ភ្នំពេញៈ កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរជាង ១ ៤០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីម្សិលមិញជាអ្វីដែលថ្នាក់ដឹកនាំកម្ពុជាថា ជាស្មារតីមនុស្សធម៌ បន្ទាប់ពីប្រទេសចំនួន ៥ បានបដិសេធ ខណៈពេលមានការភ័យខ្លាចចំពោះជំងឺកូរ៉ូណាដែលកំពុងរីករាលដាលដល់ប្រទេសមួយចំនួនក្នុងពិភពលោក។
នាវាទេសចរណ៍ Westerdam របស់ក្រុមហ៊ុនទេសចរណ៍ Holland America Line ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសចំនួន ៥ ដែលរួមមាន ជប៉ុន កោះតៃវ៉ាន់ កោះគាំរបស់សហរដ្ឋអាមេរិក ហ្វីលីពីន និងថៃបានបដិសេធមិនឲ្យនាវានេះចូលនៅកំពង់ផែរបស់ពួកគេ។ បន្ទាប់ពីបានមកដល់ឆ្នេរសមុទ្រខេត្តព្រះសីហនុកាលពីម្សិលមិញនាវានេះនឹងបន្តនៅទីនោះប្រមាណ ៣ ថ្ងៃ ដើម្បីឲ្យអ្នកដំណើរចុះចេញពីនាវា។
នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន Holland America Line ។
ក្រុមហ៊ុននេះបញ្ជាក់ថា នាវា Westerdam កំពុងស្ថិតនៅលើដំណើរកម្សាន្តសម្រាប់រយៈពេល ១៤ ថ្ងៃ ដោយបានចាកចេញពីទីក្រុងហុងកុងកាលពីថ្ងៃទី ១ កុម្ភៈ ហើយគ្រោងនឹងទៅដល់កំពង់ផែនៃទីក្រុងយូហ្គោហាម៉ានៃប្រទេសជប៉ុននៅថ្ងៃទី ១៥ ខែកុម្ភៈ។ នាវានេះផ្ទុកភ្ញៀវទេសចរចំនួន ៤១ សញ្ជាតិ ដែលសរុបទាំងអស់មានចំនួន ១ ៤៥៥ នាក់។
លើសពីនេះមានបុគ្គលិកបម្រើការនៅលើនាវាចំនួន ៨០២ នាក់ផ្សេងទៀត។ ប្រទេសដែលមានប្រជាជនរបស់ខ្លួនច្រើននៅលើនាវានេះរួមមាន សហរដ្ឋអាមេរិកចំនួន ៦៥១ នាក់ កាណាដា ចំនួន ១៧១ នាក់ ចក្រភពអង់គ្លេសចំនួន ១២៧ នាក់ និងហូឡង់ចំនួន ៩១ នាក់។
អ្នកដំណើរម្នាក់ឈ្មោះ Christina Kerby ជាជនជាតិអាមេរិកដែលកំពុងស្ថិតនៅលើនាវានោះបានសរសេរនៅទំព័រធ្វីធើរកាលពីម្សិលមិញថា អ្នកដំណើរទាំងអស់មានក្ដីរីករាយ ហើយបន្តនៅលើនាវានោះសិន។ ប៉ុន្តែមន្ត្រីកម្ពុជាបានឡើងទៅលើនាវាដើម្បីប្រមូលលិខិតឆ្លងដែនដើម្បីចេញទិដ្ឋាការសម្រាប់ឲ្យអ្នកដំណើរណាដែលទទួលបានសំបុត្រយន្តហោះដើម្បីហោះចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
Christina Kerby និយាយថា៖ «ភ្ញៀវជាច្រើននៅលើនាវានៅមានសុវត្ថិភាព និងទទួលបានការថែទាំបានយ៉ាងល្អ។ នាវានេះមិនស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែកទេ ហើយយើងក៏គ្មានហេតុផលអ្វីដែលត្រូវជឿថា មានករណីមេរោគកូរ៉ូណានៅលើនាវានេះដែរ បើទោះជាមានការរាយការណ៍ពីសារព័ត៌មានក៏ដោយ។ ភ្ញៀវនឹងឡើងគោក។ ការយល់ព្រមត្រូវបានទទួលរួចហើយ ហើយយើងពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរកម្ពុជាសម្រាប់ការគាំទ្ររបស់ពួកគេ» ។
ក្រុមហ៊ុន Holland America Line បញ្ជាក់ថា បន្ទាប់ពីភ្ញៀវទេសចរឡើងគោក ពួកគេនឹងត្រូវបញ្ជូនទៅទីក្រុងភ្នំពេញដោយយន្តហោះឯកជន ហើយនឹងបន្តដំណើរត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ក្រុមហ៊ុននឹងចេញសំណងពេញទាំងស្រុងសម្រាប់ការធ្វើដំណើរមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មាន ហ្វ្រេសញូវ កាលពីយប់ថ្ងៃពុធថា ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុនេះធ្វើឡើងដោយផ្អែកលើស្មារតីមនុស្សធម៌។ លោកបានបញ្ជាក់សាជាថ្មីថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។
លោកថ្លែងក្នុងប្រសាសន៍ដើមថា៖ «ការអនុញ្ញាតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាចដែលកំពុងកើតមាននៅលើពិភពលោកយើងនេះហើយកម្ពុជាគ្មានឡើយ ការរើសអើងពូជសាសន៍ត្រូវតែចូលរួមសង្គ្រោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
នៅខណៈពេលដែលកិច្ចការនាំយកភ្ញៀវទេសចរទាំងនេះត្រឡប់ទៅផ្ទះវិញនោះ កម្ពុជាក៏បានទទួលនូវការកោតសរសើរជាច្រើនពីសំណាក់មន្ត្រីអង្គទូត និងអគ្គលេខាធិការអង្គការសុខភាពពិភពលោកផងដែរ។
លោក Tedros Adhanom Ghebreyesu អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោកបានសរសេរនៅលើធ្វីធើររបស់លោកកាលពីថ្ងៃពុធដោយលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការបើកផ្លូវឲ្យនាវានេះចូលចត។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «នេះជាទង្វើនៃសាមគ្គីភាពគួរឲ្យស្វាគមន៍នៅខណៈពេលដែលពិភពលោកមានឱកាសក្នុងការបញ្ឈប់ជំងឺ Covid19 និងចៀសវាងស្លាកស្នាមទុរយស និងការភ័យខ្លាច»។
ស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយសម្រួលដល់ការចូលចត និងការចុះពីនាវាដោយសុវត្ថិភាព។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា៖ «យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជំនួយព្រមទាំងការទទួលបដិសណ្ឋារកិច្ចក្នុងពេលវេលាដ៏លំបាកនេះ។ នាវានេះបានប្រាប់ថា មិនមានករណីជំងឺកូរ៉ូណានៅលើនាវានេះទេ ហើយក្រុមគ្រូពេទ្យនៅលើនាវាកំពុងពិនិត្យតាមដានស្ថានការណ៍នេះយ៉ាងដិតដល់»។
ទន្ទឹមនឹងនេះលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងលើទំព័រធ្វីធើររបស់លោកពីម្សិលមិញដែរថា ស្ថានទូត និងរដ្ឋាភិបាលសហរដ្ឋអាមេរិករួមជាមួយនឹងកម្ពុជាបានធ្វើការជាមួយគ្នាដើម្បីសម្រួលដល់ការចូលចតនៅខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា៖ «យើងពិតជាកោតសរសើរយ៉ាងខ្លាំងដល់កម្ពុជាចំពោះការផ្ដល់ការគាំទ្រដល់ Westerdam។ សុវត្ថិភាពរបស់ពលរដ្ឋ អាមេរិចកាំង គឺជាអាទិភាពខ្ពស់បំផុតរបស់ខ្ញុំ»។
លោកបន្តថា ក្រុមការងារស្ថានទូតកំពុងស្ថិតនៅខេត្តព្រះសីហនុដើម្បីគាំទ្រដល់ការចុះពីនាវា និងការផ្ទេរទៅកាន់គោលដៅបន្ទាប់។
លោកថា អាជ្ញាធរកម្ពុជាកំពុងធ្វើការពិនិត្យអ្នកដំណើរ ហើយការងារនេះត្រូវស៊ីពេលខ្លះ។
លោកស្នើឲ្យមានការអត់ទ្រាំបន្តិចរហូតដល់កិច្ចការនេះបញ្ចប់នាពេលឆាប់ៗនេះ។
លោកថ្លែងថា៖ «ពីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញយើងស្ថិតនៅជាមួយលោកអ្នករហូតដល់ការងារនេះបានបញ្ចប់»។
ការចូលចតនៃនាវានេះក៏មានការស្វាគមន៍ និងពិនិត្យពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោងខុន អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងប្រាប់បណ្ដាញព័ត៌មានកាលពីម្សិលមិញថា ក្រុមបុគ្គលិកសុខាភិបាលកំពុងពិនិត្យសុខភាពអ្នកដំណើរនៅលើនាវា ហើយថាមិនមែនអ្នកដំណើរទាំងអស់ត្រូវចុះពីនាវាទេ។ លោកបញ្ជាក់ថា មានតែអ្នកដំណើរដែលមានសំបុត្រយន្តហោះសម្រាប់ចាកចេញពីកម្ពុជាទេដែលនឹងត្រូវចុះពីនាវា។
លោកពន្យល់ថា អ្នកដំណើរទាំងនោះនឹងត្រូវដឹកជញ្ចូនដោយរថយន្តក្រុងពីកំពង់ផែឆ្ពោះទៅព្រលានយន្តហោះខេត្ត បន្ទាប់មកនឹងត្រូវដឹកជញ្ជូនបន្តទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា អ្នកបើកបរនាវាបានបញ្ជាក់ប្រាប់ថា មានភ្ញៀវចំនួន ២០ នាក់ដែលមានបញ្ហាសុខភាព ដូចជា ក្រពះ និងរាករូស។
លោក គួច ចំរើន ថ្លែងថា៖ «បើតាមព័ត៌មានដែលអ្នកនៅលើកប៉ាល់ ពិសេសកាពីតែនគាត់ផ្ដល់មកឲ្យយើងថា មានជំងឺផ្សេងៗមានច្បាស់គឺ ៤ នាក់ ហើយ ៦ នាក់មានជំងឺរាករូស»។
លោកបន្តថា៖ «យើងខ្ញុំដែលមានភារកិច្ចនៅទីនេះចាំបាច់ត្រូវតែយកបញ្ហាទាំងអស់នោះមកធ្វើការបញ្ជាក់ឲ្យច្បាស់លាស់ជូនទៅសាធារណជនរបស់យើង។
ការពាក់ព័ន្ធនឹងបងប្អូនទាំង ២០ នាក់ ចាំបាច់ត្រូវតែមានការបញ្ជាក់អះអាងឲ្យច្បាស់ថា ២០ នាក់នេះស្ថានភាពបែបម៉េច? មានឬគ្មានអាស្រ័យទៅនឹងការពិនិត្យ និងវិភាគរបស់ក្រុមគ្រូពេទ្យ។ មកដល់ពេលនេះយើងមិនទាន់បញ្ជាក់ថា មាន ឬគ្មានទេ ប៉ុន្តែសំណាកពួកគាត់ទាំង ២០ នាក់គឺយើងបានទទួលយកមកហើយកំពុងតែបញ្ជូនទៅកាន់ក្រុមគ្រូពេទ្យបច្ចេកទេស»។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុនយន្តហោះឯកជនក្នុងស្រុកបានដេញថ្លៃដឹកអ្នកដំណើរទាំងនោះពីខេត្តព្រះសីហនុមកភ្នំពេញ។
លោកថា លោកមិនទាន់មានព័ត៌មានថា មានមនុស្សប៉ុន្មាននាក់ត្រូវបានដឹកមកទេកាលពីម្សិលមិញ ប៉ុន្តែក្រុមការងារបានត្រៀមដឹកជញ្ជូនពី ៥ ទៅ ៦ លើកក្នុង ១ ថ្ងៃ ដោយយន្តហោះមួយអាចផ្ទុកមនុស្សបានប្រមាណ ១៨០ នាក់៕