ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការ Save the Children កំពុងពង្រីកការអប់រំប្រកបដោយបរិយាប័ន្នផ្នែកភាសាសញ្ញាបន្ថែមទៀត ខណៈដែលកាលពីឆ្នាំ ២០១៩ ក្រសួងបានប្រមូលសិស្សពិការភ្នែក និងគថ្លង់ចំនួន ៧២២ នាក់ឲ្យចូលរៀននៅវិទ្យាល័យ។
លោក ភូមិ សារិទ្ធ អនុប្រធាននាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញរបាយការណ៍ស្តីពីការអនុវត្ដការអប់រំប្រកបដោយបរិយាប័ន្នផ្នែកភាសាសញ្ញានៅក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយឯកសារ សម្រាប់រៀនភាសាសញ្ញាខ្មែរ» របស់គម្រោងពន្លឿនភាសាសញ្ញានៅកម្ពុជាកាលពីថ្ងៃទី ២៨ ខែកុម្ភៈនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។
លោកថ្លែងថា ក្រសួងអប់រំបានសហការជាមួយអ្នកពាក់ព័ន្ធដោយខិតខំអនុវត្ដសកម្មភាពជាច្រើន ដើម្បីជួយដល់កុមារជួបការលំបាកផ្សេងៗ ជាពិសេសការជួយកុមារថ្លង់ និងកុមារពិបាកក្នុងការស្ដាប់ជាភាសាសញ្ញាឲ្យទទួលបានការអប់រំពិសេសតាមរយៈភាសាសញ្ញាខ្មែរ។
លោក សារិទ្ធ បញ្ជាក់ថា៖ «សកម្មភាព និងលទ្ធផលសំខាន់ៗដែលបានអនុវត្ដកន្លងមកនៅឆ្នាំ ២០១៩ យើងបានប្រមូលសិស្សឲ្យចូលរៀននៅតាមវិទ្យាល័យអប់រំសិស្សផ្នែកពិការភ្នែក និងថ្លង់សរុបចំនួន ៧២២ នាក់ក្នុងនោះស្រី ២៧១ នាក់។ ក្នុងនោះដែរសិស្សថ្លង់មាន ៥៥៥ នាក់ ស្រីចំនួន ២១២ នាក់។ នៅឆ្នាំ ២០១៩ មានសិស្សមានពិការភាពទាំង ២ ភេទចំនួន ១២ នាក់ក្នុងនោះស្រី ៩ នាក់បានប្រឡងជាប់បាក់ឌុប ១០០ ភាគរយ»។
បើតាមលោក សារិទ្ធ នៅឆ្នាំ ២០១៨ ក្រសួងអប់រំបានចាប់ផ្ដើមសហការជាមួយអង្គការ Save the Children បានអនុវត្ដកម្មវិធីអប់រំប្រកបដោយបរិយាប័ន្នដែលផ្តោតទៅលើភាសាសញ្ញាខ្មែរនៅតាមសាលារៀនគោលដៅចំនួន ១០ ស្ថិតនៅក្នុងស្រុកបាកាន ខេត្ដពោធិ៍សាត់។ ក្នុងនោះក្រសួងអប់រំ ក៏បានបង្កើតគណៈកម្មការដឹកនាំគ្រប់គ្រងសម្របសម្រួលពីការពន្លឿនភាសាសញ្ញាដែលមានសមាជិករហូតដល់ ៣២ នាក់ដើម្បីឆ្លើយតបទៅនឹងទំហំការងារលើការអនុវត្ដគម្រោងពន្លឿនភាសាសញ្ញា។
លោក សារិទ្ធ បានឲ្យដឹងថាការអនុវត្ដកម្មវិធីអប់រំប្រកបដោយបរិយាប័ន្នសម្រាប់កុមារថ្លង់ និងកុមារពិបាកក្នុងការស្ដាប់មានការរីកចម្រើនជាបន្តបន្ទាប់ដោយមានការខិតខំពីមន្ដ្រីគ្រប់លំដាប់ថ្នាក់ហើយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ។
លោកថ្លែងថា៖ «យើងក៏បានរៀបចំក្រុមការងារជំនាញថ្នាក់ក្រោមជាតិដើម្បីរៀបចំកសាងឯកសារភាសាសញ្ញានៅតាមសាលារៀនគោលដៅទាំង ១០ ក្នុងស្រុកបាកាន។ យើងបានកសាងឯកសារសម្រាប់បង្រៀន និងរៀនភាសាសញ្ញាជាភាសាខ្មែរដើម្បីបង្រៀន និងរៀនតាមរយៈប្រព័ន្ធបច្ចេកវិទ្យា និងបានកសាងឃ្លីបវីដេអូខ្លីៗសម្រាប់បង្រៀន និងរៀនភាសាសញ្ញាខ្មែរតាមប្រព័ន្ធបច្ចេកវិទ្យា។ ពីពេលនេះតទៅកុមារមានពិការភាព និងជួបការលំបាក ពិសេសកុមារថ្លង់ និងកុមារមានការលំបាកក្នុងការស្ដាប់នឹងទទួលបានការអប់រំប្រកបដោយសមធម៌គុណភាព បរិយាប័ន្ន និងការសិក្សាពេញ ១ ជីវិត»។
លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំបានថ្លែងក្នុងពិធីនោះថា ថ្វីដ្បិតតែគម្រោងពន្លឿនភាសាសញ្ញានៅកម្ពុជា ទើបតែបានធ្វើនៅក្នុងសាលារៀនឯស្រុកបាកានខេត្ដពោធិ៍សាត់ក៏ដោយ ក៏លោកសង្ឃឹម និងជឿជាក់ថា កិច្ចការនេះនឹងពង្រីកទៅជាការអនុវត្តទូទាំងប្រទេស ព្រោះនាយកដ្ឋានអប់រំពិសេសក៏បានខិតខំដែរ។
លោកថ្លែងថា៖ «ទិសដៅដំបូងបង្អស់របស់យើងមកដល់ពេលនេះគឺចង់ឃើញឲ្យកុមារទាំងអស់ទាំងមានពិការភាព និងមិនមានពិការភាពទទួលបានការអប់រំដូចគ្នានេះជាទិសដៅរួមរបស់យើង»។
លោកស្រី អេលីហ្សាប៊ែត ភៀស នាយិកាប្រចាំប្រទេសនៃអង្គការ Save the Children ថ្លែងនៅក្នុងសិក្ខាសាលាថា មានការប៉ាន់ប្រមាណថា យ៉ាងហោចណាស់កុមារ ៩៣ លាននាក់មានពិការភាពនៅលើពិភពលោក។ នៅក្នុងប្រទេសកម្ពុជា ២,១ ភាគរយនៃប្រជាជនដែលមានអាយុ ៥ ឆ្នាំ និងច្រើនជាងនេះមានពិការភាព។
លោកស្រីបន្តថា កុមារដែលមានពិការភាពចំនួន ៥៧ ភាគរយដែលមានអាយុចូលរៀននៅសាលាបឋមសិក្សានៅក្រៅសាលា បើប្រៀបធៀបនឹងកុមារដែលមិនមានពិការភាពមានតែ ៧ ភាគរយប៉ុណ្ណោះ។ សម្រាប់កុមារដែលបានចូលរៀនមានតែ ៤៤,៣ ភាគរយប៉ុណ្ណោះបានបញ្ចប់ថ្នាក់បឋមសិក្សា។
លោកស្រី ភៀស បន្ថែមថា៖ «ការអប់រំបរិយាប័ន្នគឺជាអាទិភាពជាយុទ្ធសាស្ត្រមួយក្នុងចំណោមអាទិភាពជាយុទ្ធសាស្ត្រផ្សេងៗទៀតរបស់យើងនៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថា ក្រសួងអប់រំ និងនាយកដ្ឋានអប់រំពិសេសនឹងប្រើប្រាស់សម្ភារដែលមានភាពច្នៃប្រឌិតនេះដើម្បីកសាងសមត្ថភាពគ្រូបង្រៀនក្នុងការជួយដល់កុមារដែលពិបាកក្នុងការស្តាប់»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ Save the Children បញ្ជាក់ថា គម្រោងពន្លឿនភាសាសញ្ញានៅកម្ពុជាដែលទទួលមូលនិធិពីស្ថានទូតប្រទេសអូស្ត្រាលីតាមរយៈ អេខំ (AECOM) គឺផ្តោតទៅលើការផ្តល់មេរៀនភាសាសញ្ញាកម្ពុជាដែលមានភាពច្នៃប្រឌិតដល់កុមារថ្លង់ដែលរស់នៅក្នុងស្រុកបាកាននៅតាមសាលាបឋមសិក្សារបស់ពួកគេ និងការប្រើប្រាស់មេរៀនជាខ្សែវីដេអូ និងឌីជីថល។
តាមរយៈគម្រោងនេះអង្គការ Save the Children បានបង្កើតមេរៀនជាខ្សែវីដេអូ និងឌីជីថលសម្រាប់កុមារដែលពិបាកក្នុងការស្តាប់មិត្តភក្តិក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូ។ បច្ចុប្បន្ននេះមេរៀនជាខ្សែវីដេអូមាននៅលើប្រព័ន្ធសិក្សាអនឡាញមួយដែលមានឈ្មោះថា Signs Discovery ដែលជាដៃគូការងាររបស់អង្គការគ្រួសារថ្មី ហើយនឹងបញ្ចូលទៅក្នុងប្រព័ន្ធសិក្សាអនឡាញរបស់ក្រសួងអប់រំ យុវជន និងកីឡា៕