ក្រចេះ: ក្នុង​ទិវា​អណ្តើក​ពិភពលោក​ថ្ងៃទី​ ២៣ ខែឧសភា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ១០០ ​ក្បាល ​ចូល​ក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​នៅ​ចំណុច​ឆ្នេរ​ខ្សាច់​កោះប្រើស​ ភូមិ​អូរក្រសាំង ឃុំ​បឹងចារ ស្រុក​សំបូរ កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ​ខែ​ឧសភាថា ការលែង​កូន​កន្ធាយ​នេះ បង្ហាញ​ពី​ភាពជោគជ័យ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ក្រសួង ស្ថាប័ន​ជំនាញ​របស់​រាជរដ្ឋាភិបាល​ និង​អង្គការ​ដៃគូ​ក្នុង​ការស្តារ​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​។

លោក​ថ្លែងថា​៖ «​ឥឡូវ យើង​បាន​ថែរក្សា​សម្បុក​របស់​សត្វហ្នឹង ហើយ​ថែរក្សា​ពង​វា​ហ្នឹង ហើយ​យើង​លែង​វា​ទៅក្នុង​ជម្រក​ធម្មជាតិ​។ (​ការលែង​នេះ​) គឺ​បង្ហាញ​ពី​ស្ថិរភាព និង​សមត្ថភាព​នៃ​ជម្រក​របស់​ប្រភេទ​សត្វ​កម្រ​នេះ​។ បើសិនជា​វា​មិនមាន​សុវត្ថិភាព​ទេ យើង​អត់​​លែង​វា​ចូលទៅ​ទេ​»​។

លោក សិរីរដ្ឋា បន្តថា ទោះបីជា​មាន​ការគំរាមកំហែង​ដោយសារ​តែ​កត្តា​នេសាទ​ខុសច្បាប់​មួយចំនួន ក៏ប៉ុន្តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទូទៅ​មានការ​កើនឡើង​។ ការលែង​កូន​កន្ធាយ​ចំនួន​ ១០០ ​ក្បាល​នេះ ​ត្រូវបាន​ប្រមូលផ្តុំ​នៅតាម​តំបន់​គោលដៅ​នៅ​ភូមិ​ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។ នៅពេល​វា​ចាប់ផ្តើម​ញាស់​ក្រុម​ល្បាត​ដែល​ការពារ​សម្បុក​ពង​កូន​យក​វា​មក​បំប៉នបន្ថែម រួច​ធ្វើការ​លែង​ចូល​ទៅក្នុង​ទីជម្រក​ធម្មជាតិ​។

លោក សិរីរដ្ឋា បញ្ជាក់ថា​៖ «​នេះ​ជា​ចំណុច​បឋម​សម្រាប់​ឆ្នាំ​ហ្នឹង​ដែល​យើង​លែង ហើយ​យើង​គ្រោង​នឹង​លែង​បន្តបន្ទាប់​ទៀត នៅពេល​ដែល​យើង​ពិនិត្យ​ទៅលើ​សុខភាព​របស់​កូន​ដែល​ញាស់​ហ្នឹងហើយ​ដល់​អាយុកាល​ដែល​ត្រូវ​លែង​គឺ​យើង​លែង​បន្តបន្ទាប់​ទៀត​»​។

លោក​ ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ មិន​បានធ្វើ​អត្ថាធិប្បាយ​ទៅនឹង​សំណួរ​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ទេ​ ដោយ​លោក​ប្រាប់ថា ត្រូវការ​ប្រមូល​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​។

បើតាម WCS គិត​ចាប់ពី​ខែមករា​រហូតដល់​ត្រឹម​ថ្ងៃទី ២១ ខែឧសភា ឆ្នាំនេះ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ១ ០៨១ ក្បាល បាន​ញាស់​ចេញពី​សម្បុក​ចំនួន ៤៩ ​សម្បុក​ក្នុងចំណោម ៦៦ ​សម្បុក ហើយ​ក្រុមការងារ​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៩៦៨ ​ក្បាល​ ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​៕

សកម្មភាពលែងកូន​កន្ធាយ​ក្បាល​កង្កែប ចូល​ក្នុង​ទីជម្រក​ធម្មជាតិ​តាម​ដង​ទន្លេមេគង្គ​ នៅ​ចំណុច​ឆ្នេរ​ខ្សាច់​កោះប្រើស​ ភូមិ​អូរក្រសាំង ឃុំ​បឹងចារ ស្រុក​សំបូរ កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​។ រូបថត WCS

វីដេអូ៖