រាវជ្រាវ​នេះ​នឹង​ត្រូវបាន​បំពេញបន្ថែម​ដោយ​ដំណើរ​ទស្សនកិច្ច​សិក្សា និង​វេទិកា​នានា​ក្នុង​គោលបំណង​អប់រំ​ទាំង​អ្នកស្រុក និង​អ្នកទស្សនា​អំពី​សម័យ​ខ្មែរក្រហម និង​សារៈសំខាន់​នៃ​ការទប់ស្កាត់​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​។​

ចក្ខុវិស័យ​សម្រាប់​អនាគត​

​មជ្ឈមណ្ឌល​នឹង​នៅតែ​ជាកន្លែង​​សម្រាប់​ការស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ការអប់រំ​សន្តិភាព និង​ការចូលរួម​សហគមន៍​។​

ការងារ​របស់ខ្លួន​ក្នុងការ​ថែរក្សា​រឿងរ៉ាវ​អតីតកាល និង​ការលើកកម្ពស់​វប្បធម៌​សន្តិភាព​ក្នុងចំណោម​យុវជន​របស់​កម្ពុជា គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាថា ភាព​ភ័យរន្ធត់​នៃ​របប​ខ្មែរក្រហម​មិនកើត​ឡើង​ម្តង​ទៀតឡើយ​។​

លោក ដា​នី បន្ថែមថា៖ «​សម្រាប់​សហគមន៍​ជនជាតិដើម​ភាគតិចស្ទៀង មជ្ឈមណ្ឌល​ផ្តល់​កន្លែង​ប្រារឰ​ពិធី និង​រក្សា​ប្រពៃណី​របស់​ពួកគេ ទន្ទឹមនឹង​ការភ្ជាប់​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ទៅនឹង​ការតស៊ូ​​​របស់​កម្ពុជា ដើម្បី​សន្តិភាព និង​ឯកភាព​ជាតិ​»។​

លោក គីមហ៊ី បាន​បញ្ជាក់ថា ការងារ​របស់​មជ្ឈមណ្ឌល​តំណាងឱ្យ​ក្តីសង្ឃឹម ដោយ​លោក​ជឿជាក់សាលា​បុណ្យ​​ដែល​ទើបនឹង​ជួសជុល​ថ្មី​នេះ ​​ជួយ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជនជាតិដើម​ភាគតិច​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​យល់ដឹង និង​រួមចំណែក​ដល់​សហគមន៍​៕​