ភ្នំពេញៈ គណៈកម្មការជំនាញរបស់រដ្ឋសភានៃប្រទេសកម្ពុជា-វៀតណាម និងឡាវ ព្រមទាំងភាគីពាក់ព័ន្ធពីម្សិលមិញបានជួបពិភាក្សាគ្នានៅសណ្ឋាគារសុខាភ្នំពេញលើការងារពង្រឹងជំរុញឲ្យមានការអភិវឌ្ឍតំបន់ត្រីកោណ ផ្លាស់ប្តូរព័ត៌មាន និងរកដំណោះស្រាយលើបញ្ហាប្រឈមមួយចំនួនដូចជា ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើ។
កិច្ចពិភាក្សាលើកទី ៤ ស្តីពី «តួនាទីភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ និងគណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាមក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព» នេះត្រូវបានរៀបចំដោយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលមានការចូលរួមពីលោក ខាំ ស៊ុកវីនថាវង្ស ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ និងសន្តិសុខរបស់រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក វ៉ក់ ចុកវៀត ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធប្រមាណ ១០០ នាក់។
កិច្ចពិភាក្សាលើកទី ៤ នេះបានជំរុញឲ្យមានការអភិវឌ្ឍតំបន់ត្រីកោណដើម្បីចែករំលែក និងផ្លាស់ប្តូរព័ត៌មាន បទពិសោធពីគ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ និងជំរុញកិច្ចការសន្តិសុខ ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជាបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ជាដើម។
លោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភាកម្ពុជាថ្លែងប្រាប់កិច្ចពិភាក្សាលើកទី ៤ នេះថា វិស័យសន្តិសុខ និងការពារជាតិមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានស្នើឲ្យប្រទេសពាក់ព័ន្ធពង្រឹង និងលើកកម្ពស់តាមដានត្រួតពិនិត្យការអនុវត្តច្បាប់ដើម្បីរួមចំណែកដល់ការថែរក្សាសនិ្តសុខ និងសណ្តាប់ធ្នាប់ សំដៅទប់ស្កាត់រាល់បទឧក្រិដ្ឋឆ្លងដែននានា ធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ វិនិយោគិននៅតំបន់ត្រីកោណអភិវឌ្ឍន៍។
លោកបញ្ជាក់ថា៖ «ទោះបីជាយើងទទួលបាននូវលទ្ធផលវិជ្ជមានច្រើនយ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមនានាមួយចំនួនដូចជាការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស ការនាំចេញ នាំចូលខុសច្បាប់ និងការកាប់ព្រៃឈើខុសច្បាប់ជាដើម។ បញ្ហាទាំងអស់នេះតម្រូវឲ្យយើងទាំងអស់គ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងភាគីពាក់ព័ន្ធដទៃបន្តខិតខំទ្វេដងថែមទៀត ដើម្បីរួមគ្នាដោះស្រាយ និងជាពិសេសធ្វើឲ្យប្រាកដថាសន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានចែករំលែកទៅដល់ប្រជាពលរដ្ឋទាំងអស់»។
លោកក៏ជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំង ៣ ពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងការកៀរគរធនធានដើម្បីពន្លឿនការអភិវឌ្ឍតំបន់ត្រីកោណប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន និងដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានាដែលប្រជាពលរដ្ឋនៅទីនោះបាននិងកំពុងជួបប្រទះ សំដៅអន្តរាគមន៍ និងដោះស្រាយទាន់ពេលវេលា។
លោកបញ្ជាក់ថា៖ «បន្តពង្រឹងអភិបាលកិច្ចសន្តិសុខឲ្យបានល្អ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ និងជំរុញលើកទឹកចិត្តដល់ប្រជាជន វិស័យឯកជន និងអង្គការសង្គមស៊ីវិលចូលរួមថែរក្សាសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពជូនពលរដ្ឋ»។
លោក ងួន ញ៉ិល បន្ថែមថានៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចបាននិងកំពុងដាក់សម្ពាធភូមិសាស្ត្រនយោបាយដល់បណ្តាប្រទេសតូចៗក្នុងតំបន់ និងការវិវឌ្ឍប្រែប្រួលយ៉ាងឆាប់រហ័សប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានរបស់តំបន់ និងពិភពលោក។ ប្រទេស កម្ពុជា-វៀតណាម និងឡាវ ចាំបាច់ ខិតខំប្រឹងប្រែងថែរក្សា និងពង្រឹងសណ្តាប់ធ្នាប់ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានស្វាគមន៍ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង ៣ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ក៏ប៉ុន្តែលោកថាការអនុវត្តជាក់ស្តែងរបស់ប្រទេសនៅមានកម្រិតដែលធ្វើឲ្យប្រទេសទាំង ៣ មានការលំបាកក្នុងការទប់ស្កាត់បទល្មើសទាំងនេះ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា-វៀតណាម និងឡាវមានឆន្ទៈល្អហើយមានគំនិតរួបរួមគ្នាច្រើន តែការអនុវត្តជាក់ស្តែងវាមិនបានជោគជ័យនោះទេ ជាពិសេសបញ្ហាគ្រឿងញៀនឆ្លងដែន។ យើងឃើញថាបញ្ហាគ្រឿងញៀននៅតែជាបញ្ហាក្តៅនៅឡើយ ដែលប្រទេសទាំង ៣ ត្រូវជំរុញការអនុវត្តច្បាប់បន្ថែមដើម្បីទប់ស្កាត់»។
លោកបន្តថាបញ្ហាព្រំដែននៅតែជាបញ្ហារសើបសម្រាប់ប្រទេសទាំង ៣ ដែលទាមទារការយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការដោះស្រាយពីមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីចៀសវាងការយល់ច្រឡំដែលអាចបណ្តាលឱ្យមានភាពតានតឹងជាមួយនឹងគ្នា។
ក៏ប៉ុន្តែលោក មាស នី អ្នកវិភាគនយោបាយបានថ្លែងថាវាមានការលំបាកសម្រាប់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដោយសារការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជានៅមានកម្រិត ខណៈប្រទេសវៀតណាម និងឡាវមានការអនុវត្តច្បាប់បានយ៉ាងតឹងរ៉ឹង។
លោកថ្លែងថា៖ «បញ្ហាសំខាន់គឺទាក់ទងនឹងកម្រិតនៃការអនុវត្តច្បាប់ ហើយវាអាស្រ័យលើប្រទេសនីមួយៗខិតខំអនុវត្តយ៉ាងតឹងរ៉ឹង ហើយតម្រូវឲ្យប្រទេសសហការគ្នាយ៉ាងល្អក្នុងការអនុវត្តច្បាប់។ កាលណាប្រទេស ២ តឹងតែងខណៈដែលកម្ពុជាមានការអនុវត្តច្បាប់ធូរវានឹងធ្វើឲ្យមានការលំបាក»។
ទន្ទឹមនឹងនេះដែរលោក ងួន ញ៉ិល ក៏បានឲ្យដឹងដែរថា ប្រទេសទាំង ៣ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបោះបង្គោលព្រំដែន ដែលរហូតមកដល់ពេលនេះស្ទើរតែសម្រេចបានមួយរយភាគរយ។ លោកក៏បានស្នើឲ្យភាគីទាំង ៣ គោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពច្បាប់ជាតិ និងអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ដើម្បីដោះស្រាយភាពខុសគ្នាដែលនៅសេសសល់សម្រាប់ប្រទេសទាំង ៣៕