ភ្នំពេញៈ ក្រសួងបរិស្ថាននៅពេលថ្មីៗនេះ បានណែនាំឲ្យក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មចំនួន ២ គោរពនិងអនុវត្តឲ្យបានពេញលេញទៅលើបទដ្ឋានច្បាប់និងបទដ្ឋានបច្ចេកទេសរបស់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវដំណើការអភិវឌ្ឍគម្រោងរបស់ពួកគេឆ្ពោះទៅរកភាពរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។
យោងរបាយការណ៍ព័ត៌មានដែលបានចុះផ្សាយនៅលើទំព័របណ្ដាញសង្គម របស់ក្រសួងបរិស្ថាន ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ២ អភិវឌ្ឍន៍កៅស៊ូនិងក្រុមហ៊ុន បៀនហៀក អ៊ីនវេសមេន ខូអិលធីឌី ដែលទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍វិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) លើផ្ទៃដីសរុបជាងមួយម៉ឺនហិកតាដែលមានទីតាំងស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្ត ឃុំពពក ស្រុកស្ទោង និងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនស៊ី.អ.ស៊ី.ខេ២អភិវឌ្ឍន៍កៅស៊ូ ទទួលបានដីទំហំ៧១២១,៧៨ហិកតា ចំណែកក្រុមហ៊ុនបៀនហៀក អ៊ិនវេសមេន ខូអិលធីឌី ទទួលបានដីទំហំ ៤ ១២៨,៦៦ ហិកតា។
ក្រុមហ៊ុនទាំង ២ ខាងលើនេះ ត្រូវបានក្រសួងធ្វើការណែនាំ និង ជំរុញឲ្យមានការរៀបចំផែនកាអភិវឌ្ឍន៍គម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅលើទីតាំងភូមិសាស្ត្រជាក់ស្ដែងនិងត្រូវមានកិច្ចប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធនានាពិសេស ប្រជាសហគមន៍ដែលស្ថិតនៅក្បែរឬក្នុងតំបន់ដែលត្រូវអភិវឌ្ឍន៍គម្រោងដើម្បីការពារនិងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃមាត់អូរ និងជុំវិញតំបន់ប្រាសាទដោយរក្សាទុកព្រៃឈើទ្រនាប់ដងអូរនិងជុំវិញតំបន់ប្រាសាទនិងត្រូវដាំដុះព្រៃឈើជួសឡើងវិញ។
សម្រាប់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ២ អភិវឌ្ឍន៍កៅស៊ូក្រសួងបានតម្រូវឲ្យមានការរៀបចំផែនការប្រើប្រាស់និងគ្រប់គ្រងជី-ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើយ៉ាងណា «ត្រូវគ្រប់គ្រងសំណល់ រឹង-រាវ និងសំណល់គ្រោះថ្នាក់ ដូចជា ប្រេងម៉ាស៊ីន ជីគីមី ថ្នាំកសិកម្ម សំណល់ប្លាស្ទិក ជាដើម ឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យមានការកំពប់ឬហៀរចូលទៅក្នុងប្រភពទឹកធម្មជាតិដើម្បីការពារគុណភាពទឹកនិងជីវចម្រុះនៅក្នុងទឹកអូរនោះ»។
ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវអនុវត្តវិធានការកាត់បន្ថយហេតុប៉ះពាល់បរិស្ថានតាមការផ្តល់យោបល់របស់នាយកដ្ឋាន EIA ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានឱ្យដល់កម្រិតអប្បបរមាដោយត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថាននិងកម្មវិធីត្រួតពិនិត្យបរិស្ថាននិងមូលនិធិបរិស្ថាននិងមូលនិធិសង្គមឱ្យបានសមស្របទៅនឹងការខូចខាតលើតម្លៃសេដ្ឋកិច្ចសង្គមនិងតម្លៃបរិស្ថានដោយសារគម្រោង។
ដោយឡែក ក្រុមហ៊ុន បៀនហៀក អ៊ិនវេសមេន ខូអិលធីឌី ត្រូវបានក្រសួងតម្រូវឲ្យមានការជួយជួសជុលផ្លូវនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយ«ផ្តល់អាទិភាពដល់កម្លាំងពលកម្មជនជាតិខ្មែរ និងបញ្ចូលភាគរយបុគ្គលិកកម្មករបន្ថែមដោយគោរពច្បាប់ស្តីពីការងារ»និងត្រូវសហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីដាក់បញ្ចូលទីតាំងប្រាសាទបុរាណដែលមានវត្តមានក្នុងទីតាំងគម្រោង និងដាំឈើប្រណីតនៅជុំវិញប្រាសាទ និង អភិរក្ស ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
លោក នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាអ្នកនាំពាក្យនៃក្រសួងនេះ បានថ្លែងបញ្ជាក់នៅថ្ងៃម្សិលមិញថា ជាទូទៅចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចាំបាច់ត្រូវធ្វើការសិក្សាឲ្យបានស៊ីជម្រៅទៅលើផលប៉ះពាល់នៃបរិស្ថាន សង្គម និងសេដ្ឋកិច្ចជាមុន ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍របស់ពួកគេមិនមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។
លោកបានថ្លែងឲ្យដឹងទៀតថា ជាការពិតក្រុមហ៊ុនទាំង២ទទួលបានសិទ្ធិវិនិយោគលើដីនៅក្នុងតំបន់ខាងលើនេះមុនខែឧសភា ឆ្នាំ២០១២ ព្រោះចាប់តាំងពីក្រោយខែឧសភា ឆ្នាំ ២០១២ មក ពុំមានក្រុមហ៊ុនវិនិយោគណាមួយទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះទេ ៕