ភ្នំពេញៈ ប្រទេស កម្ពុជា មិនទទួលយកអនុសាសន៍ឲ្យចេញលិខិតអញ្ជើញចំហអចិន្រៃ្តយ៍សម្រាប់នីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ ដែលជំរុញដោយប្រទេសចំនួន ៥។ ការបដិសេធនេះ គឺជាផ្នែកនៃអនុសាសន៍ចំនួន ២៥ ដែលកម្ពុជាបានកត់សម្គាល់។
កម្ពុជាបានទទួលយកអនុសាសន៍ជាផ្លូវការចំនួន ១៧៣ និងបានកត់សម្គាល់អនុសាសន៍ចំនួន ២៥ ក្នុងចំណោមអនុសាសន៍ ១៩៨ កាលពីសប្តាហ៍មុន ក្នុងអំឡុងសម័យប្រជុំលើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សឺណែវប្រទេស ស្វ៊ីស។ អនុសាសន៍ទាំងនេះត្រូវបានផ្តល់ដោយប្រទេសចំនួន ៧៣ ក្នុងអំឡុងកិច្ចប្រជុំលើកទី៣២ នៃកិច្ចប្រជុំក្រុមការងារ UPR ដែលប្រារព្ធធ្វើឡើងកាលពីចុងខែមករា។ អនុសាសន៍ចំនួន ២៥ ត្រូវបានដាក់ជា ១០ ប្រភេទ។
នៅក្នុងចំណាត់ថ្នាក់ទី១ មានប្រទេសចំនួន ៥ រួមមានអាល្លឺម៉ង់ ក្រូអាស៊ី អ៊ុយក្រែន សាធារណរដ្ឋឆែក និងប្រទេស ឡេតូនី (Latvia) បានផ្តល់អនុសាសន៍ឲ្យកម្ពុជាចេញលិខិតអញ្ជើញចំហអចិន្រៃ្តយ៍ចំពោះនីតិវិធីពិសេសទាំងអស់ហើយចូលរួមក្នុងលក្ខណៈស្ថាបនាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងនីតិវិធីពិសេស។
រដ្ឋាភិបាលបានលើកហេតុផល នៃការមិនទទួលយកនេះថា៖ «រដ្ឋាភិបាលមិនមានគោលនយោបាយចេញលិខិតអញ្ជើញជាចំហទេ។ យើងរក្សាសិទ្ធិរបស់យើងក្នុងការស្វាគមន៍ដំណើរទស្សនកិច្ចទាំងអស់ដែលធ្វើឡើងដោយនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ នៃគ្រប់អាណត្តិទាំងអស់ផ្អែកលើកាលៈទេសៈជាក់ស្តែង»។
រដ្ឋាភិបាលបន្ថែមថា៖ «ជាការពិតមានដំណើរទស្សនកិច្ចមួយចំនួន ដែលធ្វើឡើងដោយអ្នករាយការណ៍ពិសេស និងក្រុមការងារ នៃនីតិវិធីពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ»។
នីតិវិធីពិសេស អាចធ្វើឡើង ជាលក្ខណៈបុគ្គលដែលហៅថា «អ្នករាយការណ៍ពិសេស» ឬ «អ្នកជំនាញឯករាជ្យ» ឬក្រុមការងារ ដែលមានសមាសភាពសមាជិក ៥ នាក់។ ជាផ្នែកនៃវិធីសាស្រ្តការងាររបស់ពួកគេ អ្នកកាន់អាណត្តិពិសេសនេះ ត្រូវចុះទស្សនកិច្ចប្រទេសណាមួយ ដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅកម្រិតថ្នាក់ជាតិ។ នេះបើយោងតាមនិយមន័យរបស់ OHCHR។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងកាលពីថ្ងៃអង្គារថា កម្ពុជាមិនដែលច្រានចោល នីតិវិធីពិសេសណាមួយ របស់អង្គការសហប្រជាជាតិទេ ប៉ុន្តែក្នុងនាមជាប្រទេសអធិប តេយ្យភាព ខ្លួនមានសិទ្ធិច្រានចោលឬអនុញ្ញាតចំពោះទស្សនកិច្ចណាមួយ។
ប្រទេសចំនួន ៦ បានផ្ដល់អនុសាសន៍ដោយជំរុញកម្ពុជាឲ្យលុបចោលបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ។ ពួកគេនិយាយថា បទប្បញ្ញត្តិទាំងនេះ អាចត្រូវបានប្រើដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ និងសមាគម និងបញ្ឈប់ការប្រើបទបរិហារកេរ្តិ៍ជាបទព្រហ្មទណ្ឌ។
ប៉ុន្តែកម្ពុជានិយាយថា៖ «ក្រមព្រហ្មទណ្ឌកម្ពុជា មិនរឹតត្បិតសេរីភាព នៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី និងស្របច្បាប់នោះទេ។ ក្រមព្រហ្មទណ្ឌ ចែងឲ្យមានការដាក់ទោសទណ្ឌទៅលើអ្នកដែលល្មើសច្បាប់ និងបំពានសិទ្ធិមនុស្ស»។
ក្រមនេះបន្ថែមថា បទបរិហារកេរ្តិ៍មិនស្ថិតក្រោមការជាប់ពន្ធនាគារ ប៉ុន្តែវាជាបទល្មើសព្រហ្មទណ្ឌដែលអាចត្រូវពិន័យជាប្រាក់។
ក្រមព្រហ្មទណ្ឌចែងថា មានវេទិកាប្រព័ន្ធផ្សព្វផ្សាយសម្បូរបែបនៅក្នុងប្រទេសកម្ពុជា ហើយប្រព័ន្ធផ្សព្វផ្សាយទាំងនោះ គឺមានសេរីភាពក្នុងការចុះផ្សាយដោយមិនមានការពិនិត្យជាមុន ឬរឹតបន្តឹងពីរដ្ឋាភិបាល ។
កម្ពុជាក៏កត់សម្គាល់ផងដែរ ចំពោះអនុសាសន៍ឲ្យមានវិសោធនកម្មច្បាប់នយោបាយ ច្បាប់អង្គការក្រៅរដ្ឋាភិបាល និងច្បាប់សហជីព ដែលផ្តល់អនុសាសន៍ដោយប្រទេសអូស្រ្តាលី អូទ្រីស និងប្រទេសប្រេស៊ីល។ ប្រទេសទាំង ៣ នេះ បាននិយាយថា កម្ពុជាគួរតែធានាថា ច្បាប់ទាំង ៣ នេះ មានលក្ខណៈស៊ីគ្នាជាមួយនឹងកាតព្វកិច្ចរបស់រដ្ឋក្រោមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ។
សហរដ្ឋអាមេរិក កាណាដា និងនូវែលសេឡង់ បានជំរុញឲ្យកម្ពុជាដោះលែងលោក កឹម សុខា និងធ្វើឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ និងផ្តល់នីតិសម្បទាដល់សមាជិកគណបក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ ដោយគ្មានលក្ខខណ្ឌ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា វាជារឿងគួរឲ្យសាទរដែលកម្ពុជាទទួលយកអនុសាសន៍ភាគច្រើន។ លោកស្រីលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ឲ្យមានវិធានការជាក់លាក់ដើម្បីធានាបាននូវការអនុវត្តឲ្យមានប្រសិទ្ធភាពលើអនុសាសន៍ដែលទទួលយកទាំងនោះ។
ទោះជាយ៉ាងណាលោកស្រីថ្លែងថា៖ «វាជារឿងគួរឲ្យខកចិត្ត ដែលរដ្ឋាភិបាលសម្រេចចិត្តធ្វើការកត់សម្គាល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ ដែលបច្ចុប្បន្ននេះ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិខ្លាំង និងអនុសាសន៍ពាក់ព័ន្ធ នឹងសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ»។
លោកស្រី ចក់ សុភាព បន្ថែមថា រដ្ឋាភិបាលនៅតែអាចធ្វើឲ្យស្ថានការណ៍សិទ្ធិមនុស្សមានភាពប្រសើរឡើង ដូចមានលើកឡើងក្នុងអនុសាសន៍ដែលត្រូវបានកត់សម្គាល់៕