
ការទស្សនាពិព័រណ៍ស្ដីពីអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមកន្លងមក។ រូបថត ហេ្វសប៊ុក
ភ្នំពេញៈ ការសិក្សាស្រាវជ្រាវមួយនៅកម្ពុជាបានបង្ហាញថាការសម្តែងសិល្បៈគឺបានជួយព្យាបាលរបួសផ្លូវចិត្ត និងវាជាទម្រង់នៃសំណងមួយសម្រាប់អ្នកដែលនៅរស់រានមានជីវិតពីរបបខែ្មរក្រហម ។
គោលបំណងនៃការសិក្សាស្រាវជ្រាវនោះគឺដើម្បីពិនិត្យមើលពីប្រសិទ្ធភាពនៃការសម្តែងសិល្បៈដើម្បីកាត់បន្ថយបញ្ហាផ្លូវចិត្តចំពោះអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមដោយការបង្ខំឲ្យរៀបការ។ នេះបើយោងតាមអ្នកស្រី តាំង សុភាព អ្នកស្រាវជ្រាវម្នាក់មកពីអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO)។
គេបានប៉ាន់ប្រមាណថា ប្រជាជនខ្មែរប្រមាណ ១,៧ លាននាក់បានស្លាប់ក្នុងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបច្ចុប្បន្ននេះអ្នកនៅរស់រានមានជីវិត ២ នាក់ក្នុងចំណោម ៥ នាក់ត្រូវបានគេប៉ាន់ប្រមាណថាមានបញ្ហាសុខភាពផ្លូវចិត្ត។
ការស្រាវជ្រាវនេះក៏បានព្យាយាមស្វែងយល់អំពីតម្លៃនៃការសម្តែងសិល្បៈនេះចំពោះអ្នកដែលនៅរស់រានមានជីវិតផងដែរ។ «ផ្កាស្លាក្រោមអង្គការ» គឺជាការសម្តែងពិសេសមួយដែលរៀបរាប់អំពីរឿងរ៉ាវពិតរបស់ជនរងគ្រោះពីការរៀបការដោយការបង្ខំនៅក្នុងសម័យខ្មែរក្រហម។
ចំពោះរបាយការណ៍នៃការសិក្សានេះនៅមិនទាន់ផ្សព្វផ្សាយនៅឡើយទេដោយក្រុមអ្នកស្រាវជ្រាវសង្ឃឹមថារបាយការណ៍នេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយនៅក្នុងទិនានុប្បវត្តិមួយ។ ជាសរុបជនរងគ្រោះពីការបង្ខំឲ្យរៀបការមានចំនួន ៩១ នាក់មកពីខេត្តក្រុងចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងកំពតដែលត្រូវបានអញ្ជើញឱ្យមកទស្សនាការសម្តែងនេះ។
អ្នកស្រី សុភាព បានថ្លែងថា៖ «សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្ត ការសម្តែងសិល្បៈនេះវាបានរួមចំណែកបំបែកភាពស្ងប់ស្ងាត់របស់ពួកគេ។ [វា] បានអនុញ្ញាតឱ្យពួកគេចែករំលែកបទពិសោធរបស់ពួកគេជាមួយមនុស្សជំនាន់ទី ២ និងជំនាន់ទី ៣ ហើយ [វា] បានអនុញ្ញាតឱ្យពួកគេរៀបរាប់អំពីរឿងរ៉ាវទាំងនោះ។ ការស្រាវជ្រាវនេះបានបញ្ជាក់ថា ៩០ ភាគរយបានយល់ស្របថា ការសម្តែងសិល្បៈនេះគឺជាទម្រង់នៃសំណងមួយ»។
លោកស្រី Sylvia Johnson អ្នកប្រឹក្សាអន្តរជាតិសម្រាប់អង្គការ TPO បានឲ្យដឹងថាការសម្តែងនេះគឺជា «ការបង្ហាញអំពីបទពិសោធរបស់ពួកគេ»។
លោកស្រីបន្ថែមថា៖ «ពួកគេដឹងថារឿងរ៉ាវរបស់ពួកគេដូចទៅនឹងការសម្តែងនៅទីនោះ»។
អ្នកចូលរួមទាំងនោះមានរួមទាំងអ្នកដែលនៅរស់រានមានជីវិតទាំង ៣ សាសនាគឺពុទ្ធសាសនិក មូស្លីម និងគ្រិស្តបរិស័ទ។ ចំពោះអ្នកចូលរួមត្រូវបានទទួលការវាយតម្លៃចំនួន ២ ដងដែលរួមមានទាំងការសម្ភាសដោយផ្ទាល់ជាមួយក្រុមអ្នកស្រាវជ្រាវ។
ការវាយតម្លៃទី ១ បានធ្វើឡើងនៅថ្ងៃបន្ទាប់ ក្រោយពីបានទស្សនាការសម្តែងសិល្បៈរួចហើយការវាយតម្លៃទី ២ នឹងត្រូវធ្វើឡើងនៅ ៣ ខែក្រោយ។
យោងតាមលទ្ធផលគន្លឹះនៃការសិក្សានោះបានរកឃើញថាអ្នកចូលរួមចំនួន ៥២,៨ ភាគរយបានរាយការណ៍ថា អារម្មណ៍ «បាក់ស្បាត» របស់ពួកគេបានថយចុះ។ ៣៨,៨ ភាគរយបានរាយការណ៍ថាអាការ «ថប់បារម្ភ» របស់ពួកគេបានថយចុះ។ ៣០,៨ ភាគរយបានរាយការណ៍ថាបញ្ហា «បាក់ទឹកចិត្ត» របស់ពួកគេបានថយចុះ និង ៣០,៦ ភាគរយបានបង្ហាញថាវាបានជួយកាត់បន្ថយជំងឺតានតឹងអារម្មណ៍របស់ពួកគេ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកស្រី Johnson បានថ្លែងថាការសិក្សានេះមានដែនកំណត់ ហើយក្រុមអ្នកស្រាវជ្រាវក៏ត្រូវពិនិត្យមើលនូវអ្វីដែលនឹងកើតឡើងបន្ទាប់ពីរយៈពេល ៣ ខែនោះដែរ។
លោកស្រី Johnson បញ្ជាក់ថាអ្នករៀបចំកំពុងស្វែងរកមូលនិធិបន្ថែមដើម្បីអាចអញ្ជើញអ្នកនៅរស់រានមានជីវិតមកពីបណ្តាខេត្តផ្សេងៗទៀតឲ្យពួកគេអាចមកទស្សនាការសម្តែងនេះបាន។ ពួកគេក៏សង្ឃឹមផងដែរថាការសម្តែងអាចនឹងមាននៅលើកញ្ចក់ទូរទស្សន៍ជាតិនៅប៉ុន្មានខែខាងមុខទៀត។ ពួកគេសង្ឃឹមថានឹងចេញផ្សាយរបាយការណ៍នៃការសិក្សានេះនៅក្នុងខែមីនា៕ NS