ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនផ្អាកការបង់ភាគទានរយៈពេល ៦ ខែ ទៅ ដល់បេឡាជាតិ របបសន្ដិសុខសង្គម (ប.ស.ស) ដែលការសម្រេចនេះធ្វើឡើងស្របពេលមានការស្នើសុំពីគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី ១០ ខែមេសា។
លិខិតចុះថ្ងៃទី ២៣ ខែមេសា របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារផ្ញើជូនលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិកទាំង ១១៣ នៃសមាគមឧត្តមសិក្សាកម្ពុជា ផ្អាកការបង់ភាគទានដល់ ប.ស.ស ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ ២០២០។
លិខិតសរសេរថា៖ «ក្នុងករណីស្ថានភាពនៃជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ ២០២០ ព្រមទាំងមានការជូនដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទដំណើរការឡើងវិញ។ នោះគ្រឹះស្ថានសិក្សាដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាត្រូវមានកាតព្វកិច្ចបន្តបង់ភាគទានចាប់ពីខែដែលបានដំណើរការតទៅ»។
ការសម្រេចរបស់ក្រសួងការងារនេះធ្វើឡើងស្របពេលគ្រឹះស្ថានសិក្សាឯកជនមួយចំនួន កំពុងប្រឈមនឹងការតវ៉ាពីឪពុកម្ដាយសិស្ស ដើម្បីស្នើសុំឱ្យបញ្ចុះថ្លៃសិក្សា នៅក្នុងអំឡុងពេលកំពុងផ្ទុះឡើងជំងឺកូវីដ ១៩ ដែលតម្រូវឱ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញនៅតាមផ្ទះ។
កាលពីថ្ងៃសៅរ៍ ឪពុកម្ដាយសិស្សបាននាំគ្នាទៅតវ៉ានៅខាងមុខសាលាអន្តរជាតិ ស៊ី.អាយ.អេ ហ្វឺសត៍ (CIA FIRST International School) សាជាថ្មី ដើម្បីទាមទារឱ្យសាលានេះ បញ្ចុះថ្លៃសិក្សា ៥០ ភាគរយ សម្រាប់ថ្នាក់សិក្សាចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ និងផ្អាកការបង្រៀន ចំពោះថ្នាក់មត្តេយ្យសិក្សា។ ការទាមទារនេះ ខណៈសាលាអាចបញ្ចុះតម្លៃសិក្សាបានត្រឹមតែ ១៥ ភាគរយ ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ និងបញ្ចុះ ២៥ ភាគរយ សម្រាប់ថ្នាក់មត្តេយ្យសិក្សា។
ជាមួយគ្នានេះ កាលពីថ្ងៃ ទី ២២ខែមេសា នៅខាងមុខសាលាអន្តរជាតិ ផារ៉ាហ្គន (Paragon International School) ក៏មានការតវ៉ាពីក្រុមឪពុកម្ដាយសិស្សចំនួន ៩៧ គ្រួសារផងដែរ ដើម្បីស្នើសុំឱ្យសាលាបញ្ចុះថ្លៃសិក្សាគ្រប់កម្រិតចំនួន ៣០ ភាគរយ ក្នុងករណីកំពុងតម្រូវឱ្យសិស្សសិក្សាតាមអនឡាន និងស្នើសុំពន្យារពេលបិទបញ្ចប់ការចុះឈ្មោះសិស្សចូលសិក្សាឆ្នាំ ២០២០-២០២១។
កាលពីថ្ងៃទី ២៤ ខែមេសា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានចេញសេចក្ដីអំពាវនាវទៅដល់ឪពុកម្ដាយសិស្ស ត្រូវដាក់ពាក្យសុំបញ្ចុះតម្លៃសិក្សា និងមិនគួរប្រមូលផ្ដុំគ្នាតវ៉ា នៅតាមសាលាឡើយ ដើម្បីចៀសវាងជំងឺរាតត្បាតកូវីដ ១៩។ ការអំពាវនាវនេះ ធ្វើឡើងខណៈសមាគមបានអះអាងថា គ្រឹះស្ថានសិក្សាឯកជន ក៏កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺកូវីដ ១៩ ដែរ ចាប់តាំងពីមានការប្រកាសផ្អាកសេវាអប់រំតាំងពីថ្ងៃទី ១៤ ខែមីនា មក។
សេចក្ដីអំពាវនាវសរសេរថា៖ «សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជឿជាក់យ៉ាងមុតមាំថា មាតាបិតា ឬអាណាព្យាបាលសិស្ស នឹងចូលរួមដោះស្រាយដោយធ្វើសម្បទានគ្នាទៅវិញទៅមក និងដោយភាពអត់ធ្មត់បំផុត តាមវិធីឈ្នះឈ្នះទាំងអស់គ្នា ដើម្បីឆ្លងផុតដំណាក់កាលលំបាកនេះជាក់ជាពុំខានឡើយ»។
សមាគមបន្តថា ខាងគ្រឹះស្ថានសិក្សាឯកជន កំពុងជួបប្រទះការលំបាក និងប៉ះពាល់យ៉ាងខ្លាំង ដូចជាត្រូវបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក បន្តបង់ឈ្នួលអគារ បន្តបង់ការប្រាក់ និងប្រាក់ដើមដល់ធនាគារ និងការចំណាយផ្សេងៗទៀត និងស្របពេលមានការធ្លាក់ចុះបរិមាណសិស្ស។
បន្ថែមពីនេះ គ្រឹះស្ថានសិក្សាឯកជនខ្លះបានសម្រេចបញ្ចុះថ្លៃសិក្សាដោយខ្លួនឯង ខណៈដែលឪពុកម្តាយនៅគ្រឹះស្ថានសិក្សាផ្សេងទៀតកំពុងស្នើសុំបញ្ចុះតម្លៃសិក្សា។
ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោក ហេង វណ្ណដា បានទេកាលពីម្សិលមិញដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
លោក លឹម សុខ ដែលមានកូនរៀននៅសាលាអន្តរជាតិ ស៊ី.អាយ.អេហ្វឺសត៍ បានថ្លែងកាលពីម្សិលមិញថា មកដល់ពេលនេះខាងសាលាមិនទាន់សម្រេចទទួលយកការស្នើសុំពីខាងឪពុកម្ដាយនៅឡើយទេ ថ្វីដ្បិតមានការតវ៉ានៅខាងមុខសាលាអស់ចំនួន ២ លើកមកហើយក្ដី។
លោកបានបញ្ជាក់ថា បច្ចុប្បន្នខាងឪពុកម្ដាយសិស្សបានព្រមសុំឱ្យសាលាបញ្ចុះតម្លៃសិក្សា ដែលធ្លាប់ទាមទារចំនួន ៥០ ភាគរយ ឲ្យមកនៅត្រឹមចំនួន ៤៥ ភាគរយវិញ បន្ទាប់ពីមានការជួយសម្របសម្រួលពីភាគីក្រសួងអប់រំយុវជន និងកីឡា។
លោក លឹម សុខ បានបញ្ជាក់ថា៖ «កូនខ្ញុំកំពុងរៀនសាលាហ្នឹងមាន ២ នាក់ ហើយក្នុង ១ ឆ្នាំ បង់ខ្ទង់ ១ ម៉ឺនដុល្លារ បើបូកសរុបទាំងអស់ ទាំងថ្លៃសៀវភៅ ថ្លៃបច្ចេកវិទ្យា ថ្លៃរដ្ឋបាល ថ្លៃសិក្សា និងថ្លៃសាលា ហើយអ្វីដែលពួកយើងសុំនេះ គឺសុំបញ្ចុះតម្លៃត្រឹមតែ ៣ ខែទេ ក្នុងរយៈពេលដែលកំពុងមានកូវីដ ១៩ ហ្នឹង»។
កន្លងមក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំធ្លាប់បានថ្លែងថា ក្រសួងអប់រំ និងរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ត្រូវពិភាក្សាដោយខ្លួនឯងជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយរួម៕
វីដេអូ៖