ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កំពុងស្វែងរកជនដែលផ្សព្វផ្សាយពាណិជ្ជកម្មទទួលធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមួយដែលក្រសួងអះអាងថា ធ្វើឡើងក្នុងគោលបំណងបោកប្រាស់ និងបង្ខូចកេរ្តិ៍ឈ្មោះក្រសួងអប់រំ យុវជន និងកីឡា។ ព័ត៌មានដែលធ្វើឲ្យមានប្រតិកម្មពីក្រសួងនោះគឺការប្រកាសទទួលធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ការប្រកាសធ្វើសញ្ញាបត្រនេះត្រូវបានបង្ហោះក្នុងហ្វេសប៊ុកឈ្មោះ «សេវាផ្សេងទៀត» ប៉ុន្តែបើតាមរូបភាពដែលចែកចាយនៅលើបណ្ដាញហ្វេសប៊ុក សេវាកម្មធ្វើសញ្ញាបត្រនេះត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៤ ឧសភា ២០១៩ នៅលើគេហទំព័រសម្រាប់លក់ផលិតផលតាមអនឡាញ។
បើតាមរូបភាពនៅលើហ្វេសប៊ុក ម្ចាស់អាខោនលក់តាមអនឡាញដែលបង្ហោះមានឈ្មោះ Ty Hak បានសរសេរថា «តម្លៃសម្រាប់សញ្ញាបត្របាក់ឌុបគឺនិទ្ទេស E $១៣០០ D $១៤០០ C $១៥០០ ធានាអាចប្រើប្រាស់បាន និងមានកូដរបស់ក្រសួង តម្លៃសម្រាប់បរិញ្ញាបត្រ $៣០០០ គ្រប់ផ្នែកលើកលែងតែសញ្ញាបត្រពេទ្យ»។
ព័ត៌មានអំពីសេវាកម្មនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រលក់ផលិតផលអនឡាញ ២ គឺ khmer24 និង myphsar កាលពីថ្ងៃទី ៩ ខែឧសភាកន្លងទៅ ប៉ុន្តែម្ចាស់អាខោនបានលុបចោលវិញ។ ភ្នំពេញប៉ុស្តិ៍បានទូរស័ព្ទទៅលេខដែលដាក់នៅលើសេវាកម្មនោះ ប៉ុន្តែបុរសម្នាក់បានលើកហើយនិយាយថា ខ្លួនមិនមែនម្ចាស់អាខោនឈ្មោះ Ty Hak ទេ។
ក្រសួងអប់រំថ្លែងថា៖ «ការបង្ហោះព័ត៌មានបែបនេះជាអំពើខុសច្បាប់ ដែលបំពានលើសេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្សកម្ពុជា»។
ក្រសួងចាត់ទុកការផ្ដល់សេវានេះថាជាព័ត៌មានក្លែងក្លាយ ហើយក្រសួងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែងរកជនដែលបានបង្ហោះព័ត៌មាននេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងក៏អំពាវនាវឲ្យសាធារណជនទប់ស្កាត់ព័ត៌មាននេះ និងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីចាត់ការរឿងនេះ។
លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានថ្លែងថា ក្រសួងកំពុង សហការជាមួយសមត្ថកិច្ច ដើម្បីវែករកមុខអ្នកបង្ហោះ ព័ត៌មានពីការធ្វើសញ្ញាបត្រ ហើយរហូតមកទល់ថ្ងៃម្សិលមិញនៅមិនទាន់មានតម្រុយឡើយ៕