ភ្នំពេញៈ អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកស្រី កុសល ម៉ាលីនដា បានប្រាប់ឲ្យដឹងនៅថ្ងៃម្សិលមិញថា កងកម្លាំងមួកខៀវកម្ពុជា ៨០ នាក់ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីនឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅថ្ងៃទី ១០ កក្កដា ២០២០។
លោកស្រី ម៉ាលីនដា បានថ្លែងថា៖ «ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ កងកម្លាំងមួកខៀវទាំង ៨០ នាក់នោះនឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិដែលមានទីតាំងក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទៅតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល»។
លោកស្រីបានប្រាប់ឲ្យដឹងផងដែរថា កាលពីយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះកម្ពុជាបានបញ្ជូនកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ ៩៧២ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ៨៨២ សរុប ៨០ នាក់ ក្នុងនោះមាន ៧ នាក់ ជាស្ត្រីផងដែរឲ្យទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសម៉ាលី ដើម្បីជំនួសកងកម្លាំងមួកខៀវកម្ពុជាទាំង ៨០ នាក់ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនេះ។ កងកម្លាំងទាំងនោះក៏ត្រូវបានធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្រោមការត្រួតពិនិត្យយ៉ាងត្រឹមត្រូវរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
លោកស្រីបានថ្លែងថា៖ «ទោះជាពេលនេះ ពិភពលោកកំពុងជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ តែកម្ពុជាមិនរារែកក្នុងការបញ្ជូនកងកម្លាំងមួកខៀវរបស់យើង ដើម្បីចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិឡើយ»។
លោកស្រី ម៉ាលីនដា បានបន្តថាក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ កងកម្លាំងកម្ពុជាមានស្នាដៃជាច្រើនក្នុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស។ រហូតមកដល់ឆ្នាំ ២០២០ នេះសម្ទុះនៃការបញ្ជូនកងកម្លាំងជាស្ត្រីមានការកើនឡើងជាង ១៧% និងជាប់ចំណាត់ថ្នាក់លេខ ១៧ ក្នុងចំណោមប្រទេស ១២៧ ដែលបានបញ្ជូនកងកម្លាំងជានារី និងជាប់លេខ ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលអនុញ្ញាតឲ្យមានការចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ៕