ភ្នំពេញៈ អ្នកនៅក្នុងវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ ២០២០ បើទោះបីមានការរំខានខ្លះពីបញ្ហាមួយចំនួនពីខាងក្រៅក៏ដោយ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា មិនមានសញ្ញាណាបង្ហាញថា វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំទៅមុខមានបញ្ហានោះទេ។
លោកបន្តថា ទោះបីជាបច្ចុប្បន្នប្រទេស ចិន ដែលជាប្រទេសមានអ្នកវិនិយោគចូលមកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេកំពុងមានការផ្ទុះ វីរុសកូរ៉ូណាប្រភេទថ្មីក៏ដោយ ក៏វាមិនមានអ្វីប៉ះពាល់ដល់វិស័យអចលនទ្រព្យដែរ។ វិស័យអចលនទ្រព្យជាការវិនិយោគរយៈពេលវែង។
លោកថ្លែងថា៖ «វិស័យអចលនទ្រព្យខុសពីវិស័យផ្សេងៗទៀត (វិស័យទេសចរណ៍) ដែលទទួលរងនូវផលប៉ះពាល់ភ្លាមៗនៅពេលមានការផ្ទុះជំងឺឆ្លងណាមួយ»។ លោកបន្តថា៖ «ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមនេះគ្រាន់តែជាបញ្ហារយៈពេលខ្លីប៉ុណ្ណោះ ដោយខ្ញុំគិតថាក្នុងរយៈពេល ២-៣ ខែ វានឹងត្រូវបានដោះស្រាយ»។
ទាក់ទងទៅនឹងដំណើរវិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ ដែលជាទីកន្លែងគេដឹងថា មានតម្លៃទិញ-លក់ និងជួល ប្រែប្រួលច្រើនកាលពីឆ្នាំ ២០១៩ លោក សុខនីម បាននិយាយថា វាគ្រាន់តែជាផ្នែកមួយនៃវិស័យអចលនទ្រព្យនៅកម្ពុជាតែប៉ុណ្ណោះ។ លោកថ្លែងថា៖ «តម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុ ពេលនេះធៀបនឹងឆ្នាំមុនមិនបានធ្លាក់ចុះទេ តែអ្វីដែលធ្លាក់ចុះគឺតម្លៃជួល»។
នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២០» កាលពីថ្ងៃព្រហស្បតិ៍ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយថា កំណើនវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះនឹងមានការថមថយខ្លះ ដោយសាររដ្ឋាភិបាលសម្រេចបិទល្បែងអនឡាញកាលពីចុងឆ្នាំ ២០១៩ ដែលធ្វើឲ្យអ្នកវិនិយោគចិនមួយចំនួនបានចាកចេញពីកម្ពុជា។
លោកបនុ្តថា ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម កូរ៉ូណា បញ្ហាលើភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក និងបញ្ហា EBA សុទ្ធតែមានឥទ្ធិពលសម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។
ទោះយ៉ាងណាលោកថ្លែងថា៖ «ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងសំណង់នេះ គឺមិនអូសបន្លាយពេលយូរទេ ហើយការធ្លាក់ចុះនេះ គឺមានកម្រិតបន្តិចបន្តួចតែប៉ុណ្ណោះ មិនគួរឲ្យមានព្រួយបារម្ភខ្លាំងពេកទេ»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថានៅក្នុងឆ្នាំ ២០១៩ ក្រសួងបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ ដែលមានតម្លៃប្រមាណ ៩ ៣៥៣ លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៨ មានគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោងដែលមានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ កើនឡើង ៧៨,៨៨ ភាគរយ៕LA