ក្រុមហ៊ុនផលិតទឹកត្រីដ៏ឈ្ងុយឆ្ងាញ់ដែលមានប្រភពពីខេត្តកំពតរបស់គ្រួសារត្រកូល ចាន់ ដែលទទួលបានការគាំទ្រពីអតិថិជនជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងកំពុងមានវត្តមាននៅលើទីផ្សារធំៗជាច្រើនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ។
អំបិល និងត្រីស្រស់ៗដែលសុទ្ធសឹងដែមានប្រភពមកពីខេត្តកំពតរួមផ្សំជាមួយនឹងការខិតខំប្រឹងប្រែង និងបច្ចេកទេសខ្ពស់ផងដែរនោះ ទឹកត្រីដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះត្រូវបានផលិតឡើង ខណៈទឹកត្រីគឺជាគ្រឿងផ្សំសម្រាប់ធ្វើម្ហូបខ្មែរដ៏សំខាន់។
គ្រួសារដែលបានបង្កើតក្រុមហ៊ុន ទឹកត្រី ង៉ូវ ហេង កំពត តាំងពីឆ្នាំ ១៩៩៥ ពីដំបូងពួកគាត់បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដោយមិនទាន់មានម៉ាស៊ីនទំនើបៗសម្រាប់ផលិតនៅឡើយ ដោយប្រើប្រាស់កម្លាំងពលកម្មដើម្បីផលិតទឹកត្រីបានប្រមាណ ១០០០ លីត្រក្នុង ១ ខែ ដើម្បីលក់នៅក្នុងខេត្ត ឬតំបន់ជិតៗ។
បច្ចុប្បន្នអាជីវកម្មមួយនេះបានប្រែក្លាយទៅជាសហគ្រាសលក្ខណៈ (SME) ដ៏លេចធ្លោមួយដែលមានបុគ្គលិកប្រមាណ ៥០ នាក់ និងផលិតទឹកត្រីបានប្រមាណ ១០ ០០០ លីត្រក្នុង ១ ថ្ងៃដោយប្រើប្រាស់ម៉ាស៊ីននាំចូលពីបរទេសទំនើបៗ ដើម្បីកែច្នៃផលិតផលរបស់ខ្លួនឲ្យកាន់តែមានគុណភាព និង ចែកចាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដោយការយកចិត្តទុកដាក់ខ្ពស់ទាំងការផលិតតាមស្តង់ដាជាតិ និងអន្តរជាតិរាល់វត្ថុធាតុដើមទាំងអស់ត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ដែលត្រូវយក តែត្រីការកើមសមុទ្រស្រស់សុទ្ធសាធ ១០០ ភាគរយ និងអំបិលដែលផលិតក្នុងខេត្តកំពតតែប៉ុណ្ណោះដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតទឹកត្រី ង៉ូវ ហេង កំពត ។ នេះគឺជាសក្ខីកម្មមួយទៀតដែលក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរមួយនេះបាននិងកំពុងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ ក្រុមហ៊ុនផលិតទឹកត្រី ង៉ូវ ហេង កំពត បាន និងកំពុងជួយលើកកម្ពស់អត្តសញ្ញាណខ្មែរបង្កើតការងារដល់សហគមន៍ជនបទ និងជួយដល់សេដ្ឋកិច្ចជនបទ និងជួយដល់កសិករនៅខេត្តកំពតមួយផ្នែកតាមរយៈការទិញវត្ថុធាតុដើម។
ក្រុមហ៊ុនដែលមានរោងចក្រនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងខេត្តកំពតនេះ ផលិតផលិតផលជាច្រើនប្រភេទដូចជាទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងខ្យង ទឹកខ្មេះ ម្រេច អំបិល និងផលិតផលជាច្រើនមុខទៀតដែលត្រូវបានលក់នៅក្រោមស្លាកយីហោ អ៊ីឆេ ង៉ូវ ហេង។
លោក ចាន់ សិល្បសុជាតិ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអ៊ីឆេ ង៉ូវ ហេង ហ្វូដប្រូដាកសិន អូហ្វ កំពតបានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «ដោយមានការគាំទ្រពីសំណាក់ភ្លៀវជាតិ និង អន្តរជាតិជាបន្តរបន្ទាប់ក្រុមហ៊ុនបានបំពាក់នៅម៉ាស៊ីនទំនើបៗជាច្រើនដើម្បីពង្រីកការផលិត និងបង្កើនទាំងគុណភាពផលិតផល និងការវេចខ្ចប់ឲ្យកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងក្នុងទីផ្សារនាពេលបច្ចុប្បន្ន»។
លោក សុជាតិ បន្តថា៖ «យើងទិញវត្ថុធាតុដើមដោយផ្ទាល់ពីអ្នកនេសាទក្នុងស្រុកដូចគ្នាទៅនឹងម្រេច និងអំបិលដែលសុទ្ធតែមានប្រភពមកពីខេត្តកំពត។ ដូច្នេះវត្ថុធាតុដើមភាគច្រើនបំផុតដែលយើងប្រើប្រាស់គឺជាវត្ថុធាតុដើមក្នុងស្រុក ដូច្នេះវាក៏ជាការជួយគាំទ្រដល់សហគមន៍មូលដ្ឋានផងដែរ។ យើងគ្រោងនឹងទទួលស្តង់ដាគុណភាព ISO ក្នុងពេលឆាប់ៗខាងមុខ»។
បច្ចុប្បន្នក្រុមហ៊ុនទឹកត្រី ង៉ូវ ហេង កំពត ផលិតទឹកស៊ីអ៊ីវបាន ៥ ០០០ លីត្រក្នុង ១ ថ្ងៃ ទឹកត្រីបាន ១ ម៉ឺនលីត្រក្នុង ១ ថ្ងៃ ម្រេចបានពី ១០ ទៅ ២០ តោនក្នុង ១ ឆ្នាំ ហើយអំបិល ១ ខែអាចផលិតបានប្រមាណជាង ១០ តោន។
លោក សុជាតិ បានលើកឡើងថា៖ «យើងផលិតផលិតផលដែលមានគុណភាពខ្ពស់ដែលអាចប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ជាពិសេសទឹកត្រី ទឹកស៊ីអ៊ីវ ម្រេច និងអំបិល។ លើសពីនេះទៀតយើងជួយផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលរបស់ខ្មែរ ជួយកសិករឱ្យរកប្រាក់ចំណូល និងបង្កើតការងារដល់ប្រជាជនក្នុងតំបន់»។
«ទឹកត្រី ង៉ូវ ហេង កំពត មានលក្ខណពិសេស និង ឈ្ងុយឆ្ងាញ់ខុសពីគេត្រង់ថា រាល់ត្រីទាំងអស់ត្រូវតែស្រស់ (ទើបចាប់បានថ្មីៗ) អំបិលកំពតដែលមានលក្ខណៈប្រៃមុតល្អ ហើយត្រូវបានដាក់បន្ទុំក្នុងធុងឈើពីបុរាណមករយៈពេល ១២ ខែឡើងទៅ ២៤ ខែ ទាំងពណ៌ ទាំងក្លិន គឺ កកើតឡើងដោយធម្មជាតិពិតៗមានរសជាតិឈ្ងុយឆ្ងាញ់គ្រប់តំណក់»។
លោក ចាន់ សិល្បសុជាតិ បានបន្ថែមថា៖ «យើងផ្តោតសំខាន់ទៅលើគុណភាព ពីព្រោះយើងយកចិត្តទុកដាក់ចំពោះសុខភាពរបស់អតិថិជន។ យើងមានអ្នកជំនាញបរទេសដែលមកជួយបណ្តុះបណ្តាលបុគ្គលិករបស់យើង ហើយយើងនាំចូលម៉ាស៊ីនផលិត វេចខ្ចប់ ម៉ាស៊ីនច្រកដប និង បិទស្លាក មកពីតៃវ៉ាន់វៀតណាម និងថៃដើម្បីបង្កើនប្រសិទ្ធភាពផលិតផលរបស់យើង»៕