
នៅក្នុងរបត់ទីផ្សារដែលបន្តកើនឡើង និងធ្លាក់ចុះមិនទៀងទាត់ វិនិយោគិនមួយចំនួនធំ បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅរកទីផ្សារភាគហ៊ុនដែលមាន «សុវត្ថិភាព ស្ថិរភាព និងភាពធន់»។
បច្ចុប្បន្ននេះ ភាគហ៊ុន Blue Chip មានភាពរឹងមាំ អាចរក្សាតម្លៃ និងបង្កើតប្រាក់ចំណេញសន្ធឹកសន្ធាប់ទាំងក្នុងទីផ្សារគោ និងទីផ្សារខ្លាឃ្មុំ។ ភាគហ៊ុន Blue Chip នេះ ភាគច្រើនជាក្រុមហ៊ុនស្ថិតក្នុងវិស័យវិនិយោគដែលមានភាពចាស់ទុំ ឧទាហរណ៍៖ ភាគហ៊ុនធនាគារ និងភាគហ៊ុន នៃសាជីវកម្មខ្នាតធំ។ បច្ចុប្បន្ននេះ ភាគហ៊ុន Blue Chip មានវិសាលភាពនៅទូទាំងពិភពលោក ដែលគ្រប់គ្នាគួរយល់ដឹង ជាពិសេសសវិនិយោគិនវ័យក្មេង។
តើភាគហ៊ុន Blue Chip ជាអ្វី?
ភាគហ៊ុន Blue Chip គឺជាភាគហ៊ុននៃក្រុមហ៊ុនធំៗ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានប្រវត្តិនៃដំណើរការហិរញ្ញវត្ថុរឹងមាំ ហើយជារឿយៗផ្តល់ភាគលាភដល់វិនិយោគិន។ ប្រភេទភាគហ៊ុនទាំងនេះត្រូវបានគេដឹងថាមានសមត្ថភាពអាចស៊ូទ្រាំនឹងស្ថានភាពទីផ្សារដ៏លំបាកបានដោយជោគជ័យ ហើយផ្តល់ផលចំណេញខ្ពស់នៅពេលដែលទីផ្សារដំណើរការល្អ។ ឧទាហរណ៍មួយចំនួននៃភាគហ៊ុន Blue Chip គឺ Coca-Cola, Walmart, Nike, PepsiCo, Microsoft Corp, Apple, NIKE និង Tesla ជាដើម។

ប្រវត្តិនៃភាគហ៊ុន Blue Chip
នៅឆ្នាំ ១៩២៣ លោក Oliver Gingold ដែលជាបុគ្គលិកនៃក្រុមហ៊ុន Dow Jones បានបង្កើតពាក្យ «ភាគហ៊ុន Blue Chip» នៅពេលដែលគាត់តាមដានការដេញថ្លៃភាគហ៊ុននៅ Merrill Lynch ដែលជាការិយាល័យគ្រប់គ្រងការវិនិយោគ និងទ្រព្យសម្បត្តិរបស់ធនាគារអាមេរិក ដោយគាត់សង្កេតឃើញថា កិច្ចព្រមព្រៀងតម្លៃភាគហ៊ុនជាច្រើនមានតម្លៃចាប់ពី ២០០ ដុល្លាអាមេរិក ឬច្រើនជាងនេះក្នុង ១ ហ៊ុន។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោក Oliver Gingold បានសរសេរពីតម្លៃភាគហ៊ុនខ្ពស់នេះដោយឱ្យឈ្មោះថា «Blue Chip» ដែលជាការប្រៀបធៀបទៅនឹងល្បែងភ្នាល់ Poker Chip ដែលក្នុងល្បែងនេះកាក់ពណ៌ខៀវមានតម្លៃខ្ពស់លើស គេ។ ចាប់តាំងពីពេលនោះមក ពាក្យនេះបានក្លាយជាពាក្យសម្រាប់ពណ៌នា អំពីភាគហ៊ុនដែលមានតម្លៃខ្ពស់។
លក្ខណពិសេសរបស់ភាគហ៊ុន Blue Chip
ភាគហ៊ុន Blue Chip មានប្រជាប្រិយភាពក្នុងចំណោមវិនិយោគិន ជាពិសេស សម្រាប់វិនិយោគិនដែលមិនមានការប្រថុយនឹងហានិភ័យដោយសារស្ថិរភាព និងភាពដែលអាចទុកចិត្តបានរបស់វា។ ភាគហ៊ុន Blue Chip ភាគច្រើនជាផ្នែកនៃទីផ្សារសាជីវកម្មខ្នាតធំដែលមានការវាយតម្លៃសន្ទស្សន៍ ទីផ្សារចំនួន ១ ពាន់លានដុល្លាអាមេរិកឬច្រើនជាងនេះ។ ភាគហ៊ុន Blue Chip មានលក្ខណពិសេស៣យ៉ាងដូចខាងក្រោម៖

១). កេរ្តិ៍ឈ្មោះ៖ ភាគហ៊ុន Blue Chip ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនធំៗ ដែលមានប្រវត្តិជោគជ័យយូរអង្វែង។
២).ហិរញ្ញវត្ថុ៖ ភាគហ៊ុនទាំងនេះមានតារាងតុល្យការរឹងមាំ ប្រាក់ចំណូល ជាប់លាប់ និងលំហូរសាច់ប្រាក់ដែលមានសុខភាពល្អ។
៣). ស្ថិរភាព៖ ដោយសារភាគហ៊ុន Blue Chip ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនធំៗដែលមានប្រវត្តិប្រតិបត្តិការយូរអង្វែង វាមានស្ថិរភាពខ្ពស់ហើយត្រូវបានធ្វើពិពិធកម្មច្រើនក្នុងវិស័យដែលធ្វើឱ្យភាគហ៊ុន Blue Chip ជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលចង់បានផលចំណេញ ដែលមានស្ថិរភាព៕

រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល
អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ international@serc.gov.kh | ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១
ឯកសារយោង៖
https://www.investopedia.com/terms/b/bluechipstock.asp
https://www.investopedia.com/terms/b/bluechip.asp