ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសរំឭកឲ្យមន្ដ្រីរបស់ខ្លួនពង្រឹងសមត្ថភាពចំពោះការរៀបចំផែនការថវិកាកម្មវិធី និងការអនុវត្ដឲ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ សុក្រឹតភាព តម្លាភាព និងគណនេយ្យភាព។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «នីតិវិធីនៃការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ការអនុវត្ដថវិកាកម្មវិធី» ដែលរៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃ គ.ជ.ប នៅខេត្ដកំពង់ចាមកាលពីថ្ងៃទី ១១ ខែធ្នូ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.បបានលើកឡើងថាសិក្ខាសាលានេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ដ្រីក្នុងការរៀបចំថវិកាកម្មវិធី និងការអនុវត្តថវិកាកម្មវិធី ជាពិសេសអំពីនីតិវិធីនៃការត្រួតពិនិត្យតាមដាន និងវាយតម្លៃអំពីសកម្មភាពអនុវត្តថវិកាកម្មវិធីឲ្យកាន់តែមានលក្ខណៈច្បាស់លាស់ ត្រឹមត្រូវ សុក្រឹតភាព តម្លាភាព និងគណនេយ្យភាព។
លោកបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍បន្ថែមកាលពីម្សិលមិញថា៖ «ជាការពិតណាស់ សិក្ខាសាលានេះយើងមានបំណងលើកកម្ពស់ការទទួលខុសត្រូវរបស់មន្ដ្រី អនុវត្ដថវិកាកម្មវិធី គ.ជ.ប ដើម្បីភ្ជាប់កិច្ចការងារជាមួយនឹងកម្មវិធី កំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល ។ អ៊ីចឹងគោលដៅសំខាន់គឺដើម្បីពង្រឹងដល់មន្ដ្រីទាំងអស់ឲ្យមានសមត្ថភាពរៀបចំថវិកាកម្មវិធី ពិសេសលើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើដំណើរការនៃការអនុវត្ដថវិកា» ។
លោកថា៖ «ទន្ទឹមនេះក្នុងរយៈពេល ២ ឆ្នាំដែល គ.ជ.ប បានអនុវត្តថវិកាកម្មវិធី គឺបានឆ្លងកាត់បញ្ហាប្រឈមមួយចំនួន ប៉ុន្ដែ គ.ជ.ប នៅតែប្រកាន់យកឆន្ទៈបន្ដការខិតខំប្រឹងប្រែងដើរតាមគន្លងនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឈានទៅសម្រេចគោលដៅនៃការអនុវត្តថវិកាកម្មវិធីដែលជាគោលការណ៍នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធាណៈដំណាក់កាលទី ៣ ។
លោក សូរីដា បានបន្ថែមថាដើម្បីថែទាំសមិទ្ធផលដែលសម្រេចបាននិងយកចិត្ដទុកដាក់ហើយចៀសវាងបញ្ហាប្រឈមដែលបានជួបកន្លងមក មន្ដ្រី គ.ជ.ប ដែលមានវត្ដមានក្នុងសិក្ខាសាលាថ្ងៃនេះត្រូវយកចិត្ដទុកដាក់ប្រឹងប្រែងត្រងត្រាប់ស្តាប់ និងទទួលយកគោលការណ៍ណែនាំដ៏មានសារៈសំខាន់សម្រាប់ជាមេរៀនកែលម្អ។
បើតាមលោក សូរីដា កត្ដាដែលជាមេរៀនក្នុងការកែលម្អត្រូវមានមគ្គុទ្ទេសក៍ និងវិធីសាស្ដ្រនៃការរៀបចំផែនការថវិកាកម្មវិធីឲ្យកាន់តែប្រសើរឡើង និងសុក្រឹតភាព។ ត្រូវមានកម្មវត្ថុនៃការធ្វើបច្ចុប្បន្នភាពដើម្បីកែលម្អជាប្រចាំ និងធានាឲ្យការអនុវត្ដថវិកាកម្មវិធីមានភាពស័ក្តិសិទ្ធិ ។ ត្រូវមានគំនិតបច្ចេកទេសល្អៗដែលស្ដែងចេញពីការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកលើដំណើរការអនុវត្ដសំដៅចូលរួម កែលម្អកម្មវិធីដែលបានកសាងឡើងធានាថាជាយុទ្ធសាស្ដ្រ អាទិភាពឈានទៅសម្រេចបានគោលបំណងតាមវិស័យ និងគោលបំណងរបស់រាជរដ្ឋាភិបាល។
សិក្ខាសាលារយៈពេល ២ ថ្ងៃរបស់ គ.ជ.ប គិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូនេះមានការចូលរួមពីគ្រូឧទ្ទេស និងគ្រូបង្គោលមកពីអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ចំពោះការចំណាយថវិកាលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី ៦ គ.ជ.ប បានប្រើប្រាស់ថវិកាជាតិប្រមាណ ៥៣ លានដុល្លារបន្ទាប់ពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកផ្អាកជំនួយ។ រីឯការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣ គ.ជ.ប បានចំណាយអស់ថវិកា ១៩,៣ លានដុល្លារហើយការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ ២០១៧ ចំណាយអស់ ៤២,៧ លានដុល្លារ។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បញ្ជាក់កាលពីកន្លងទៅ ៕