កាហ្វេ BROWN ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយសហគ្រិនកម្ពុជាវ័យក្មេង ១ ក្រុម ក្នុងនោះហាងកាហ្វេBROWN មានលក់កាហ្វេម្ហូបអាហារ និងនំដ៏ឈ្ងុយឆ្ងាញ់ដែលជាអាជីវកម្មដ៏ជោគជ័យមួយរបស់កូនខ្មែរ។
បច្ចុប្បន្នកាហ្វេ BROWN មានចំនួនហាងច្រើនបំផុតលំដាប់ទី៣ គឺមានហាងសរុបចំនួន ១៩ ហើយយ៉ាងហោចណាស់ហាងចំនួន ២ បន្ថែមទៀតគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះ ។
កាហ្វេ BROWN ជាយីហោកាហ្វេដ៏ល្បីល្បាញក្នុងស្រុកដែលទទួលបានការគាំទ្រខ្លាំងដោយសារតែលក្ខណពិសេសជាច្រើនរបស់ខ្លួនទើប BROWN ក្លាយជាជម្រើសដ៏ពិតប្រាកដរបស់អតិថិជនទោះបីជាទីផ្សារកាហ្វេមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក្តីក៏យីហោកាហ្វេដែលបង្កើតឡើងដោយកូនខ្មែរមួយនេះនៅបន្តរីកចម្រើនជាលំដាប់។
ដើម្បីស្វែងយល់បន្ថែមអំពីអាជីវកម្មមួយនេះឲ្យកាន់តែស៊ីជម្រៅភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសកញ្ញា ចែម ស្រីអឿន ប្រធានគ្រប់គ្រងយីហោ (Brand Manager) ហាងកាហ្វេ BROWN Coffee and Bakery ។ នៅពេលសួរថា តើអ្វីជាកូនសោគន្លឹះ នៃភាពជោគជ័យរបស់យីហោកាហ្វេមួយនេះ? កញ្ញា ស្រីអឿន បានរៀបរាប់ថា ភាពជោគជ័យរបស់ BROWN Coffee and Bakery គឺផ្អែកលើចំណុចសំខាន់ចំនួន ៣ ហើយចំណុចទី១ គឺកាហ្វេ BROWN បានជួយបង្កើតនូវវប្បធម៌នៃការញុំកាហ្វេដ៏ជាក់លាក់មួយរបស់ប្រជាជនកម្ពុជា។
កញ្ញា ចែម ស្រីអឿន ថ្លែងថា៖ «ពីមុនការទទូលទានកាហ្វេត្រូវបានគេមើលឃើញថាមានតែមនុស្សវ័យចំណាស់ប៉ុណ្ណោះដែលចូលចិត្តពិសាកាហ្វេ ហើយភាគច្រើនពួកគាត់អង្គុយតាមតូបលក់កាហ្វេតូចៗ។ ប៉ុន្តែបច្ចុប្បន្នកាហ្វេ BROWN ដែលបង្កើតឡើងដោយកូនខ្មែរបានច្នៃប្រឌិតកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់ជាមួយនឹងការរចនាហាងដ៏ទំនើប ដើម្បីបម្រើដល់អតិថិជនគ្រប់វ័យ និងគ្រប់ទិសទី»។
ចំពោះចំណុចសំខាន់ទី២ កញ្ញាបញ្ជាក់ថា៖ «កាហ្វេ BROWN មានគុណភាពខ្ពស់យើងជ្រើសរើសយកគុណភាពកាហ្វេលេខមួយយើងលីង នឹងឆុងដោយផ្ទាល់ជាមួយនឹងម៉ាស៊ីនដែលមានស្តង់ដាខ្ពស់ហើយចំពោះអាហារ និងនំវិញ គឺយើងចម្អិនដោយផ្ទាល់។ ចំណុចទី៣ គឺយើងដឹងថាអតិថិជនរបស់យើងត្រូវការអ្វី។ ជាការពិតណាស់តម្រូវការរបស់អតិថិជនតែងមានការផ្លាស់ប្តូរ ដូច្នេះយើងខិតខំបន្តអភិវឌ្ឍ និងរិះរកនូវអ្វីដែលថ្មី ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជន»។
ទោះបីមានការប្រកួតប្រជែងដ៏ខ្លាំងក្លាពីម៉ាកយីហោល្បីៗជាច្រើនក្តី ក៏កាហ្វេ BROWN នៅតែទទួលជោគជ័យ និងរក្សាសម្ទុះនៃការគាំទ្ររឹងមាំដដែល។ កញ្ញា ស្រីអឿន បានកត់សម្គាល់ថា៖ «នេះគឺដោយសារតែយើងមានការផ្តល់ជូនជាកញ្ចប់ជាអ្វីដែលអតិថិជនត្រូវការ គឺមានច្រើនលើសពីកាហ្វេ»។
កញ្ញាបន្តថា ជោគជ័យរបស់កាហ្វេ BROWN នៅលើ ទីផ្សារដ៏រឹងមាំនេះ គឺនៅមានកត្តារួមផ្សំជាច្រើនទៀត ប៉ុន្តែអ្វីដែលកាន់តែពិសេស គឺការទាក់ទាញអតិថិជនមានចំណូលមធ្យមនៅកម្ពុជាដែលកំពុងកើនឡើង។ ម្យ៉ាងវិញទៀតយើងផ្តល់កន្លែងសមស្របសម្រាប់សិស្សនិស្សិតក្រុមគ្រួសារអ្នកជំនួញការជួបជុំមិត្តភក្តិថ្មីចាស់មកអង្គុយនៅក្នុងហាងដ៏ទំនើបមានផាសុកភាពបំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានអ៊ីនធឺណិតសម្រាប់ប្រើប្រាស់អមជាមួយនឹងរសជាតិអាហារនិងកាហ្វេដ៏ឈ្ងុយឆ្ងាញ់។
ជាពិសេសទៀតនោះ ទាំងភ្ញៀវទេសចរ និងជនបរទេសក៏ពួកគាត់មានអារម្មណ៍ថាជាផ្នែក ១ នៃសហគមន៍កម្ពុជារបស់យើងដែរ នៅពេលពួកគាត់បានទទួលទានកាហ្វេដ៏ល្បីល្បាញមួយនេះ»។ ទាក់ទងឧបសគ្គ និងបញ្ហាប្រឈមនៅក្នុងទីផ្សារកម្ពុជាកញ្ញា ស្រីអឿន បានលើកឡើងថារឿងមួយដែល BROWN ប្រឈមខណៈក្រុមហ៊ុនកំពុងបន្តរីកចម្រើននេះ គឺរក្សាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ចំពេលទីផ្សារកាហ្វេកំពុងមានការប្រកួតប្រជែងខ្លាំង។ កញ្ញាបន្តថា ៖ «យើងត្រូវស្តាប់ទាំងអតិថិជន និងបុគ្គលិករបស់យើង ដើម្បីបន្តកសាងអាជីវកម្មមួយនេះក្នុងទិសដៅវិជ្ជមាន»។
បញ្ហាប្រឈមមួយទៀតកញ្ញា ស្រីអឿន ឲ្យដឹងថា គឺការស្វែងរកបុគ្គលិកដែលមានសមត្ថភាពនឹងរួសរាយរាក់ទាក់ដោយការស្វែងរកបុគ្គលិកបែបនោះ គឺមានការលំបាកម្យ៉ាងវិញទៀត ដោយសារតែបច្ចុប្បន្នមានការងារច្រើនដូច្នេះពួកគាត់មានជម្រើសច្រើនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកាហ្វេ BROWN នៅតែបន្តស្វែងរកបុគ្គលិកដែលប្រកបដោយគុណភាព។ តម្រូវការបុគ្គលិកមានស្តង់ដាខ្ពស់ គឺជាចំណុចសំខាន់ដែល BROWN Coffee and Bakery តែងតែប្រកាន់ខ្ជាប់ ដើម្បីបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុតដល់អតិថិជន។
កញ្ញា ស្រីអឿន បានពន្យល់ថាចំពោះការពង្រីកសាខាបន្ថែមយើងនៅតែប្រកាន់ខ្ជាប់គោលនយោបាយបច្ចុប្បន្នរបស់យើងជាមួយនឹងការរចនាហាងជាបីផ្នែកផ្សេងៗគ្នា។
ទី១ គឺហាង BROWN Express ដែលជាហាងតូចផ្តោតលើពេលវេលា។ ហាង BROWN Express ផ្តល់ជូនកាហ្វេ និងអាហារមានស្តង់ដាខ្ពស់ប៉ុន្តែសម្រាប់អតិថិជនដែលមានពេលវេលាតិច និងទិញខ្ចប់យកទៅក្រៅ។ ទី២ គឺហាង BROWN Classic រចនាឡើងបែបបុរាណមានទំហំធំទូលាយ។ ជាកន្លែងដ៏សមស្របបំផុតសម្រាប់អតិថិជនអង្គុយជួបជុំគ្នាប្រកបដោយផាសុកភាព និងកក់ក្តៅហើយរចនាបថចុងក្រោយ គឺហាង BROWN Roastery ហាងនេះតំណាងឱ្យចំណុចពិសេសរបស់ម៉ាកយីហោ BROWN Coffee and Bakery។
ទាំងនេះ គឺជាហាងដ៏ប្រណីតរបស់ម៉ាកយីហោ BROWN Coffee and Bakery ជាកន្លែងដែលអតិថិជនអាចទទួលបានកាហ្វេមានរសជាតិឆ្ងុយឆ្ងាញ់ និងស្រង់ក្លិនកាហ្វេដ៏ក្រអូបពាសពេញហាងសមស្របបំផុតសម្រាប់អតិថិជនគ្រប់រូបដែលចំណាយពេលវេលាវែងក្នុងការសម្រាកជួបជុំពិភាក្សា និងទទួលបានអារម្មណ៍កក់ក្តៅជាលក្ខណៈសហគមន៍នៅក្នុងហាងកាហ្វេ BROWN។
លើសពីនេះទៀតគ្រាប់កាហ្វេនៅហាង BROWN Coffee and Bakery គឺត្រូវលីង និងឆុងនៅចំពោះមុខអតិថិជនតែម្តងដែលអតិថិជនក៏អាចមើលឃើញពីដំណើរការនៃការឆុងកាហ្វេដោយផ្ទាល់ផងដែរ។
ទោះបីជាទីផ្សារកាហ្វេនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែវានៅតែជាវិស័យមួយដែលមានការរីកចម្រើនខ្លាំង។ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងបន្តរីកលូតលាស់ប្រជាជនកម្ពុជាមានប្រាក់ចំណូលកាន់តែច្រើនធ្វើឲ្យការចំណាយក៏កើនឡើង ជាពិសេសអតិថិជនតែងតែចង់ទទួលបទពិសោធជាមួយអ្វីដែលថ្មីទំនើប និងមានគុណភាពខ្ពស់។
ការរចនាហាងក៏ដូចជាការពង្រឹងគុណភាព គឺជាចំណុចដ៏សំខាន់ដែលកាហ្វេ BROWN តែងប្រកាន់ខ្ជាប់ ដើម្បីបន្តផ្តល់ជួនកាហ្វេអាហារ និងនំដែលមានរសជាតិឈ្ងុយឆ្ងាញ់គុណភាពខ្ពស់ដល់អតិថិជនគ្រប់រូបខណៈខ្លួនកំពុងសម្លឹងរកការពង្រីកសាខាបន្ថែមនៅក្នុងឆ្នាំ ២០១៩ នេះ៕