ការិយាល័យ​រួម ឬ​កន្លែង​ធ្វើ​ការងារ​រួម​ដែល​ជា​ទីផ្សារ​ថ្មី​សន្លាង​មួយ​នៅ​កម្ពុជា​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកវិនិយោគ​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​វិនិយោគ​លើ​ការិយាល័យ​រួម​នៅ​កម្ពុជា ប៉ុន្តែ​ថ្មីៗ​នេះ​ដោយសារ​មាន​ការ​កើនឡើង​តម្រូវការ​ការិយាល័យ​រួម​អ្នកវិនិយោគ​ក្រៅ​ស្រុក​ក៏​គ្រោង​នឹង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​។

ការិយាល័យ​រួម​ទើប​តែ​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ដោយសារ​វា​មាន​តម្លៃ​សមរម្យ និង​គុណសម្បត្តិ​ដែល​អតិថិជន​នឹង​អាច​ទទួល​បាន​នៅពេល​ជួល​។ ថ្វីបើ​កន្លែង​ធ្វើការ​រួម​គ្នា គឺជា​ផ្នែក​ថ្មី​មួយ​ក៏ដោយ តែ​នៅ​ពេល​នេះ​វា​កំពុង​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង និង​ឆាប់​រហ័ស​ពី​សំណាក់​អាជីវកម្ម​ទើប​ចាប់ផ្ដើម សហគ្រិន និង​ក្រុមហ៊ុន​តូច​។

បើ​តាម Coworker.com បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ចំនួន​ ១៣ ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ផ្តល់​សេវាកម្ម​ជួល​កន្លែង​ធ្វើ​ការងារ​រួម​គ្នា​។

ក្រុមហ៊ុន Emerald Hub បាន​ចូល​ក្នុង​ទីផ្សារ​ការិយាល័យ​រួម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ នៅ​អគារ PPIU មុន​ពេល​ប្រតិបត្តិការ ១ ​ទីតាំង​ផ្សេង​ទៀត​នៅក្នុង​សង្កាត់​បឹងកេងកង​ទី​ ៣ ក្នុង​ឆ្នាំ​ ២០១៧​។ រហូត​មក​ដល់​ពេល​នេះ Emerald Hub បាន​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ចំនួន​ ៣២ នៅក្នុង​ទីតាំង​ទាំង​ ២ ​របស់​ខ្លួន​។

កញ្ញា ជា ម៉ារ៉ា អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន Emerald Hub មាន​ប្រសាសន៍​ថា​៖ «​តម្រូវការ​កន្លែង​ធ្វើ​ការងារ​រួម​នៅ​កម្ពុជា​បាន​នឹង​កំពុង​កើនឡើង​ក្នុង​អំឡុង​ពេល​ ២-៣ ​ឆ្នាំ​កន្លង​មក​នេះ​ហើយ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​មាន​កំណើន​ឆាប់​រហ័ស​នេះ​ក្រុមហ៊ុន​កំពុង​សិក្សា​ពង្រីក​ទីតាំង​ទី​ ៣ របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។

តម្រូវការ​ការិយាល័យ​រួម​កើនឡើង​គឺ​ដោយសារ​តែ​មាន​តម្លៃ​សមរម្យ និង​អត្ថប្រយោជន៍​ជាច្រើន​ដែល​អតិថិជន​ទទួល​បាន​។ ដោយឡែក​អតិថិជន​របស់ Emerald Hub មាន​ជម្រើស​ជួល​កន្លែង​ដែល​មាន​តម្លៃ​ចាប់ពី​ ៦០ ​ដុល្លារ​ឡើង​ទៅ​ក្នុង​ ១ ​ខែ ហើយ​តម្លៃ​អាច​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​នៃ​ការជួល លក្ខខណ្ឌ និង​ជម្រើស​ដែល​ពួកគេ​ជ្រើសរើស​។ នេះ​បើ​តាម​កញ្ញា ម៉ារ៉ា​។

កញ្ញា ម៉ារ៉ា បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការជួល​ការិយាល័យ​ធ្វើការ​រួមគ្នា​ដោយ​បញ្ជាក់​ថា ពួកគេ​មាន​ឱកាស​កាន់​តែ​ប្រសើរ​ក្នុង​ការកសាង​បណ្តាញ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ទៀត​ហើយ​អាច​ចូលរួម​សិក្ខាសាលា​ជាច្រើន​ដែល​នឹង​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ដល់​ពួកគេ​។ លើស​ពី​នេះ​ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដូចជា​ការតភ្ជាប់​អ៊ីនធឺណេត​ដោយ​ឥត​គិត​ថ្លៃ ការ​ផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​ព្រម​ទាំង​មាន​បរិយាកាស​ធ្វើ​ការងារ​ល្អ​ប្រសើរ​។

កញ្ញា ប៉ុក ស៊ីណា និង​ក្រុម​ការងារ​ដែល​មាន​គ្នា​ ៣ ​នាក់​ផ្សេង​ទៀត​បាន​ជួល​កន្លែង​ធ្វើ​ការងារ​រួម​នៅ Emerald Hub បាន​រយៈពេល​ ១ ​ឆ្នាំ​មក​ហើយ​។ ពួកគេ​បាន​បើក​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា Fado168 ដែល​ធ្វើការ​បញ្ជា​ទិញ និង​ដឹក​ជញ្ជូន​ទំនិញ​ពី​ក្រុមហ៊ុន Amazon សហរដ្ឋអាមេរិក​មក​លក់​នៅ​កម្ពុជា​។

កញ្ញា ស៊ីណា បាន​និយាយ​ថា៖ «​ក្រុម​របស់​ខ្ញុំ​សម្រេច​ចិត្ត​ជួល​នៅ​ទី​នេះ​ព្រោះ​វា​ជា​ទីតាំង​ដ៏ល្អ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​ថ្មី​ដួច​ពួកយើង​។ យើង​គ្រាន់តែ​បង់ថ្លៃ​ជួល​ប្រចាំខែ ហើយ​អាច​ទទួល​បាន​សេវា​អ៊ីនធឺណេត​ដោយ​ឥតគិតថ្លៃ និង​សេវា​ផ្សេងៗ​ទៀត​ដូចជា​ទឹកភ្លើង ដោយ​មិន​បង់​ប្រាក់ ដែល​ខុស​ពី​ការជួល​ការិយាល័យ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​»​។

កញ្ញា ស៊ីណា ​បាន​លើក​ឡើង​ថា​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​អាច​កសាង​បណ្តាញ​ជាមួយ​ក្រុមហ៊ុន​តូចៗ​ដទៃ​ទៀត​ដោយ​បាន​ចែករំលែក​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក​។ មិន​តែ​ប៉ុណ្ណោះ​យើង​មាន​ឱកាស​ទទួល​បាន​ចំណេះដឹង​ច្រើន​ថែម​ទៀត​ជាមួយ​នឹង​ការចូលរួម​សិក្ខាសាលា​នៅ​ទី​នេះ​រៀងរាល់​សប្តាហ៍​។

ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្កើត​បរិយាកាស​ទាក់ទាញ​ឱ្យ​មាន​ការបង្កើត​អាជីវកម្ម​ជាច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

សហការ​ដែល​ជា​ការិយាល័យ​រួម​ ១ ​ទៀត​នៅក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចម្ការមន បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ដើម​ឆ្នាំ​ ២០១៨ នេះ​។ កញ្ញា សំ រតនៈទេពី ស្ថាបនិក​ក្រុមហ៊ុន​សហកា​បាន​និយាយ​ថា យើង​ចាប់ផ្តើម​ការិយាល័យ​ធ្វើការ​រួម​គ្នា​ឡើង​ដើម្បី​ផ្តល់នូវ​ស្តង់ដារ​កន្លែង​ធ្វើ​ការងារ​កាន់តែ​ប្រសើរ​សម្រាប់​បម្រើ​អាជីវកម្ម​ធុន​តូច សហគ្រិន និង​អ្នក​ជំនាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កញ្ញា រតនៈទេពី បន្ត​ថា៖ «​នៅពេល​ដែល​ពួកគេ​ចង់​រក​កន្លែង​ធ្វើការ ពួកគេ​មាន​តែ​ទៅ​ហាង​កាហ្វេ ដើម្បី​បំពេញ​ការងារ​របស់​ពួកគេ​។ សូម្បី​តែ​ខ្ញុំ​ក៏​ទៅ​ហាង​កាហ្វេ​ដែរ​ដើម្បី​បំពេញ​ការងារ​របស់​ខ្ញុំ ក៏​ប៉ុន្តែ​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា​ហាង​កាហ្វេ​ទាំង​នោះ​ផ្តល់​នូវ​ស្តង់ដារ​មួយ​ដែល​មាន​កម្រិត​នៅ​ឡើយ​សម្រាប់​បរិយាកាស​ធ្វើ​ការងារ​»​។

កញ្ញា រតនៈទេពី បញ្ជាក់​ថា​ដូច្នេះ​សហការ​មាន​គោល​បំណង​ផ្តល់នូវ​កន្លែង​ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​នឹង​តម្លៃ​សមរម្យ​ចាប់ពី​ ៨០ ​ដុល្លារ​ឡើង​ទៅ​ក្នុង​​ ១ ​ខែ ប៉ុន្តែ​មាន​ស្តង់ដារ​ល្អ​សម្រាប់​បម្រើ​ដល់​អ្នក​ជំនាញ​ទាំង​នោះ​។

នៅ​ដើម​ឆ្នាំ​នេះ Toong ដែល​ជា​ក្រុមហ៊ុន​វៀតណាម​ឈាន​មុខ​គេ​ខាង​ការិយាល័យ​រួម​គ្នា​បាន​ប្រកាស​ពី​ការពង្រីក​អាជីវកម្ម​ដំបូង​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ចាប់​ដៃគូ​ជាមួយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​នៅក្នុង​តំបន់​។ ទីតាំង​របស់​ការិយាល័យ​រួម​នេះ​នឹង​ស្ថិត​នៅ​ជិត​អគារ Vattanac Capital Tower ហើយ​គេ​រំពឹង​ថា​វា​នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​ ៤ ក្នុង​ឆ្នាំ​នេះ​ជាមួយ​នឹង​ទំហំ​ ៧០០ ​ម៉ែត្រការ៉េ​។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Nikkei Asian Review លោក Duong Do ស្ថាបនិក និង​អគ្គនាយក​ក្រុមហ៊ុន Toong បាន​និយាយ​ថា៖ «​ក្រុមហ៊ុន​នឹង​បើក​ទីតាំង​ចំនួន​ ៩ ​កន្លែង​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​​ (​វៀតណាម ឡាវ និង​កម្ពុជា​) ដែល​មាន​ផ្ទៃ​ក្រឡា​ ១៣០០០ ​ម៉ែត្រការ៉េ​នៅ​ចុង​ឆ្នាំ​នេះ​»​។

អ្នកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia បាន​កត់សម្គាល់​ឃើញ​ពី​តម្រូវការ​កំពុង​កើនឡើង​នៃ​ការិយាល័យ​រួម​នៅ​កម្ពុជា ប៉ុន្តែ​បាន​និយាយ​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​មិន​ទាន់​បាន​សិក្សា និង​គណនា​ទំហំ​ការិយាល័យ​រួម​នៅ​កម្ពុជា​នោះ​ទេ​។

ទោះបី​ជា​យ៉ាង​ណា​អ្នកស្រី អាន សុធីតា បាន​បញ្ជាក់​ថា ការពង្រីក​អាជីវកម្ម​របស់​វៀតណាម​មក​ប្រទេស​កម្ពុជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា តម្រូវការ​ការិយាល័យ​រួម​នៅ​កម្ពុជា​កំពុង​កើនឡើង​។

លោក ហ៊ឹម សីហា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Vtrust Appraisal មាន​ប្រសាសន៍​ថា​៖ «​និន្នាការ​នៃ​ការិយាល័យ​រួម​នៅ​កម្ពុជា​កំពុង​កើនឡើង ស្រប​តាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ទីផ្សារ​មួយ​នេះ​នឹង​មាន​ការរីកចម្រើន​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​អនាគត​នៅពេល​ដែល​សហគ្រិន ឬ​អ្នក​ជំនាញ​មាន​ចំនួន​កាន់តែ​ច្រើន តួ​យ៉ាង​ដូចជា​អ្នក​រចនា​ប្លង់​ដែល​ចូលចិត្ត​ចាប់​ផ្តើម​អាជីវកម្ម​ខ្នាត​តូច​ផ្ទាល់​ខ្លួន​ដែល​ទទួល​គម្រោង​ពី​អ្នក​ម៉ៅការ​ធំ​»​។

លោក សីហា បាន​បន្ថែម​ថា ការិយាល័យ​រួម​ទទួល​បាន​ការគាំទ្រ និង​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ​នៅ​ប្រទេស​ថៃ និង​វៀតណាម ហើយ​លោក​រំពឹង​ថា​ទីផ្សារ​នេះ​នឹង​ដំណើរការ​ល្អ​នៅ​កម្ពុជា​ផង​ដែរ​នាពេល​អនាគត​។

ការបើក​ដំណើរការ​ការិយាល័យ​រួម​របស់​ក្រុមហ៊ុន Toong នៅ​រាជធានី​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​នេះ​នឹង​ធ្វើឱ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព និង​លើក​ទឹកចិត្ត អាជីវកម្ម​ខ្នាតតូច​កាន់តែ​ច្រើន​ឱ្យ​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​កម្ពុជា​៕