ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដែលមានការគាំទ្រពីមូលនិធិ (KinchanFoundation) កំពុងបង្កើតបណ្ណាល័យទំនើបភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្ដចំនួន ៩ នៅកម្ពុជា ពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីជំរុញការអានដល់សិស្ស។
លោក សៅ វណ្ណា នាយកប្រតិបត្ដិអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា តាមរយៈការអនុវត្តគោលនយោបាយអប់រំកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីរបស់ក្រសួងអប់រំ និងដោយមានការគាំទ្រពីមូលនិធិ (KinchanFoundation) អង្គការ (KAPE) កំពុងបន្តសហការជាមួយក្រសួងអប់រំ អនុវត្ដគម្រោងកុមារកម្ពុជារីករាយ (HCC)។ ក្នុងនោះមានការបង្កើតបណ្ណាល័យទំនើបចំនួន ៤៧ នៅតាមរាជធានីភ្នំពេញ និងខេត្តដាច់ស្រយាលចំនួន ៩ គិតចាប់ពីឆ្នាំ ២០១៨ រហូតមកទល់ឆ្នាំ ២០២១ នេះ ដើម្បីជំរុញការអាន និងការសិក្សាដល់សិស្ស។
លោកថ្លែងថា៖ «បណ្ណាល័យត្រូវបានសាងសង់ដោយប្រើប្រាស់គ្រឿងសង្ហារិមដែលមានមុខងារច្រើន និងមានការរចនាឯកទេសសម្រាប់សកម្មភាពជាក់លាក់មួយចំនួនដូចជា ការនិទានរឿង និងការអាន។ បណ្ណាល័យនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍ និងគ្រូបង្រៀនក្នុងមូលដ្ឋាន និងលើកទឹកចិត្តយ៉ាងខ្លាំងដល់កុមារក្នុងការអាន និងការចូលរៀន»។
លោកបានបន្តថា បច្ចុប្បន្នការបណ្តុះបណ្តាលបណ្ណារក្សកំពុងដំណើរការក្នុងគោលបំណងធានាឱ្យមានអត្រាខ្ពស់ក្នុងការប្រើប្រាស់បណ្ណាល័យ និងទទួលការថែទាំបានល្អ។
បើតាមលោក វណ្ណា បច្ចុប្បន្នបណ្ណាល័យទំនើបនេះមានភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនដាច់ស្រយាលចំនួន ១៦ នៅក្នុងខេត្ត រតនគិរី ក្រចេះ និងត្បូងឃ្មុំ។ អង្គការ (KAPE) ទទួលបានការឧបត្ថម្ភថវិកាប្រមាណ ១ លានដុល្លារ ក្នុង ១ ឆ្នាំពីមូលនិធិ KinchanFoundation ដើម្បីរៀបចំបង្កើតបណ្ណាល័យទំនើបដែលរចនាឡើងក្រោមស្នាដៃកូនខ្មែរទាំងស្រុង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងពីម្សិលមិញថា ដើម្បីពង្រឹងគុណភាពបណ្ណាល័យតាមសាលារៀនក្រសួងអប់រំបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ រួមមាន មូលនិធិ KinchanFoundation និងអង្គការ KAPE ជាដើម។
លោកថ្លែងថា៖ «បណ្ណាល័យទំនើបនៃគម្រោងកុមារកម្ពុជារីករាយបានចូលរួមលើកកម្ពស់ការអានរបស់កុមារដោយមានការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅតាមសាលារៀនដាច់ស្រយាលចំនួន ១៦ នៅតាមបណ្តាខេត្ត ដូចជា ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ»។
លោកបានបញ្ជាក់ថា ក្រោមគម្រោងនេះបណ្ណាល័យត្រូវបានសាងសង់ក្នុងកម្មវិធីសាលាជំនាន់ថ្មីរបស់អង្គការ KAPE ដោយប្រើប្រាស់គ្រឿងសង្ហារិម ដែលមានមុខងារច្រើន និងមានការរចនាឯកទេសសម្រាប់សកម្មភាពជាក់លាក់មួយចំនួន ដូចជា ការនិទានរឿងជាដើម។
លោក សុវាចា បានបន្ថែមថា ការលើកកម្ពស់គុណភាពបណ្ណាល័យតាមសាលារៀនជាអាទិភាពមួយរបស់ក្រសួងអប់រំ យុវជន និងកីឡាដោយសារអំណានបន្ថែមក្នុងបណ្ណាល័យអាចជួយពង្រឹងបំណិនអាន និងមេរៀនរបស់សិស្សតាមមេរៀននីមួយៗ។
ទន្ទឹមនឹងនេះដែរ ក្រសួងអប់រំបានពង្រឹងវិធីសាស្ត្រអំណាន និងវិធីសាស្ត្របង្រៀនលេខនព្វន្តនៅបឋមសិក្សា និងពង្រឹងវិធីសាស្ត្របង្រៀននៅមធ្យមសិក្សាតាមរយៈការបណ្តុះទម្លាប់អាននៅក្នុងថ្នាក់រៀន និងនៅក្នុងបណ្ណាល័យ ការប្រារព្ធទិវាជាតិអំណាន ការកែលម្អបណ្ណាល័យនៅតាមគ្រឹះស្ថានសិក្សា និងការបង្កើតបណ្តាញបណ្ណាល័យឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា និងសាលាគរុកោសល្យ។ នេះបើតាមលោក រស់ សុវាចា។
បើតាមលោក សៅ វណ្ណា អង្គការខេប (KAPE) បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនការយកចិត្តទុកដាក់លើការអប់រំពីចម្ងាយ និងតាមឌីជីថលក្នុងបរិបទជំងឺកូវីដ ១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធអប់រំនៅកម្ពុជា។ កាលពីឆ្នាំ ២០២០ អង្គការនេះមានគម្រោងចំនួន ២០ ដែលបានប្រតិបត្តិការក្នុង ១៣ រាជធានី-ខេត្ដ និងបានផ្តល់ប្រយោជន៍ដល់កុមារ និងយុវជនជាង ១២០ ០០០ នាក់។ ក្រៅពីនោះ ខេបក៏បានបោះពុម្ពផ្សាយសៀវភៅបច្ចេកទេស និងឯកសារក្របខ័ណ្ឌមួយចំនួនធំដើម្បីផ្តល់ជាគំនិតច្នៃប្រឌិតថ្មី និងបានបន្តប្រមូលផ្តុំកម្មវិធីអប់រំថ្មីជាច្រើនដែលបានជួយអភិវឌ្ឍដល់ប្រព័ន្ធអប់រំនៅកម្ពុជា៕