ភាពលេចធ្លោនៃស្នាដៃវិចិត្រកម្មដែលត្រូវបានគេទទួលស្គាល់ទាំងក្នុងស្រុក និងបរទេសបានធ្វើឱ្យកិត្តិស័ព្ទរបស់វិចិត្រករខ្មែរមួយរូបល្បីល្បាញរហូតទាក់ទាញអង្គការ IKARE ដែលមានសារមន្ទីរមត៌កជាតិខ្មែរ (The National Khmer Legacy Museum) នៅក្នុងទីក្រុងសេនផល រដ្ឋមីនីសូតានាំយកស្នាដៃស្ថាបត្យកម្មនោះទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍មួយដែលនឹងរៀបចំនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិកក្នុងខែឧសភាខាងមុខ។
លោក ទាង បូរិន ជាវិចិត្រករខ្មែរមួយរូបដែលបច្ចុប្បន្ននេះបានយកពេលវេលារបស់ខ្លួនស្ទើរទាំងស្រុងមកចាប់ដៃកាន់ជក់ ដើម្បីគូរផ្ទាំងគំនូរនៅលើផ្ទាំងក្រណាត់សម្រាប់ដាក់តាំងលក់ ព្រមទាំងកំពុងបង្កើតស្នាដៃជាច្រើនតាមរយៈរូបគំនូរប្រកបដោយការច្នៃប្រឌិតខ្ពស់ និងភាពរស់រវើក។
លោក ទាង បូរិន រៀនជំនាញស្ថាបត្យកម្មកាលពីរៀននៅសាកលវិទ្យាល័យ ប៉ុន្តែលោកមិនបានប្រើប្រាស់ជំនាញនោះពេញលេញឡើយ ខណៈទីផ្សារស្ថាបត្យកម្មហាក់ដូចមិនសូវអំណោយផលលោកក៏សម្រេចចិត្តអភិវឌ្ឍគូរគំនូរ ដែលលោកមានទេពកោសល្យស្រាប់តាំងពីនៅវ័យក្មេង។
ក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើបដែលអនុញ្ញាតឲ្យគេអាចព្រីនរូបភាពដែលមានទំហំធំៗបានដោយងាយស្រួលឆាប់រហ័ស និងមានតម្លៃ ថោក ក៏មានមនុស្សជាច្រើននៅតែឲ្យតម្លៃយ៉ាងខ្ពស់ទៅលើរូបភាពដែលគូរដោយដៃដដែល។
បច្ចុប្បន្ននេះស្នាដៃរបស់លោក បូរិន មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែស្នាដៃនេះក៏បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិរហូតទទួលបានការគាំទ្រពីអង្គការនៅបរទេសទៀតផង។
ក្នុងសម្លៀកបំពាក់អាវវៀលក្លៀក កំពុងផ្ចង់អារម្មណ៍ដើម្បីបន្ថែមពណ៌ទៅលើផ្ទាំងគំនូរបែបបុរាណ (រូបអប្សរា) ដែលមានទំហំ ១០០x១២០ សង់ទីម៉ែត្រ លោក ទាង បូរិន ដែលមនុស្សភាគច្រើនហៅថា «Din» ហើយបច្ចុប្បន្នជាម្ចាស់វិចិត្រសាលគំនូរ DinArt Gallery បានប្រាប់ថា គំនូរបែបបុរាណខ្មែរដែលលោកគូរកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និងបរទេស។ ការគូររូបបែបបុរាណត្រូវទាមទារនូវភាពផ្ចិតផ្ចង់ខ្លាំងបំផុត ព្រោះវាបង្ហាញពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ការគូរគំនូរបែបបុរាណទាមទារនូវការប្រើរូបារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឲ្យរូបដែលគូររួចមានអត្ថន័យ ភាពទាក់ទាញ និងលក់បានតម្លៃខ្ពស់។
ក្នុងវ័យ ៣៧ ឆ្នាំលោក ទាង បូរិន ដែលបានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកកាលពីចុងខែមីនាកន្លងមកដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍លក្ខណៈអន្តរជាតិមួយនៅសហរដ្ឋអាមេរិក (The 2018 Festival of Nations at the River Centre in St. Paul) បាននិយាយថា៖ « វាជាមោទនភាពណាស់សម្រាប់ខ្ញុំ ដែលត្រូវបានសមាគមខ្មែរនៅសហរដ្ឋអាមេរិកអញ្ជើញឲ្យទៅចូលរួមក្នុងពិធីតាំងពិព័រណ៍មួយដែលរៀបចំឡើងនៅក្នុងរដ្ឋមីនីសូតាចាប់ពីថ្ងៃទី ៣-៦ ខែឧសភា ឆ្នាំ ២០១៨ ដោយមានវិចិត្រករតំណាងមកពីប្រហែល ២០០ ប្រទេសចូលរួម។ តាមរយៈកម្មវិធីនេះខ្ញុំនឹងនាំយកនូវរូបភាពល្អៗដែលខ្ញុំបានគូរទៅបង្ហាញដល់អ្នកចូលរួមឲ្យយល់ដឹងកាន់តែច្បាស់ពីស្នាដៃ និងវប្បធម៌ខ្មែររបស់ខ្មែរលើឆាកអន្តរជាតិ»។
ក្នុងរយៈពេលជាង ១ ខែនៅសហរដ្ឋអាមេរិកគឺមុនពេលដែលកម្មវិធីតាំងពិព័រណ៍ចាប់ផ្តើម វិចិត្រករដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មរូបនេះមានបំណងគូររូបភាពបែបបុរាណខ្មែរឲ្យបានយ៉ាងតិច ២០ រូបសម្រាប់ដាក់តាំងបង្ហាញឲ្យភ្ញៀវដែលមកទស្សនាក្នុងកម្មវិធីនោះបានឃើញ។
នាពេលកន្លងមករូបគំនូរជាច្រើនដែលគូរដោយលោក ទាង បូរិន ក៏ធ្លាប់ទទួលបានការគាំទ្រឲ្យដាក់ចូលនៅក្នុងកម្មវិធីតាំងពិព័រណ៍មួយចំនួននៅសណ្ឋាគារល្បីៗក្នុងស្រុកដូចជាសណ្ឋាគារ Intercontinental, Le Royal និង Sun and Moon, Meta House និងព្រឹត្តិការណ៍នៃការតាំងពិព័រណ៍នៅតាមបណ្តាខេត្តនានាជាដើម។
វិចិត្រករដែលមានដើមកំណើតនៅខេត្តកំពតរូបនេះបាននិយាយថា ការយល់ដឹងពីវប្បធម៌ និងឲ្យតម្លៃកាន់តែខ្ពស់ពីគំនូរបែបបុរាណខ្មែរពីសំណាក់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរបរទេសបានធ្វើឲ្យរូបលោកត្រូវចំណាយពេលយ៉ាងច្រើនជារៀងរាល់ថ្ងៃដើម្បីគូររូបទៅតាមតម្រូវការរបស់អតិថិជន។ រូបភាពដែលលោកគូរនាពេលនេះគឺមិនអាចធ្វើទាន់ទៅតាមការបញ្ជាទិញពីអតិថិជនបានឡើយ។
លោកបាននិយាយថា៖ «ការឲ្យតម្លៃទៅលើស្នាដៃគំនូរបែបបុរាណកំពុងមានការកើនឡើងយ៉ាងច្រើនទាំងពីសំណាក់ជនជាតិខ្មែរ និងជនបរទេស។ សព្វថ្ងៃនេះខ្ញុំគូររូបឲ្យគេកុម្ម៉ង់មិនទាន់នោះទេ»។
ទោះបីជាយ៉ាងណាស្នាដៃគំនូររបស់លោកក៏បានផ្តល់នូវប្រាក់ចំណូលច្រើនផងដែរ ដោយសម្រាប់ផ្ទាំងគំនូរដែលមានទំហំ ៦០x១២០ សង់ទីម៉ែត្រអាចលក់បានតម្លៃ ៦០០ ដុល្លារក្នុង ១ ផ្ទាំងហើយជាមធ្យមលោកអាចរកចំណូលបានប្រមាណជាង ២០០០ ដុល្លារក្នុង ១ ខែ។
បច្ចុប្បន្នរូបភាពដែលគូរដោយវិចិត្រករខាងលើត្រូវបានគេឃើញមានដាក់តាំងលក់នៅតាមវិចិត្រសាលធំៗមួយចំនួនក្នុងរាជធានីភ្នំពេញព្រមទាំងតាមគេហទំព័រមួយចំនួនដូចជា Trip Adviser ជាដើម។ តាមការប៉ាន់ប្រមាណរហូតមកដល់ពេលនេះរូបអប្សរាដែលលោកបានគូរគឺមានចំនួនរាប់ពាន់រួចហើយ។
យុវជនដែលបានចាប់កំណើតក្នុងគ្រួសារមានឪពុកជាគ្រូបង្រៀន និងម្តាយជាស្ត្រីមេផ្ទះរូបនេះបាននិយាយការងារទាក់ទងនឹងគំនូរបែបបុរាណ (អប្សរា) គឺជាចំណង់ចំណូលចិត្តដែលមាននៅក្នុងគំនិតរបស់លោកតាំងពីពេលចាប់ផ្តើមចេះគូររូបដំបូងមកម្ល៉េះ (ពេលកំពុងសិក្សានៅសាលាបឋមសិក្សា) តែនៅពេលនោះរូបដែលលោកគូរភាគច្រើនជារូបភាពបែបទេសភាពនៅជនបទ ព្រោះធ្វើទៅតាមការតម្រូវការរបស់អ្នកមករកឲ្យគូរ។ លោកបានបញ្ជាក់ថា៖ «តាមពិតទៅខ្ញុំអាចរកបានប្រាក់ចំណូលសម្រាប់ខ្លួនឯងតាំងពីខ្ញុំរៀននៅសាលាបឋមសិក្សាដោយពេលនោះមានសិស្សជាច្រើនបានយករូបមកឲ្យខ្ញុំគូរ»។
បើទោះបីជាមិនមានក្រុមគ្រួសារ ឬញាតិសន្តានណាបានចាប់យកអាជីពជាជាងគំនូរក៏ដោយ ក៏លោកអះអាងថាការចាប់ផ្តើមមានគំនិតស្រឡាញ់មុខជំនាញនេះអាចជាការទទួលបានពីឪពុករបស់លោកដែលតែងតែគូររូបសម្រាប់យកទៅបង្រៀនសិស្សនៅសាលា។ លោកនិយាយថា៖ «ការចាប់អារម្មណ៍ចំពោះជំនាញគូររូបនេះអាចនិយាយថា ខ្ញុំទទួលបានពីឪពុកផងដែរ ព្រោះកាលនៅតូចខ្ញុំឧស្សាហ៍ឃើញគាត់គូររូបសម្រាប់យកទៅបង្រៀនសិស្សជាញឹកញាប់»។
សក្តានុពលរបស់ បូរិន ទាក់ទងនឹងគំនូរបានលេចឡើងច្បាស់នៅពេលដែលរូបគេកំពុងសិក្សានៅថ្នាក់បឋមសិក្សា ដោយពេលនោះរូបគំនូររបស់ បូរិន ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡងប្រចាំខេត្តកំពត។
លោក ទាង បូរិន ដែលបានបញ្ចប់ការសិក្សានៅខេត្តកំពតមុនពេលឈានជើងមកបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ ២០០១ និងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០០៥ បាននិយាយថាលោកចាប់ផ្តើមធ្វើការដំបូងនៅក្រុមហ៊ុន Yianko Associates ចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១៤ ក្នុងនាមជាស្ថាបត្យករ។ ការងារស្ថាបត្យករអាចនិយាយថា មានភាពងាយស្រួលផង និងលំបាកផងដោយលំបាកនៅត្រង់ថា ត្រូវធ្វើការងារជាក្រុម និងប្រើពេលវេលាយូរអាចដល់រាប់ខែ ឬឆ្នាំទើបសម្រេចគម្រោងមួយបានខុសពីការងាររបស់លោកសព្វថ្ងៃដែលធ្វើការម្នាក់ឯង និងមានរយៈខ្លី។
បើទោះបីជាបច្ចុប្បន្ននេះលោកមិនបានបន្តចាប់យកអាជីពជាស្ថាបត្យករជាបន្តទៀតក៏ដោយ ក៏ពេលកន្លងមកលោកធ្លាប់បានបន្សល់ទុកនូវស្នាដៃផ្ទាល់នៅក្នុងការឌីហ្សាញវីឡាធំៗចំនួន ២ កន្លែងដែរ គឺទី ១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីនៃខណ្ឌសែនសុខ និង ១ ទីតាំងទៀតស្ថិតក្នុងសង្កាត់ព្រែកប្រា នៃខណ្ឌច្បារអំពៅ។
បញ្ហាពេលវេលាប្រាក់ចំណូល និងសក្តានុពលពីធម្មជាតិទាក់ទងនឹងគំនូរបែបបុរាណ គឺជាហេតុផលសំខាន់ដែលបានជំរុញឲ្យស្ថាបត្យករវ័យ ៣៧ ឆ្នាំរូបនេះសម្រេចចិត្តប្តូរពីធ្វើការងារឲ្យគេក្នុងនាមជាស្ថាបត្យករមកបើកវិចិត្រសាលគូររូបដោយខ្លួនឯងផ្ទាល់ ដែលត្រូវប្រឈមមុខនឹងការខាតបង់ ប្រសិនបើការងារនោះមិនទទួលជោគជ័យ។
មុនពេលសម្រេចចិត្តចេញមកបើកអាជីវកម្មផ្ទាល់ខ្លួនដែលត្រូវដើរតួនាទីជាម្ចាស់ក្រុមហ៊ុន និងបុគ្គលិកផងនោះលោក បូរិន ក៏បានចំណាយពេលសិក្សាពីសក្តានុពលរបស់ទីផ្សាររូបគំនូរផងដែរ។ លោកបាននិយាយថា៖ «បន្ទាប់ពីចំណាយពេលសិក្សាទីផ្សារមួយរយៈមក ខ្ញុំបានសម្រេចចិត្តមកបើកក្រុមហ៊ុនដោយខ្លួនឯងក្នុងឆ្នាំ ២០១៥ ដោយដាក់ឈ្មោះថា DinArt Gallery»។
វិចិត្រសាលដែលលោកបានបើកដំណើរការបានរយៈពេលជាង ២ ឆ្នាំមកនេះ បច្ចុប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនដោយមានអតិថិជនទាំងជនជាតិខ្មែរ និងជនបរទេសចូលទៅស្វែងរកទិញរូបគំនូរជារៀងរាល់ថ្ងៃ។
បុរសដែលជាកូនទី ២ នៅក្នុងគ្រួសារដែលមានបងប្រុស ១ នាក់ និងប្អូនស្រីចំនួន ៣ នាក់ខាងលើបាននិយាយថា សម្រាប់ថ្ងៃអនាគតលោកមានគោលបំណងចង់ទៅបើកវិចិត្រសាលមួយកន្លែងនៅក្នុងខេត្តសៀមរាបព្រោះលោកយល់ថា នៅខេត្តសៀមរាបមានភ្ញៀវទេសចរច្រើន និងជាកន្លែងដែលលោកអាចបណ្តែតអារម្មណ៍ដើម្បីឲ្យផ្ទាំងគំនូរដែលលោកគូរកាន់តែមានភាពរស់រវើកបន្ថែមទៀត។
កម្លោះខាងលើបានអះអាងថា៖ «ខេត្តសៀមរាបជាកន្លែងដែលខ្ញុំមានគម្រោងទៅ ព្រោះខ្ញុំចង់ទៅស្រាវជ្រាវដើម្បីបង្កើនគុណភាព និងគុណតម្លៃរូបដែលខ្ញុំគូរបន្ថែមទៀត។ ការគូរគំនូរបែបបុរាណគឺជាការជួយថែរក្សាវប្បធម៌ជាតិដែលខ្ញុំតែប្រកាន់ខ្ជាប់ជានិច្ច»៕