ភ្នំពេញៈ ក្រុមការងារនៃគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញ និងចាត់វិធានការលើគេហទំព័រហ្វេសប៊ុក និងបណ្ដាញព័ត៌មានតាមអនឡាញបានជាង ១០០ ករណីហើយគិតចាប់តាំងពីចាប់ផ្តើមដំណើរការមក និងបានសង្កេតឃើញថាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមផ្សេងៗមានការថយចុះជាង ៥០ ភាគរយ។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយបានថ្លែងប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីម្សិលមិញថាចាប់តាំងពីពេលបង្កើតគណៈកម្មការតាមដានព័ត៌មានក្លែងក្លាយកាលពីថ្ងៃទី ១១ ខែមីនាមក ក្រុមការងារបានរកឃើញ និងចាត់វិធានការលើបណ្តាញសារព័ត៌មានអនឡាញ និងគេហទំព័រហ្វេសប៊ុកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចេតនាបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាល និងបង្កឱ្យពលរដ្ឋមានការភ័យខ្លាចបានជាង ១០០ ករណី។
លោកថ្លែងថា ក្នុងការតាមដាន និងប្រឆាំងព័ត៌មានក្លែងក្លាយនេះក្រៅពីបានបង្កើតគណៈកម្មការដែលមានមន្ដ្រីនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ដ និងមន្ដ្រីដែលជាទីប្រឹក្សាក្រសួងទាំងអស់សរុបទៅជាង ១០០ នាក់។ ក្រុមការងារក៏បានបង្កើតក្រុមប្រឆាំងព័ត៌មានក្លែងក្លាយមួយទៀតលើបណ្ដាញតេឡេក្រាម ដែលមានសមាជិកជាមន្ដ្រីរាជការ ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន មន្ដ្រីនៅតាមរាជធានី-ខេត្ដ និងអ្នកសារព័ត៌មានពីស្ថាប័នផ្សេងៗមានសមាជិកសរុបជាង ៣ ពាន់នាក់ ដើម្បីតាមដាន និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយផ្សេងៗផងដែរ។
លោក ផុស សុវណ្ណ ថ្លែងបន្តថា៖ «ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយធំរបស់យើងនៅលើបណ្ដាញសង្គមតេឡេក្រាមនេះ យើងអាចឱ្យសមាជិកទាំងអស់ចែករំលែក (Copy Link) ព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម ឬវេបសាយផ្សេងៗដាក់ចូលក្នុងក្រុមនេះ ដើម្បីអាចឱ្យក្រុមការងារចាត់វិធានការតាមនីតិវិធីផ្សេងៗ។ ក្រោយពេលយើងធ្វើសកម្មភាពបែបនេះ យើងសង្កេតឃើញថា ទទួលបានលទ្ធផលជាទីមោទនដែរ»។
លោកលើកឡើងថា នៅពេលដែលសមាជិកក្នុងក្រុមបានយកព័ត៌មានមិនពិតមកដាក់ចូលក្នុងក្រុម មន្ដ្រីពាក់ព័ន្ធដែលមានសមត្ថកិច្ចតាមបណ្ដាក្រសួង ស្ថាប័ន និងរាជធានី-ខេត្ដ ពួកគាត់ចេញមកបកស្រាយឆ្លើយតបភ្លាមៗ ដើម្បីបន្សាបនូវព័ត៌មានមិនពិតនោះ។
លោកបានថ្លែងបន្តថា៖ «ប៉ុន្ដែយើងក៏សង្កេតឃើញថា គណនីហ្វេសប៊ុក គេហទំព័រហ្វេសប៊ុកមួយចំនួនបានសរសេរផ្សព្វផ្សាយព័ត៌មានបែបបំប៉ោងសភាពការណ៍តែម្ដង។ ការផ្សព្វផ្សាយបំប៉ោងបែបនេះ ដំបូងយើងចាត់ការដោយធ្វើជាបញ្ជីឈ្មោះ គណនីហ្វេសប៊ុក គេហទំព័រហ្វេសប៊ុក ឬវេបសាយ ដោយបញ្ជាក់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោកបានឲ្យដឹងទៀតថា៖ «បន្ទាប់មកយើងបានធ្វើការស្រាវជ្រាវតាមផ្នែកៗថែមទៀតក្នុងការសង្កេតតាមដានលើគេហទំព័រ និងគណនីហ្វេសប៊ុកទាំងនោះ បើឃើញមាននៅបំពានដដែលៗទៀត យើងនឹងចាត់ការតាមនីតិវិធីច្បាប់»។
លោក ផុស សុវណ្ណ បានបញ្ជាក់ទៀតថា៖ «ជាលទ្ធផល ក្រោយយើងធ្វើការងារ ពិនិត្យតាមដានលើគេហទំព័រ និងគណនីហ្វេសប៊ុកតាំងពីខែមីនាកន្លងមកមានគេហទំព័រ និងគណនីហ្វេសប៊ុកជាង ១០០ ដែលសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត»។
លោកបន្តថា ក្រុមការងារយើងបានកំណត់មុខសញ្ញា និងកំពុងបញ្ជូនមុខសញ្ញាទាំងនោះទៅឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមជំនាញ។ «ចំណែកវេបសាយ និងគេហទំព័រហ្វេសប៊ុកដែលផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្រៅប្រទេសយើងអាចបិទ (Block) មិនឱ្យពួកគាត់អាចផ្សព្វផ្សាយបានក្នុងប្រទេសកម្ពុជា»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ បានសម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយមួយដែលមានលោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ ក្រសួងព័ត៌មានជាប្រធាន និងមានអនុប្រធាន និងសមាជិកដែលជាមន្ដ្រីព័ត៌មាន នៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ដជាង ១០០ នាក់ទៀត ដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មានកែ្លងក្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសកម្ពុជា ហើយចាត់វិធានការទៅតាមផ្លូវច្បាប់៕