ភ្នំពេញៈ មន្ត្រីកម្ពុជាថ្លែងពីម្សិលមិញថា កម្ពុជាមិនបានគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិទេ ប៉ុន្តែបានអនុវត្តវិធានការផ្លូវច្បាប់តាមផ្លូវតុលាការ ចំពោះអ្នកដែលបានប្រព្រឹត្តបទល្មើស។ ការថ្លែងដូច្នេះគឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីស្សែល បាស្សេឡេត ដែលបានសម្តែងការព្រួយបារម្ភចំពោះការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិនៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន ១១ និងរួមទាំងកម្ពុជាផងនៅក្នុងអំឡុងពេលមានវិបត្ដិនៃជំងឺកូវីដ១៩។
អ្នកស្រី មីស្សែល បាស្សេឡេត បានថ្លែងកាលពីថ្ងៃទី ៣ មិថុនា ថាប្រទេសជាច្រើននៅក្នុងតំបន់មានច្បាប់គ្រប់គ្រង “ព័ត៌មានមិនពិត” និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលលើកឡើងពីកង្វល់អំពីសិទ្ធិមនុស្ស ហើយត្រូវបានគេប្រើប្រាស់ក្នុងបរិបទផ្សេងទៀត ដើម្បីរារាំងការនិយាយស្តីស្របច្បាប់ ជាពិសេស ការជជែកដេញដោលជាសាធារណៈ ការរិះគន់អំពីគោលនយោបាយរបស់រដ្ឋាភិបាល និងការបង្ក្រាបសេរីភាពក្នុងការបញ្ចេញមតិ។
អ្នកស្រីថ្លែងថា ជំងឺកូវីដ ១៩ ត្រូវបានគេមើលឃើញពីការរឹតត្បិតបន្ថែមទៀតលើការនិយាយស្តីនៅប្រទេសជាច្រើនអមដោយការចាប់ខ្លួន និងការឃុំខ្លួនអ្នកទាំងឡាយនិយាយរិះគន់ ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល ឬគ្រាន់តែការចែករំលែកព័ត៌មាន ឬទស្សនៈអំពីជំងឺរាតត្បាតនេះ។
លោកស្រីថ្លែងថា នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស OHCHR បានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០ នាក់រាប់ទាំងស្ត្រី ៦ នាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ។
លោកស្រីបន្តថា៖ «មនុស្សមួយចំនួនត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល។ មនុស្សចំនួន ១៤ នាក់កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយក្នុងនោះ ១០ នាក់ ជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានប្រកាសរំលាយហើយនោះ»។
លោកស្រីថ្លែងថា៖ «វិបត្តិនេះមិនគួរត្រូវបានប្រើប្រាស់ ដើម្បីរឹតត្បិតមតិប្រឆាំង ឬលំហូរដោយសេរីនៃព័ត៌មាន និងការជជែកដេញដោលឡើយ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ឲ្យដឹងពីម្សិលថា ចាប់តាំងពីមានកូវីដ១៩មកមនុស្ស ៥០ នាក់ក្នុងនោះមាន ២៦ នាក់ ត្រូវបានឃាត់ខ្លួនតាមដីកា ហើយពួកគេនៅក្នុងឃុំនៅឡើយ ចំណែក ២៤ នាក់ត្រូវបានអប់រំហើយត្រឡប់ទៅផ្ទះវិញរួមទាំងក្មេងស្រីអាយុ ១៤ ឆ្នាំ។ អ្នកដែលត្រូវបានអប់រំ គឺដោយសារព័ត៌មានរបស់គាត់មិនមានឥទ្ធិពលខ្លះ ឬមួយគ្រាន់តែបង្ហោះតពីគេ។
ចំណែកការចាប់ខ្លួនអ្នក ២៦ នាក់នោះមិនមែនដោយសារគាត់ជាសមាជិកអតីតបក្សប្រឆាំងទេ គឺដោយសារគាត់បង្ហោះព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ធ្វើឲ្យមានចលាចលសង្គម។ ព័ត៌មានខ្លះមានចរិតបង្កអសន្តិសុខទៀតផង។
លោកថ្លែងថា៖ «កូវីដរបស់គាត់គឺគាត់យកកូវីដធ្វើជាស្ពានដើម្បីវាយប្រហារ និងញុះញង់ក្នុងចេតនាប៉ុនប៉ងបង្កចលាចលក្នុងគោលបំណងអនុវត្តផែនការប្រឆាំងរាជរដ្ឋាភិបាល»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា កម្ពុជាមិនបានចាប់ខ្លួនអ្នកបញ្ចេញមតិពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ទេ។ ប៉ុន្តែការឃាត់ខ្លួន និងបន្តដោយវិធានការច្បាប់តាមផ្លូវតុលាការកន្លងមកគឺដោយសារតែអ្នកទាំងនោះបានប្រព្រឹត្តបទល្មើស។
លោកថ្លែងថា៖ «សកម្មភាពរបស់គេមិនមែនជាការបញ្ចេញមតិដែលការពារដោយច្បាប់ទេ ប៉ុន្តែបានបង្កើតបទល្មើសដូចជាការបង្ហោះព័ត៌មានក្លែងក្លាយ ការញុះញង់ បង្កភាពចលាចល បំភិតបំភ័យ ប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់អ្នកដទៃ។ នេះមិនមែនជាការបញ្ចេញមតិពាក់ព័ន្ធនឹងកូវីដទេ នេះជាបទល្មើសដែលត្រូវមានវិធានការតាមផ្លូវច្បាប់»។
លោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូបានថ្លែងថាលីកាដូនៅតែគាំទ្រ ហើយលើកទឹកចិត្តឲ្យមានការបញ្ចេញមតិ។ ប៉ុន្តែគ្រាន់តែថា ការបញ្ចេញមតិធ្វើយ៉ាងណាតាមបែបស្ថាបនា រិះគន់ដើម្បីស្ថាបនា។ ដើម្បីចៀសវាងភាពប្រឈមខ្លួនឯងដោយសារការផូស្តរបស់ខ្លួន៕