ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទន្លេមេគង្គ​នឹងមាន​សម្ទុះ​ឡើង​មួយកម្រិត​ទៀត​ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​អនុម័ត​ឲ្យ​មានការ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មួយ​ភ្ជាប់​ពី​កោះពេជ្រ​ឆ្ពោះ​ទៅ​កាន់​កោះនរា​នៃ​ខណ្ឌ​ច្បារអំពៅ​។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​។

យោងតាម​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន OCIC បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​កោះនរា​ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី-ភ្នំពេញ តាមរយៈ​លិខិត​លេខ ១០៨៥ សជណ.កស ចុះ​ថ្ងៃទី​ ២៨ ខែ​តុលា ឆ្នាំ​ ២០១៨ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ​។

លិខិត​បន្តថា​៖ «​តាម​ផែនការ​ក្រុមហ៊ុន​នឹង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប​ចំនួន ១ ​ខ្សែ ដើម្បី​តភ្ជាប់​ទីក្រុង​កោះពេជ្រ​ទៅ​គម្រោង​អភិវឌ្ឍន៍​កោះនរា​។ នៅពេល​សាងសង់​រួច​ស្ពាន​នេះ​នឹង​ចូលរួមចំណែក​ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​ស្ពាន​ព្រះមុនីវង្ស​បាន​មួយកម្រិត​ធំ ហេតុនេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការស្ថាបនា​ស្ពាន​នេះ​ក្រុមហ៊ុន OCIC ស្នើសុំ​គោលការណ៍​ទៅ​នាំចូល​សម្ភារ និង​គ្រឿងចក្រ​មួយ​ចំនួន​ដែលមាន​តម្លៃ​សរុប ៤០,៨៨ ​លាន​ដុល្លារ​ដោយ​ពន្ធ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ ហើយ​នឹង​ដឹក​មកកាន់​រាជធានី​ភ្នំពេញ​តាម​មាត់ច្រក​អន្តរជាតិ​នានា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​»​។

លោក វ៉ន ចាន់ថន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Towncity Real Estate Co., Ltd បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការតភ្ជាប់​ស្ពាន​ពី​កោះពេជ្រ​ទៅកាន់​កោះនរា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​តំបន់​កោះនរា និង​តំបន់​ក្នុង​ខណ្ឌ​ច្បារអំពៅ​ទាំងមូល​កាន់តែ​មាន​សក្តានុពល​បន្ថែម​ទៀត​ក្នុង​ការទាក់ទាញ​ឲ្យ​មានការ​ចូលទៅ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់ ពិសេស​ការសាងសង់​គម្រោង​ធំៗ​ដែល​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​ជាប់មាត់​ទន្លេ​។ លោក​បាន​បន្ថែម​ថា ជាធម្មតា​កន្លែង​ដែល​ទីផ្សារ​អចលនទ្រព្យ​មាន​ភាពល្អប្រសើរ​គឺជា​កន្លែង​ដែល​អាចមាន​មនុស្ស​រស់នៅ​ច្រើន​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​មាន​សុវត្ថិភាព និង​មាន​សេវាកម្ម​ចម្រុះ​។

លោក​ថ្លែងថា​៖ «​បើទោះបី​ពេល​នេះ​តំបន់​កោះនរា​មាន​ការរីកចម្រើន​ច្រើន​ហើយក៏​ដោយ ប៉ុន្តែ​នៅពេល​មាន​ការសាងសង់​ស្ពាន​ពី​កោះពេជ្រ​នោះ ខ្ញុំ​មានជំនឿ​ថា វិស័យ​អចលនទ្រព្យ​នឹង​មាន​ការប្រែប្រួល​ខ្លាំង​ជាមិនខាន​»​។ លោក​បន្តថា​៖ «​ការតភ្ជាប់​ស្ពាន​នឹង​ធ្វើឲ្យ​ទីនោះ​មាន​ចម្ងាយ​កាន់តែ​កៀក​តំបន់​កណ្តាល​រាជធានី​ភ្នំពេញ ហេតុនេះ​តម្លៃ​អចលនទ្រព្យ​ក៏កើនឡើង​ទៅតាម​នោះដែរ​»​។

បើ​តាម​លោក ចាន់ថន បន្ទាប់ពី​មាន​ស្ពាន​តំបន់​កោះនរា​នឹង​ក្លាយជា​តំបន់​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន តំបន់​ពាណិជ្ជកម្ម និង​ជា​តំបន់​ដែលមាន​សំណង់​ធំៗ​ច្រើន​ប្រហាក់ប្រហែល​នឹង​កោះពេជ្រ​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​និយាយថា បើ​មានការ​សាងសង់​ស្ពាន​ចេញពី​កោះពេជ្រ អចលនទ្រព្យ​នៅ​កោះនរា​នឹង​កើន​តម្លៃ​ខ្ពស់​ដូច​តំបន់​ជ្រោយចង្វារ​នាពេលនេះ​អ៊ីចឹង ព្រោះ​តំបន់​នេះ​ខណ្ឌ​ជាមួយ​ចំណុចកណ្តាល​ក្រុង ដោយសារ​តែ​ទន្លេ​ ១ ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​មិនសូវ​ខ្លាំង​ទេ តែបើ​មាន​ស្ពាន តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​កោះនរា​នឹង​ផ្ទុះឡើង ព្រោះ​វា​ប្រៀប​បាន​នឹង​ក្រុង​រណប​ដែល​ជាប់​នឹង​ចំណុចកណ្តាល​ភ្នំពេញ និង​មាន​ស្ថានភាព​ធម្មជាតិ​ស្រស់បំព្រង​ទៀតផង​»​។

បើ​តាម​លោក សុខនឿន បច្ចុប្បន្ន​អចលនទ្រព្យ​នៅ​តំបន់​កោះនរា​ជាប់​មាត់​ទន្លេ​អាចមាន​តម្លៃ​លើសពី​ ១ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​តំបន់​ក្នុងៗ​អាច​មាន​តម្លៃ​ចន្លោះ​ពី ១០០-៥០០ ​ដុល្លារ​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ អំពី​ផែនការ​សាងសង់​ស្ពាន​នេះ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ​លោក​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រុមហ៊ុន OCIC គ្រោង​នឹង​ប្រែក្លាយ​កោះនរា​ដែល​ស្ថិតនៅតាម​បណ្តោយ​ទន្លេមេគង្គ​ត្រើយ​ខាងកើត​ទល់​នឹង​ទីក្រុង​កោះពេជ្រ​ឲ្យ​ក្លាយ​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏សម្បូរបែប​លាតសន្ធឹង​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១០០ ​ហិកតា​។

លោក​បន្តថា នាពេល​កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​លើ​ជម្រើស​ចំនួន ២ ទាក់ទង​នឹង​ការសាងសង់​ស្ពាន​តភ្ជាប់​ពី​កោះពេជ្រ​ទៅកាន់​កោះនរា​ដោយ​ទី​ ១ ជា​ការសាងសង់​ស្ពាន​ឆ្លងកាត់​ពីលើ​ទឹកទន្លេ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រហែល ៦០ ​លាន​ដុល្លារ និង​ទី​ ២ សង់​ផ្លូវ​កាត់​ក្រោម​ទន្លេ ដែល​មាន​តម្លៃ​ប្រមាណ ២០០ ​លាន​ដុល្លារ​៕ LA

វីដេអូ៖