កណ្តាលៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បើក​ការធ្វើ​កំណាយ​ស្ថានីយ​ទួល​អស់លោក (​ស្ថានីយ​បុរាណ​) ស្ថិត​ក្នុង​ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​ដែល​ស្ថានីយ​បុរាណ​នេះ​ស្ថិតនៅ​ចំ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី ៣​។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទទួល​បន្ទុក​ផ្នែក​បុរាណវិទ្យា ឬ​កំណាយ លោក​ ប្រាក់ ស៊ុនណារ៉ា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៨ ​ឧសភា​នេះ​ថា ការធ្វើ​កំណាយ​នេះ ដើម្បី​រក​វត្ថុ​បុរាណ​រក្សាទុក ដោយសារ​តំបន់​នោះ​ស្ថិតនៅ​ចំ​ទីតាំង​ដែល​រដ្ឋាភិបាល​កំពុង​អភិវឌ្ឍន៍​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ ដែល​ជា​ប្រយោជន៍​សាធារណៈ​។

លោក​បញ្ជាក់ថា​៖ «​ស្ថានីយ​បុរាណ​ទួល​អស់លោក ដែល​ជា​ស្ថានីយ​បុរាណ​ប៉ះចំ​ខ្សែ​ក្រវាត់ក្រុង​ទី ៣ របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ផ្លូវ ជាគោលការណ៍​របស់​ក្រសួង​វប្បធម៌ “​អភិវឌ្ឍន៍ ដើម្បី​អភិរក្ស​” យើង​ត្រូវធ្វើ​ការថ្លឹងថ្លែង ដូច្នេះ​ការអភិវឌ្ឍ​ផ្លូវជាតិ​មួយ​វា​មាន​ទំហំ​ធំធេង ដូច្នេះ​ក្រសួង​ពិចារណា ទៅលើ​ការធ្វើ​កំណាយ​នេះ ដើម្បី​ជា​ដំណោះស្រាយ ហើយ​ការធ្វើ​កំណាយ​នេះ​មិនមែន​តែ​នៅ​ស្រុក​យើង​ទេ នៅ​ប្រទេស​គេ​ក៏​ធ្វើ​អ៊ីចឹង​ដែរ​»​។

ការធ្វើ​កំណាយ​សង្គ្រោះ​នេះ ក៏​ដើម្បី​ស្រង់​យក​ទិន្នន័យ និង​ស្រាវជ្រាវ​រក​វត្ថុ​បុរាណ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​យើង​មាន​តែ​ធ្វើ​កំណាយ​សង្គ្រោះ ដើម្បី​ស្រង់​យក​ទិន្នន័យ​ប្រវត្តិសាស្ត្រ​របស់​យើង​ចេញ​ពី​ក្រោម​ដី​មុនពេល​អនុញ្ញាត​ឱ្យ​មាន​ការសាងសង់​។ អ៊ីចឹង​កន្លងមក​ក្រសួង​ធ្លាប់​បាន​ធ្វើ​ច្រើន​ហើយ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធ​។ កាលពី​ឆ្នាំ ២០១២ យើង​ធ្លាប់​កំណាយ​សង្គ្រោះ​នៅ​ខេត្ត​បន្ទាយមានជ័យ ក្រោយមក​ទៀត​នៅ​ព្រែកក្តាម ដែល​ចំ​ផ្លូវ​ក្រវាត់ក្រុង​ដែរ ព្រោះ​នៅ​ស្រុក​យើង​មាន​ស្ថានីយ​បុរាណ​ច្រើន​»​។

ក្នុង​អំឡុង​ពេលធ្វើ​កំណាយ​ស្ថានីយ​បុរាណ មន្ត្រី​ជំនាញ​បាន​រកឃើញ​វត្ថុ​មួយ​ចំនួន ដើម្បី​យកទៅ​វិភាគ និង​សិក្សា​ស្រាវជ្រាវ​បន្តទៀត​។

លោក​មាន​ប្រសាសន៍​ថា​៖ «​យើង​រកឃើញ​របស់របរ​ប្រើប្រាស់ អំបែងក្អម ឆ្នាំង និង​វត្ថុ​ផ្សេងៗ​ទៀត​»​។

ជាទូទៅ​រាល់​ការធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​បុរាណ បន្ទាប់​រកឃើញ​វត្ថុ​នោះ​ហើយ អ្នកជំនាញ​ត្រូវ​យក​មក​សិក្សា​ស្រាវជ្រាវ ធ្វើ​វិភាគ​ដើម្បី​កំណត់​អាយុកាល​នៃ​ទីតាំង​ និង​វត្ថុ​នោះ បន្ទាប់មក​បើ​រកឃើញ​ថា វត្ថុ​នោះ​មានតម្លៃ​ធំធេង​គឺ​ត្រូវយក​ដាក់​នៅ​សារមន្ទីរ​។

លោក​បន្តថា​៖ «​ឧទាហរណ៍​កន្លងមក​យើង​រកឃើញ​ទី​បញ្ចុះសព​មនុស្ស​បុរាណ ចឹង​យើង​លើក​ចេញ​មក​ដាក់​ទូកញ្ចក់​ត្រឹមត្រូវ តាំង​នៅ​សារមន្ទីរ​ខេត្ត​បន្ទាយ​មានន័យ​រហូត​ដល់​សព្វ​ថ្ងៃនេះ ដើម្បី​ឱ្យ​អ្នកស្រាវជ្រាវ​ក៏ដូចជា​ភ្ញៀវទេសចរ​ទៅ​ទស្សនា សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​»​។

លោក​ឱ្យដឹង​ដែរ​ថា ការធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​បុរាណ​នេះ​មិន​ប្រើ​រយៈពេល​យូរ​ទេ ដោយ​អនុវត្ត​គម្រោង​ត្រឹម​រយៈពេល ៣ ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​ ១៩ ខែ​ឧសភា រហូតដល់​ថ្ងៃទី​ ០៥ ខែ​មិថុនា ឆ្នាំ​ ២០២១៕