ព្រះសីហនុៈ «ឥឡូវ​អញ្ចេះ ក្មួយ​ទាំង​២ នៅ​ពេល​នេះ ពូ​ទុក​ឱកាស​ឱ្យ​ក្មួយ​កែ​ខ្លួន។ ចាប់​ពី​ថ្ងៃនេះ​ទៅ​កុំ​ប្រព្រឹត្ត​អាហ្នឹង​ត​ទៅ​ទៀត​ បើ​មិន​ឈប់​ប្រើ កែខ្លួន​ជា​មនុស្ស​ល្អ​វិញ​ទេ ថ្ងៃ​ក្រោយ​ពូ​មក​យក​ក្មួយ​ទៅ​មណ្ឌល​បន្សាប​ហើយ»។

នេះជា​ការ​ថ្លែង​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រាម​ម្នាក់ ទៅ​កាន់​យុវជន​ប្រើប្រាស់​ថ្នាំ​ញៀន ២​នាក់ នៅ​ហ្នឹង​ផ្ទះ​របស់​ពួកគេ​ ក្នុង​ស្រុក​ព្រៃនប់​នៅក្នុង​អំឡុង​ពេល​ចុះ​ធ្វើ​ការ​អប់រំ និង​ប្រមូល​អ្នក​ញៀន​ថ្នាំ​យក​ទៅ​មណ្ឌល​អប់រំ​កែប្រែ ​បន្សាប​គ្រឿង​ញៀន។

មន្រ្តី​មូលដ្ឋាន​បាន​លើក​ឡើង​ថា ការ​ចុះ​ធ្វើ​ការ​អប់រំ​តាម​ផ្ទះ និង​ប្រមូល​យុវជន​ធ្លាក់​ក្នុង​អន្ទាក់​គ្រឿង​ញៀន​នេះ គឺ​ដើម្បី​ទប់​ស្កាត់​​ពួកគេ​កុំ​ឱ្យ​ញៀន​កាន់​តែ​ខ្លាំង រហូត​លែង​គ្រប់គ្រង​ខ្លួន​ឯង​បាន ហើយ​បង្ក​បញ្ហា​ធ្ងន់ ទៅ​ដល់​សមាជិក​គ្រួសារ សាច់​ញាតិ អ្នកភូមិ ឬ​មន្រ្តី​អនុវត្ត​ច្បាប់។ ជាក់ស្តែង មន្រ្តី​នគរបាល​វ័យ​ក្មេង​ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់ ត្រូវ​បាន​ជន​ញៀន​ថ្នាំ​ចាក់​សម្លាប់​កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា​កន្លង​មក។

ក្នុង​រយៈពេល​ប្រមាណ​ជាង ៤​ខែ​ចុង​ក្រោយ​នេះ មន្រ្តី​នគរបាល សមាជិក​ក្រុម​ប្រឹក្សា​ឃុំ និង​សន្តិសុខភូមិ​បាន​ចុះ​ប្រមូល​យុវជន​ញៀន​ថ្នាំ​ញៀន​ប្រមាណ​ជា ៣០​នាក់ បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ទៅ​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត។

ក្រុមប្រឹក្សាឃុំ លោក ហ៊ឹន ត្រឹង បាន​ឱ្យ​ដឹង​ថា ការ​ចុះ​ទៅ​ធ្វើ​ការងារ​នេះគឺធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​ឱពុក​ម្តាយ សមាជិក​គ្រួសារ ឬ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាដើម។ ក្នុង​ករណី​ដែល​ពួកគេ​ទើប​តែ​ប្រើប្រាស់​ក្នុង​ដំណាក់​កាល​ដំបូង ក្រុម​ការងារ​តែង​តែ​ធ្វើការ​អប់រំ និង​ណែនាំ​ឱ្យ​ពួកគេ​បញ្ឈប់​ការ​ប្រើប្រាស់ ក្នុង​រយៈពេល ១៥​ថ្ងៃ។ ប៉ុន្តែ​បើ​ក្នុង​អំឡុង​ពេល​នេះ មិន​ស្តាប់​តាម​ការ​ណែនាំ​នោះ​ទេ ពួកគេ​នឹង​ត្រូវ​យក​ទៅ​ធ្វើ​តេស្ត​បញ្ជាក់ រកសារធាតុ​នៅ​នគរបាល​ប៉ុស្តិ៍ ដើម្បី​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ។

លោក​និយាយ​ថា៖«ខ្ញុំចុះ​ធ្វើ​ដោយ​សារតែ​ខ្ញុំ​អត់​ខ្លាច​ ព្រោះ​យើង​ធ្វើ​ទៅ​តាម​ការ​ឯក​ភាព​របស់​ខេត្ត​ និង​ក្មេង​ទាំង​អស់​ហ្នឹង​គឺ​ទើប​តែ​ប្រើ​ប្រាស់ ​ដែល​មិន​ទាន់​ដល់​ថ្នាក់​វង្វេង​វង្វាន់​អី​នោះ​ទេ។ អញ្ជឹង​យើង​ចុះ​ទៅ​អប់រំ​ឱ្យ​ឈប់​ជា​មុន ​កុំ​ឱ្យ​ដល់​គាត់​វង្វេង​វង្វាន់ ​អាហ្នឹង​ក៏​យើង​មិន​ហ៊ាន​ដែរ»។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រាម​ម្នាក់ចុះ​ធ្វើ​ការ​អប់រំប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន។ រូបថត ហ៊ឹន ត្រឹង

លោកបន្ត​ថា ​ក្នុង​ករណី​ដែល​ពួក​គេ​បញ្ឈប់​ការ​ប្រើ​ប្រាស់​តាម​ការ​ណែ​នាំ​ នោះ​ក្រុម​ការ​ងារ​អនុញ្ញាត​ឱ្យ​ពួក​គេ​នៅ​ផ្ទះ​បន្ត ហើយ​ធ្វើ​ការ​តាម​ដាន​បន្ត​ទៀត។

លោក​បញ្ជាក់​ថា៖«តែបើមើល​ទៅ​សភាព​ញៀន​ហ្នឹង​ខ្លាំង​ហើយ ​បើទុក​នៅ​ផ្ទះ​ខ្លាច​បង្ក​បញ្ហា ​យើង​ក៏ធ្វើ​របាយការណ៍​ទៅ​ស្នងការ​ ដើម្បី​ជញ្ជូន​ទៅ​មណ្ឌល​អប់​រំ​កែ​ប្រែ។ យើង​មើល​តាម​សភាព​ជាក់​ស្តែង​អញ្ជឹង​ បើញៀន​ខ្លាំង​បញ្ជូន​ទៅក​ន្លែ​ង​មាន​សុវត្ថិភាព​ហើយ​[មណ្ឌល​]...បើ​ទុក​ដល់​ថ្នាក់​ហ្នឹង ​គឺ​យើង​មិន​អាច​គ្រប់​គ្រង​បាន​ទេ»។

ទោះ​យ៉ាង​ណា ​កន្លងមក​ នៅ​ក្នុង​មូល​ដ្ឋាន​ឃុំរាម​នេះ​ មិន​ទាន់​មាន​បញ្ហា​ធ្ងន់​ធ្ងររហូតដល់ថ្នាក់​បង្ក​របួសស្នាម ឬ​ស្លាប់​នោះ​ទេ ដោយ​សារ​អាជ្ញាធរ​ពាក់​ព័ន្ធ​សហការ​គ្នា​ចុះទៅ​ធ្វើ​ការ​ទប់​ស្កាត់​ជា​មុន។

តាម​រ​យៈការសាក​សួរ​អ្នកញៀន​ទាំង​នោះ​បាន​ឱ្យដឹង​ថា ​ពួក​គេ​បាន​ប្រើ​ប្រាស់​គ្រឿងញៀន​ទៅ​តាម​ការ​អូស​ទាញ​របស់​មិត្តភក្តិ ​ឬ​អ្នក​ស្គាល់​គ្នា។ នេះ​បើ​យោង​តាម​លោក​ត្រឹង​ដដែល​នេះ

លោកថា៖«ភាគ​ច្រើន​ វាមាន​មិត្តភក្តិ​ ពួក​ម៉ាក​ចេះ​តែ​ប្រើ​តាម​គ្នា​ម៉ា​ខ្សឺត​ពីរ​ខ្សឺត ​សាក​អញ្ចេះ ​អញ្ចុះ ​អីអញ្ជឹង​ទៅ។​ យូរ​ៗ​ទៅ​ចេះ​តែប្រើ​ជាប់ទៅឈប់​លែងបាន ទៅ​តាម​មិត្ត​ភក្តិ ​ហើយ​អូស​ទាញ​គ្នា​បន្ត​ទៀត​អញ្ជឹង​ទៅ»។

លោក​សុខ ស៊ីណា ​នាយប៉ុស្តិ៍​នគបាល​ឃុំរាម​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​តេស្ត​បញ្ជាក់​ថា​ ពួកគេពិត​ជាមា​ន​សារ​ធាតុ​ញៀន​រួច​ហើយ លោក​ធ្វើ​របាយការណ៍​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក។ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បញ្ជូន​របាយ​ការណ៍​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បញ្ជូន​ជន​រង​គ្រោះទៅ​មជ្ឈមណ្ឌល​ជាតិព្យាបាល និង​ស្តារនីតិសម្ប​ទាអ្នក​ញៀន​គ្រឿង​ញៀន ដោយ​ស្ម័គ្រចិត្ត ​និង​ផ្អែក​លើ​សហគមន៍ ​ដែល​ស្ថិត​នៅ ​ឃុំកែវ​ផុស ស្រុក​ស្ទឹងហាវ ខេត្តព្រះ​សី​ហនុ​។

លោក​នាយប៉ុស្តិ៍​បាន​អះអាង​ថា ​ក្នុង​មូល​ដ្ឋាន​ឃុំ​រាម​មិន​មាន​អ្នក​ចែក​ចាយ​គ្រឿង​ញៀន​ធំ​ដុំ​នោះ​ទេ​ ដែល​ភាគ​ច្រើន​មាន​តែ​អ្នក​ប្រើ​ប្រាស់។

មន្រ្តី​អាជ្ញាធរឃុំ​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ​បង្រ្កាប​ទៅ​លើ​អ្នក​ចែក​ចាយ​មាន​ការ​លំបាក​ ដោយ​សារតែ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​កម្រ​នឹង​សារ​ភាព​ប្រាប់​សមត្ថកិច្ចតាម​ត្រង់​ណាស់​។ ពួក​គេ​តែង​តែ​អះ​អាង​ប្រាប់​អាជ្ញាធរថា ​ពួកគេ​មិន​ស្គាល់​អ្នក​យក​ថ្នាំ​ញៀន​ទៅ​លក់​ឱ្យ​នោះ​ទេ ​ដោយសារ​តែ​សកម្មភាព​នេះ​ធ្វើ​ឡើង​ភា​គច្រើន​នៅ​ពេលយ​ប់។ លើស​ពី​នោះ ​អ្នកចែកចាយ​នោះតែងតែង​ពាក់​មួក​សុវត្ថិភាព ​មិន​ឱ្យ​ចំណាំ​ពួកគេ​បាន​នោះ​ទេ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​(អ.ជ.ប.គ.ញ)​បាន​លើក​ឡើង​ថា នា​ពេល​ប្ចុប្បនេះ ​ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា ​ដែល​ភាគ​ច្រើន​ជាយុវជន​នោះ​មាន​មិន​លើស​ពី​៣ទៅ​៤ម៉ឺន​នាក់​នោះ​ទេតាម​ការ​ប៉ាន់​ស្មាន។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រាម​ម្នាក់ចុះ​ធ្វើ​ការ​អប់រំប្រជាពលរដ្ឋអំពីបញ្ហាគ្រឿងញៀន។ រូបថត ហ៊ឹន ត្រឹង

ទោះយ៉ាង​ណា ​ការ​ប្រមូល​ព័ត៌មានពីចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ដែល​អ.ជ.ប.គ.ញ​គ្រប់​គ្រង​បាន​មាន​ទិន្នន័យ​ច្បាស់​លាស់​ គឺ​ប្រហែលជា ២​ម៉ឺន​នា​ក់ប៉ុណ្ណោះ ​ដែល​កំពុង​តែ​ទទួល​ការព្យា​បាល​នៅ​តាម​សហគមន៍ ​ដូចជា មណ្ឌល​សុខភាព មន្ទី​រពេ​ទ្យប​ង្អែ​កខេ​ត្ត និង​ថ្នាក់​ពេទ្យ​ជាតិ។ ក្រៅពី​នោះ ក៏មាន​ការ​ព្យាបា​លនៅ​តាមជម្ឈ​មណ្ឌល​រដ្ឋ ឯកជន និង​អង្គ​ការក្រៅ​រដ្ឋាភិ​បាល​ចំនួន១៥​ផង​ដែរ។ អ្នក​ញៀន​ថ្នាំ​ជា​ច្រើន​ផ្សេង​ទៀត​ក៏មិន​ទាន់​ទទួល​បាន​ការ​ព្យាបា​លប​ន្សាប​នោះ​ទេ ដោយពួក​គេ​បន្ត​រស់​នៅ​ជាមួយ​គ្រួសារ​នៅតា​មសហគមន៍។

ក្នុង​កិច្ចខិត​ខំទប់​ស្កាត់​ការប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា ​អ.ជ.ប.គ.ញបាន​បង្កើត App Nodrug ​កាល​ពីខែ​មេ​សាក​ន្លង​មក ដើម្បី​ធ្វើ​ទំនើបឱ្យ​ទាន់​សម័យ និង​មាន​ប្រសិទ្ធ​ភាព។

លោក ​លឹម ​តុងហួត ​ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ ​អប់រំ ​និង​ទំនាក់​ទំនង​សាធារណ:​ អ.ជ.ប.គ.ញ បាន​ឱ្យ​ដឹង​ថា​ចាប់​ពី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ​នូវ​App NoDrug នេះ​មក​ អ.ជ.ប.គ.ញ បាន​ជំរុញ​ បំផុស ​ផ្សព្វផ្សាយ​ ការ​ទាញ​យក​និង​ប្រើប្រាស់​បាន​ជាង៣ម៉ឺន​នាក់ ​គិតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ត​ថា តាមរយៈ​កម្មវិធីទូរស័ព្ទដៃ​នេះ​ អង្គភាព​ជំនាញ​បាន​ទទួល​របាយការណ៍​អំពី​បញ្ហា​គ្រឿងញៀន​បាន​ជាង​៤៣៥​ករណី។ ​ក្នុងនោះ​បទ​ល្មើស​ ដែល​ត្រូវ​បាន​ដោះ​ស្រាយ​រួចមាន​១៩៨ករណី ​និង​កំពុងដោះ​ស្រាយ​៩៤​ករ​ណី​ផង​ដែរ។

លើស​ពីនោះ ​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន​នេះ ​អ.ជ.ប.គ.ញ​ក៏​បាន​បង្កើតគោល​នយោ​បាយ​ថ្មី​មួយ​ទៀត​ផងដែរ​គឺ «គោល​នយោបា​យ​ភូមិស» ហើយ​បាន​ដាក់​ទៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​រួច​រាល់​ហើយ​ផង​ដែរ ​ដើម្បី​ពិនិត្យ និង​សម្រេច​ដាក់​ឱ្យ​អនុ​វត្តជា​ផ្លូវ​ការ។ នេះ​បើ​យោងតាម​ នាយឧត្តមសេនីយ៍ ​មាស វិរិទ្ធ ​អគ្គលេខា​ធិការ​ អ.ជ.ប.គ.ញ។

ទោះ​យ៉ាង​ណា ​លោក​នាយឧត្តមសេនីយ៍​សុំ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លំអិត​ពី​គោលន​យោបាយ​ភូមិ​ស​នេះ​នោះ​ទេ ដោយ​រង​ចាំ​ការ​សម្រេច​ឱ្យ​អនុវត្តជាផ្លូវ​ការ​របស់​រដ្ឋាភិ​បាល​សិន។

លោក​មាស ​វិរិទ្ធ​មាន​ប្រសាសន៍​ថា៖«ជំនាញ​បាន​បញ្ចប់​គោលន​យោបាយ​ហ្នឹង​ ហើយ​បាន​ដាក់​ទៅរដ្ឋាភិបាល​ហើយ​ដែ​រ។ គោលនយោបាយ​ភូមិស​នេះ​នឹង​ធ្វើ​នៅ​ទូទាំង​ប្រទេស ​ចំនួន​១៤ ៥៨០ភូមិ។​សូចនាករហ្នឹង​ធ្វើយ៉ាង​ម៉េច​កុំ​ឱ្យមាន​គ្រឿង​ញៀនក្នុង​ភូមិ ​ដែល​ជា​ចំណែក​មួយ​នៃ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព។ នៅ​ក្នុង​គោលន​យោយ​មាន​សរសេរពី​ផែន​ការ​អនុវត្ត​អស់​ហើយ»។

ក្រុម​ការងារ​ឃុំរាម​កំពុង​តែ​បន្ត​សកម្មភាព​នេះ​តទៅ​ទៀត​ ដែល​ជា​ការ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​បង្រ្កាប​ក្មេង​ទំនើងផង ​និង​អនុវត្ត​កម្ម​វិធី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផង​ដែរ។

លោក​ត្រឹង​ថ្លែង​ដូច្នេះ​ថា៖«ក្មេងៗ​ទាំង​អស់​ហ្នឹង​ភាគ​ច្រើន​បាន​ឈប់​ប្រើ​ប្រាស់ ​និង​កែ​ប្រែ​ខ្លួន។ តាំង​ពី​យើង​ចុះ​ហ្នឹង​មក ឥលូវ​ក្នុង​ភូមិ​ឃុំរាង​ស្ងាត់​អស់​ហើយ​ ព្រោះ​គាត់​បាន​យល់​បន្ទាប់​ពី​យើង​បាន​ធ្វើការ​ណែនាំ​ពី​ផ្លូវ​ច្បាប់​ និង​ផល​ប៉ះ​ពាល់។ អ្នក​ដែលប​ញ្ជូន​ទៅ​មណ្ឌល​ ទាល់​តែ​អស់​សារ​ធាតុ​ញៀន​ពី​ក្នុង​ខ្លួន​ ទើប​គេ​ឱ្យ​មក​វិញ»៕