ភ្នំពេញៈ ទោះបីជំងឺកូវីដ ១៩ បានបន្តការឆ្លងរាលដាលរយៈពេលជាង ១ ឆ្នាំហើយក៏ដោយ ក៏សកម្មភាពនៃការចាក់ដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍កោះនរា មិនបានជាប់គាំងឡើយ ដោយមកដល់ពេលនេះសម្រេចបានប្រមាណ ៤៥ ភាគរយ។ នេះបើយោងតាមថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍ OCIC។
កោះនរា មានទីតាំងនៅក្នុងតំបន់ច្បារអំពៅនៃខណ្ឌច្បារអំពៅទល់មុខក្រុងរណបកោះពេជ្រដែលបច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសង់ស្ពានចំនួន ២ ខ្សែភ្ជាប់ទៅទីនោះ (១ ចេញពីកោះពេជ្រ និង ១ ទៀតចេញពីផ្លូវជាតិលេខ ១) ដោយស្ពានទាំង ២ នឹងត្រូវចំណាយថវិកា ប្រមាណ ៣៩,៦ លានដុល្លារ។
គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC លើផ្ទៃដីទំហំ ១២៥ ហិកតា ក្រោមទុនវិនិយោគ ២,៥ ពាន់លានដុល្លារ។ OCIC ចាប់ផ្តើមចាក់ដីបំពេញ បុកគ្រឹះបេតុងច្រាំងទន្លេ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងនេះតាំងពីខែមករា ឆ្នាំ ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១០ ខែមីនា ថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគម្រោងអភិវឌ្ឍន៍កោះនរាកំពុងដំណើរទៅមុខដោយរលូន ខណៈការចាក់ដីបំពេញ និងការសាងសង់ច្រាំងទន្លេនាពេលនេះសម្រេចបានជិត ៤៥ ភាគរយ។ លោកបន្តថា ពេលនេះក្រុមហ៊ុនមិនទាន់បើកលក់គម្រោងណាមួយទេ ដោយក្រុមហ៊ុនផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធតែប៉ុណ្ណោះ។
លោកអះអាងថា៖ «សកម្មភាពសាងសង់គម្រោងអភិវឌ្ឍន៍នៅកោះនរា កំពុងដំណើរការទៅមុខតាមផែនការកំណត់។ ការរីករាលដាលជំងឺកូវីដ ១៩ មិនបានធ្វើឱ្យអាក់ខានដល់ដំណើរការសាងសង់ទេ»។
លោកបន្ថែមថា សម្រាប់ការកំណត់ថានឹងមានសំណង់ធំៗចំនួនប៉ុន្មានក្នុងគម្រោងនេះ គឺក្រុមហ៊ុន OCIC មិនទាន់អាចកំណត់បានទេ ដោយអ្វីៗវានឹងអាស្រ័យទៅលើកំណើនសេដ្ឋកិច្ច និងការចូលមកបណ្តាក់ទុនរបស់វិនិយោគិនជាក់ស្តែងគឺវាអាចប្រហាក់ប្រហែលនឹងគម្រោងក្រុងរណបកោះពេជ្រដែលរហូតមកដល់ពេលនេះមានការសាងសង់សំណង់ធំៗ និងខ្ពស់ៗជាបន្តបន្ទាប់។
ទោះយ៉ាងណាលោកបញ្ជាក់ថា នៅពេលសាងសង់រួច កោះនរានឹងក្លាយជាតំបន់ពាណិជ្ជកម្ម និងកន្លែងរស់នៅប្រណីតមួយនៅភ្នំពេញដែលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនច្បារសាធារណៈ រោងមហោស្រពលំនៅឋានប្រណីតៗ និងធនាគារជាដើម។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអេស្ទេត បាននិយាយថា គ្រប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យសកម្មភាពទិញ-លក់ និងតម្លៃអចលនទ្រព្យនៅក្នុងតំបន់កើនឡើង ប៉ុន្តែដោយសារពេលនេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរ ហេតុនេះចរន្តទិញ លក់ និងតម្លៃអចលនទ្រព្យនៅតំបន់ក្បែរនោះមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ទេ។
លោកបានថ្លែងថា៖ «ទីផ្សារអចលនទ្រព្យនៅទីនោះនឹងមានកំណើនឡើងវិញបន្ទាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានច្រើនព្រមជាមួយស្ថានភាពកូវីដ ១៩ ល្អប្រសើរ»។
អគ្គនាយកក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ក្នុងពេលបើកការដ្ឋានសាងសង់ស្ពាន ២ ខ្សែភ្ជាប់ទៅកោះនរាកាលពីខែតុលា ឆ្នាំ ២០២០ បាននិយាយថា សាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍកោះនរានេះក្រុមហ៊ុន គ្រោងនឹងចំណាយប្រាក់ប្រមាណ ៥៥០ លានដុល្លារ។ គម្រោងនេះនឹងប្រើកម្លាំងពលកម្ម ៧ ០០០ នាក់ នៅពេលសាងសង់ពេញលេញ៕ LA