ភ្នំពេញៈ កងទ័ពមួកខៀវ ៧៣ នាក់បានចាកចេញពីប្រទេសកម្ពុជាទៅបំពេញបេសកកម្មមនុស្សធម៌នៅប្រទេសស៊ូដង់ខាងត្បូង កាលពីយប់ថ្ងៃអាទិត្យ ទី ២៥ ខែតុលា ដើម្បីចូលរួមរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ អ្នកនាង កុសល ម៉ាលីនដា។
អ្នកនាង ម៉ាលីនដា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា កងទ័ពមួកខៀវកម្ពុជាចំនួន ៧៣ នាក់នេះ ក្នុងនោះមានស្រីចំនួន ២៨ នាក់ ត្រូវទៅជំនួសកងទ័ពមួកខៀវចំនួន ៧៣ នាក់ដែរ (ស្រី ២ នាក់) ដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនហើយនឹងត្រូវវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី ២៧ ខែតុលា។
អ្នកនាង ម៉ាលីនដា បានថ្លែងថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពនឹងមានវិធានការដូចគ្នាទៅនឹងកងកម្លាំងមុនៗដែលវិលមកពីប្រទេសម៉ាលី ដែរ គឺនៅពេលដែលពួកគាត់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញភ្លាមគឺមជ្ឈមណ្ឌលទទួលបានកិច្ចសហប្រតិបត្តិការពិនិត្យសុខភាពពីមន្ត្រីនៃក្រសួងសុខាភិបាលភ្លាម។
អ្នកនាងបញ្ជាក់ថា៖ «ហើយពួកគាត់ក៏មិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅគេហដ្ឋានភ្លាមដែរ ប៉ុន្តែពួកគាត់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសម្អាតមីន និងកាកសំណល់សង្គ្រាមនៅស្រុកឧដុង្គ»។ ពួកគាត់នឹងត្រូវអនុញ្ញាតឱ្យត្រលប់ទៅគេហដ្ឋានវិញ បន្ទាប់ពីធ្វើចត្តាឡីស័កគ្រប់ចំនួន ១៤ ថ្ងៃ ក្នុងករណីការធ្វើតេស្តចុងក្រោយអវិជ្ជមានជំងឺកូវីដ ១៩។
ក្នុងឱកាសជូនដំណើរក្រុមកងទ័ពមួកខៀវទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងកាលពីយប់ថ្ងៃទី ២៥ តុលា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញលោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមថ្លែងថា បើទោះបីជាពិភពលោកកំពុងតែជួបវិបត្តិរាតត្បាតដោយសារតែជំងឺកូវីដ ១៩ ក៏ដោយ ក៏កម្ពុជាមិនរារែកចំពោះការបញ្ជូនកងកម្លាំងមួកខៀវទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិដែរ។
លោក សុវណ្ណនី ក៏បានក្រើនរំឭកដល់នាយទាហានទាំងអស់ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌នៅក្រៅប្រទេសត្រូវថែទាំសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិនៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ទាំងអស់គ្នាក៏ត្រូវថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរឱ្យបានល្អដើម្បីលើកតម្កើងកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសត្រូវចេះស្រឡាញ់ យកអាសាគ្នាដូចបងប្អូនបង្កើត នៅគ្រប់កាលៈទេសៈ»។
ចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបានបញ្ជូនកម្លាំងជាង ៧ ១០០ នាក់ ក្នុងនោះមានស្ត្រីចំនួនជាង ៣៥០ នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
បច្ចុប្បន្នកម្ពុជាមានកងកម្លាំង ៥ កង សរុបចំនួន ៧៨៧ នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដែលបានបរិច្ចាគកងកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី ២ នៅក្នុងតំបន់អាស៊ាន៕