ភ្នំពេញៈ ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ដើម្បីការពារជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល្លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូកដែលបង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក និងក្អក។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឱ្យដឹងថា បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលហើយខ្យល់ត្រជាក់នៃរដូវរងាបានមកដល់ហើយ។ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ និងចៀសផុតពីជំងឺតម្កាត់ដែលអាចកើតមានជាយថាហេតុបណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យមានការប្រុងប្រយ័ត្នពីជំងឺ។ ជាពិសេសប្រជាជនដែលរស់នៅក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង។
បើតាមសេចក្តីណែនាំដដែលនេះគឺក្នុងចំណោមជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់គឺនៅចន្លោះពីខែធ្នូ ដល់ខែមករា នៃឆ្នាំនីមួយៗភាគច្រើន មានដូចជា ជំងឺផ្លូវដង្ហើម ដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល្លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រិបតូកូកដែលបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះ ពោះវៀនដោយពពួកវីរុសជាដើម។
ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងាដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហ ធ្វើយ៉ាងណាឱ្យមានការរក្សាកម្តៅក្នុងខ្លួនជាធម្មតា។ ចូរស្វែងរកការព្យាបាលដោយវេជ្ជសាស្ត្រនៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញាពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និងឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណែនាំនេះបានអស់។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ពេលលោកអ្នក ក្អក ឬកណ្តាស់ សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អក ឬកណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។ លើសពីនេះលាងសម្អាតដៃរបស់លោកអ្នកឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ»។
អ្នកស្រី ហោ សុខឃីម ប្រជាពលរដ្ឋរស់នៅខេត្តតាកែវប្រាប់ពីម្សិលមិញថា អ្នកស្រីបានទិញអាវរងា មួក និងស្រោមដៃមួយចំនួនសម្រាប់ស្លៀកពាក់នៅរដូវរងានេះរួចហើយ។ ប៉ុន្ដែអាកាសធាតុនៅខេត្តតាកែវត្រជាក់នៅពេលយប់ខ្លាំងជាងពេលថ្ងៃ ព្រោះថ្ងៃមានកម្ដៅព្រះអាទិត្យជួយមិនឱ្យអាកាសធាតុត្រជាក់ខ្លាំងពេកទេ។
អ្នកស្រីនិយាយថា៖ «ខ្ញុំបារម្ភតែកូនៗខ្ញុំ ព្រោះពួកគាត់នៅតូចៗ ពេលយើងស្លៀកពាក់ឱ្យគាត់ គាត់ក៏ដោះចេញវិញ ដោយសារគាត់មិនសូវចេះស្លៀកពាក់ខោអាវច្រើនជាន់ដូចយើងចាស់។ នៅផ្ទះខ្ញុំអត់មានចាស់ៗនៅជាមួយទេ ប៉ុន្ដែខ្ញុំអំពាវនាវបងប្អូនដែលមានចាស់ៗអាយុច្រើននៅក្នុងបន្ទុកគ្រួសារ ក៏គួរតែជួយស្លៀកពាក់ឱ្យគាត់បានច្រើនជាន់ ពេលមានអាកាសធាតុត្រជាក់បែបនេះដើម្បីកុំឱ្យរងា ឬត្រជាក់ខ្លាំង ព្រោះពួកគាត់ងាយនឹងរងគ្រោះដល់អាយុជីវិត»៕
វីដេអូ៖