ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានប្រកាសសាលដីកាចំពោះមុខស្ត្រីជាប់ចោទម្នាក់ក្នុងចំណោម ៣ នាក់ (២ នាក់មិនប្តឹងសារទុក្ខ) ដោយតម្កល់ការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ ឆ្នាំតាមសាលដីការបស់សាលាឧទ្ធរណ៍ដដែល បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ៩ កញ្ញា ពាក់ព័ន្ធបទជួញដូរគ្រឿងញៀនជាង ៣ គីឡូក្រាម។
នៅក្នុងបន្ទប់សវនាការតុលាការកំពូលពីម្សិលមិញ លោកស្រីចៅក្រម គិម សត្ថាវី បានអានសាលដីកានៅចំពោះមុខស្ត្រីជាប់ចោទ ដែលឈរនៅក្នុងរង្វង់ក្រចកសេះថា សំណុំរឿងជួញដូរគ្រឿងញៀននេះមានជនជាប់ចោទឈ្មោះ រ៉ុង ឌីណា អាយុ ២៣ ឆ្នាំ ដែលជាប់ចោទពីបទជួញដូរគ្រឿងញៀន។ កាលពីថ្ងៃទី ៩ កញ្ញា ដែលជាថ្ងៃជំនុំជម្រះ ស្ត្រីជាប់ចោទបានស្នើសុំដល់តុលាការកំពូលឱ្យបន្ថយទោសដល់នាងដោយសំអាងថា នាងមានកូនប្រុសតូចម្នាក់ អាយុ ៣ ឆ្នាំ គ្មានអ្នកមើលថែរក្សា។
លោកស្រីចៅក្រមបន្តថា ការស្នើសុំបន្ថយទោសរបស់ស្ត្រីជាប់ចោទនេះ តុលាការកំពូលមិនអាចពិចារណាជូនបានទេ បើទោះជាកាលពីថ្ងៃជំនុំជម្រះ ស្ត្រីជាប់ចោទបានបដិសេធថា គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាននោះជារបស់សង្សារហើយគេផ្ញើឱ្យនាងយកទៅប្រគល់ឱ្យបុរសម្នាក់ក៏ដោយ។ «ដូច្នេះការសម្រេចរបស់សាលាឧទ្ធរណ៍ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣០ ឆ្នាំនេះ មានលក្ខណៈត្រឹមត្រូវតាមច្បាប់ហើយ។ តុលាការកំពូលតម្កល់សាលដីកាឧទ្ធរណ៍ទុកជាបានការដដែល»។
ក្រោយពីស្តាប់ការប្រកាសសាលដីកាស្ត្រីជាប់ចោទបាននិយាយនៅក្រៅបន្ទប់សវនាការថា៖ «ជាការពិតខ្ញុំមិនបានប្រព្រឹត្តទេហើយខ្ញុំមិនដឹងថា កញ្ចប់ដែលសង្សារខ្ញុំផ្ញើខ្ញុំក៏ខ្ញុំមិនដឹងថា នៅក្នុងនោះជាគ្រឿងញៀនដែរ។ ខ្ញុំមិនពេញចិត្តនឹងការសម្រេចសេចក្តីនេះទេ»។ បើតាមកំណត់ហេតុតុលាការ សមត្ថកិច្ចចាប់ខ្លួនស្រី្តរូបនេះ បន្ទាប់ពីចាប់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៨ ជាមួយវត្ថុតាងគ្រឿងញៀនជាច្រើន៕