វិសមភាព​នៅ​លើ​ពិភពលោក និង ​ទិដ្ឋភាព​នៅ​កម្ពុជា

បទសម្ភាសន៍​រវាង​ភ្នំពេញប៉ុស្តិ៍​ជាមួយនិង​​លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅ​កម្ពុជា​អំពីវិសមភាពសកល និង​ទិដ្ឋភាព​នៅ​កម្ពុជា

ថ្មីៗនេះ អង្គការអុកស្វាមអន្តរជាតិ បានចេញផ្សាយរបាយការណ៍វិសមភាពឆ្នាំ ២០២៥ ដែលមានចំណងជើងថា «Takers, Not Makers»។ តើអ្វីទៅជារបកគំហើញសំខាន់ៗនៃរបាយការណ៍នេះ?

ប្រជាពលរដ្ឋក្រីក្រទូទាំងពិភពលោក បន្តប្រឈមមុខនឹងវិបត្តិជាច្រើន។ ក្រោយជំងឺ​រាតត្បាត មនុស្សរាប់ពាន់លាននាក់បន្តរស់នៅយ៉ាងលំបាក​ដោយសារបំណុលដែលមិនអាចសងបាន ប្រាក់ឈ្នួលទាប និងតម្លៃអាហារកាន់តែខ្ពស់។ ខាងក្រោមនេះជាការរកឃើញសំខាន់ៗមួយចំនួនក្នុងរបាយការណ៍អង្គការអុកស្វាមអន្តរជាតិស្តីអំពី «មិនមែនជាអ្នកធ្វើ តែជាអ្នកចាំទទួលផល» (Takers Not Makers)។

នៅឆ្នាំ ២០២៤ ចំនួនមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារបានកើនឡើងដល់ ២៧៦៩ នាក់ គឺកើនឡើង ២០៤​ នាក់បន្ថែមពីឆ្នាំ២០២៣​ ឬជាមធ្យមមានមហាសេដ្ឋីថ្មីប្រមាណ ៤ នាក់ក្នុងមួយសប្តាហ៍។ នៅឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំងនេះបានកើនឡើងចំនួន ២ ទ្រីលានដុល្លារអាមេរិក ។

ទ្រព្យសម្បត្តិរបស់បុរសដែលជាសេដ្ឋីមានទ្រព្យសម្បត្តិ ច្រើនជាងគេបំផុតទាំងដប់រូបនៅលើពិភពលោកបានកើនឡើងជាមធ្យមជិត ១០០ លានដុល្លារក្នុងមួយថ្ងៃ ។ ទោះបីជាពួកគេបាត់បង់ទ្រព្យសម្បត្តិ ៩៩%  ក៏ពួកគេនៅតែជាមហាសេដ្ឋីពាន់លានដដែលដែរ។

មហាសេដ្ឋីជាច្រើន​ចូលចិត្ត​ប្រាប់​យើង​ថា​ការ​ក្លាយ​ជា​អ្នក​មាន​ត្រូវ​ប្រើ​ជំនាញ ភាព​ឆ្លាតវៃ និង​ការ​ខិតខំ។ ប៉ុន្តែ​ការពិត​ ​ទ្រព្យ​សម្បត្តិ​ភាគច្រើន​របស់ពួកគេបានមកពីការប្រមូលយកជាជាង ការប្រឹងប្រែង «ធ្វើបាន​ដោយ​ខ្លួន​ឯង»។ ពួកគេភាគច្រើនបានក្លាយជាមហាសេដ្ឋីតាមរយៈការទទួល​មរតក​ដ៏មហាសាលពីមួយជំនា់ទៅមួយជំនាន់​​។ អង្គការអុកស្វាមអន្តរជាតិបានរកឃើញថា ទ្រព្យសម្បត្តិមហាសេដ្ឋីទាំងនោះចំនួន ៣៦% ជាកេរមរតក។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំប្រទេសកម្ពុជា ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ អំពីវិសមភាពាសកល។ សហការី

ហេតុអ្វីបានជាអង្គការអុកស្វាមថា មហាសេដ្ឋីទាំងនេះ ជា «អ្នកចាំទទួលផល តែមិនធ្វើ» (Takers Not Makers) និងអ្វីជាកត្តាជំរុញចម្បងនៃវិសមភាពសកលទាំងនេះ?

របាយការណ៍របស់អង្គការអុកស្វាមអន្តរជាតិបានបំភ្លឺថា​ ៦០% នៃទ្រព្យសម្បត្តិមហាសេដ្ឋីគឺភាគច្រើនបានមកពីកេរមរតក ការទទួលបានសិទ្ធិរកស៊ីផ្តាច់មុខ ឬទំនាក់ទំនងបក្សពួកនិយម។

ទ្រព្យសម្បត្តិដែលមិនប្រកបដោយធម៌ ​និងតាមរយៈអាណានិគម ត្រូវបានគេយល់ថាមិនត្រឹម តែជាប្រវត្តិសាស្ត្រនៃការប្រមូលយកទ្រព្យសម្បត្តិយ៉ាងច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងដ៏មានឥទ្ធិពលដែលជំរុញឲ្យមានវិសមភាពធំបំផុតនាពេលបច្ចុប្បន្ន ដែលជាកត្តាសំខាន់២នៃការប្រមូលផ្តុំទ្រព្យសម្បត្តិមហាសេដ្ឋី។​

របាយការណ៍អង្គការអុកស្វាមបានបង្ហាញឲ្យឃើញទៀតថា ទ្រព្យសម្បត្តិមហាសេដ្ឋីចំនួន ៣៦% ជាមរតក ដែលការផ្ទេរមរតកនេះភាគច្រើនមិនត្រូវបានយកពន្ធ ខណៈដែល ១៨% បានមកពីប្រភពរកស៊ីផ្តាច់មុខ និង ៦% បានមកពីទំនាក់ទំនងបក្សពួកនិយមជាពិសេសនៅក្នុងឧស្សាហកម្មរ៉ែ និងសំណង់។

នៅឆ្នាំ ២០២៣ អ្នកមានបំផុត ១% នៅក្នុងបណ្តាប្រទេសលោកខាងជើង(ប្រទេសអភិវឌ្ឍ) បានដកប្រាក់ចំនួន ៣០ លានដុល្លារក្នុងមួយម៉ោងពីប្រទេសលោកខាងត្បូង (ប្រទេសកំពុងអភិវឌ្ឍ) តាមរយៈប្រព័ន្ធហិរញ្ញវត្ថុដែលមានចំនួនសរុប ៩២១ពាន់លានដុល្លារ ស្មើបួនដងនៃជំនួយសម្រាប់ប្រទេសទេសលោកខាងត្បូង។

ចន្លោះឆ្នាំ ១៩៧០ និង ២០២៣ រដ្ឋាភិបាលប្រទេសលោកខាងត្បូងបានបង់ការប្រាក់ចំនួន  ៣,៣ ទ្រីលានដុល្លាដល់ម្ចាស់បំណុលលោកខាងជើង។

នៅទូទាំងពិភពលោក ស្ត្រីត្រូវបានគេរកឃើញកាន់តែច្រើននៅក្នុងការងារក្រៅប្រព័ន្ធ ដែលងាយរងគ្រោះ ដូចជាការងារតាមផ្ទះ និងពលករចំណាកស្រុកនៅប្រទេសអ្នកមានទទួលបានចំណូលប្រមាណ ១៣% តិចជាងពលករប្រទេសកំណើត ដោយគម្លាតប្រាក់ឈ្នួលកើនឡើងដល់ ២១% សម្រាប់ស្ត្រីចំណាកស្រុក។

តើនេះបង្ហាញថា អង្គការអុកស្វាម​កំពុងតែរិះគន់មហាសេដ្ឋី និងប្រឆាំងការមានទ្រព្យសម្បត្តិមែនទេ?

អង្គការអុកស្វាម មិនរិះគន់មហាសេដ្ឋីពាន់លានទាំងនេះទេ ឬប្រឆាំងនឹងទ្រព្យសម្បត្តិដែលពួកគេមាននោះ​ ប៉ុន្តែយើងប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព ដោយពិនិត្យមើលពីរបៀបដែលសាជីវកម្មចម្រុះជាតិសាសន៍ធំៗ និងមហាសេដ្ឋីទាំងនេះកាន់តែមានទៅៗ ខណៈដែលអ្នកផ្សេងទៀតកាន់តែក្រទៅៗ។

ការ​រក​លុយ​មិន​មែន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ប្រាក់​ចំណេញ ​និង​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់គឺជាបញ្ហា ជាពិសេសប្រសិនបើទ្រព្យសម្បត្តិទាំងនោះជាលទ្ធផលនៃភាពអយុត្តិធម៌សេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ដល់ជនមួយភាគតូច និងកេងប្រវ័ញ្ចលើជនដទៃ។

សាជីវកម្មធំៗ និងបុគ្គលដែលមានទ្រព្យសម្បត្តិច្រើន កំពុងជួយបង្កើនវិសមភាពនេះតាមរយៈការគេចពន្ធ គោលនយោបាយអំណោយផលសម្រាប់នាយទុន និងប្រាក់ឈ្នួលកម្មករទាប។

ថ្វីត្បិតតែមហាសេដ្ឋីទាំងនេះប្រើប្រាស់លុយរបស់ពួកគេតាមរយៈការងារសប្បុរសធម៌ក៏ដោយ ក៏ទាំងនេះមិនអាចជំនួសការទទួលខុសត្រូវរបស់ក្រុមហ៊ុន ឬបុគ្គលក្នុងកាតព្វកិច្ចពន្ធប្រកបដោយុត្តិធម៌ ឬធានាថាកម្មកររបស់ពួកគេទទួលបានប្រាក់ឈ្នួលសមរម្យនោះទេ។

ផ្អែកតាមការរកឃើញនៅក្នុងរបាយការណ៍វិសមភាពសកលនេះ តើប្រទេសកម្ពុជាជួបប្រទះនឹងបញ្ហាវិសមភាពអ្វីខ្លះ?

វិសមភាព គឺជាបញ្ហាដែលកើតមានជាហូរហែរក្នុងសង្គមគ្រប់ទីកន្លែងរួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ យើងបានសង្កេតឃើញថា វិសមភាពមាននៅទូទាំងវិស័យអភិវឌ្ឍន៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា ដែលជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃជីវិត រួមទាំងលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព ឱកាសសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម។

ការដោះស្រាយវិសមភាពទាំងនេះ ទាមទារឱ្យមានវិធីសាស្ត្រដ៏ទូលំទូលាយមួយដែលតម្រូវឲ្យមានកិច្ចសហការរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់មានឱកាសរីកចម្រើន និងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ។

ខណៈពេលដែលប្រទេសកម្ពុជាបានបោះជំហានទៅមុខក្នុងការកាត់បន្ថយភាពក្រីក្រ វិសមភាពប្រាក់ចំណូលនៅតែជាបញ្ហាសំខាន់។

ប្រាក់ឈ្នួលអប្បបរមា ២០៨ ដុល្លា ក្នុងឆ្នាំ ២០២៥ ក្នុងវិស័យកាត់ដេរ មិនទាន់ធានាដល់ការរស់នៅសមរម្យសម្រាប់កម្មករនៅឡើយទេ។ ភាពខុសគ្នាស្រដៀងគ្នានេះមាននៅក្នុងវិស័យទេសចរណ៍ និងសំណង់ ដែលស្ត្រីប្រឈមមុខនឹងគម្លាតប្រាក់ឈ្នួលដ៏គួរឱ្យភ្ញាក់ផ្អើល។​ នេះគឺជាការលំបាកពិតប្រាកដដែលប្រជាជនកំពុងជួបប្រទះ។

បើតាមរបាយការណ៍​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ២០,៥% នៃប្រជាជនដែលមានការងារធ្វើក្នុងឆ្នាំ ២០២៣ គឺរស់នៅក្រោមបន្ទាត់ភាពក្រីក្រ (២,១៥ ដុល្លា)។

ការចំណាយខ្ពស់ក្នុងជីវភាពរស់នៅនៅកម្ពុជា ធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់គ្រួសារដែលមានប្រាក់ចំណូលទាប។

យោងតាមការស្ទង់មតិរបស់ Gallup នៅឆ្នាំ ២០២៣ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥៨% បានជួបការលំបាកផ្នែកសេដ្ឋកិច្ចក្នុងការទិញម្ហូបអាហារ ទោះបីការធ្លាក់ចុះពី ៧២% ក្នុងឆ្នាំ ២០១៣ ។

អង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានរកឃើញក្នុងឆ្នាំ ២០២៣ ថា មនុស្សជាច្រើនមិនមានលំនៅដ្ឋានគ្រប់គ្រាន់ និងមិនមានលទ្ធភាពប្រើប្រាស់សេវាសំខាន់ៗដូចជាទឹកស្អាត និងអគ្គិសនីនៅកម្ពុជាទេ។

ចំណាត់ថ្នាក់សមភាពយេនឌ័ររបស់កម្ពុជាបានធ្លាក់មកត្រឹម​ ១០២ ក្នុងចំណោមប្រទេសចំនួន ១៤៦ នៅក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ ដែលបង្ហាញពីគម្លាតក្នុងការផ្តល់អំណាចផ្នែកនយោបាយ ការចូលរួមផ្នែកសេដ្ឋកិច្ច ការទទួលបានការអប់រំ និងការថែទាំសុខភាព។ នេះបង្ហាញពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីសម្រេចបានសមភាពយេនឌ័រ។

យោងតាមរបាយការណ៍ស្រាវជ្រាវ «ការថែទាំ និងការងារផ្ទះ» របស់អង្គការអុកស្វាម ដែលទទួលបានថវិកាគាំទ្រពីស្ថានទូតអៀរឡង់ និងបានផ្សព្វផ្សាយកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ២០២៥ ថ្មីៗនេះ បានបង្ហាញឲ្យឃើញថា នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ស្ត្រីនៅប្រទេសកម្ពុជាចំណាយពេលប្រហែល ១៨៨ នាទីជារៀងរាល់ថ្ងៃលើការថែទាំ និងការងារតាមផ្ទះ ដែលមិនទទួលបានប្រាក់កម្រៃ ខណៈដែលបុរសចំណាយត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

២០ ឆ្នាំក្រោយមក ការងារដែលមិនទទួលបានប្រាក់កម្រៃរបស់ស្ត្រីបានកើនឡើងពីរម៉ោងទៀត ដែលសរុបលើសពី ៥ ម៉ោង ក្នុងមួយថ្ងៃ បើធៀបនឹងបុរស​ដែល​លើសពី ២ ម៉ោងប៉ុណ្ណោះ។

វិសមភាពផ្នែកអប់រំ គឺជាបញ្ហាចំបងក្នុងប្រទេសកម្ពុជា។ លទ្ធភាពទទួលបានការអប់រំឯកជនមានគុណភាព មានតម្លៃសមរម្យសម្រាប់តែមនុស្សមួយចំនួនដែលមានលទ្ធភាពប៉ុណ្ណោះ ធ្វើឱ្យភាពមិនស្មើគ្នានេះកាន់តែធ្ងន់ធ្ងរ។

របាយការណ៍ឆ្នាំ ២០២៣ របស់ធនាគារពិភពលោកបង្ហាញថា កុមារកម្ពុជាអាចសម្រេចបានត្រឹមតែពាក់កណ្តាលផលិតភាពសក្តានុពលរបស់ពួកគេ។

គួរឱ្យព្រួយបារម្ភ មានតែ ៣% នៃក្មេងអាយុ ១៥ ឆ្នាំប៉ុណ្ណោះ ដែលមានជំនាញជាមូលដ្ឋានផ្នែកគណិតវិទ្យា ២% ក្នុងការអាន និង​១% ផ្នែកវិទ្យាសាស្ត្រ ដែលបង្ហាញពីគម្លាតនៃការអប់រំយ៉ាងច្រើន។

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ។ យើងអាចមើលឃើញផលិតផលក្នុងស្រុកសរុប (GDP) ធ្លាក់ចុះ ២,៥% នៅឆ្នាំ ២០៣០ និងឡើងដល់ ៩,៨% នៅឆ្នាំ ២០៥០ ប្រសិនបើគ្មានវិធានការ​ឆាប់រហ័ស និងច្បាស់លាស់ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ការប្រែប្រួលអាកាសធាតុធ្វើឱ្យវិសមភាពសង្គម និងសេដ្ឋកិច្ចដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមងាយរងគ្រោះប្រឈមនឹងហានិភ័យកាន់តែច្រើនពីគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ អសន្តិសុខស្បៀង និងការលំបាកផ្នែកសេដ្ឋកិច្ច។

ទោះបីជាមានវិសមភាពទាំងនេះក៏ដោយ កម្ពុជាបានធ្វើឱ្យមានការវិវឌ្ឍសំខាន់ជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រ បើយោងតាមរបាយការណ៍ UNPD ឆ្នាំ២០២៤ អត្រាធ្លាក់ចុះគឺពី ៣៦.៧% ក្នុងឆ្នាំ២០១៤ មកនៅ ១៦.៦% នៅឆ្នាំ២០២២។

បើតាមក្រសួងផែនការ ឆ្នាំ២០២៤ អាយុកាលជាមធ្យមក៏បានកើនឡើងដល់ ៧៦.៦ ឆ្នាំ (៧៤.៧ សម្រាប់បុរស និង ៧៨.៤ សម្រាប់ស្ត្រី) ពី ៧៦ឆ្នាំ ក្នុងឆ្នាំ២០១៩។

ការវិនិយោគរបស់រដ្ឋាភិបាលចំនួន ៤.៣ ពាន់លានដុល្លារ ក្នុងគំនិតផ្តួចផ្តើមកិច្ចគាំពារសង្គមពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៤ គឺគួរឱ្យស្ញើចសរសើរ ការគាំទ្រនេះ​ បានផ្តល់អត្ថប្រយោជន៍ដល់កម្មករចំនួន ១.៦៨ លាននាក់ តាមរយៈប្រាក់សោធននិវត្តន៍ ប្រជាជន ២.៥៣ លាននាក់ តាមរយៈសេវាថែទាំសុខភាព ប្រជាជន ១.៩៦ លាននាក់ តាមរយៈការគ្របដណ្តប់ហានិភ័យការងារ និងប្រមាណ ៤.៨ លាននាក់ទៀតតាមរយៈមូលនិធិសមធម៌សុខភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះសុទ្ធសឹងជួយប្រយុទ្ធប្រឆាំងនឹងវិសមភាព។

អង្គការអុកស្វាម សូមឆ្លៀតឱកាសនេះអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក និងថ្មីៗនេះបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងវេទិកាសប្តាហ៍គាំពារសង្គម ២០២៥។ ក្របខណ្ឌគោលនយោបាយនេះ នឹងជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយវិសមភាពបន្ថែមទៀត។

តើអង្គការអុកស្វាមនៅកម្ពុជាបាននឹងកំពុងធ្វើការងារអ្វីខ្លះដើម្បីដោះស្រាយបញ្ហាវិសមភាពទាំងនោះ?

អង្គការអុកស្វាមកំពុងដោះស្រាយវិសមភាពជាប្រព័ន្ធតាមរយៈកម្មវិធីចំនួន ៣ រួមមាន កម្មវិធីសេដ្ឋកិច្ចបៃតង គាំពារសង្គម និងអភិបាលកិច្ចធនធានធម្មជាតិ។

គំនិតផ្តួចផ្តើមទាំងនេះ ផ្តោតលើការលើកកម្ពស់គំរូសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការគាំទ្រអ្នកផលិតខ្នាតតូច និងការប្រើប្រាស់ក្របខ័ណ្ឌអាជីវកម្មប្រកបដោយបរិយាបន្ន ដើម្បីកាត់បន្ថយវិសមភាពប្រាក់ចំណូលសម្រាប់កសិករ ជាពិសេសស្ត្រី។

ការតស៊ូមតិលើកិច្ចគាំពារសង្គមជាសកល សហការជាមួយអ្នកពាក់ព័ន្ធផ្សេងៗដើម្បីលើកកម្ពស់សុខុមាលភាព និងការធានាបានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ ដើម្បីកាត់បន្ថយវិសមភាព និងភាពក្រីក្រ ធានាថាក្រុមងាររងគ្រោះទទួលបានសេវាសំខាន់ៗ និងចាំបាច់។

ការធានាឱ្យកម្មករទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងសំឡេងនៅក្នុងការសម្រេចចិត្តនៅកន្លែងធ្វើការខណៈដែលគាំទ្រពួកគេក្នុងការសម្របខ្លួនទៅរកឱកាសទទួលបានចំណូលថ្មី និងការផ្តល់ការគាំទ្រដោយយុត្តិធម៌ ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែងរៀបចំសេដ្ឋកិច្ចឡើងវិញ។

ការផ្តល់អាទិភាពដល់ការការពារសិទ្ធិស្មើគ្នារបស់ស្ត្រី និងក្រុមងាររងគ្រោះ ដោយជម្រុញឱ្យមានភាពជាតំណាងស្មើគ្នាក្នុងមុខតំណែងជាអ្នកដឹកនាំ និងដោះស្រាយវិសមភាពនៃការងារថែទាំ ដើម្បីធានាបាននូវការទទួលស្គាល់ និងការទទួលខុសត្រូវដោយយុត្តិធម៌។

ការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថាន ដែលប៉ះពាល់ដល់សហគមន៍ដែលងាយរងគ្រោះ ការធានាថាក្រុមដែលងាររងគ្រោះមានសំឡេងក្នុងការសម្រេចចិត្តផ្នែកអាកាសធាតុ ធានាបាននូវហិរញ្ញវត្ថុអាកាសធាតុដែលអាចចូលដំណើរការបាន និងការតភ្ជាប់បញ្ហាក្នុងស្រុក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងយុត្តិធម៌អាកាសធាតុក្នុងតំបន់ និងពិភពលោក។

តាមយោបល់របស់លោកស្រី តើប្រទេសកម្ពុជាអាចលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ដើម្បីកាត់បន្ថយវិសមភាពឲ្យកាន់តែមានប្រសិទ្ធិភាព និងគាំទ្រប្រជាជនដែលងាយរងគ្រោះបានដោយរបៀបណា?

ដូចដែលបានជម្រាបជូនខាងលើ ការវិនិយោគរបស់រាជរដ្ឋាភិបាលចំនួន ៤,៣ ពាន់លានដុល្លារ ក្នុងការងារកិច្ចគាំពារសង្គម គឺគួរឱ្យស្ញើចសរសើរ ដែលការគាំទ្រនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៧,៥ លាននាក់។

ដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា និងកាត់បន្ថយវិសមភាព និងគាំទ្រប្រជាជនដែលងាយរងគ្រោះកាន់តែមានប្រសិទ្ធភាព ចាំបាច់ត្រូវមានវិធានការបន្ថែម។

កំណត់ឡើងវិញនូវការចំណាយសាធារណៈ ដើម្បីផ្តោតលើវិស័យសង្គមដូចជា ការអប់រំ សុខភាព ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសារវិស័យសង្គមទាំងនេះទទួលបានការកើនឡើងថវិកាតិចតួចបំផុតក្នុងឆ្នាំ ២០២៥ ។

ការកែលម្អការប្រមូលពន្ធលើផលិតផលដូចជាថ្នាំជក់ គ្រឿងស្រវឹង និងអចលនទ្រព្យ អាចបង្កើនប្រាក់ចំណូល។ ការពង្រីកគោលនយោបាយគាំពារសង្គម ដើម្បីរួមបញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកអត់ការងារធ្វើ មនុស្សចាស់ ជនមានពិការភាព និងសហគមន៍ជនជាតិដើមភាគតិច មានសារៈសំខាន់ណាស់។

ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីបញ្ចូលអ្នកគ្មានការងារធ្វើ និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ។

ពង្រីកគោលនយោបាយគាំពារសង្គម ដើម្បីគ្របដណ្តប់ក្រុមងាយរងគ្រោះ ដោយកំណត់អាទិភាពលើសន្តិសុខប្រាក់ចំណូលសម្រាប់យុវជន កម្មករចំណាកស្រុក និងអ្នកគ្មានការងារធ្វើ។

ពង្រឹងកិច្ចគាំពារសង្គមដោយឱ្យម្ចាស់អាជីវកម្ម សហគ្រាសធនតូច និងមធ្យម និងកសិករខ្នាតតូច ចុះបញ្ជីនិយោជិត ឬកម្មករក្នុងបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស.)។

បង្កើនការបែងចែកថវិកាសម្រាប់កញ្ចប់ថែទាំសុខភាពសម្រាប់អ្នកកាន់ប័ណ្ណ ប.ស.ស. ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាកម្ម តាមរយៈការធ្វើរោគវិនិច្ឆ័យ និងការបង្ការជាមុន និងលើកកម្ពស់ការជឿទុកចិត្តរបស់សាធារណៈជនក្នុងអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពិនិត្យ និងព្យាបាល។

តម្រូវឲ្យបេឡាជាតិរបបសន្តិសុខសង្គម (NSSF) និង មូលនិធិជាតិជំនួយសង្គម (NSAF) ផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងមូលនិធិការចំណាយ និងការបែងចែកឡើងវិញ។

ដោះស្រាយបញ្ហាប្រឈមរបស់គ្រួសារដែលមានប្រាក់ចំណូលទាប ខ្វះលទ្ធភាពទទួលបានកន្លែងថែទាំកុមារដែលមានគុណភាព តម្លៃសមរម្យ ដោយបង្កើនលទ្ធភាពទទួលបានមជ្ឈមណ្ឌលថែទាំកុមារសាធារណៈ ជាពិសេសនៅតាមជនបទ និងធានាថា សេវាទាំងនេះមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់គ្រួសារទាំងអស់។

កិច្ចសម្ភាសន៍នេះត្រូវបានកែសម្រួលឡើងវិញដើម្បីងាយយល់។ ទស្សនៈដែលបានលើកឡើងក្នុងអត្ថបទនេះ គឺជាទស្សនៈរបស់អ្នកផ្តល់បទសម្ភាសន៍ទាំងស្រុង។