ក្រចេះ: យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ឱ្យ​ដឹង​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៦៥ ក្បាល​ត្រូវ​បាន​លែង​ឱ្យ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ជម្រក​ធម្មជាតិ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្ត​ក្រចេះ​វិញ​កាលពី​ម្សិលមិញ​។

អង្គការ WCS បាន​ថ្លែង​ថា​សត្វ​កន្ធាយ​ក្បាល​កង្កែប​គឺជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​នៅ​លើ​សកលលោក ហើយ​ត្រូវ​បាន​គេ​គិត​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​រហូត​ដល់​ឆ្នាំ ២០០៧ ទើប​គេ​បាន​រកឃើញ​វត្តមាន​ពួកវា​ម្តង​ទៀត​នៅក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​។

លោក ញូន ចន្ទី អ្នកសម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ WCS ថ្លែង​ថា​៖ «​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ត្រូវ​បាន​ប្រមូល​ដោយ​អតីត​អ្នកប្រមូល​ពង និង​មេពូជ​កន្ធាយ​ក្បាល​កង្កែប​ឲ្យ​មក​ធ្វើ​ការងារ​ដើម្បី​ការពារ​សំបុក​សត្វ​កន្ធាយ និង​ពង​ជំនួស​ឲ្យ​ការប្រមូល​យក​ពង​»​។

សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា​៖ «​កម្មវិធី​ការពារ​សំបុក​បាន​លើក​ទឹកចិត្ត​ឲ្យ​ប្រជាសហគមន៍​រស់នៅ​ខេត្ត​ក្រចេះ និង​ស្ទឹងត្រែង​ចូលរួម​ការពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដោយ​បាន​ជ្រើសរើស​អតីត​អ្នកប្រមូល​ពង និង​មេពូជ​កន្ធាយ​ក្បាល​កង្កែប​ឲ្យ​មក​ធ្វើ​ការងារ ដើម្បី​ស្វែងរក និង​ការពារ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​។ ចាប់​តាំងពី​ឆ្នាំ​ ២០០៧ មក​យើង​បាន​ការពារ​សំបុក​ពង​កូន​បាន​ចំនួន ៤០២ សំបុក និង​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៩០៤៧ ​កូន​»​។

អង្គការ WCS និយាយ​ថា​គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល អង្គការ Wildlife Reserve Singapore និង​សម្ព័ន្ធ​ដើម្បី​ការរស់រាន​ប្រភេទ​សត្វ​អណ្តើក (Turtle Survival Alliance) (TSA)​។

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល បាន​និយាយ​ថា​ការប្រមូល​យក​ពង​កូន ឬ​ចាប់​យក​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប មក​លក់ ឬ​ធ្វើ​ជា​ម្ហូប​គឺជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។

អង្គការ WCS បាន​និយាយ​ថា​ក្រៅពី​ទីផ្សារ​ក្នុង​ស្រុក ប្រទេស​វៀតណាម​គឺជា​ទិសដៅ​អន្តរជាតិ​សម្រាប់​សត្វ​ប្រភេទ​នេះ​៕ NS