បាត់ដំបងៈ ក្រសួងកសិកម្មបានចេញ​សេចក្តីប្រកាស​មួយ​ដោយ​កំណត់​ភូមិ​តាច្រែង ឃុំ​ព្រែកនរិន្ទ នៃ​ស្រុក​ឯកភ្នំ និង​ភូមិ​នៅ​ជុំវិញ​នោះ​ជា​តំបន់​មាន​ជំងឺផ្តាសាយបក្សី ដោយ​ហាមឃាត់​មិនឱ្យ​មានការ​ដឹកជញ្ជូន​សត្វ​ស្លាប បន្ទាប់ពី​មាន់​ ១ ៣០០ ​ក្បាល​ បាន​ងាប់​ជា​បន្តបន្ទាប់​។

តាម​ការប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវមាន​វិធានការ បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ទៅតាម​វិធាន​បច្ចេកទេស​បសុពេទ្យ​។ លើសពីនេះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ការទិញ ការលក់ និង​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចូល-ចេញ ឬ​ឆ្លងកាត់​ក្នុង​រង្វង់​ ៣ ​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​ និង​ដាក់​តំបន់​នេះ​ជា​តំបន់​ត្រួតពិនិត្យ និង​តាមដាន​។

សេចក្តី​ប្រកាស​បន្តថា​៖ «​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ប្រភព​ជំងឺផ្តាសាយបក្សី​ក្នុង​រយៈពេល​ ៣០ ​ថ្ងៃ និង​ត្រូវ​ពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ​ក្នុង​រង្វង់​ ១០ ​គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​នៃ​តំបន់​ផ្ទុះ​ជំងឺ​។ ការចិញ្ចឹម​ការលក់ និង​ដឹកជញ្ជូន​បក្សី គ្រប់​ប្រភេទ​នៅ​តំបន់​ផ្ទុះ​ជំងឺ​ផ្តាសាយបក្សី ខាងលើ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​រហូត​ដល់​មាន​សេចក្តី​ប្រកាស​ថ្មី​»​។

លោក ​ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ឱ្យ​ដឹងពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយការណ៍​ថា មាន​សត្វ​ឈឺ​ងាប់​ជា​បន្តបន្ទាប់​នៅ​កន្លែង​ចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ ហូ ណាំ តាំងពី​ថ្ងៃទី​ ៥ មករា​មក លោក​បានឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល និង​យក​សត្វ​មាន់​ដែល​ងាប់​ទៅ​កប់​ចោល ព្រមទាំង​ធ្វើការ​បាញ់ថ្នាំ សម្លាប់​មេរោគ និង​បញ្ជូន​វត្ថុ​សំណាក​ទៅពិនិត្យ ទើប​ដឹង​លទ្ធផល​មាន​ជំងឺផ្តាសាយបក្សី​កាលពី​ល្ងាច​ថ្ងៃទី​ ១១ ខែមករា​។

បើតាម​លោក ឈឹម វជិរា មន្ទីរ​កសិកម្ម និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ និង​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ដាក់​តំបន់​នោះ​ជា​តំបន់​ដែលមាន​ជំងឺ​ផ្តាសាយបក្សី​។

លោក វជិរា ថ្លែងថា​៖ «​យើង​នឹង​មាន​ការហាមឃាត់​ក្នុង​រង្វង់​ ៦ ​គីឡូម៉ែត្រ​ ៤ ​ជ្រុង ដើម្បី​កុំឱ្យ​មានការ​ដឹក​ឆ្លងកាត់​ក៏​ដូចជា​ការនាំយក​សត្វ​ចេញទៅ​ផ្នែក​ខាងក្រៅ​»​។ លោក វជិរា បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ដែលមាន​ការចិញ្ចឹម​បក្សី សូម​ធ្វើការ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​មន្ទីរ​កសិកម្ម ឬ​ការិយាល័យ​ធនធាន​ធម្មជាតិ​ដែល​នៅ​ជិតបំផុត បើសិន​ឃើញ​សត្វ​ចិញ្ចឹម​មាន​អាការ​សំកុក និង​ងាប់​ជា​បន្តបន្ទាប់ ដើម្បី​មន្ត្រី​ជំនាញ​អាច​ចុះទៅ​អន្តរាគមន៍​។

លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​ចុះទៅ​កាន់​ទីកន្លែង​ចិញ្ចឹម​មាន់​ពិនិត្យឃើញ​មាន​មាន់​ងាប់​ជា​បន្តបន្ទាប់​ចំនួន ១៣០០ ​ក្បាល​ទាំង​តូច​ទាំង​ធំ​ចាប់ពី​ថ្ងៃទី​ ៥ ​ដល់​ថ្ងៃទី​ ៧ ខែមករា​។ មន្ត្រី​ជំនាញ​សហការ​ជាមួយ​ម្ចាស់​មាន់បាន​យក​មាន់​ដែល​ងាប់​ទៅ​កប់​ចោល ហើយ​ណែនាំ​មិនឱ្យ​បរិភោគ ឬ​លក់​នោះទេ​។

លោក​ ប៉ែន សេដ្ឋា បាន​សន្និដ្ឋាន​បឋម​ថា មូលហេតុ​ដែល​នាំឱ្យ​កើតមាន​ជំងឺ​ផ្តាសាយបក្សី​នៅក្នុង​ស្រុក​ឯកភ្នំ​នេះ​អាច​បណ្តាលមកពី​បក្សី​ព្រៃ​ដែល​ហើរ​ចុះ​មក​ស៊ី​ចំណី​ជាមួយ​សត្វ​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​។

លោកបញ្ជាក់ថា​៖ «​ជាក់ស្តែង​យើង​ពិនិត្យ​ទីតាំង​គាត់​ហ្នឹង វា​មិន​អាចមាន​អ្នកណា​នាំទៅ​ទេ ព្រោះ​គាត់​នៅ​ដោយឡែក​។ ប៉ុន្តែ​ការពិត​អាចមកពី​បក្សី​ព្រៃ ព្រោះ​កន្លែង​គាត់​យើង​សង្កេតឃើញ​មាន​លលក​មាន​ចាបស្រុក​អី​វា​ហើ​ចុះទៅ​ស៊ី​ចំណី​មាន់​ទា​គាត់ អ៊ីចឹង​ពួក​ហ្នឹង​ក៏​អាច​ចម្លង​ដែរ​»​។

បើតាម​លោក សេដ្ឋា នេះ​ជា​លើក​ទី​៤ ​ហើយ​ដែល​ខេត្ត​បាត់ដំបង​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ដែល​លើក​ទី​១ ​កើតឡើង​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង​របស់​ប្រជាពលរដ្ឋ និង​លើក​ទី​២ នៅ​កន្លែង​ចិញ្ចឹម​ទា​ក្នុង​ចម្ការចេក​មួយកន្លែងរ​បស់​អ្នកស្រុក ចំណែក​លើក​ទី​៣ កើតឡើង​នៅ​ស្រុក​សង្កែ ក្នុងភូមិ​អ្នកស្រុក​។

លោក សេដ្ឋា លើកឡើង​ថា​នៅពេល​សត្វ​មាន​ជំងឺ​ឈឺ​ ឬ​ងាប់ មិន​ថា ជំងឺផ្តាសាយបក្សី ឬ​ជំងឺ​អ្វី​ផ្សេងៗ​ទេ គឺ​ហាម​ដាច់ខាត​មិន​ឱ្យ​ប្រជាពលរដ្ឋ​យកទៅ​ធ្វើ​ម្ហូប​ទទួលទាន​ឡើយ​បើទោះបីជា​ចម្អិន​ឆ្អិន​ល្អ​យ៉ាងណាក៏ដោយ ព្រោះ​អាច​បណ្តាល​ឱ្យ​មាន​ការឆ្លង​ជំងឺ​បាន​។

លោក សេដ្ឋា ថ្លែងថា​៖ «​ពពួក​វីរុស​បើសិន​ជា​ចម្អិន​ឆ្អិន​ទៅ​វា​ងាប់​ហើយ លើកលែង​តែ​អ្នក​ប៉ះពាល់​សត្វ​ដែល​នៅ​ឆៅ​នៅ​មាន​មេរោគ​នោះ អាហ្នឹង​វា​ឆ្លង​ហើយ ប៉ុន្តែ​យើង​មិន​លើក​ទឹកចិត្ត​ឱ្យ​ហូប​សត្វ​ឈឺ​ ឬ​ងាប់​ទេ​»​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់ថា មន្ត្រី​ជំនាញ និង​សុំ​ការសហការ​ដើម្បី​ធ្វើការ​កម្ទេចចោល សត្វ​នៅ​សល់​ដែលមាន​ទាកាប៉ា​ប្រមាណ​ជាង​ ១៧០ ​ក្បាល និង​ក្ងាន​ ១០ ​ក្បាល ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី​៕

វីដេអូ៖