ភ្នំពេញៈ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សនឹងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមគណៈកម្មាធិការអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលមួយចំនួន ហើយថា គណបក្សនេះត្រូវតាមដាននិងធ្វើការសម្រេចផ្នែកនយោបាយដោយប្រុងប្រយ័ត្នបំផុតចំពោះការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៃសភាពការណ៍ក្នុងប្រទេស និងអន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាព។
ការជ្រើសរើសបំពេញបន្ថែមគណៈកម្មាធិការអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាល និងការលើកឡើងរបស់សន្និបាតធ្វើឡើងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីសមាជិកប្រមាណ ៣១៥០ នាក់ដែលធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨។
យោងតាមសុន្ទរកថាដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ១៨ ខែធ្នូ ឲ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤១ គឺដើម្បីរួមគ្នាពិនិត្យវាយតម្លៃអំពីសភាពការណ៍ទូទៅអំពីការដកពិសោធការងារកន្លងមក និងការកំណត់ទិសដៅ និង វិធាការនានាដែលត្រូវប្រកាន់យកសម្រាប់អនុវត្តនាពេលខាងមុខ ហើយសន្និបាតនឹងពិភាក្សាស៊ីជម្រៅសំខាន់ទៅលើរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០១៨ និងទិសដៅភារកិច្ចឆ្នាំ ២០១៩ ការបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក និងជ្រើសតាំងប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគណៈកម្មាធិការកណ្តាលនិងការបោះឆ្នោតជ្រើសសមាជិកគណៈអចិន្រៃ្តយ៍បន្ថែម។
សុន្ទរកថាបញ្ជាក់ថា៖ «ឆ្លងនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ ២០១៨ និងទិសដៅភារកិច្ចឆ្នាំ ២០១៩។ ការបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិក និងជ្រើសតាំងប្រធានគណៈកម្មាធិការ ត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល។ ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលមួយចំនួន»។
បច្ចុប្បន្ននេះ លោក ហ៊ុន ម៉ានិត គឺជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលខណៈដែលលោក នៃ ប៉េណា ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី ១ ព្រឹទ្ធសភា បានទទួលមរណភាព ដោយរោគាពាធនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៨។ រហូតដល់ពេលនេះសមាជិកគណៈអចិន្រៃ្តយ៍មានចំនួនសរុបតែ ៣០ នាក់ក្នុងនោះលោក ហ៊ុន សែន ប្រធានគណបក្ស លោក ហេង សំរិន ប្រធានកិត្តិយស លោក ស ខេង និង លោកសាយ ឈុំ ជាអនុប្រធាន លោក ប៊ូ ថង លោក ទៀ បាញ់ លោក ងួន ញ៉ិល លោក ស៊ឹម កា លោក កែ គឹមយ៉ាន លោក ប៉ុល សារឿន លោក ឌិត មន្ទី លោក ជា ចាន់តូ លោក ជាម យៀប លោក គន់ គីម លោក មាស សុភា លោក នេត សាវឿន ជាសមាជិក និងមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀត។
លោកឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយថ្លែងថា ការបោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកនៃគណៈកម្មាធិការ ត្រួតពិនិត្យ និង ការបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួនបន្ថែម គឺដើម្បីជំនួសសមាជិកចាស់ៗដែលមិនសូវសកម្មនិងបំពេញបន្ថែមមន្ត្រីចាស់ៗដែលគាត់ទទួលមរណភាពហើយវាជាយន្តការសម្រាប់ត្រៀមអ្នកជំនាន់ក្រោយហើយថា ការប្រុងប្រយ័ត្នបំផុតចំពោះការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ នៃសភាពការណ៍ក្នុងប្រទេសនិង អន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាពរបស់គណបក្សប្រជាជនគឺជាយន្តការត្រឹមត្រូវ។
លោកថា៖ «ជាគោលការណ៍កូនថ្នាក់ដឹកនាំទាំងអស់នឹងឯកភាពគ្នាតាមគោលការណ៍ និងសមត្ថភាពដែលត្រូវស្នើឡើងដើម្បីស្នងអ្នកចាស់ៗដែលមានស្ថានភាពកាន់តែទន់ខ្សោយ»។
សុន្ទរកថាបន្ថែមថា គណបក្សប្រជាជនត្រូវតាមដាន និងធ្វើការសម្រេចខាងនយោបាយ ដោយប្រុងប្រយ័ត្នបំផុតចំពោះការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ នៃសភាពការណ៍ក្នុង ប្រទេស និងសភាពការណ៍អន្តរជាតិដើម្បីរក្សាការពារបានសុខសន្តិភាពស្ថិរភាព ប្រជាធិបតេយ្យ បូរណភាពដែនដី អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ សុន្ទរកថាអះអាងថា មានការទទួលស្គាល់ការបោះឆ្នោត ពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសលើកលែងតែពួកប្រឆាំង និងអ្នកគាំទ្រពួកប្រឆាំងមួយចំនួនដែលមានឧបាយកល ចង់ផ្តួលរំលំគណបក្សប្រជាជនតាំងពីមុនបោះឆ្នោត។
សុន្ទរកថាបន្ថែមថា៖ «យើងត្រូវចងចាំកុំភ្លេចថាគណបក្សប្រជាជនកើតឡើងដោយសារប្រជាជន ជារបស់ប្រជាជន ដើម្បីបម្រើប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។ ពេលដែលប្រជាជនមានទុក្ខលំបាកគណបក្សមានមុខជានិច្ចជាមួយប្រជាជនរាល់ជ័យជម្នះរបស់គណបក្សក៏ជាជ័យជម្នះរបស់ប្រជាជនដែរ។ យើងរីករាយនឹងជ័យជម្នះ តែយើងមិនត្រូវភ្លេចខ្លួន ឬស្កប់ស្កល់នឹងជ័យជម្នះឡើយ ព្រោះគ្រប់សមរភូមិ ភារកិច្ចរបស់យើងសុទ្ធតែនៅមានការប្រឈម ឬយថាហេតុនៃហានិភ័យ ដែលអាចកើតមានឡើង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសួស យ៉ារ៉ា ថ្លែងថា សន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានដំណើរការទៅយ៉ាងរលូន ក៏ប៉ុន្តែលោកមិនអាចផ្តល់ព័ត៌មានពិស្តារទាក់ទងនឹងលទ្ធផលនៅថ្ងៃទី ១ នៃសន្និបាតនោះទេដោយសារអង្គសន្និបាតបាននិងកំពុងតែដំណើរការ។
កាលពីខែមករា ឆ្នាំ ២០១៨ មហាសន្និបាតបានបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ៣៤២ នាក់ ដែលធ្វើឲ្យក្បាលម៉ាស៊ីនដឹកនាំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឡើងដល់ចំនួន ៨៦៥ រូប ដែលការកើនឡើងនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកចំនួនកើនច្រើននេះថា ជាការចាក់បញ្ចូលឈាមថ្មី ដើម្បីជំរុញការស្ដារកសាង អភិវឌ្ឍលើគ្រប់វិស័យនិងការពារមាតុភូមិ៕