ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ប្រារព្ធបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ នៅថ្ងៃទី ១១ ខែមករា ឆ្នាំក្រោយជាមួយនឹងការជំរុញឱ្យអនុវត្តតាម «គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្នុងបរិបទកូវីដ រីឯថ្នាក់រៀននឹងដំណើរការចាប់ពីថ្ងៃទី ១២ មករា តទៅ ប៉ុន្តែកម្មវិធីសិក្សានឹងត្រូវបញ្ចប់នៅត្រឹមខែតុលាក្នុងឆ្នាំដដែល។
ចំពោះវិស្សមកាលក្នុងឆ្នាំសិក្សាថ្មីនេះត្រូវបានកំណត់ចំនួន ២ ដងក្នុង ១ ឆ្នាំគឺវិស្សមកាលតូចចាប់ពីថ្ងៃទី ៦ ដល់ ១៩ ខែមេសា និងមហាវិស្សមកាលចាប់ពីថ្ងៃទី ១ ដល់ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្តីជូនដំណឹងដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ការរៀបចំពិធីបើកបវេសនកាលនេះចាំបាច់ត្រូវគោរពតាមស្តង់ដាអនាម័យ និងរក្សាបាននូវគម្លាតសុវត្ថិភាពសង្គមបុគ្គល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយនេះដែរលោកបានឱ្យដឹងថា ឆ្នាំសិក្សាថ្មីនេះដំណើរការនៃការអប់រំមធ្យមសិក្សាចំណេះទូទៅសាធារណៈគឺផ្តោតសំខាន់លើលទ្ធផលសិក្សារបស់សិស្សឆ្លើយតបទៅនឹងស្តង់ដាកម្មវិធីសិក្សារបស់ក្រសួងអប់រំដោយធានាឱ្យមានការចូលរួមគាំទ្រពីមាតាបិតា អាណាព្យាបាល សហគមន៍ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ «...គ្រប់គ្រឹះស្ថានសិក្សាត្រូវរៀបចំបដាពាក្យស្លោក និងខិត្តប័ណ្ណសម្រាប់ផ្សព្វផ្សាយអបអរសាទរថ្ងៃបវេសនកាលឱ្យមានភាពអធិកអធម។ គ្រឹះស្ថានសិក្សានីមួយៗអាចរៀបចំកម្មវិធីតាមលទ្ធភាពជាទ្រង់ទ្រាយធំ មធ្យម ឬតូច និងចាំបាច់ត្រូវមានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស គណៈកម្មការគ្រប់គ្រងសាលារៀន និងសហគមន៍មូលដ្ឋាន»។
លោកបានបន្ថែមថា គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈត្រូវបង្កើតទម្លាប់អនាម័យថ្មី ដោយអនុវត្តតាម «គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនក្នុងបរិបទកូវីដ ១៩» ជាពិសេសពង្រឹងការអនុវត្តវិធានការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក្រសួងអប់រំក៏បានឱ្យតាមគ្រឹះស្ថានសិក្សាទាំងអស់ត្រូវពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់អ្នកសិក្សា បុគ្គលិកអប់រំ និងលើកទឹកចិត្តឱ្យនាំយកទឹកស្អាតពីផ្ទះសម្រាប់ទុកទទួលទានផ្ទាល់ខ្លួនក៏ដូចជារៀបចំបរិក្ខារលាងដៃ មានទឹករម្ងាប់មេរោគ ដូចជា អាល់កុល ឬជែលលាងដៃ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
លោក ហង់ជួន ណារ៉ុន បានថ្លែងថា៖ «គ្រឹះស្ថានមធ្យមសិក្សាត្រូវសហការជាមួយគ្រឹះស្ថានបឋមសិក្សាចំណុះ ដើម្បីបង្កឱកាសឱ្យសិស្សបានមកចុះឈ្មោះ និងបានចូលរៀន ហើយចំពោះសិស្សថ្នាក់ទី ៨ ដល់ទី ១២ គ្រឹះស្ថានមធ្យមសិក្សាត្រូវសហការជាមួយមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដី ប្រមូលសិស្សឱ្យបានចូលរៀនទាន់ពេលវេលា»។
បើតាមសេចក្តីជូនដំណឹងនេះ គ្រឹះស្ថានសិក្សានឹងចាប់ផ្តើមដំណើរការបង្រៀន និងរៀននៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ដែលស្របទៅតាមប្រតិទិនការងារដែលបានគ្រោងទុក។
ក្រៅពីនេះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានណែនាំឱ្យសាលារៀននីមួយៗចាត់បុគ្គលិកយាមកាមជាប្រចាំ (ថ្ងៃ និងយប់) ក្នុងពេលវិស្សមកាលផងដែរ ដើម្បីការពារសុវត្ថិភាពឱ្យបានល្អ ចៀសវាងការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់សាលារៀន។
លោកស្រី អ៊ុកឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ជាធម្មតាការបើកបវេសនាកាលគឺនៅខែវិច្ឆិការៀងរាល់ឆ្នាំ។ ប៉ុន្តែដោយសារឆ្នាំនេះកម្ពុជាក៏ដូចប្រទេសដទៃលើពិភពលោកជួបវិបត្តិកូវីដ ១៩ ទើបក្រសួងបើកបវេសនកាលនៅខែមករាវិញ។
លោកស្រីថា៖ «នេះមិនមែនជាការយឺតឬលឿនពេកនោះទេ ដោយសារតែបញ្ហាកូវីដ ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ការពិត ហើយការសម្រាកមុនពេលកំណត់ និងការចូលបវេសនកាលខុសពីឆ្នាំមុនៗ គឺធ្វើតាមការជាក់ស្តែងដែលបានកើតមានឡើង»។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំបានប្រកាសឱ្យគ្រប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជនបានចូលវិស្សមកាលមុនកំណត់ចាប់ពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២០ ដោយសារបញ្ហាកូវីដ ១៩។
នៅថ្ងៃម្សិលមិញដែរ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចូលរៀនវិញ បន្ទាប់ពីឱ្យសម្រាក ២ សប្តាហ៍ដោយសារព្រឹត្តិការណ៍ ៣ វិច្ឆិកា។
ទាក់ទងនឹងការចូលរៀនឡើងវិញនេះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជាទូទៅការបើកដំណើរការគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលក្រោយការបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក និងមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ៤ សីហា ២០២០។
លោកបានបញ្ជាក់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណ និងសូមអំពាវនាវដល់បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត»។
បើតាមលោក រស់ សុវាចា សិស្សានុសិស្ស និងបេក្ខជនប្រឡងកំពុងបន្តរៀនសូត្រតាមបែបចម្រុះ គឺរៀននៅក្នុងថ្នាក់ផង និងរៀនតាមអនឡាញផង អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោល ជាពិសេសបន្តអនុវត្តនូវវិធានការសុវត្ថិភាពសុខភាពក្នុងការសិក្សា៕