កោះកុងៈ អ្នកនាំពាក្យកងទ័ពជើងអាកាសលោកឧត្តមសេនីយ៍ទោ ប្រាក់ សុខា បានឲ្យដឹងកាលពីម្សិលមិញថាសមត្ថកិច្ចកងទ័ពជើងអាកាសបាននិងកំពុងស្រាវជ្រាវរកប្រភពយន្តហោះដ្រូន ១ គ្រឿង បន្ទាប់ពីអ្នកភូមិបានប្រទះឃើញធ្លាក់នៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ខណៈបំណែកនៃយន្តហោះនោះត្រូវបានដឹកមកភ្នំពេញ។
ការអះអាងរបស់លោក ប្រាក់ សុខា នេះ បានធ្វើឡើង ៣ ថ្ងៃ បន្ទាប់ពីពលរដ្ឋរស់នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងបានប្រទះឃើញយន្តហោះដែលមានសរសេរអក្សរចិនបានធ្លាក់នៅវាលស្មៅក្បែរផ្ទះគាត់កាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០។
លោកឧត្តមសេនីយ៍ទោ ប្រាក់ សុខា បានថ្លែងថា គណៈកម្មការជំនាញរបស់កងទ័ពជើងអាកាសបានចុះទៅត្រួតពិនិត្យករណីនេះដល់ទីតាំងធ្លាក់នោះ ក្រោយពីទទួលបានព័ត៌មាននេះ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ខណៈបំណែកនៃយន្តហោះនោះត្រូវបានដោះយកមករាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ «ដ្រូនហ្នឹងម្សិលមិញ (ថ្ងៃសៅរ៍) ក្រុមបច្ចេកទេសយើងបានដោះយកមកភ្នំពេញ ហើយឥឡូវហ្នឹងវាកំពុងតែនៅក្នុងពោធិ៍ចិនតុង។
យើងមិនដឹងទេ (មានប្រភពមកពីណាទេ) បើតាមប្រធានបច្ចេកទេសគាត់វាយតម្លៃ គាត់ថា អាហ្នឹងហោះបាន ៦ ទៅ ៨ ម៉ោង ប៉ុន្តែឃើញមានអក្សរចិននៅលើហ្នឹង គាត់សន្និដ្ឋានថាវាអាចហោះមកពីទីឆ្ងាយ...»។
លោកបានបន្ថែមថា ប្រជាពលរដ្ឋរស់នៅឃុំកោះស្តេចស្រុកគិរីសាគរបាន ប្រទះឃើញយន្តហោះដ្រូន ១ គ្រឿងនោះ ធ្លាក់ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យបន្ទាន់ ហើយថា យន្តហោះដ្រូននោះមានពណ៌ទឹកប្រាក់មានលេខសម្គាល់ 1701002 ដែលមានបណ្តោយប្រវែងប្រមាណ ៥ ម៉ែត្រ និងទទឹងស្លាបទាំងសងខាងប្រវែងប្រមាណ ៩ ម៉ែត្រ តែពុំឃើញមានបំពាក់អាវុធ ឬគ្រាប់អ្វីនោះទេ។
លោក សុខ ចេង មេឃុំកោះស្ដេចបានបញ្ជាក់ប្រាប់កាលពីម្សិលមិញដែរថា ទីតាំងធ្លាក់ដ្រូន ១ គ្រឿងនោះមានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីតំបន់ដីសម្បទានរបស់ក្រុមហ៊ុនញូញៀនយូឌីជី។ លោកថា បន្ទាប់ពីទទួលបានព័ត៌មាននេះកាលពីថ្ងៃទី ១៧ ខែមករា សមត្ថកិច្ចបានហ៊ុមព័ទ្ធ និងយាមកាមនៅកន្លែងនោះដោយមិនទាន់មានអ្នកណាទៅប៉ះពាល់នោះឡើយគឺរង់ចាំឲ្យខាងសមត្ថកិច្ចក្រសួងការពារជាតិចុះមកពិនិត្យសិន។
លោកមេឃុំបានបញ្ជាក់ថា ការធ្លាក់យន្តហោះដ្រូននេះ ពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ដោយសារធ្លាក់នៅលើដីវាល ប៉ុន្តែលោកថា ដ្រូននេះធំណាស់។
លោកបានបញ្ជាក់ថា៖ «នេះគឺជាលើកទី ១ ហើយដែលប្រជាពលរដ្ឋបានប្រទះឃើញ ដ្រូននេះធ្លាក់ ហើយវាមិនបានបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ វាបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល តែពួកគាត់ពុំមានការព្រួយបារម្ភនោះទេ»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា (CMAC) បានថ្លែងកាលពីម្សិលមិញដែរថា កាលពីថ្ងៃទី ១៧ មករា មន្ត្រី CMAC បានចុះទៅអង្កេតនៅនឹងកន្លែងជាក់ស្តែងក្រែងមានសារធាតុផ្ទុះ តែរកពុំឃើញមានបំពាក់អាវុធ ឬគ្រាប់អ្វីនៅលើដ្រូននោះទេ។
លោកបានបញ្ជាក់ថា៖ «ខាងជំនាញខ្ញុំធ្វើការស្រាវជ្រាវជាតិផ្ទុះហើយ យើងរកទៅមិនមានជាតិផ្ទុះនោះទេ។ កម្លាំងយើងបានបញ្ចប់ និងដកថយនៅពេលដែលយើងរកមិនឃើញមានគ្រឿងផ្ទុះ»។
មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាមិនអាចសុំអត្ថាធិប្បាយពីករណីធ្លាក់យន្តហោះដ្រូននេះបានទេ ដោយសារមិនមានអ្នកទទួលទូរស័ព្ទកាលពីម្សិលមិញ៕