តាមព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថា អគារនេះគ្រោងនឹងប្រើប្រាស់ជា ខុនដូ ការិយាល័យ និងការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប
ជាមួយនឹងបទពិសោធដ៏ជោកជាំ ព្រមជាមួយនឹងការទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីពេលថ្មីៗនេះមានការលេចឮនូវព័ត៌មានមួយស្តីពីផែនការក្នុងការអភិវឌ្ឍអគារភ្លោះមួយដែលមានកម្ពស់ជាង ២០ ជាន់នៅក្នុងក្រុងរណប ING City។
រូបភាពដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម Facebook បានបង្ហាញនូវគម្រោងអគារខ្ពស់មួយដែលមានកម្ពស់ជាង ២០ ជាន់ស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ ម៉ែត្រ។
តាមព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថា អគារនេះគ្រោងនឹងប្រើប្រាស់ជា ខុនដូ ការិយាល័យ និងការិយាល័យកណ្តាលថ្មីរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។
តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតស្តីពីគម្រោងនេះដោយលោកគ្រាន់តែប្រាប់ថា៖ «នៅពេលខាងមុខក្រុមហ៊ុនពិតជាមានផែនការក្នុងការសាងសង់អគារខ្ពស់នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនេះមែន តែចំពោះថាអគារនោះនឹងមានកម្ពស់ប៉ុន្មាន មានការរចនាបែបណា ប្រើប្រាស់សម្រាប់ធ្វើអ្វី ឬចាប់ផ្តើមសាងសង់ពេលណាលោកមិនដឹងច្បាស់ទេ។ នៅពេលមានព័ត៌មានច្បាស់លាស់ក្រុមហ៊ុននឹងធ្វើការផ្សាព្វផ្សាយ»។
បុរី ប៉េង ហួត ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍសំណង់លំនៅឋានក្នុងកម្ពុជានាពេលនេះ។ បច្ចុប្បន្នក្រុមហ៊ុនមានក្រុមហ៊ុនបុត្រសម្ព័នជាច្រើនដូចជា ក្រុមហ៊ុន បុរី ប៉េង ហួត អភិវឌ្ឍន៍អចលនវត្ថុ ក្រុមហ៊ុនបុរី ប៉េង ហួត សំណង់ និងក្រុមហ៊ុន បុរី ប៉េង ហួត ផ្សារទំនើប ជាដើម។
បច្ចុប្បន្ននេះទីស្នាក់ការការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុបមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ លេខ ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕