ភ្នំពេញៈ នាយកប្រតិបត្តិនៃអង្គការសត្វព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវបានកញ្ញា ធី សុវណ្ណថា គំរាមប្ដឹងពីបទ «រើសអើង» ដោយទាមទារសំណង ១០ ម៉ឺនដុល្លារ ដោយសារនាយកប្រតិបត្តិរូបនេះ បានបដិសេធវត្តមានកញ្ញា ធី សុវណ្ណថា ចូលរួមក្នុងកម្មវិធីបោះជំរំនៅតំបន់ អារ៉ែង នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៨ នេះ។
កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាប្រធានគណៈកម្មការយុវជនសាខាបក្សនៃគណបក្សប្រជាជនកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីម្សិលមិញថា កញ្ញានឹងប្តឹងកញ្ញា Suwanna Gauntlett នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពសត្វព្រៃឈ្មោះថា (Wildlife Alliance)ទៅតុលាការខេត្តកោះកុងពីបទ «រើសអើង» តាមមាត្រា ២៦៥ ដោយសារកញ្ញា Suwanna Gauntlett បានបដិសេធវត្តមានកញ្ញាក្នុងការបោះជំរំនៅតំបន់អារ៉ែង បើទោះបីជាកញ្ញាត្រូវបានអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងរួចរាល់ក៏ដោយ។
កញ្ញា បញ្ជាក់ថា៖ «ខ្ញុំអត់ដឹងពីមូលហេតុច្បាស់លាស់ទេ ដែលប្រធានអង្គការមិនចង់ឲ្យខ្ញុំទៅចូលរួមបោះជំរំនៅតំបន់ អារ៉ែង នៅពេលដែលខ្ញុំបានសួរទៅគាត់វិញ គាត់គ្រាន់តែនិយាយថា ខ្ញុំហ្នឹងមានឈ្មោះល្បីស្រាប់ហើយ មិនបាច់ទៅជាមួយក្រុមការងារគាត់ទៀតទេ។ ប៉ុន្ដែខ្ញុំគិតថា ប្រហែលជាគាត់ខឹងខ្ញុំរឿងខ្ញុំបានប៉ះទង្គិចគ្នាជាមួយបុគ្គលិកគាត់កាលពីពេលជួបជាមួយសម្ដេចម្ល៉េះ ព្រោះពេលនោះខ្ញុំបាននិយាយរឿងកំហុសឆ្គងពីអង្គការរបស់គាត់ច្រើន»។
កញ្ញា ធី សុវណ្ណថា ក៏បានសរសេរសារនៅលើ ហ្វេសប៊ុក របស់នាងដែរថា៖ «នាងខ្ញុំទទួលការ«រើសអើង» និងការប្រមាថដ៏ធ្ងន់ធ្ងរពីលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការ Wildlife Alliance បានបដិសេធវត្តមានខ្ញុំក្នុងការបោះជំរំ នៅតំបន់ អារ៉ែង ថ្ងៃទី ២៦ ខែមករានេះ ដោយនាងខ្ញុំបានទទួលការអនុញ្ញាតពីលោកជំទាវអភិបាលខេត្តកោះកុង មិថុនា ភូថង រួចរាល់ហើយ។ តើលោកស្រីជានរណា? មានសិទ្ធិអ្វីបដិសេធវត្តមានខ្ញុំ? នេះជាការប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយសរបស់ខ្ញុំ ខ្ញុំទុកពេលឲ្យលោកស្រី ៣ ថ្ងៃធ្វើលិខិតសុំទោសខ្ញុំ ជាសាធារណៈ និងផ្តល់ប្រាក់សងជំងឺចិត្តខ្ញុំ ១០ ម៉ឺនដុល្លារ បើលោកស្រីមិនព្រមខ្ញុំនឹងប្តឹងលោកស្រីទៅតុលាការខេត្តកោះកុងពីបទ «រើសអើង...»។
កញ្ញា Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពសត្វព្រៃដែលមានឈ្មោះថា (Wildlife Alliance) កាលពីម្សិលមិញមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេ ប៉ុន្តែមន្ត្រីម្នាក់ នៃអង្គការនេះ និយាយថា៖ «ប្រធានខ្ញុំ បានដឹងពីការអនុញ្ញាតរបស់អាជ្ញាធរខេត្ត ឲ្យកញ្ញាបានចូលរួមរួចរាល់ហើយ ប៉ុន្ដែប្រធានខ្ញុំ គាត់បានប្រាប់ថា កញ្ញា សុវណ្ណថា កុំទាន់អញ្ជើញទៅពេលនេះអីចាំលើកក្រោយចាំទៅ។ ខ្ញុំចង់ជម្រាបកញ្ញាថា មូលហេតុដែលមិនទាន់ចង់ឲ្យកញ្ញាចូលរួមនេះ គឺដោយសារវាជាគម្រោងសហគមន៍អ៊ីចឹងគាត់ចង់បានចំណាប់អារម្មណ៍របស់ភ្ញៀវ ផ្ដោតលើសហគមន៍ឲ្យបានច្រើន ព្រោះវាជាគម្រោងទី ១ របស់អង្គការ។ ម្យ៉ាងទៀត កញ្ញាជាបុគ្គលធ្វើនយោបាយ ហើយគាត់ក៏គិតដែរថា កញ្ញា សុវណ្ណថា ជាបុគ្គលល្បីឈ្មោះ ហើយគាត់ក៏មិនចង់ឲ្យភ្ញៀវផ្ដោតអារម្មណ៍លើសុវណ្ណថា ច្រើនពេកទេ។ អ៊ីចឹងសូម សុវណ្ណថា មេត្តាយោគយល់ផង ព្រោះនេះជាគម្រោងរបស់សហគមន៍»។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្លែងថា លោកស្រីមិនបានដឹងពីការហាមកញ្ញា សុវណ្ណថា មិនឲ្យចូលរួមនោះទេ។ «កម្មវិធីនេះ គេអញ្ជើញខ្ញុំដែរ ដើម្បីចូលរួមជាមួយយុវជន ក្នុងការសិក្សាស្វែងយល់ពីសក្ដានុពលនៃតំបន់អារ៉ែង និងជីវិតជីវៈចម្រុះផ្សេងៗនៅកម្ពុជា»៕