កោះកុងៈ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន និងមន្ត្រីរដ្ឋបាលជលផលបានរកឃើញសម្បុកសត្វអណ្តើក ហ្លួង ឬហៅអណ្តើកសរសៃចំនួន ៣ សម្បុកសរុបស្មើនឹង ៥១ ពង នៅព្រែកស្រែអំបិល ស្រុកស្រែអំបិលដែលក្រុមអ្នកជំនាញកំពុងតាមដានសុខភាព និងសុវត្ថិភាព។ មន្ត្រី និងសង្គមស៊ីវិលក៏បានអំពាវនាវឲ្យមានការចូលរួមថែរក្សាសត្វអណ្ដើកហ្លួងទាំងនេះ។
លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជាថ្លែងពីម្សិលមិញថា កាលពីសប្ដាហ៍មុនប្រជានេសាទនៅតំបន់នោះឃើញដានជើងអណ្ដើកហ្លួងនេះចេញចូលសម្បុករបស់វា ក្រោយមកក៏បានរាយការណ៍ប្រាប់មន្ត្រីជំនាញខាងជលផល និងអង្គការ WCS ដើម្បីចុះពិនិត្យ និងស្រាវជ្រាវ។ ខណៈនេះមន្ត្រីជំនាញកំពុងធ្វើការថែទាំពងអណ្ដើកទាំងនោះមួយរយៈសិន ដើម្បីតាមដានពីសុខភាព និងរក្សាសុវត្ថិភាព ថាតើពងទាំងនេះមានលទ្ធភាពញាស់ខ្លួនឯង ឬត្រូវការជំនួយតាមបច្ចេកទេស។ បន្ទាប់ពីញាស់រួច គេនៅរង់ចាំឲ្យវាចាប់ចំណីខ្លួនឯង ទើបយកវាទៅលែងតាមព្រែកស្រែអំបិលវិញ។
លោកបន្ថែមថា ក្រោយពីមានសារាចរ និងសេចក្តីប្រកាសកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៧ របស់ក្រសួងរ៉ែ និងថាមពលបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង អភិរក្សអណ្តើកហ្លួង និងក្រពើត្រីនោះ គេសង្កេតឃើញថាត្រឹមខែមករា ឆ្នាំ ២០២០ ចំនួនសម្បុកអណ្ដើកមានការកើនឡើងបើធៀបនឹង ៤ ឆ្នាំកន្លងមកដែលមានតែ ១ សម្បុកក្នុង ១ ឆ្នាំប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះយើងអត់មានឧបសគ្គបច្ចេកទេសទេ ប៉ុន្ដែយើងជួបបញ្ហារឿងអភិវឌ្ឍន៍គឺមានន័យថាការអភិវឌ្ឍដោយការបូមខ្សាច់អ៊ីចឹងធ្វើឲ្យអណ្ដើក និងសត្វកម្រមួយចំនួនទៀតប្រឈមការបាត់បង់។ តែឥឡូវនេះ អាជីវកម្មបូមខ្សាច់ត្រូវបានហាមបូមនៅតំបន់នេះ អ៊ីចឹងអណ្ដើកមានលទ្ធភាពបង្កកំណើត។ ខ្ញុំចង់ឲ្យយើងទាំងអស់គ្នាគិតគូរពីបញ្ហាអភិវឌ្ឍន៍ និងអភិរក្សឲ្យដើរទន្ទឹមគ្នា។ ព្រោះវាសំខាន់ដូចគ្នា គឺខ្ញុំមិនជំទាស់ការអភិវឌ្ឍទេ តែសូមឲ្យគិតរឿងអភិរក្សផង»។
លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលថ្លែងថា ក្រុមការងារលោកសហការជាមួយ WCS ចាប់តាំងពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន។ កន្លងមកនេះពងអណ្ដើកហ្លួងត្រូវបានរកឃើញជាបន្តបន្ទាប់ ប៉ុន្ដែមានចំនួនត្រឹមតែ ១ សម្បុក ឬ ២ សម្បុកប៉ុណ្ណោះ។ ឆ្នាំ ២០២០ នេះក្រុមការងារបានរកឃើញចំនួន ៣ សម្បុកតែម្ដង។
ការរកឃើញពងអណ្ដើកហ្លួងទាំង ៣ សម្បុកនេះអាចបញ្ជាក់ថា ចំនួនសត្វអណ្ដើកនៅក្នុងព្រែកស្រែអំបិលមានការកើនឡើង ហើយមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់ចំពោះការអភិរក្សធនធានធម្មជាតិទាំងអស់នេះ។
លោកថា កន្លងមកសកម្មភាពបូមខ្សាច់មានច្រើនកន្លែងដែលជា ហេតុធ្វើឲ្យសត្វព្រៃកម្រនេះមានការថយចុះ និងប្រឈមបញ្ហាច្រើនក្នុងតំបន់ព្រែកស្រែអំបិលនេះ។
លោក ហ៊ុល បញ្ជាក់ថា៖ «កន្លងមកយើងមិនសូវរកឃើញពងអណ្ដើកហ្លួងទេ ព្រោះកាលពីឆ្នាំមុនៗនោះមានអាជីវកម្មបូមខ្សាច់ច្រើន អ៊ីចឹងវាប៉ះពាល់ការបង្កកំណើតរបស់អណ្ដើកនេះ។ កាលពីឆ្នាំមុនៗយើងរកឃើញ ១ ឬ ២ សម្បុកទេក្នុង ១ ឆ្នាំ តែពេលគេហាមមិនឲ្យបូមខ្សាច់នៅតំបន់ព្រែកស្រែអំបិលនេះ ស្រាប់តែយើងប្រទះឃើញ ៣ សម្បុកតែម្ដង អ៊ីចឹងខ្ញុំគិតថា វាកើនឡើងជាងកាលពីឆ្នាំមុន»។
គួររំឭកថា សត្វអណ្ដើកហ្លួង ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជាកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៥។ សត្វនេះធ្លាប់ត្រូវបានគេគិតថាបានផុតពូជអស់ទៅហើយ ប៉ុន្ដែនៅឆ្នាំ ២០០០ រដ្ឋបាលជលផលខេត្ដកោះកុង និង WCS បានសិក្សាស្រាវជ្រាវ និងរកឃើញសេសសល់តិចតួចបំផុតរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្ដកោះកុង។
ក្រោយការរកឃើញ វត្ដមាននៅឆ្នាំ ២០០១ រដ្ឋបាលជលផល និងអង្គការ WCS បានរៀបចំកម្មវិធីការពារសម្បុក ដោយជ្រើសរើសយកអតីតអ្នកប្រមូលពងកូនសត្វអណ្ដើកហ្លួងឲ្យចូលមកបម្រើការងារជាបុគ្គលិកគម្រោង ដើម្បីស្វែងរក និងការពារសម្បុកជំនួសឲ្យការប្រមូលយកពងកូនទៅលក់៕