ភ្នំពេញៈ លំនៅឋានតម្លៃសមរម្យចំនួន ៦៨០ ខ្នងក្នុងចំណោមលំនៅឋានសរុប ២ ៤៥៧ ខ្នងដែលអភិវឌ្ឍដោយក្រុមហ៊ុន WorldBridge Homes Co.,Ltd ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវបានប្រគល់ជូនអតិថិជនជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញ ខណៈតាមផែនការគម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២១ ខាងមុខ។
គម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីអំឡុងដើមឆ្នាំ ២០១៧ លើផ្ទៃដី ២៣ ហិកតាក្រោមទុនវិនិយោគប្រមាណ ៧៣ លានដុល្លាររបស់ក្រុមហ៊ុន WorldBridge Homes Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group។ លំនៅឋាននៅក្នុងគម្រោងនេះមានតម្លៃចាប់ពី ២៥ ០០០ ដុល្លារដល់ ៣០ ០០០ ដុល្លារ។
ពិធីប្រគល់លំនៅឋានតម្លៃសមរម្យដែលមានការចូលរួមពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ព្រមជាមួយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមហ៊ុននោះទទួលបាននូវការសាទរយ៉ាងច្រើន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការប្រគល់លំនៅឋានតម្លៃសមរម្យអនុវត្តនេះគឺតាមគោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាលក្នុងគោលដៅផ្តល់ឱកាសជូនប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរជាពិសេសប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ។
អ្នកស្រី កែវ ធឿន ដែលទើបទទួលលំនៅឋានតម្លៃសមរម្យ ១ ខ្នងពីក្រុមហ៊ុន WorldBridge Homes Co.,Ltd បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមគ្រួសារអ្នកស្រីបានចូលលុយគ្នាទិញផ្ទះបង់រំលស់ក្នុងគម្រោងនេះជាង ២ ឆ្នាំមកហើយដោយក្នុង ១ ខែត្រូវបង់ប្រាក់ ២៨១ ដុល្លារ ខណៈបច្ចុប្បន្នអ្នកស្រី និងក្រុមគ្រួសារកំពុងជួលផ្ទះគេស្នាក់នៅក្នុងតម្លៃ ១៥០ ដុល្លារក្នុង ១ ខែ។
ជាអតីតយោធាក្នុងខេត្តពោធិសាតិ៍ដែលត្រូវគេកាត់រំសាយនាពេលកន្លងមក អ្នកស្រី កែវ ធឿន បានបន្តថាបើទោះជាក្រុមគ្រួសារមិនមានប្រាក់ចំណូលច្រើន តែអ្នកស្រីពិតជាចង់មានផ្ទះផ្ទាល់ខ្លួន និងអាចបើកលក់អ្វីបន្តិចបន្តួចនៅផ្ទះ។ អ្នកស្រីនិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ដែលមានផ្ទះផ្ទាល់ខ្លួនឯង ខណៈការបង់ប្រាក់ក៏មិនលំបាកខ្លាំងសម្រាប់ក្រុមគ្រួសារខ្ញុំនោះទេ»។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខ និងជាប្រធានក្រុមហ៊ុន SAM SN Realty បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា លំនៅឋានតម្លៃសមរម្យកំពុងមានតម្រូវការយ៉ាងច្រើននៅតំបន់ជាយក្រុងភ្នំពេញដែលជាកន្លែងមានមនុស្សជាច្រើន ពិសេសក្រុមកម្មករកំពុងរស់នៅ។ លោកបន្តថា ប្រសិនបើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកើតឡើងនៅគ្រប់ទិសនាតំបន់ជាយរាជធានីភ្នំពេញនោះ គឺជាការប្រសើរណាស់ ព្រោះវានឹងបង្កើនលទ្ធភាពកាន់តែច្រើនដល់អ្នកដែលមានចំណូលតិច និងមធ្យម អាចមានលំនៅឋានផ្ទាល់ខ្លួនរស់នៅ។
លោកថ្លែងថា៖ «អ្នកធ្វើចំណាកស្រុកមកធ្វើការងារ និងសិក្សានៅភ្នំពេញមានចំនួនច្រើន ហេតុនេះតម្រូវការលំនៅឋានតម្លៃសមរម្យក៏មានចំនួនច្រើនទៅតាមនោះដែរ»។
ទោះយ៉ាងណាលោក សុខនឿន បានអះអាងថា សម្រាប់តម្លៃលំនៅឋានតម្លៃសមរម្យដែលកំពុងដាក់លក់នៅតំបន់ជាយក្រុងភ្នំពេញនាពេលនេះ វាហាក់ខ្ពស់លើសពីសមត្ថភាពរបស់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមដែលចំណូលរបស់ពួកគាត់ត្រូវបែងចែកសម្រាប់ការចំណាយលើថ្លៃម្ហូបអាហារ និងវត្ថុប្រើប្រាស់មួយចំនួន។
លោកបន្តថា៖ «ខ្ញុំគិតថាប្រសិនបើក្រុមហ៊ុនវិនិយោគអាចសង់លំនៅឋានតម្លៃសមរម្យដែលមានតម្លៃចន្លោះពី ១៥ ០០០-២០ ០០០ ដុល្លារបាននោះនឹងមានតម្រូវការច្រើនខ្លាំងណាស់ ព្រោះតម្លៃនេះអាចឲ្យអ្នកដែលមានចំណូលមធ្យមលៃលកប្រាក់មួយចំនួនសម្រាប់បង់រំលស់ឲ្យក្រុមហ៊ុនវិនិយោគបាន»។
បើតាមលោក សុខនឿន ដើម្បីជំរុញឲ្យមានក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកាន់តែច្រើនគឺត្រូវមានការចូលរួមសហការឲ្យបានកាន់តែខ្លាំងបន្ថែមទៀតរវាងក្រុមហ៊ុនវិនិយោគជាមួយរដ្ឋាភិបាលដោយក្នុងករណីចាំបាច់រដ្ឋអាចប្រើប្រាស់ដីជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុនយកទៅវិនិយោគ និងលក់ក្នុងតម្លៃថោកជាងពេលនេះ។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន ៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ៨ ៣៣១ ខ្នងផ្ទះ និងចំនួន ៧ ២៥៦ យូនីត៕LA