ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សារលិខិត​ចូលរួម​អបអរសាទរ ទិវា​ពិភពលោក​កម្ចាត់រោគរ​បេង​ថ្ងៃទី​ ២៤ ​ខែ​ មីនា ឆ្នាំ​ ២០២១ ខណៈ​លោក​គូសបញ្ជាក់​ថា កម្ពុជា​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុង​ការងារ​កម្ចាត់​ជំងឺរបេង ដែល​ធ្វើឱ្យ​អត្រា​ស្លាប់​ដោយ​ជំងឺ​នេះ​មានការ​ធ្លាក់ចុះ​ប្រមាណ ៦០ ​ភាគរយ​។

ទិវា​ពិភពលោក​កម្ចាត់រោគរ​បេង​ថ្ងៃទី​ ២៤ ​ខែ​មីនា​ ក្នុង​ឆ្នាំ​ ២០២១ ​នេះ​ត្រូវបាន​រដ្ឋាភិបាល​លើក​យក​ប្រធានបទ​ «​នាឡិការោទិ៍​ដល់ពេល​យើង​រួមគ្នា​រក្សា​កិច្ចសន្យា​ប្ដេជ្ញាចិត្ត​ដើម្បី​បញ្ចប់​ជំងឺរបេង​» ក្នុង​គោលបំណង​បន្ត​ជំរុញ​ និង​យក​ចិត្ត​ទុកដាក់​បន្ថែមទៀត​ក្នុង​ការលើកកម្ពស់​សុខភាព​របស់​ប្រជាជន​ឱ្យ​កាន់តែ​ទូលំទូលាយ និង​បំផុស​ការយល់ដឹង ការយកចិត្ត​ទុកដាក់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺរបេង​ជាមួយ​ពិភពលោក​។

លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់​ក្នុង​សារលិខិត​ថា ការប្រយុទ្ធ​នឹង​ជំងឺរបេង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ពិភពលោក​ចំពោះ​ការងារ​កម្ចាត់​ជំងឺ​របេង​យ៉ាងសកម្ម​ និង​ប្រកបដោយ​ប្រសិទ្ធភាព ខណៈ​ដែល​កាលពី​ ២០ ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែលមាន​អត្រា​អ្នក​កើត​ជំងឺរបេង​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក​។

លោក​បន្តថា​សមិទ្ធផល​ទាំងនេះ គឺ​បានមក​ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការពង្រីក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺរបេង​តាម​យុទ្ធសាស្ត្រ​ដូតស៍​នៅ​គ្រប់​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​ទូទាំងប្រទេស​។

បន្ថែម​ពី​នេះ លោក​បញ្ជាក់ថា​៖ «​យើង​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង​ការព្យាបាល​ជំងឺរបេង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដែល​កិច្ចការ​នេះ​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់ និង​ជាហេតុ​ធ្វើឱ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយ​ជំងឺរបេង​ក្នុងប្រទេស​កម្ពុជា​យើង​មាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ច្រើនជាង​ប្រទេស​ដទៃ​»​។

តាមរយៈ​សារលិខិត​ដដែល​បានឱ្យ​ដឹងថា អត្រា​ស្លាប់​នៃ​ជំងឺរបេង​បាន​ថយចុះ​ពី​ ៤២ ករណី​ក្នុង​ចំណោម​ប្រជាជន ១០ ម៉ឺន​នាក់​ នៅ​ឆ្នាំ​ ២០០០ ​មក​ត្រឹម​ ១៧ ​ករណី​ ក្នុង​ចំណោម​ប្រជាជន​ ១០ ​ម៉ឺន​នាក់​ ក្នុង​ឆ្នាំ ២០១៩ ដែលមាន​ការធ្លាក់ចុះ​ស្មើនឹង ៦០ ភាគរយ​។ ចំណែក​អត្រា​កើតមាន​ជំងឺ​ថ្មី​បាន​ធ្លាក់ចុះ​ពី​ ៥៧៩ ​ករណី​ ក្នុងចំណោម​ប្រជាជន ១០ ​ម៉ឺន​នាក់​ នៅ​ឆ្នាំ ២០០០ ​ចុះមក​ដល់​ ២៨៧ ​ករណី ​ក្នុង​ចំណោម​ប្រជាជន​ ១០ ​ម៉ឺន​នាក់ ​នៅ​ឆ្នាំ ២០១៩ ​ដែល​ស្មើនឹង ៥០ ​ភាគរយ​។

បើទោះជា​ទទួលបាន​លទ្ធ​ផល​បែបនេះ​ក៏​លោក​ ហ៊ុន សែន មិនបាន​ពេញចិត្ត​ចំពោះ​ភាពជោគជ័យ​នេះ​នោះទេ ដោយ​លោក​នៅ​តែ​ទទួលស្គាល់​ថា កម្ពុជា​មាន​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង​ខ្ពស់​នៅឡើយ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​ និង​មាន​មនុស្ស​ច្រើន​នៅឡើយ​ដែល​នៅ​ពុំទាន់​ទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល​។

លោក ជំរុញ​យ៉ាង​ដូច្នេះ​ថា​៖ «​បញ្ហា​នេះ​តម្រូវឱ្យ​យើង​ត្រូវ​បង្កើនល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នូវ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺរបេង ស្រប​តាម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៃ​កម្ពុជា​ និង​ពិភពលោក​»​។

តាម​ការប៉ាន់ស្មាន​នៅក្នុង​ពិភពលោក​ក្នុង​មួយឆ្នាំៗ​មាន​ប្រជាជន​ប្រមាណ​ ១០ ​លាន​នាក់​បាន​កើត​ជំងឺរបេង ប៉ុន្តែ​ក្នុងនោះ អ្នកជំងឺ​ប្រហែល​ ៣ ​លាន​នាក់​ក្នុង​មួយឆ្នាំៗ​មិន​បាន​ទទួល​សេវា​ថែទាំ និង​ព្យាបាល​ជំងឺ​នេះ​នោះឡើយ ខណៈ​ជំងឺ​នេះ​បាន​ឆក់យក​អាយុជីវិត​មនុស្ស​ក្នុង​មួយឆ្នាំៗ​ប្រមាណ ១ ​លាន ៤ ​សែន​នាក់​។ នេះ​បើតាម​សារលិខិត​របស់​លោក ហ៊ុន សែន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​រំពឹង​ដែរ​ថា យុទ្ធនាការ​ទិវា​របេង​ពិភពលោក​ឆ្នាំ​ ២០២១ ​នេះ​នឹង​បន្ត​បំផុស​ឱ្យ​មនុស្ស​ទាំងឡាយ​នៅលើ​សកលលោក​ឱ្យ​មាន​ការយល់ដឹង​បន្ថែម និង​ធ្វើ​សកម្មភាព​រួមគ្នា​មាន​លក្ខណៈ​សកម្ម​ជាង​មុន ដើម្បីឱ្យ​អ្នកសង្ស័យ​កើត​ជំងឺរបេង​គ្រប់គ្នា​ទទួល​បាន​នូវ​ការធ្វើ​រោគវិនិច្ឆ័យ​ទាន់ពេលវេលា និង​ព្យាបាល​ជាសះស្បើយ ឈាន​ទៅ​រក​ថ្ងៃ​អនាគត ដែល​ពិភពលោក គ្មាន​ជំងឺរបេង និង​គ្មាន​អ្នកស្លាប់​ដោយសារ​ជំងឺរបេង​៕