ភ្នំពេញៈ ពេលវេលានៃការបើកដំណើរការផ្សារទំនើប The Phnom Penh Mega Mall កម្ពស់ ៩ ជាន់ ដែលគ្រោងចាប់ផ្តើមក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះត្រូវបានពន្យារទៅត្រីមាសទី ៤ វិញ ដោយសារការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងអគារនៅមិនទាន់រួចរាល់។ នេះបើយោងតាមក្រុមហ៊ុន CBRE Cambodia។
អគារដែលចាប់ផ្តើមសាងសង់ដំបូងក្នុងឆ្នាំ ២០១២ នេះដំបូងឡើយគ្រោងប្រើប្រាស់ជាទីតាំងផ្សារទំនើបមកពីប្រទេសម៉ាឡេស៊ី Parkson Mall ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនរវាងម្ចាស់អគារ និងប្រតិបត្តិករផ្សារទំនើបម៉ាឡេស៊ីមួយនេះ អគារនេះក៏ត្រូវបានគេទុកចោលមួយរយៈ។ ក្រោយមកអគារនេះក៏ត្រូវបានក្រុមហ៊ុនវិនិយោគបន្តដើម្បីបើកជាផ្សារទំនើប The Phnom Penh Mega Mall។
អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខក្នុងការធ្វើជាភ្នាក់ងារទីផ្សាររបស់គម្រោង The Phnom Penh Mega Mall បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា កាលបរិច្ឆេទនៃការបើកដំណើរការផ្សារទំនើប The Phnom Penh Mega Mall ត្រូវបានលើកទៅត្រីមាសចុងក្រោយ ឆ្នាំ ២០២០ វិញព្រោះការរៀបចំរចនាសម្ព័នខាងក្នុងមិនទាន់រួចរាល់។
អ្នកស្រីបន្តថា ការពន្យារពេលនេះគឺមិនមានជាប់ទាក់ទងទៅនឹងស្ថានភាពទីផ្សារនោះទេ ដែលមកដល់ពេលនេះមានក្រុមហ៊ុនលំដាប់អន្តរជាតិប្រហែល ២០០ បានមកទាក់ទងរកទីតាំងជួលលក់ផលិតផល។
អ្នកស្រីថ្លែងថា ៧០-៨០ ភាគរយនៃផ្ទៃក្រឡាជួលសរុបត្រូវបានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ជួលដើម្បីលក់ផលិតផលរបស់ខ្លួន បើទោះជាក្រុមហ៊ុនទាំងនោះមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលជាផ្លូវការក្តី ដោយសារការពន្យារពេលបើកដំណើរការទីផ្សារនេះ។ ទោះជាយ៉ាងណា អ្នកស្រីថ្លែងថា៖ «ជាន់ទី ៨ ត្រូវបានអតិថិជនជួលអស់ហើយ»។
អ្នកស្រីប្រាប់ទៀតថា ក្នុងចំណោមទំនិញ និងផលិតផលដែលនឹងមានលក់នៅក្នុងផ្សារទំនើបនេះ ២០ ភាគរយ នឹងជាម៉ាកយីហោថ្មីលំដាប់ពិភពលោក ដែលមិនទាន់មាននៅកម្ពុជា។ អ្នកស្រីមានប្រសាសន៍ថា៖ «នឹងមានម៉ាកល្បីៗជាច្រើនចូលមកបង្ហាញខ្លួនក្នុងផ្សារទំនើប The Phnom Penh Mega Mall ដែលជាផ្សារទំនើបមានទីតាំងល្អបំផុតក្នុងរាជធានីភ្នំពេញ»។
អគារដែលមានកម្ពស់ ៩ ជាន់ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមានផ្ទៃក្រឡាសរុប ៤៧ ០០០ ម៉ែត្រការ៉េនេះ នឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
នៅជាន់ក្រោមដីរបស់អគារនេះនឹងប្រើប្រាស់ជាផ្សារទំនើប និងកន្លែងលក់ម្ហូបអាហារ ជាន់ផ្ទាល់ដី និងជាន់ទី ១ ជាកន្លែងលក់សម្លៀកបំពាក់ (Fashion) ជាន់ទី ២ ជាកន្លែងក្មេងលេងជាន់ទី ៣ ជាកន្លែងអាហារដ្ឋានជាន់ទី ៤ កន្លែងលក់អាហារជាន់ទី ៥ ជាកន្លែងលក់គ្រឿងអេឡិចត្រូនិកជាន់ទី ៦ ជាមជ្ឈមណ្ឌលសាលារៀន និងធនាគារជាន់ទី ៧ ជាកន្លែងហាត់ប្រាណ និងជាន់ទី ៨ ជារោងកុន និងកន្លែងលេងកីឡាបូលីងជាដើម។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ក្នុងរាជធានីភ្នំពេញមានទីតាំងជួលលក់រាយសរុបចំនួន ១៩ អគារដោយមានផ្ទៃក្រឡាសរុប ៣១៤ ០០០ ម៉ែត្រការ៉េកើនឡើង ១១,១១ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានផ្ទៃក្រឡា ២៨២ ៥៨០ ម៉ែត្រការ៉េ ស្មើនឹង ១៤ អគារ។ ចំណែកឆ្នាំ ២០២០ នេះត្រូវបានរំពឹងថានឹងកើនឡើងជាង ២៦១ ៧៤៦ ម៉ែត្រការ៉េដែលធ្វើឲ្យផ្ទៃក្រឡាអគារជួលលក់រាយនៅក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ៥៧៥ ៧០០ ម៉ែត្រការ៉េ៕ LA